អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលើកឡើងថា កម្ពុជាគួរតែបើកឱកាសអនុញ្ញាតឱ្យអ្នកជំនាញអន្តរជាតិនានា ស្រាវជ្រាវពិនិត្យពីការពង្រីកឥទ្ធិពលនៃប្រទេសចិន ក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម។ ការលើកឡើងនេះ កើតមានឡើងក្រោយពីមន្ត្រីលោកខាងលិច បានលើកឡើងជាថ្មីទៀតថា ប្រទេសចិនកុម្មុយនិស្តកំពុងលួចសាងសង់មូលដ្ឋានកងទ័ពដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្ដាច់មុខ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលើកឡើងថា កម្ពុជាគួរតែបើកឱកាសអនុញ្ញាតឱ្យអ្នកជំនាញអន្តរជាតិនានា ស្រាវជ្រាវពិនិត្យពីការពង្រីកឥទ្ធិពលនៃប្រទេសចិន ក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម។ ការលើកឡើងនេះ កើតមានឡើងក្រោយពីមន្ត្រីលោកខាងលិច បានលើកឡើងជាថ្មីទៀតថា ប្រទេសចិនកុម្មុយនិស្តកំពុងលួចសាងសង់មូលដ្ឋានកងទ័ពដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្ដាច់មុខ។
ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ ព្រួយបារម្ភថា បើកម្ពុជានៅតែបន្តអូសបន្លាយពេលក្នុងការបង្ហាញព័ត៌មានឱ្យបានស៊ីជម្រៅ នៅទីតាំងកំពង់ផែជើងទឹករាមដែលរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា អាចមានវត្តមានយោធាចិន នោះកម្ពុជានឹងបន្តរងការចោទប្រកាន់ពីខាងបស្ចិមប្រទេស ដែលអាចធ្វើឱ្យកម្ពុជាកាន់តែខាតបង់ផលប្រយោជនជាច្រើនទៀត។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរា ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាគួរតែបង្ហាញតម្លាភាព ក្នុងការលាងជម្រះនូវមន្ទិលសង្ស័យនៅទីតាំងការដ្ឋានធ្វើទំនើបកម្មកំពង់ផែរាមដែលចិនជាអ្នកជួយឧបត្ថម្ភ នៅក្នុងក្របខណ្ឌណាមួយដែលកម្ពុជាគិតថា មិនប៉ះពាល់ដល់អធិបតេយ្យ និងសន្តិសុខជាតិ។ លោក ឯម សុវណ្ណរា បន្តថា បើកម្ពុជាស្ថិតក្នុងបរិបទនៃការមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកបែបនេះ កម្ពុជានឹងមិនមានភាពល្អប្រសើរឡើយទាក់ទង វិស័យនយោបាយការទូត នយោបាយសន្តិសុខជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់ និងនៅលើសកលលោក។ បន្ថែមពីនេះ លោកថា បើកម្ពុជានៅតែបង្ហាញព័ត៌មានមិនគួរឱ្យទុកចិត្តលើបញ្ហាមន្ទិលសង្ស័យពីមូលដ្ឋានកងទ័ពចិននេះ នោះក៏អាចជះឥទ្ធិពលអវិជ្ជមានលើទំហំពាណិជ្ជកម្មកម្ពុជាក្នុងការនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិក៖ « ប៉ុន្តែ កន្លងមក ដំណើរទស្សនកិច្ចនៅពេលដែរអ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រីការបរទេសអាមេរិក មានសេនានុព័ន្ធ យោធាសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅផែរាមដែរ ប៉ុន្តែ បានតែពាក់កណ្ដាលហើយលុបចោលវិញ ដោយសារតែគិតថាមិនបានមើលអស់ ពីកន្លែងដែលខ្លួនសង្ស័យមួយចំនួន។ ករណីហ្នឹង ខ្ញុំគិតថាភាគីកម្ពុជា ប្រសិនជា កន្លែងណាមួយមិនប៉ះពាល់ សុវត្ថិភាព សន្តិសុខជាតិ កម្ពុជាទេ។ ខ្ញុំគិតថា គួរតែមានការបង្ហាញ ដើម្បីឱ្យមានលាងជម្រះ ភាពមន្ទិលសង្ស័យ រវាងសហរដ្ឋអាមេរិក និងកម្ពុជា»។

