អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ស្នើឱ្យស្ថាប័នសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជួយរកយុត្តិធម៌រឿងចាប់ខ្លួនអនុប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកឈូកខេត្តកំពត នៃគណបក្សសង្គ្រោះជាតិលោក នុត ពេជ តាមទំនើងចិត្ត និង ដោយអមនុស្សធម៌។
ក្នុងលិខិត ចុះថ្ងៃទី២១ ខែសីហានេះ ដែលផ្ញើជូនទៅប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី មីស្សែល បាសេឡេ (Michelle Bachelet) អ្នកស្រី មូរ សុខហួរ ថាទង្វើរបស់អាជ្ញាធររបបលោក ហ៊ុន សែន ក្នុងការចាប់ខ្លួន ដាក់ខ្នោះ បណ្ដើរទាំងអត់ស្បែកជើង ពីវាលស្រែទៅប៉ុស្តិ៍ប៉ូលិស និងក្រោយមកកោរសក់លោក នុត ពេជ ទៀតនោះ គឺបង្ហាញពីទម្រង់នៃការធ្វើទារុណ្ឌកម្មផ្លូវចិត្ត ដែលហួសនិស្ស័យជាមនុស្ស។ ជាងនេះទៅទៀត ក្រោយការឃុំខ្លួនភ្លាមៗ អាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមគ្រួសារលោក នុត ពេជ បានជួបសួរសុខទុក្ខលោក នៅក្នុងមន្ទីរឃុំឃាំងនោះឡើយ។
អ្នកស្រីទាមទារឱ្យការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយផ្តល់យុត្តិធម៌ដល់លោក នុត ពេជ និងក្រុមគ្រួសារ ដោយស្នើឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ លើករណីបំពានច្បាប់ពីសំណាក់អាជ្ញាធរនេះ។
អ្នកស្រី មូរ សុខហួរ ស្នើឱ្យស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយធ្វើយ៉ាងណា ឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការប្រើប្រាស់ទម្រង់នៃការធ្វើទារុណកម្មផ្លូវចិត្ត ដល់អ្នកជាប់ឃុំ និង បញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើមន្ត្រីបក្សប្រឆាំងតទៅទៀត។
លិខិតដដែលនេះ អ្នកស្រីចម្លងជូនមួយច្បាប់ ទៅស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាំស្ត្រុម (Cecilia Malmstrom)។
ក្រៅពីលោក នុត ពេជ សកម្មជនបក្សប្រឆាំងជិត ១៥០ នាក់ (១៤៩) នាក់ផ្សេងទៀតនៅកន្លែងដទៃ ក៏ត្រូវបានអាជ្ញាធរ កោះហៅឱ្យចូលខ្លួន និងចេញដីកាសាកសួរ ជាបន្តបន្ទាប់ដែរ រឿងចោទថារំលោភសាលដីកាតុលាការកំពូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។