ទស្សនៈ​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​ពី​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម

0:00 / 0:00

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រាំង វ៉ាន់ថុង ដែល​ថា​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​របស់​វៀតណាម យូរយារ​មក​ហើយ ហើយ​បារាំង មិន​បាន​កាត់​ទឹក​ដី​នេះ​ឲ្យ​វៀតណាម នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​យុវជន​ស្នេហា​ជាតិ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បា និង​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​តំណាង​ស្ថានទូត​ប្រទេស​វៀតណាម ទទួល​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ និង​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

តើ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​នេះ?

អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ ដែល​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប៉ុន្តែ​ជនជាតិ​វៀតណាម រស់នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​គេ​មើល​ឃើញ​ថា ជា​ខេត្ត​មួយ​មាន​អន្តោប្រវេសន៍​វៀតណាម ទាំង​ស្រប និង​មិន​ស្រប​ច្បាប់ រស់នៅ​ច្រើន​ជាង​គេ​នៅ​កម្ពុជា នោះ ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ប្រតិកម្ម​នេះ​ឡើយ។

ជនជាតិ​វៀតណាម ជាង ២០​នាក់ នៅ​សង្កាត់​ផ្សារឆ្នាំង និង​ឃុំ​ឆ្នុកទ្រូ ដែល​វិទ្យុ​អាស៊ីសេរី ជួប​សម្ភាស​ដោយ​ផ្ទាល់ និង​តាម​រយៈ​ទូរស័ព្ទ បាន​ថ្លែង​ស្រដៀង​គ្នា​ថា ពួក​គាត់​មិន​ដឹង​ច្បាស់​លាស់​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នោះ​ទេ ប៉ុន្តែ​ការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ឆ្គង​ប្រវត្តិសាស្ត្រ​អ្វី​មួយ គឺ​ត្រូវ​តែ​ធ្វើ និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​និយាយ ឬ​អ្នក​ដែល​បាន​ធ្វើ​ខុស។

ជនជាតិ​វៀតណាម ម្នាក់​រស់នៅ​ឃុំ​ឆ្នុកទ្រូ លោក វិន យ៉ាំងមិន ចង់​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ ប្រសិន​បើ​ដឹង​ថា ការ​ថ្លែង​របស់​ស្ថានទូត​វៀតណាម មាន​ការ​ខុស​ឆ្គង​មែន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ត​ទៅ​ទៀត។ លោក​យល់​ថា គ្មាន​នរណា​ម្នាក់​អាច​បំភ្លៃ​ប្រវត្តិសាស្ត្រ​បាន​នោះ​ទេ បើ​ទោះ​បី​ជា​លោក​មិន​សូវ​ដឹង​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម៖ «អា​ប្រវត្តិសាស្ត្រ​បង​អត់​ដឹង​វា​យ៉ាង​ម៉េច ព្រោះ​ឥឡូវ​យើង​និយាយ​វា​អត់​ត្រូវ ខ្លាច​វា​ខុស​ណា។ បើ​តាម​ខ្ញុំ​យល់​ទៅ យើង​ជា​ប្រជាពលរដ្ឋ បើ​យើង​ទាមទារ​ទៅ​ក៏​វា​មិន​ត្រូវ​ដែរ ប្រទេស​មាន​អ្នក​គ្រប់គ្រង គេ​ដឹង​ប្រវត្តិសាស្ត្រ​តាំង​ពី​មុន ដល់​ឥឡូវ​ខាង​ណា​ខាង​ណី​ដែល​គេ​ដឹង​អស់​ហើយ បើ​យើង​ទាមទារ​ម៉េច​កើត»

