អ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកវិភាគ លើកឡើងថា ទោះបីកម្ពុជាប្រឹងប្រែងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនក្នុងតំបន់ ដូចជាប្រទេសឥណ្ឌា (India)ជាដើម ក៏ចរន្តសេដ្ឋកិច្ចកម្ពុជានៅតែគ្មានសន្ទុះខ្លាំងក្លាដែរ។ ពួកគេយល់ថា រដ្ឋាភិបាលបាលលោក ហ៊ុន សែន គួរតែស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីអាចមានឱកាសនាំចេញទំហំផលិតផលក្នុងស្រុកទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានទូលំទូលាយជាងមុន។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនគួរបន្តធ្វើឲ្យបាត់បង់ទីផ្សារធំៗ នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែមិនចង់ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ពួកគេ យល់ថា បើទោះបីលោក ហ៊ុន សែន កំពុងស្វះស្វែងបង្កើតទំនាក់ទំនងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិន និងឥណ្ឌា យ៉ាងណាក្ដី ក៏ចរន្តសេដ្ឋកិច្ចកម្ពុជាមិនមានភាពល្អប្រសើរដែរ ដោយសារតែប្រទេសចិន និងឥណ្ឌា ក៏កំពុងពឹងផ្អែកក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារធំៗ នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែរ។
ក្នុងជំនួបកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូកាលពីយប់ថ្ងៃទី១៨ ឧសភា ជាមួយ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) លោក ហ៊ុន សែន ថ្លែងថា ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា មានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ក្ដី ប៉ុន្តែ នៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣០០លានដុល្លារ។ លោក ហ៊ុន សែន ក៏បានជំរុញដល់រដ្ឋាភិបាលឥណ្ឌា បញ្ចប់នីតិវិធីបច្ចេកទេសឱ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា។
អ្នកជំនាញច្បាប់ និងកិច្ចការនយោបាយអន្តរជាតិ កញ្ញា សេង ធារី ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ឧសភាថា បណ្ដាប្រទេសដែលរបបឯកបក្សប្រឹងប្រែងបង្កើតទំនាក់ទំនងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះរួមមានប្រទេសចិន (China) និងឥណ្ឌា (India) នោះ ប្រទេសទាំងពីរ ក៏ពឹងដង្ហើមសេដ្ឋកិច្ចក្នុងការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអឺរ៉ុបដែរ។ កញ្ញាបន្តថា ផលិតផលនៅប្រទេសឥណ្ឌាទៀតសោត កំពុងធ្វើការប្រកួតប្រជែងជាមួយកម្ពុជាលើឆាកអន្តរជាតិ ដើម្បីនាំចេញផលិតផល និងរកទីផ្សារនៅសហគមន៍អឺរ៉ុប។ កញ្ញាថា បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមស្ដារប្រជាធិបតេយ្យ និងគិតគូរការគោរពសិទ្ធិមនុស្សឡើងវិញ នោះសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តមានភាពផុយស្រួយ ហើយការនាំចេញផលិតផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបក៏កាន់តែរួមតូចចង្អៀត៖ «កម្ពុជា អត់អាចជំនួសសហរដ្ឋអាមេរិក ជាមួយចិន ជាមួយឥណ្ឌាបានទេ។ មូលហេតុអី ? ចិន និងឥណ្ឌាជាប្រទេសផលិតហើយក៏ត្រូវការ ទៅរកទីផ្សារនៅសហភាពអឺរ៉ុបដែរ។ មានតែអាមេរិក និងប្រទេសដែលជឿនលឿន បែបសេរី ដែលគេ អាចទិញ (ផលិតផល )ពីកម្ពុជាបាន។ យើង (កម្ពុជា )នៅតែបន្ត មានបញ្ហានៃវិបត្តិផ្នែកសេដ្ឋកិច្ច ប្រសិនបើរបបផ្ដាច់ការនេះ មិនស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ »។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាបានផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ កន្លងទៅ ដោយសហរដ្ឋអាមេរិកមិនទាន់បន្តឱ្យកម្ពុជាវិញនៅឡើយទេ គិតមកដល់ខែឧសភា ឆ្នាំ២០២២ នេះ។ ចំណែកឯប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកតែអាវុធទៅកាន់ប្រទេសអាមេរិក ឬហៅថា (EBA) ក៏ត្រូវបានសហភាពអឺរ៉ុបកាត់ផ្ដាច់ ២០ភាគរយដែរ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។
ថ្មីៗ នេះ ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងទៅកាន់ប្រមុខការទូតអាមេរិក លោក អេនតូនី ប្លីងឃែន (Antony Blinken) ដោយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ដែលភាគច្រើនជាស្ត្រី។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមបញ្ហា នឹងមិនអាចលូតលាស់ឆាប់រហ័សវិញបានឡើយ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនគោរពតាមគោលការណ៍ប្រជាធិបតេយ្យ និងស្មារតីសន្ធិសញ្ញាទីក្រុងបារីស៍ ដើម្បីអាចនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអឺរ៉ុប។ លោកមើលឃើញថា ការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ហាក់ដើរថយក្រោយ និងបាត់បង់ទំហំពាណិជ្ជកម្មនៅបណ្ដាទីផ្សារអឺរ៉ុបបន្ថែមទៀត បើលោក ហ៊ុន សែន មិនព្រមស្ដារប្រជាធិបតេយ្យ និងបង្កើតទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុប៖ «[រដ្ឋាភិបាលលោក ហ៊ុន សែន ] មិនប្រឹងស្ដារប្រជាធិបតេយ្យ ដើម្បីកសាងទំនាក់ទំនងល្អជាមួយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីបានទីផ្សារសក្ដានុពលចំណេញច្រើន សម្រាប់សេដ្ឋកិច្ច បែរតាមអង្វរចិនផង លូនក្រាបនឹងឥណ្ឌាផង ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបចាប់ផ្ដើមនេះ។ ខ្ញុំយល់ថា គឺជារបៀបធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មដែលធ្វើបាត់ប្រាក់ ដុំ ហើយសន្សំប្រាក់រាយ នេះជាមិនមែនជារបៀបធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលមេដឹកនាំប្រទេសមួយ គួរប្រកាន់យកនោះទេ »។
ក្រុមតាមដានស្ថានការណ៍ វាយតម្លៃថា លោក ហ៊ុន សែន ទំនងពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍នយោបាយនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញ ទោះបីជាលោកដឹងថាត្រូវខាតបង់ផលប្រយោជន៍ជាតិទាំងមូលយ៉ាងណាក្ដី។ ពួកគេយល់ថា ការស្ដារប្រជាធិបតេយ្យឱ្យមានភាពល្អប្រសើរវិញនោះ អាចជារឿងស្មុគស្មាញសម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ព្រោះធ្វើឱ្យប៉ះពាល់ដល់ការក្រាញ់អំណាចរបស់លោក ដោយសារតែតម្រូវឱ្យមានការគោរពតាមនយោបាយអព្យាក្រឹត្យ ការគោរពសិទ្ធិមនុស្ស ដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុបឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។