ពលរដ្ឋមួយចំនួន មិនពេញចិត្ត ចំពោះការអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារ ខណ្ឌសីមា និងការបង្គោលព្រំដែនគោក កម្ពុជា វៀតណាម ទេ ដោយយល់ថា ជាឯកសារធ្វើឲ្យខ្មែរបាត់បង់ដីតាមព្រំដែន និងខាតផលប្រយោជន៍ជាតិខ្មែរ។ ចំណែកអ្នកគាំទ្រគណបក្សកាន់អំណាចវិញ ថា ពួកគាត់ពេញចិត្ត និងគាំទ្រចំពោះសេចក្ដីព្រាងច្បាប់នេះ។
ក្រុមយុវជន និងមន្ត្រីគណបក្សនយោបាយ ថ្កោលទោសក្រុមតំណាងរាស្ត្ររដ្ឋសភាឯកបក្ស ដែលបានការអនុម័ត លើសេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារ ខណ្ឌសីមានេះ។ យុវតីគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ កំពុងភៀសខ្លួន នៅប្រទេសម៉ាឡេស៊ី កញ្ញា សៅ ឧសភា មើលឃើញថា ការអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីពិធីសារ និងការបោះបង្គោលព្រំដែនគោក ៨៤ភាគរយនោះថា ធ្វើឡើងក្នុងស្ថានភាពវាយបង្ក្រាបធ្ងន់ធ្ងរទៅលើអ្នកឃ្លាំមើលបញ្ហាព្រំដែន អ្នកដែលហ៊ាននិយាយ រិះគន់អំពីរឿងនេះ។
យុវតីរូបនេះ ទាមទារឲ្យដោះលែងអ្នកឃ្លាំមើលព្រំដែនពីពន្ធនាគារទាំងអស់វិញសិន ហើយអនុញ្ញាតឲ្យអ្នកឃ្លាំមើលព្រំដែនទាំងអស់ បានចូលរួមសកម្មភាព ដោយសេរី ទើបមិនធ្វើឲ្យខាតប្រយោជន៍ខ្មែរ៖ «( ច្បាប់ស្ដីពីពិធីសារ ) សារដែលគាត់ ( រដ្ឋសភា ) ទើបតែអនុម័តហ្នឹង ខ្ញុំគិតថា គឺជារឿងមួយ ដែលធ្វើឲ្យខាតប្រយោជន៍ពលរដ្ឋខ្មែរទៀតហើយ ពីព្រោះអ្វី ថ្ងៃនេះ គាត់កាត់ឲ្យគេ ជារឿងមួយដែលធម្មតា។ តែថ្ងៃក្រោយ គាត់ឲ្យគេពេញសិទ្ធិ ដូចករណី ដែលគាត់ហ្នឹង ឲ្យជនអន្តោប្រវេសន៍យួន ទាំងអស់ហ្នឹង ពេញសិទ្ធិ ដូចសព្វថ្ងៃ។ សម្រាប់ខ្ញុំ ជាយុវជនយល់ថា អាទង្វើហ្នឹង ( អនុម័ត ) វាមានតែធ្វើឲ្យខាតបង់ដល់ប្រយោជន៍ពលរដ្ឋខ្មែរ ហើយមានតែធ្វើឲ្យខ្មែរហ្នឹង គាត់លំបាកទៅថ្ងៃក្រោយទៀត»។
ប៉ុន្តែ អ្នកគាំទ្រគណបក្សកាន់អំណាចវិញថា ពួកគាត់ពេញចិត្ត ចំពោះការអនុម័តឯកសារព្រំដែន កម្ពុជា និងវៀតណាមនេះ ហើយជឿជាក់លើរដ្ឋាភិបាល និងរដ្ឋសភា ក្នុងការអនុម័តច្បាប់ស្ដីពីពិធីសារ និងការបោះបង្គោលព្រំដែនគោក ៨៤ភាគរយ។
យុវជន និងជាសមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា លោក ជួន ប៊ុនរឿន យល់ថា ការចោទប្រកាន់នានា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឬការបាត់បង់ដីជាដើម សុទ្ធតែជារឿងនយោបាយច្រើនជាង ព្រោះ លោកជឿជាក់ថា រដ្ឋាភិបាល និងសហគមន៍អន្តរជាតិ មិនបណ្ដោយឲ្យមានការឈ្លានពាន ឬការរំលោភបំពានព្រំដែនគ្នាឡើយ។ លោកយល់ថា ការអនុម័តច្បាប់ ដើម្បីទទួលស្គាល់ឯកសារព្រំដែន នឹងធ្វើឲ្យបញ្ចប់ភាពកេងចំណេញនយោបាយ និងមានព្រំដែនត្រឹមត្រូវសម្រាប់កូនខ្មែរជំនាន់ក្រោយ៖ « ខ្មែរស្ទើរគ្រប់ជំនាន់ហើយ តែងតែយកបញ្ហាព្រំដែននេះ ធ្វើជាលេសបំផុសបំផុលនាំឲ្យមានការបែកបាក់គ្នា។ ខ្ញុំជឿថា បញ្ហាព្រំដែន ក៏ដូចជាការបាត់ ការអ្វីនេះ វាគ្រាន់តែជាលេសមួយ ដូចអ្វីដែលខ្ញុំនិយាយអ៊ីចឹង ខ្ញុំចង់ឲ្យបញ្ចប់ ដើម្បីកុំឲ្យមានលេសហ្នឹងតទៅទៀត។ ខ្ញុំជឿថា ពិភពលោក គេមិនល្ងង់ជាងពួកយើងប៉ុន្មានទេ គេធ្វើការ គេមានផែនទីត្រឹមត្រូវ»។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង និងជាអ្នកឃ្លាំមើលព្រំដែន នៅខេត្តស្វាយរៀង លោក ម៉ៅ វិបុល សង្កេតឃើញថា ខ្លឹមសារច្បាប់ទាក់ទងនឹងព្រំដែនទាំងឡាយ គ្មានឥទ្ធិពលធ្វើឲ្យវៀតណាមបញ្ឈប់សកម្មភាពរំលោភបំពានដីស្រែ របស់ពលរដ្ឋខ្មែរ នៅតាមព្រំដែនបានឡើយ ហើយសេចក្ដីព្រាងច្បាប់ថ្មី ដែលរដ្ឋសភាទើបអនុម័តនេះ ក៏ដូចគ្នា។
មន្ត្រីបក្សប្រឆាំង កំពុងភៀសខ្លួននៅប្រទេសថៃ និង មានដីកាតាមចាប់ខ្លួន ចំនួន ៩ដីកា រូបនេះ យល់ថា មានតែការរួបរួមគ្នា សាមគ្គីរបស់ពលរដ្ឋខ្មែរ និងមានការជួយជ្រោមជ្រែងពីអន្តរជាតិ តាមខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ទើបអាចការពារព្រំដែនខ្មែរឲ្យស្ថិតស្ថេរបាន។ ឯច្បាប់ព្រំដែនទាំងឡាយផ្សេងទៀត លោក អះអាងថា របបក្រុងភ្នំពេញ ធ្វើឡើង ក្រោមឥទ្ធិពលរបស់វៀតណាម៖ « ខ្ញុំមិនជឿលើរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន បម្រើបរទេស ហើយទឹកដីសព្វថ្ងៃនេះ ដែលពលរដ្ឋរងគ្រោះនោះ គាត់ថែមទាំងត្អូញត្អែរ ថែមទាំងយំសោក បោកខ្លួន។ ឥឡូវនេះ គាត់ ( ពលរដ្ឋ ) លែងហ៊ានយំអ្វីទៀត ដោយសារអស់ទឹកភ្នែក ដែលត្រូវយំហើយ។ ទឹកដីត្រូវបាត់បង់ ត្រូវគេយកហើយហ្នឹង ហើយដូនតារបស់គាត់ ដែលនៅរស់ ( ជាសាក្សី ) ។ យួនចង់ទៅបោះ ( បង្គោលព្រំដែន ) នៅត្រង់ណាក៏បានដែរ ក្រុមលោក ហ៊ុន សែន អត់មាត់ អត់កទេ ហើយមួយទៀត គឺ ហ៊ុន សែន ជាអ្នកបម្រើយួន បន្តុបដោយយួន។ អ៊ីចឹង មិនអាចដោះស្រាយចេញទេ។ មានតែអន្តរជាតិ ហើយនិងពលរដ្ឋខ្មែរទេ ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន»។
ចំណែកពលរដ្ឋខ្លះ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងអ្នករស់នៅតាមព្រំដែនកម្ពុជា វៀតណាមខ្លះ មិនហ៊ានបញ្ចេញមតិរឿងព្រំដែន ឬច្បាប់ ទាក់ទងនឹងរឿងព្រំដែននេះឡើយ ព្រោះពួកគេបារម្ភការគំរាមកំហែង បំភិតបំភ័យ ការបង្ក្រាប ការធ្វើបាប ការចាប់ដាក់ពន្ធនាគារ ដូចអ្នកឃ្លាំមើលព្រំដែនផ្សេងទៀត។
ពលរដ្ឋម្នាក់ រស់នៅខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ប្រាប់ថា បញ្ហា និងច្បាប់ទាក់ទងនឹងព្រំដែន រដ្ឋាភិបាល ហាក់មិនសូវបង្ហាញ ជាចំហទេ ម្ល៉ោះហើយ លោកមិនហ៊ានបញ្ចេញមតិឡើយ៖ « រឿងព្រំដែន ខ្ញុំមិនអាចនិយាយបានទេ ពីព្រោះខ្ញុំឥឡូវនេះ កំពុងជាប់ចោទ ( គេប្ដឹង ) គេខ្លាំងណាស់»។
ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ សង្កេតឃើញថា រដ្ឋាភិបាល ហាក់មិនបានបង្ហាញឯកសារព្រំដែនជាសាធារណៈ ឲ្យបានជាក់លាក់មែន និងតែងតែចាប់ខ្លួនអ្នកឃ្លាំមើលព្រំដែនជាបន្តបន្ទាប់ បណ្ដាលឲ្យពលរដ្ឋភ័យ ពេលបញ្ចេញមតិរឿងព្រំដែន។
លោកយល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារ និងការបោះបង្គោលព្រំដែនគោករួចរាល់ ចំនួន ៨៤ភាគរយនេះ គឺទាំងរដ្ឋាភិបាល និងរដ្ឋសភា មិនបានផ្សព្វផ្សាយខ្លឹមសារច្បាប់នេះ ឲ្យបានទូលាយប៉ុន្មានទេ។
ប្រធានគណបក្សនយោបាយរូបនេះ ចង់ឲ្យអាជ្ញាធរបង្ហាញ និងពន្យល់ឯកសារ ពាក់ព័ន្ធនឹងរឿងព្រំដែនទាំងអស់ ដល់ពលរដ្ឋឲ្យបានទូលំទូលាយ ព្រោះបញ្ហាទឹកដី ជារឿងរបស់ពលរដ្ឋខ្មែរជាម្ចាស់ប្រទេសទាំងអស់គ្នា។ លោក អ៊ិត សារម្យ ក៏ទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកឃ្លាំមើលព្រំដែនវិញ ហើយបញ្ឈប់ការចាប់ចងធ្វើបាបអ្នកឃ្លាំមើលព្រំដែនទាំងអស់៖ « ព្រោះបញ្ហាទឹកដី ជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់។ មិនមែនជារបស់អ្នកនយោបាយបក្សណាមួយ ក្រុមណាមួយទេ ព្រោះទឹកដី វាបន្ត នៅមានជានិរន្តរភាព ដល់ប្រទេសជាតិរបស់យើង ដល់ជនរួមជាតិរបស់យើង។ និយាយទៅ ពូជសាសន៍ខ្មែរបន្តទៀត នៅលើទឹកដីហ្នឹង។ អ៊ីចឹង ទាមទារឲ្យមានការចូលរួមរបស់ខ្មែរទាំងអស់។ ខ្មែរអ្នកនយោបាយ ខ្មែរមិនមែនអ្នកនយោបាយ។ ជាពិសេសស្ថាប័នរដ្ឋសភា ជាស្ថាប័នតំណាងឲ្យប្រជាពលរដ្ឋ ត្រូវតែបង្ហាញ ឬក៏ផ្សព្វផ្សាយព័ត៌មានឲ្យច្បាស់លាស់ ដល់ប្រជាពលរដ្ឋខ្មែរ ថា ទឹកដីរបស់ខ្មែរ នៅពេលបច្ចុប្បន្ននេះ វាអត់មានការបាត់បង់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស ក្នុងការវាស់វែង ឬក៏គណៈកម្មការព្រំដែនហ្នឹង ឲ្យវាបានត្រឹមត្រូវ ឲ្យបានទូលំទូលាយ។ កុំឲ្យធ្វើហ្នឹង វាមានការសង្ស័យ»។
រីឯក្រុមអ្នកឃ្លាំមើលព្រំដែនកម្ពុជា មានមូលដ្ឋាននៅខាងក្រៅប្រទេសវិញ បន្តចោទថា រដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារខណ្ឌសីមា និងឯកសារបោះបង្គោលព្រំដែនគោក៨៤ភាគរយនេះ គឺធ្វើឡើងតាមការបង្គាប់របស់វៀតណាម ដើម្បីឲ្យការឈ្លានពានដីខ្មែរ នៅតាមព្រំដែនក្លាយជាសកម្មភាពស្របច្បាប់។ តែយ៉ាងណា ភាគីរដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ និងហៅការចោទនេះថា ជាសកម្មភាពញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរតាមព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។