អាមេរិក​ទទូច​​ឱ្យ​កម្ពុជា​បើក​លំហ​នយោបាយ ក្រោយ​តុលាការ​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង ៩នាក់

0:00 / 0:00

សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បើក​លំហ​នយោបាយ​ឡើងវិញ និង​គោរព​សិទ្ធិ​សេរីភាព​ ​ប្រជាពលរដ្ឋ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង៩ នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ផ្ដន្ទាទោស​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​ស្នើ​ឱ្យ​ស្ថាន​ទូត​អាមេរិក​ កុំ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​សោក​ស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩នាក់ ដែល​ពួក​គេ​ខ្លះ​​ក៏​ជា​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ។ ស្ថាន​ទូត​គូស​បញ្ជាក់​ថា ការ​ផ្ដន្ទាទោស​នេះ ជា​ផ្នែក​មួយ​នៃ​ការ​កាត់​ទោស​​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិល ដែល​ធ្វើ​ឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់។

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) នៅ​ថ្ងៃ​ទី១ មីនា​ថា ការ​ផ្ដន្ទាទោស​ក្រុម​មេដឹកនាំ​​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នេះ គឺ​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​ ដោយសារ​តែ​កង្វះ​ខាត​នីតិវិធី​ត្រឹម​ត្រូវ។ លោក​ជំរុញ​ឱ្យ​​អាជ្ញាធរ​កម្ពុជា ​បើក​លំហ​នយោបាយ​ឡើង​វិញ និង​អនុញ្ញាត​ឱ្យ​គ្រប់​តួ​អង្គ​អាច​ចូល​រួម​នយោបាយ និង​បញ្ចេញ​សំឡេង​របស់​ពួក​គេ​បាន។

អ្នកនាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ឆាដ រ៉ូដេម៉ាយអ៊ើ (Chad Roedemeier) ​ប្រាប់​អាស៊ី​សេរី​បន្ថែម​តាម​អ៊ីមែល (E-mail) ​នៅ​ថ្ងៃ​ទី២ មីនា​ថា សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ការពារ​សេរីភាព​បញ្ចេញមតិ និង​ការ​ចងក្រង​ជា​សមាគម ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ជា​មួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​បោះជំហាន​ប្រកប​ដោយ​អត្ថន័យ​ឆ្ពោះ​ទៅ​បើក​លំហ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​សភាឆ្នាំ២០២៣ ខាង​មុខ។ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក លោក ឆាដ រ៉ូដេម៉ាយអ៊ើ សង្កត់ធ្ងន់​ថា សេរីភាព​បញ្ចេញ​មតិ និង​ការ​ចង​ក្រង​ជា​សមាគម សិទ្ធិ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី សារ​ព័ត៌មាន​សេរី សង្គម​ស៊ីវិល​សកម្ម និង​ភាព​អត់ធ្មត់​ចំពោះ​ទស្សនៈ​ផ្ទុយ សុទ្ធ​សឹង​តែ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ៩នាក់​ដោយ​កំបាំង​មុខ កាល​ពី​ថ្ងៃ​ទី១ មីនា ពី​បទ «ឧបឃាត» ពាក់ព័ន្ធ​នឹង​​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ តុលាការ​បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ជាប់ពន្ធនាគារ​ ២៥ឆ្នាំ និង​អនុ​ប្រធាន​គណបក្ស​ពីរ​នាក់ គឺ​អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ឱ្យ​ជាប់ពន្ធនាគារ ២២ឆ្នាំ។ រីឯ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ផ្សេង​ទៀត រួម​មាន អ្នកស្រី ជូឡុង សួមួរ៉ា លោក នុត រំដួល លោក ឡុង រី លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ និង​លោក ម៉ែន សុថាវរិន្ទ្រ វិញ តុលាការ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២០ឆ្នាំ។

ទាក់ទង​ការ​ផ្តន្ទាទោស​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំងនេះ សមាជិក​ និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍ថា នេះជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយមេធាវីជន​ជាប់​ចោទ​មាន​សិទ្ធិ​ប្តឹង​ទាស់​ការ​សម្រេច​នេះ។ លោក​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​របស់​ស្ថាន​ទូត​អាមេរិក​ នឹង​មិន​មាន​ឥទ្ធិពល​លើ​តុលាការ​កម្ពុជា​ឡើយ « ចង់​ឱ្យ​តុលាការ​ធ្វើ​អ៊ីចេះ ធ្វើអ៊ីចុះ អាហ្នឹង​គឺជា​សិទ្ធិ​របស់​អាមេរិក ប៉ុន្តែ​រដ្ឋាភិបាល​យើង​មិន​អាច​ធ្វើ​តាម​ចិត្ត​ចង់​បាន​របស់​អាមេរិកទៅ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុងតុលាការ​នៅកម្ពុជាទេ ពីព្រោះ​​នៅកម្ពុជា​យើងមាន​អំណាច​ឯករាជ្យ​ភាព​​ពីគ្នារវាង​សភា ​រដ្ឋាភិបាល និង​តុលាការ »

