សង្គម​ស៊ីវិល​ថា អាមេរិក​អាច​នឹង​​បន្ត​អនុគ្រោះ​ពន្ធ និង​បន្ថយ​ការ​រឹតត្បិត​ទិដ្ឋាការ បើ​កម្ពុជា​កែ​លម្អ​ស្ថានការណ៍

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ជឿជាក់​ថា សហរដ្ឋអាមេរិក​អាច​នឹង​យល់​ស្រប​ចំពោះ​សំណើ​របស់​ក្រសួងការបរទេស បើ​រដ្ឋាភិបាល​កម្ពុជា​ព្រម​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ ការ​លើក​ឡើង​នេះ គឺ​ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ស្នើ​ទៅ​ភាគី​អាមេរិក​​ឱ្យ​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា និង​លុបចោល​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​នយោបាយ​យល់ឃើញ​ស្រប​គ្នា​ថា សហរដ្ឋអាមេរិក​នឹង​មិន​ធ្វើ​តាម​សំណើ​របស់​ភាគី​កម្ពុជា​ឡើយ ដរាបណា​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

1.jpg
ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន Joe Biden (នៅខាងស្តាំ) ថត​រូប​ជា​មួយ​លោក ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ទី១២ ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-​អាស៊ាន រយៈ​ពេល ២​ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុ (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ ដូច្នេះ​សហរដ្ឋអាមេរិក​ទំនងជា​មិន​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​នោះ​ទេ ទោះ​ជា​មាន​សំណើ​ពី​ភាគី​កម្ពុជា​ក៏ដោយ។ លោក​យល់​ថា សហរដ្ឋអាមេរិក​អាច​នឹង​ពិចារណា​ផ្ដល់​ប្រយោជន៍​ទាំងនេះ​ដល់​កម្ពុជា​វិញ បើ​រដ្ឋាភិបាល​សព្វថ្ងៃ​ងាក​មក​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ « កម្ពុជា​ខ្លួន​ឯង​គួរតែ​មាន​ការ​ត្រួតពិនិត្យ​ឡើងវិញ​អ្វី​ដែល​ជា​ការ​លើកឡើង​ទាំងអស់​នេះ វា​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា។ ប៉ុន្តែ​បើ​មិន​មាន​ការ​កែប្រែ និង​គោរព​តាម​ការ​លើកឡើង​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​លោកសេរី​ផ្សេងទៀត វា​ជា​រឿង​មួយ​ដែល​មិនមែន​ផលប្រយោជន៍​សម្រាប់​កម្ពុជា​ទេ គឺ​អាច​រង​ការ​ចោទប្រកាន់​ទៅលើ​ផលប្រយោជន៍​បុគ្គល ឬក៏​បក្ខពួក​ទៅ​វិញ​ទេ »

ការ​លើកឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​​បន្ទាប់ពី​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) និង​ដក​បម្រាម​លើ​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​វិញ អំឡុង​ពេល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ជា​មួយ​លោក ហ៊ុន សែន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C) កាល​ពី​ពេល​ថ្មីៗ នេះ ។

ក្រសួងការបរទេស​កម្ពុជា​ឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី១៦ ខែឧសភា​ថា លោក ប្រាក់ សុខុន បាន​ថ្លែង​ទៅ​កាន់​ប្រមុខ​ការទូត​អាមេរិក លោក អេនតូនី ប្លីងឃែន (Antony Blinken) ដោយ​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ជា​ថ្មី​ឡើងវិញ ដើម្បី​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​ភាគច្រើន​ជា​ស្ត្រី។ ក្រៅ​ពីនេះ លោក ប្រាក់ សុខុន បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ដែល​លោក​ហៅ​ថា ជា​រឿង​អយុត្តិធម៌ ពាក់ព័ន្ធ​នឹង​បញ្ហា​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង។

ទោះជាយ៉ាងណា សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ​មិន​បាន​បញ្ជាក់​ថា តើ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អេនតូនី ប្លីងឃែន (Antony Blinken) ឆ្លើយតប​បែប​ណា​ចំពោះ​សំណើ​របស់​ប្រមុខ​ការទូត​កម្ពុជា​នោះ​ឡើយ។

2.jpg
ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន Joe Biden (នៅខាងស្តាំ) ថត​រូប​ជា​មួយ​លោក ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ទី១២ ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-​អាស៊ាន រយៈ​ពេល ២​ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី ១៧ខែឧសភា។ វិទ្យុ​អាស៊ី​សេរី​ក៏​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​រឿង​នេះ​ពី​តំណាង​ក្រសួងការបរទេស​អាមេរិក​នៅ​ឡើយ​ដែរ។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ដរាបណា​រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ សហរដ្ឋអាមេរិក​នឹង​មិន​អនុវត្ត​តាម​សំណើ​របស់​ប្រមុខ​ការទូត​កម្ពុជា​នោះ​ឡើយ។

លោក​ថ្លែង​ទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត បើ​ការ​បោះឆ្នោត​ឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌៖ « សហរដ្ឋអាមេរិក​នៅ​ខាង​អ្នក​ប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក​មិនមែន​នៅ​ខាង​រដ្ឋាភិបាល​ទេ អ៊ីចឹង​ហើយ​បើ​រដ្ឋាភិបាល​នៅ​ផ្គើន​ទៀត នោះ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម រួម​ទាំង​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ជាដើម »

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​បាន​ផុត​សុពលភាព​កាលពី​ដំណាច់​ឆ្នាំ២០២០ កន្លងទៅ ដោយ​សហរដ្ឋអាមេរិក​មិន​ទាន់​បន្ត​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​ខែឧសភា ឆ្នាំ២០២២ នេះ។

ទាក់ទង​នឹង​បញ្ហា​ទិដ្ឋាការ​វិញ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​នេះ ព្រមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បដិសេធ ឬ​ប្រើប្រាស់​ហេតុផល​មិន​សមស្រប​ដើម្បី​ពន្យារពេល​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។

ទោះ​ជា​យ៉ាង​ណា អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក​ទាំង​រឿង GSP និង​រឿង​ទិដ្ឋាការ​នេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ប្រព្រឹត្ត​ដោយ​ រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។