អ្នកវិភាគ​ថា​ សហភាព​អឺរ៉ុប​មិន​បណ្ដោយ​ឲ្យ​កម្ពុជា​បន្តបំផ្លាញ​ប្រជាធិបតេយ្យ​ទេ​

0:00 / 0:00

សភា​អឺរ៉ុប (European Parliament) បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មីមួយ​ទៀត​ឲ្យ​របប​លោក ហ៊ុន សែន​បញ្ឈប់​ការធ្វើទុក្ខ​បុកម្នេញ​គណបក្ស​ប្រឆាំង​និង​ត្រូវ​បើក​លំហរ​​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​សង្គម​ស៊ីវិលនិង​សារព័ត៌មាន​ឡើងវិញ​។ សភាអឺរ៉ុប​ក៏ទាមទារ​ឲ្យ​តុលាការ​របបក្រុង​ភ្នំពេញ​លុបចោល​សាលក្រម​និង​សាលដីការ​នានា​ដែលចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​និង​មេដឹកនាំបក្ស​ប្រឆាំង​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌដែរ​។ អ្នកវិភាគ​ថានេះជា​សញ្ញាល្អ​មួយទៀត​ដែល​សហភាពអឺរ៉ុប​នៅតែ​យកចិត្តទុកដាក់​លើការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅកម្ពុជា​។

អ្នកវិភាគ​លើកឡើង​ថា​សហភាពអឺរ៉ុប​មិនបាន​បោះបង់​កម្ពុជា​ទុកឲ្យ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ដឹកនាំ​ប្រទេស​ដោយ​ជិះសេះលែងដៃ​នោះទេ​។

អ្នកវិភាគ​នយោបាយ​និរទេសខ្លួន​នៅក្រៅ​ប្រទេស​លោក គឹម សុខ​ មានប្រសាសន៍ថា​ សភាអឺរ៉ុប​បាន​អនុម័ត​សេចក្ដី​សម្រេច​ឲ្យ​របបលោក ហ៊ុន សែន​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ​គឺ​បង្ហាញ​ឲ្យឃើញ​ថាសហភាព​អឺរ៉ុប​នឹង​មិន​អនុញ្ញាតិ​ឲ្យរបបក្រុងភ្នំពេញ​បន្ត​គាបសង្កត់​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ទៀត​ឡើយ៖ «អឺរ៉ុប​មិនបោះបង់​ប្រជាធិបតេយ្យ​នៅកម្ពុជាទេ​គេនៅ​ទាមទារ​ដង្ហើម​ប្រជាធិបតេ្យ​រស់​នៅ​កម្ពុជា​ហើយ​អឺរ៉ុប​ក៏ត្រៀម​តទល់​នឹង​របប​លោក ហ៊ុន សែន ​ដែរ​ព្រោះអឺរ៉ុប​មាន​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​របស់​លោក​ហ៊ុន សែន នេះពេញដៃ។

សភាសអឺរ៉ុប​ (European Parliament)​ កាលពីថ្ងៃទី​១១ ខែមីនា​បានអនុម័ត​សេចក្ដីសម្រេច​មួយ​មាន​ចំនួន​២៥​ចំណុច​តម្រូវ​ឲ្យរបប​ទីក្រុង​ភ្នំពេញ​បញ្ឈប់ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ការគំរាមកំហែង​ និង​ការ​ចោទ​ប្រកាន់​ដោយ​មូលហេតុ​នយោបាយ​មកលើ​សមាជិក​គណបក្ស​ប្រឆាំង​សមាជិក​សហជីព​អ្នកការពារ​សិទ្ធិមនុស្ស​ អ្នក​កាសែត​និង​សកម្មជន​សង្គមស៊ីវិល​ព្រមទាំង​អំពាវនាវ​ឲ្យ​កងសន្តិសុខ​ជៀស​វាង​ប្រើអំពើ​ហិង្សា​​មកលើពលរដ្ឋ​ដែល​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។

សេចក្ដី​សម្រេច​សភាអឺរ៉ុប​នេះ​ក៏តម្រូវ​ឲ្យ​របបក្រុង​ភ្នំពេញ​លុបចោល​សាលក្រម​តុលាការ​មាន​លក្ខណៈ​នយោបាយ​ជា​បន្ទាន់និងដោយ​ឥតលក្ខខណ្ឌ​ដែលបាន​ផ្តន្ទាទោស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​យ៉ាងងងើល​រួមមាន​លោក សម រង្ស៊ី​ អ្នកស្រី មូរ សុខហួរ​ លោកអេង ឆៃអ៊ាង​ លោក អ៊ូ ចាន់ឫទ្ធិ​ លោក ហូរវ៉ាន់​ លោក ឡុង រី​ លោក ម៉ែន សុថាវរិន្ទ្រ​និង​លោកនុត រំដួល​និងរួមទាំង​កម្មជន​បក្សប្រឆាំង​ដទៃទៀត​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។

ក្រៅពីនេះ​ទៀត​ សភាអឺរ៉ុប​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរកម្ពុជា​ឱ្យផ្តួចផ្តើម​ដំណើរការ​ការផ្សះផ្សារ​ជាតិ​តាម​រយៈការសន្ទនា​ពិត​ប្រាកដ​ជាមួយ​គណបក្សប្រឆាំង​និង​អង្គការ​សង្គមស៊ីវិល​។

អាស៊ីសេរី​មិនអាចទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ដើម្បី​សួរ​អំពីបញ្ហា​នេះ​បាននៅ​ឡើយទេ​កាលពីយប់​ថ្ងៃទី១១ ខែមីនា។

អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ​លោក អេង ឆៃអ៊ាង​មាន​ប្រសាសន៍​ថា​របប​ក្រុង​ភ្នំពេញ​កំពុង​តែ​ខូច​មុខមាត់​កាន់តែខ្លាំង​នៅលើ​ឆាកអន្តរជាតិ។​លោក​បញ្ជាក់​ថា​សភា​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ប្រើប្រាស់​វប្បធម៌សន្ទនា​ដើម្បី​ផ្សះផ្សារជាតិ​នេះ​​ជារឿង​ត្រឹមត្រូវ​។​លោក​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះជាតិ​ក៏​មិន​ដែល​បិទដែរ​​ចំពោះការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​បញ្ចាប់​ជម្លោះ​នយោបាយ​៖ ​«​ដំណោះ​ស្រាយ​អ្វី​ក៏ដោយ​មិនជៀសផុត​ពីការ​និយាយគ្នា​ ការជជែក​គ្នា​នោះទេ​ហើយ​វាមិន​ធ្វើឲ្យ​ខាតបង់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋដែរ​»​

ទាក់ទង​និង​បញ្ហា​នេះ​លោក គឹម សុខ ​បញ្ជាក់​ថា​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​ងាក​មក​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដូច​ដែល​សភាអឺរ៉ុប​ទាមទារ​នេះ​ជាជំរើស​ល្អ​សំរាប់​មេដឹកនាំ​ជៀសវាង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ពី​សហគមន៍​អន្តរជាតិ​៖ «កិច្ចសន្ទនា​ជាជម្រើស​ល្អមួយ​សំរាប់​កម្ពុជា​ ភូមា​និង​ថៃក្ដី​ដែល​សហគមន៍​អឺរ៉ុប​ចង់បាន​ហើយ​ដើម្បីឲ្យ​មេដឹកនាំ​ទាំងនេះ​ជៀសផុត​ពី​ទណ្ឌកម្ម​សហគមន៍​អឺរ៉ុប»

សភា​អឺរ៉ុប​ក៏ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សាអឺរ៉ុប​អនុម័ត​ជំហរ​របស់​ខ្លួន​ជាផ្លូវការ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការ​ធ្លាក់​ចុះប្រជាធិបតេយ្យ​នៅកម្ពុជា​។ សភាអឺរ៉ុប​បន្តថា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ ឬ​ហៅថា ASEM​ មិន​គួរ​សហភាពអឺរ៉ុប​យល់ព្រម​ចូលរួម​កិច្ចប្រជុំនេះ​នៅទីក្រុង​ភ្នំពេញ​នាចុង​ឆ្នាំ២០២១​នេះ​ឡើយ​ដរាបណា​របបឯកបក្ស​មិនស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេនោះ​។​លើសពី​នេះទៀ​ត​សភាអឺរ៉ុប​ក៏អំពាវនាវ​រដ្ឋជា​សមាជិក​ទាំងអស់​បញ្ឈប់​រាល់ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​កម្ពុជា​។​ផ្ទុយទៅ​វិញ​ជំនួយ​ហិរញ្ញវត្ថុ​ទាំងនោះ​គួរផ្ដោត​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង​វិញ​។

សភា​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន​តាមរយៈការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើកលែង​តែអាវុធ​​គឺ EBA​ចំនួន​២០% ​ចេញពី​កម្ពុជា​ម្ដងរួច​មក​ហើយ​ដោយសារ​តែរបប​ឯកបក្ស​មិន​ព្រម​ស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។​

អ្នកវិភាគ​ថា​បើសិន​ជា​របប​លោក ហ៊ុន សែន​នៅតែ​បន្តធ្វើទុក្ខ​បុកម្នេញ​ប្រជាពលរដ្ឋ​សកម្មជន​គណបក្ស​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ទៀត​នោះ​របបនេះ​នឹង​រងទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ពី​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​អឺរ៉ុប​ថែមទៀត​នៅពេល​ខាមុខ​ជាមិន​ខាន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។