ពលរដ្ឋ​គ្មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តស្វាយរៀង​ដោះស្រាយ​បញ្ហា​ជួល​ដី​តំបន់​ព្រំដែន​ឱ្យ​ទៅ​ប្រទេស​ជិតខាង

ពលរដ្ឋ​គ្មាន​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង​ថា អាច​ដោះស្រាយ​បញ្ហា​ជួល​ដី​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង​មាន​ប្រសិទ្ធភាព តាម​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​នោះ​ឡើយ។

ពួកគាត់​ថា អាជ្ញាធរ​មួយចំនួន​នៅ​តែ​មាន​ល្បិច​ឱ្យ​មន្ត្រី​ខិលខូច​ឈរ​ឈ្មោះ​ជំនួស​ឈ្មួញ​វៀតណាម ​ដើម្បី​ជួល​ដី​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​ហិកតារ​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង។

ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដី​ស្រែ​​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន ក្នុងឃុំចំនួន៤ គឺ​ឃុំ​ពពែត ឃុំ​មនោរម្យ ឃុំ​គគីសោម និង​ឃុំ​តាអី​ ក្នុង​ស្រុក​ស្វាយទាប ជា​ច្រើន​ពាន់​ហិកតារ ត្រូវ​បាន​ពលរដ្ឋខ្មែរ​ជួល​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម ធ្វើ​កសិកម្ម​ជាង ៨​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រស់​នៅ​កៀក​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង​ថ្លែង​សុំ​លាក់​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ វិច្ឆិកា​ថា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា គួរតែ​ចាត់​វិធានការ​ច្បាប់ លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ស្រែ​ចម្ការ​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម។

លោក​អះអាង​ថា ស្មៀន​ឃុំ​ពពែត លោក គុយ សារ៉េន គឺ​ជា​មេខ្លោង​ឈរ​ឈ្មោះ​ជំនួស​ឱ្យ​ឈ្មួញ​វៀតណាម ក្នុង​ការ​រៀបចំ​ឯកសារ​ជួល​ដី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖«បើ​ចង់​ឱ្យ​លិខិត​មនុស្ស​មាន​តម្លៃ​ទាល់តែ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ។ ប្រសិនបើ​មិន​ចាត់​វិធានការ​ទេ​លិខិត​របស់​គាត់​ទោះ​ចេញ​១០០ដង​ឬ​ចេញ​យូរៗ​ម្តង​ក៏​នៅ​តែ​សាប ពិសេស​អ្នក​ចុះ​ហត្ថលេខី​ ហាក់​ដូច​ជា​ចុះ​លើ​ក្រដាស​កាសែត»។

បច្ចុប្បន្ន​ទិដ្ឋភាព​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ក្នុង​រដូវ​ប្រាំង​សម្បូរ​ដោយ​ចម្ការ​អំពៅ​និង​ដំណាំ​ដំឡូង។ រីឯ​នៅ​រដូវ​វស្សា​វិញ​មាន​ដំណាំ​ស្រូវ និង​មាន​ដំណាំ​បន្លែ​ផ្សេងៗ​ទៀត ជា​ច្រើន​ម៉ឺន​ហិកតារ ដោយ​មាន​របង​លួស​ និង​ផ្ទះ​ចាំចម្ការ​ដែល​ឈ្មួញ​វៀតណាម​សាងសង់ ដើម្បី​ទុក​ដាក់​គ្រឿង​ចក្រ​ធ្វើ​កសិកម្ម។

អ្នកភូមិ​ថា ការ​ជួល​ដី​នេះ​មាន​កិច្ច​សន្យា​ក្នុង​មួយ​អាណត្តិ រយៈពេល ៣ឆ្នាំ ហើយ​តម្លៃ​ជួល​ដី​វិញ​ក្នុង ១ហិកតារ​ជាង ១​លាន​រៀល​ ឬ​ប្រមាណ ២៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ រី​ឯ​បច្ចេកទេស​ធ្វើ​កសិកម្ម​វិញ គឺ​ឈ្មួញ​វៀតណាម​បាន​កសាង​ផ្លូវ ជីក​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង ដោយ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ និង​ប្រព័ន្ធ​ធារាសាស្ត្រ មាន​ប្រភព​ចេញ​ពី​ប្រឡាយ​មេ ក្នុង​ប្រទេស​វៀតណាម​ ដើម្បី​ទាញ​ទឹក​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ក្នុង​តំបន់​នោះ។