មន្ត្រីជំនាញលោកខាងលិចបានលើកឡើងប្រាប់កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post)ចេញផ្សាយកាលពីថ្ងៃទី៦ មិថុនា ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយបន្តចោទប្រកាន់ថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្ដាច់មុខ។ មន្ត្រីរូបនោះ អះអាងថា វត្តមានយោធាចិន នឹងស្ថិតនៅចំណែកមួយនៅផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ មន្ត្រីលោកខាងលិចរូបនោះបន្តថា ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា ដែលនឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនទីមួយក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋានកងទ័ពរបស់ចិនទីពីរនៅលើពិភពលោករបស់ចិន គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ក្រុងប៉េកាំងក្នុងការកសាងបណ្ដាញមូលដ្ឋានកងទ័ពជុំវិញពិភពលោកគាំទ្រដល់សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលចិនដើម្បីក្លាយជាមហាអំណាចពិតប្រាកដមួយនៅលើសកលលោក។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នឹងបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង ដែលជាជំនួយឥតសំណងរបស់ចិន នៅកំពង់ផែកងទ័ពជើងទឹករាម នៅថ្ងៃទី៨ ខែមិថុនា។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី លើកឡើងថា មុននឹងឈានដល់ការចោទប្រកាន់ពីការសាងសង់មូលដ្ឋានកងទ័ពចិននេះ សហរដ្ឋអាមេរិក អាចនឹងមានរបាយការណ៍ ឬភស្តុតាងគ្រប់គ្រាន់និងមានភាពជាក់លាក់ តាមរយៈក្រុមអ្នកជំនាញផ្នែកស៊ើបអង្កេត និងឧបករណ៍មធ្យោបាយទំនើបៗក្នុងការតាមដានតាមលំហអាកាស។ កញ្ញា សេង ធារី បន្តថា របត់នយោបាយនៅកម្ពុជាបច្ចុប្បន្ន កំពុងតែទទួលរងភាពផុយស្រួយ ក្នុងការកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលោកសេរី ដោយសារមេដឹកនាំកម្ពុជាបានរម្លាយគណបក្សប្រឆាំងដែលជាដៃគូប្រកួតប្រជែង ដើម្បីអាចដឹកនាំប្រទេសបែបផ្ដាច់ការ។ កញ្ញាយល់ថា ភាពចម្រូងចម្រាសនៃបរិបទនយោបាយនៅកម្ពុជាបែបនេះធ្វើឱ្យចិន អាចឆ្លៀតឱកាសពង្រីកឥទ្ធិពល ក្នុងការសាងសង់មូលដ្ឋានកងទ័ពរបស់ចិននៅកម្ពុជាបាន៖ « ចិនអះអាងថា គ្មានក៏ដោយ យើងដឹងថា មិនមានតម្លាភាព ពីជួររដ្ឋាភិបាល ផ្ដាច់ការនេះក៏ដោយ។ ប៉ុន្តែ យើងមានភស្តុតាងច្រើន។ ទី១ យើងអាច ទស្សនាឃើញ វត្តមានចិន ហូរហែ ពេញប្រទេសកម្ពុជា។ មិនមែនតែជា ទេសចរណ៍ ធម្មតាទេ ហើយមិនមែនអ្នករកស៊ីធម្មតាទេ វាជាពួកយោធា ហើយពួកឧក្រិដ្ឋកម្ម។ ពួកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដែលគេបញ្ជូនមកកម្ពុជាយើង ឱ្យមានភាពរញ៉េរញ៉ៃបន្ថែមទៀត»។
កាលពីចុងសប្តាហ៍មុន មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់ប្រាប់កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា ផ្នែកមួយនៃមូលដ្ឋានទ័ពកងទ័ពជើងទឹករាមនឹងត្រូវគ្រប់គ្រង និងប្រើប្រាស់ដោយភាគីយោធាចិន។ ទោះយ៉ាងណា មន្ត្រីរបស់រដ្ឋាភិបាលចិនរូបនោះ បានបដិសេធថា មូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនត្រូវបានប្រើប្រាស់ផ្តាច់មុខតែសម្រាប់វិស័យយោធាឡើយ ក៏ប៉ុន្តែក៏អាចមានក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ទីតាំងនោះដែរ។ មន្ត្រីរដ្ឋាភិបាលចិនរូបនោះបន្តថា យោធាចិនក៏មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយនៅលើចំណែកផ្សេងទៀតនៃមូលដ្ឋានកងទ័ពជើងទឹករាមដែលគ្រប់គ្រងដោយកម្ពុជានោះទេ។ កាសែតរបស់អាមេរិកដដែលក៏បានរាយការណ៍ឱ្យដឹងដែរថា កាលពីឆ្នាំកន្លងទៅ អគារមិត្តភាពវៀតណាមដែលសាងសង់ដោយវៀតណាមនៅក្នុងទីតាំងកំពង់ផែកងទ័ពជើងទឹករាមនេះ ក៏ត្រូវបានផ្លាស់ប្ដូរចេញពីកំពង់ផែកងទ័ពជើងទឹករាម ដើម្បីបញ្ចៀសកុំឱ្យមានទំនាស់ជាមួយមន្ត្រីយោធាចិននៅកំពង់ផែកងទ័ពជើងទឹករាមនេះ។ មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងដដែលក៏បានទម្លាយប្រាប់កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ឱ្យដឹងដែរថា ស្ថានីយបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ឈ្មោះបៃឌូ (BeiDou Navigation Satellite System) របស់ចិន ត្រូវបានដំឡើងនៅចំណែកមួយដែលគ្រប់គ្រងដោយកងទ័ពចិននៅក្នុងកំពង់ផែជើងទឹករាម។ ប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ឈ្មោះបៃឌូ របស់ចិនគឺជាប្រព័ន្ធកំណត់ទីតាំងជាក់លាក់ជាសាកល (GPS) របស់ចិន ដើម្បីជួយសម្រួលដល់ការចល័តទីតាំងទ័ព និងកំណត់គោលដៅបាញ់កាំជ្រួច។
ទាក់ទងនឹងរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មខ្លាំងៗ ដោយចាត់ទុកការបន្តលើកឡើងរបស់មន្ត្រីលោកខាងលិចថា គ្រាន់តែជាការចោទប្រកាន់មួយមិនត្រឹមត្រូវ ដែលធ្វើឱ្យកម្ពុជាទទួលរងភាពអយុត្តិធម៌។ លោកបន្តថា ករណីដែលសហរដ្ឋអាមេរិកនៅតែមានមន្ទិលសង្ស័យពីមូលដ្ឋានទ័ពចិននេះ កម្ពុជានៅតែបន្តស្វាគមន៍ការចុះត្រួតពិនិត្យ និងការបង្កើតកិច្ចព្រមព្រៀងជាថ្មី ដើម្បីអនុវត្តស្របតាមលក្ខខណ្ឌច្បាប់ និងអធិបតេយ្យកម្ពុជា។ លោក ផៃ ស៊ីផាន បន្តថា ការណ៍ដែលសហរដ្ឋអាមេរិកបានមើលឃើញទីតាំងមូលដ្ឋានសង្ស័យ តាមរយៈផ្កាយរណបកន្លងមកនេះ កម្ពុជាក៏បានធ្វើសេចក្ដីព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យត្រួតពិនិត្យស្របតាមលក្ខខណ្ឌ៖ «ទី១៖ ការសាងសង់នេះ គឺមិនដែលតាមរយៈ ច្បាប់ តាមរយៈការព្រមព្រៀងណា ដែលបង្ហាញថាជាការសាងសង់មួយ សម្រាប់ឱ្យប្រយោជន៍ផ្ដាច់មុខទៅឱ្យប្រទេសចិន។ ប៉ុន្តែកាលមុន ការស្នើសុំ ចំណុចដែលមើលឃើញពីផ្កាយរណបរបស់ស្ថានទូតសហរដ្ឋអាមេរិកកម្ពុជាស្វាគមន៍ឱ្យទៅមើល។ ប៉ុនពេលទៅដល់ មើលហើយ សុំការស្នើមើលកន្លែងផ្សេងម្ដងហើយ ស្នើសុំមើលម្ដងទៀត។ ដូច្នេះ ហាក់បីដូចជា អធិបតេយ្យរបស់កម្ពុជាអត់មានទាល់តែសោះ។ អាហ្នឹង វាអត់មានភាពជាដៃគូទេបាទ។ កម្ពុជា យល់ឃើញថា ភាពជាដៃគូអាស្រ័យហេតុដូច្នេះហើយ កម្ពុជាស្នើសុំឱ្យត្រឡប់ទៅវិញ ហើយធ្វើសេចក្ដីស្នើសុំជាថ្មីមក»។
ក្នុងពេលបំពេញទស្សនកិច្ចមកកាន់កម្ពុជាកាលពីដើមខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានលើកឡើងជាថ្មីទៀតពីកង្វល់របស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលកម្ពុជា និងចោទសួរពីការវាយកម្ទេចអគារជាជំនួយរបស់អាមេរិកនៅក្នុងមូលដ្ឋានកងទ័ពរាមដោយមិនឱ្យមិនប្រាប់សហរដ្ឋអាមេរិកឱ្យបានដឹងជាមុននោះ។ អ្នកស្រីក៏បានស្នើលោក ហ៊ុន សែន អនុញ្ញាតឱ្យអនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំកម្ពុជាចុះពិនិត្យផ្ទាល់ទិដ្ឋភាពមូលដ្ឋានទ័ពនៅទីនោះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ខាងភាគីអាមេរិកនៅតែមិនទាន់អស់ចិត្តដដែល ដោយសហរដ្ឋអាមេរិកលើកហេតុផលថា ពេលចុះពិនិត្យនោះ ខាងកម្ពុជាមិនអនុញ្ញាតឱ្យមន្ត្រីយោធាអាមេរិកចូលមើលពេញលេញឡើយ ដោយមានការរិតត្បិត និងការបិទបាំងច្រើន។