ចំណែក​ជនជាតិ​វៀតណាម ម្នាក់​ទៀត​រស់នៅ​សង្កាត់​ផ្សារឆ្នាំង លោក ថៃ ស្រ៊ុន យល់​ថា ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​នា​ពេល​នេះ មិន​សូវ​សំខាន់​នោះ​ទេ គឺ​ស៊ី​សង​លើ​ផែនទី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម ដែល​មាន​ស្រាប់។ លោក​បាន​លើក​យក​ឧទាហរណ៍​សំណង់​អគារ និង​ផ្ទះ​សម្បែង​ធំៗ​នៅ​រាជធានី​ភ្នំពេញ មក​ធ្វើ​ការ​ប្រៀបធៀប​នឹង​ទឹក​ដី​កម្ពុជា​ក្រោម បច្ចុប្បន្ន​ថា នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ គឺ​មាន​ម្ចាស់​ផ្ទះ​តិចតួច​ណាស់​ដែល​បាន​ចូល​ទៅ​រស់នៅ និង​មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​វិញ ហើយ​បច្ចុប្បន្ន​គេ​មិន​អាច​ទៅ​ទាមទារ​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ​បាន​ឡើយ៖ «តវ៉ា​អា​រឿង​ហ្នឹង​ថ្នាក់​លើៗ​គេ​ដោះស្រាយ​ទៅ ស៊ី​សង​អា​ដែង​លើ​ផែនទី​ពី​ដើម​គេ​ចែក​យ៉ាង​ម៉េច​អី​ម៉េច អ៊ីចឹង​លើ​គេ​ណោះ​ទៅ​គេ​ដោះស្រាយ។ ប្រទេស​ទាំង​ពីរ​គេ​សុទ្ធ​តែ​មាន​ផែនទី​ព្រំប្រទល់ ហើយ​ដី​ខាង​ណា​នៅ​ខាង​ណា​មាន​តែ​ថ្នាក់​លើ​ទេ​ដោះស្រាយ»

ចំពោះ​ជនជាតិ​វៀតណាម មួយ​ចំនួន​ទៀត​ថ្លែង​ថា ពួក​គាត់​នឹង​មិន​ខ្វល់ខ្វាយ​រឿង​អ្វី​ទាំងអស់ ក្រៅ​ពី​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត រីឯ​រឿងរ៉ាវ​ប្រទេស​ជាតិ និង​រឿង​នយោបាយ ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៃ​ប្រទេស​ទាំង​ពីរ​ជា​អ្នក​ដោះស្រាយ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​ដោះស្រាយ​ទាំង​នោះ​ត្រូវ​តែ​មាន​សន្តិភាព និង​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ទូទៅ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​ដោយ​អហិង្សា ពី​សំណាក់​ប្រទេស​វៀតណាម ចំពោះ​ការ​ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ ទាក់ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម។ លោក​ថា ក្នុង​ករណី​ដែល​ពុំ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ គឺ​មាន​ន័យ​ថា ប្រទេស​វៀតណាម មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​មើល​ងាយ​ប្រជាជន​ខ្មែរ៖ «អ៊ីចឹង បើ​សិន​ជា​គាត់​សុំ​ទោស​បង​មាន​ន័យ​ថា គាត់​មិន​មាន​ចេតនា​ចង់​មើល​ងាយ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​គាត់​ពិត​ជា​ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ​មែន»

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​តវ៉ា និង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នានា​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា នេះ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​ទុំ​ជោរ អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន ប៉ុន្តែ​បើ​រដ្ឋាភិបាល​សម្រប​សម្រួល​បាន​ល្អ គឺ​អាច​ធ្វើ​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ឡើង​វិញ ហើយ​គេ​ត្រូវ​តែ​ចាប់​ផ្ដើម​ជជែក​គ្នា​ពី​រឿង​នយោបាយ ឬ​កំណែ​ទម្រង់​រដ្ឋ ទើប​ជា​ការ​ប្រសើរ៖ «ជា​មធ្យោបាយ​ល្អ ស្ថានទូត​វៀតណាម គួរ​តែ​ចេញ​មក​ទទួល​ញត្តិ ហើយ​ក្រោយ​ទៅ​ធ្វើ​ការ​ឆ្លើយ​តប​ឲ្យ​សមស្រប​ទៅ​នឹង​ស្ថានភាព​នេះ ហើយ​បើ​មិន​អ៊ីចឹង​ទេ គឺ​អាច​នឹង​ឈាន​ដល់​ការ​បង្ហូរ​ឈាម»

ក្រុម​យុវជន និស្សិត ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម នាំ​គ្នា​ដង្ហែ​ញត្តិ​ដាក់​ជូន​ស្ថានទូត​បាន​ចំនួន​៦ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា គឺ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា នៅ​គ្រា​ដែល​ពួក​គេ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​ប្រទេស​នេះ​ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ត្រូវ​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។