ពលរដ្ឋ​ដដែល​បន្ថែម​ថា ជា​រឿយ​ៗ​អ្នកភូមិ​តែង​ប្រទះ​ឃើញ​កម្មករ​ជន​ជាតិ​វៀតណាម​ជាច្រើន​ក្រុម​បាន​ដាក់​វេន​គ្នា ​ដេក​ចាំ​ចម្ការ​ជិះ​ម៉ូតូ និង​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នៅតែ​សម្រួល​ឯកសារ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួល​ដី​ឱ្យ​ទៅ​ឈ្មួញ​វៀតណាម​ដដែល​ៗ ដោយ​គ្រាន់​តែ​ផ្លាស់ប្ដូរ​រូបភាព​ លាក់​បាំង​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថ្លែង​សុំ​លាក់​ឈ្មោះ៖«ទាំង​មេភូមិ​មេឃុំ​ឱ្យ​តែ​មាន​ពលរដ្ឋ​ណា​ជួល​ដី​ទៅ​ឱ្យ​ពួក​វៀតណាម គឺ​ពួកគាត់​នៅ​តែ​សម្រួល​ឯកសារ​រត់​ការ​ជួល​ដដែល មិន​ឃើញ​អនុវត្ត​តាម​ច្បាប់​ចេញ​សោះ!រហូត​មក​ដល់​បច្ចុប្បន្ន​គេ​មាន​ល្បិច​មិន​ឱ្យ​ជនជាតិ​វៀតណាម​ឈរ​ឈ្មោះ​ផ្ទាល់​ទេ ប៉ុន្តែ​គេ​មាន​ស្មៀនឃុំ​អ្នក​ឈរ​ឈ្មោះ​វិញ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ វិច្ឆិកា។ រីឯ​ស្មៀន​ឃុំ​ពពែត លោក គុយ សារ៉េន ដែល​ពលរដ្ឋ​ចោទ​ថា ជា​មេខ្លោង​ឈរ​ឈ្មោះ​ជំនួស​ឈ្មួញ​វៀតណាម ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​ពលរដ្ឋ​ថា កន្លង​ទៅ​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ម៉ែន អេង បាន​ចុះ​ទៅ​ពិនិត្យ​ចម្ការ​អំពៅ តាម​តំបន់​ព្រំដែន​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​ឱ្យ​វៀតណាម ​ក៏ប៉ុន្តែ​មន្ត្រី​រូប​នេះ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ តែ​បែរ​ជា​និយាយ​កុហក​ថា ដំណាំ​កសិកម្ម​ក្នុង​តំបន់​នោះ​ជា​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​ថ្មី​ទៀត បញ្ជា​ឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ទាំងអស់ ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​រាល់​សកម្មភាព​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​មូលដ្ឋាន​លក់​ឬ​ជួល​ដី​ស្រែ​ចម្ការ​តាម​បណ្តោយ​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​គ្រប់​រូបភាព​ទាំង​អស់។

ឆ្លើយ​តប​រឿង​នេះ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង រដ្ឋាភិបាល​គួរតែ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​មួយ ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ពាក់ព័ន្ធ និង​ពលរដ្ឋ​ខ្មែរ​​ដែល​ជួល​ដី​ឱ្យ​ប្រទេស​ជិត​ខាង​ ជា​អំពើ​ល្មើសច្បាប់​ ប៉ះពាល់​អធិបតេយ្យភាព​កម្ពុជា។

លោក អ៊ុំ សំអាន៖«កាល​ណា​មន្ត្រី​ខិលខូច​នៅតែ​លួច​ជួល​ដី​គឺ​អាច​មក​ពី​ខ្សែ​លោក ហ៊ុន សែន ហ៊ុន​ម៉ាណែត ជួល​ទៅ​គ្មាន​​នរណា​ហ៊ាន​ប៉ះ​សូម្បី​តែ​លោក ស សុខា កូន​លោក ស ខេង។ ដូច្នេះ​ដើម្បី​បញ្ឈប់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន​ទាល់​តែ​មាន​ចំណាត់​ការ​ក្ដៅ​ពី​នាយករដ្ឋមន្ត្រី»។

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត យល់​ថា បញ្ហា​នេះ​ជា​គ្រោះថ្នាក់​ ប៉ះពាល់​អធិបតេយ្យ​ជាតិ ហេតុនេះ​ក្រសួង​មហាផ្ទៃ​គួរតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជាប់​ព្រំដែន​ទាំងអស់ ត្រូវ​អនុវត្ត​បទ​បញ្ជា​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ទទួលខុសត្រូវ៖

លោក ម៉ែន ណាត៖«ពលរដ្ឋ​គាត់​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត និង​រដ្ឋ​មន្ត្រី​ថ្មីៗ​គួរតែ​អនុវត្ត​ច្បាប់​ទោះ​បី​ស្ថិត​នៅ​ផ្កាយ​ប៉ុន្មាន​ស័ក្តិ​ប៉ុន្មាន​ក៏​ដោយ​ ក៏​ត្រូវតែ​គោរព​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ដាច់ខាត។ អាហ្នឹង​បាន​អាច​ធ្វើ​ទៅ​បាន​!ឧទាហរណ៍​ថា​ចេញ​បញ្ជា​ហើយ មិន​ហ៊ាន​អនុវត្ត​ទៅ​លើ​អ្នក​មាន​អំណាច និង​ស័ក្តិ​ខ្លះ​ដែល​មាន​ដីធ្លី​ច្រើន​ដដែល​ នោះ​បទ​បញ្ជា​ប្រៀប​ដូច​ជា​ដង្ហើម​ចង្រិត ដក​ហើយ​ក៏​រលត់​បាត់​ទៅ»។

ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​តាម​តំបន់​ព្រំដែន ​និង​ផ្តល់​បច្ចេកទេស​កសិកម្ម ព្រម​ទាំង​រក​ទីផ្សារ​កសិផល​ ដើម្បី​ឱ្យ​កសិករ​ខ្មែរ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​តាម​តំបន់​ព្រំដែន ដែល​ជា​ផ្នែក​មួយ​ទប់ស្កាត់​ការ​ជួល​ដី​ឱ្យ​ទៅ​ជន​បរទេស ​និង​ជា​របង​ការពារ​បូរណភាព​ទឹកដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។