ចំណែកឯអ្នកវិភាគនយោបាយ លោក គឹម សុខ វិញ លោកយល់ថា រដ្ឋាភិបាលកម្ពុជា និងចិន ទំនងមិនអាចលាក់បាំងពីសកម្មភាពរបស់កងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះបានទេ ដោយសារតែអាចបែកធ្លាយព័ត៌មានតាមរយៈកងទ័ពកម្ពុជាដែលមានស្មារតីសេរីនិយម និងតាមរយៈការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក។ លោកបន្តថា ការបដិសេធរបស់ប្រទេសចិន និងកម្ពុជាជាច្រើនដងមកនេះ គ្រាន់តែជាលេសដើម្បីគេចវេះក្នុងការបង្ហាញព័ត៌មានដោយតម្លាភាព និងជាក់លាក់ណាមួយ ពីទីតាំងមូលដ្ឋានសមុទ្ររាមតែប៉ុណ្ណោះ៖ «ប្រសិនបើ វិបត្តិនៃការសង្ស័យ មូលដ្ឋានទ័ពចិននៅកម្ពុជា មិនអាចដោះស្រាយសមរម្យទេ ប្រទេសកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ មិនត្រឹមតែវិបត្តិការទូត និងការប្រឈមនឹងសម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ពីអឺរ៉ុប និងសម្ព័ន្ធមិត្តទេ អាចធ្លាក់ទៅដល់វិបត្តិអសន្តិសុខផងដែរ ពីព្រោះករណីនេះវាហៀរទៅដល់បញ្ហាតំបន់ទៅហើយប្រសិនបើនៅតែអូសបន្លាយឱ្យកាន់តែវែងឆ្ងាយ»។
កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ក៏បានស្រង់សម្ដីអតីតទីប្រឹក្សាមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក អេរ៊ីក សេយឺរស៍ (Eric Sayers) ដែលបានមានប្រសាសន៍ថា ការសាងសង់ជាសម្ងាត់របស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានភាពស្រដៀងគ្នាទៅនឹងវិធីសាស្ត្រដែលចិនបានធ្វើនៅលើប្រជុំកោះស្ព្រែតលី (Spratly Islands) នៅតំបន់ជម្លោះដណ្តើមអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០១៥មក។ លោកថា កាលនោះដំបូងឡើយចិនក៏បានអះអាងដែរថា ការសាងសង់កោះសិប្បនិមិត្តនៅលើតំបន់ទាំងនោះគឺដើម្បីបម្រើឱ្យគោលដៅរក្សាសន្តិភាព ដោយបានសន្យាថា មិនបម្រើឱ្យវិស័យយោធានោះទេ។ ក៏ប៉ុន្តែ ក្រោយមក នៅពេលដែលអ្វីៗហួសពេលទៅហើយ គេបានឃើញនៅការធ្វើយោធូបនីយកម្មជាអចិន្ត្រៃយ៍ និងមិនអាចកែប្រែបាននៅតំបន់ទាំងនោះ។
រដ្ឋាភិបាល លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែខាងភាគីទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចគួរឱ្យជឿជាក់បាននោះឡើយ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធារបស់ចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអាគារដែលជំនួយរបស់អាមេរិកដោយគ្មានជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។ ក្រុមអ្នកឃ្លាំមើលថា ទោះបីជាមានការបកស្រាយត្រឹមតែការលើកឡើងជាសាធារណៈពីសំណាក់លោក ហ៊ុន សែន និងមន្ត្រីរបស់លោកក៏ដោយ ក៏មិនអាចលាងជម្រះមន្ទិលសង្ស័យពីសហរដ្ឋអាមេរិកបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។