ទោះជាបែបនេះក្តី ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយមើ​លឃើញថា កា​របកស្រាយ​របស់​មន្ត្រីរដ្ឋាភិបាល​លើ​សំណុំ​រឿង​មន្ត្រីបក្ស​ប្រឆាំងនេះ មិន​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជឿជាក់​បាន​ឡើយ។

អ្នកឯកទេស​​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ សាស្ត្រចារ្យ ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍ថា ដំណើរការ​ក្តី​លើ​ក្រុម​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​កន្លងមក ប្រព្រឹត្ត​ទៅ​ដោយមិន​គ្រប់​ជ្រុងជ្រោយនោះទេ។ លោក​ថា តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​អំពីពិរុទ្ធភាព​របស់​អ្នក​ទាំងនោះហើយ​ក៏​​មិន​បើក​ផ្លូវ​ឱ្យពួក​គេ​ វិល​ចូល​កម្ពុជា​ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការដែរ។ ​លោក​យល់ថា ការ​ផ្តន្ទាទោស​នេះ ជា​យុទ្ធសាស្ត្រ​នយោបាយ​បិទផ្លូវ​ក្រុមមេដឹកនាំបក្ស​ប្រឆាំង មិន​ឱ្យ​វិលមកឆាកនយោបាយ​កម្ពុជា​វិញ៖« ជា​ទិសដៅ​របស់​គណបក្ស​ប្រជាជន គឺ​រៀបចំ​សម្រាប់​អ្នក​ដឹកនាំវ័យ​ក្មេង​ជំនាន់ក្រោយ គេចូល​រួម​ប្រកួត​ដោយ​អវត្តមាន​បក្ស​ប្រឆាំង។ ហើយកាល​ណា បើ​មាន​ការ​លើក​ឡើង​ពី​សហគមន៍​អន្តរជាតិ កម្ពុជា​មិន​នៅក្នុង​រូបភាព​មួយ​ល្អ​សម្រាប់​បរិយាកាស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្សទេ។ ដូច្នេះ​កម្ពុជា​ប្រហែល​ជា​រងនូវ​ការ​រើស​អើងខាង​នយោបាយ​ការបរទេស និងទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​ហើយ » ។​

លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ដន្ទាទោស​ពួក​លោក​នេះ គ្មាន​ន័យ​អ្វី​ឡើយ ព្រោះ​​ជា​រឿង​នយោបាយ។ លោក​ជឿ​ថា សហគមន៍​អន្តរជាតិ នឹង​ដាក់​សម្ពោធ​របប​លោក ហ៊ុន សែន ឱ្យ​វិល​ត្រឡប់​មក​រក​ការ​ចរចា ដើម្បី​​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ក្រៅ​ពី​សំណុំរឿង​ឧបឃាត​នេះ តុលាការ​បាន​ចោទ​ប្រកាន់​សមាជិក និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ១០០នាក់​ទៀត ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។ តុលាការ​បាន​លើក​យក​សំណុំ​រឿង​ទាំង​នោះ​​ទៅ​​ជំនុំ​ជម្រះ​ជា​បណ្ដើរៗ ហើយ តាំងពី​ចុងឆ្នាំ២០២០ មក ប៉ុន្តែ​សវនាការ​រាល់​លើក​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន។ រង​ការ​រិះគន់​ ពីព្រោះ​តុលាការ​សាកសួរ​​ជន​ជាប់​ចោទ​បាន​តិច រួច​បន្ត​សវនាការ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ក្នុង​របៀប​ដដែលៗ ស្រប​ពេល​សំណុំ​រឿង​នីមួយៗ​មាន​ជន​ជាប់ចោទ​រាប់​សិប​នាក់។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​វាយ​តម្លៃ​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​ល្បិចកល​នយោបាយ​នៃ​របប​លោក ហ៊ុន សែន ក្នុង​ទិសដៅ​កម្ចាត់​ចោល​កម្លាំង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ អង្គការ​ដដែល​បន្ត​ថា ការ​ផ្ដន្ទាទោស​ក្រុម​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ ស្ដែង​យ៉ាង​ច្បាស់​ថា តុលាការ​គ្រាន់​តែ​ស្ថាប័ន​ឡប់ឡែ និង​ជា​ឧបករណ៍​ដាច់​ថ្លៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​បក្ខ​ពួក ដើម្បី​បន្ត​​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​មែន​ជា​ស្ថាប័ន​ការពារ​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។