ក្រុមអ្នកតាមដានការណ៍នយោបាយមើលឃើញថា គណបក្សសង្គ្រោះជាតិអាចនឹងបាត់បង់ឱកាសប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើបក្សនេះមិនគិតគូរពីការរៀបចំអ្នកបន្តវេន ដូចអ្វីដែលគណបក្សកាន់អំណាចកំពុងធ្វើសព្វថ្ងៃនេះទេ។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនទាន់បង្ហាញឱ្យបានច្បាស់នៅឡើយអំពីការរៀបចំកម្លាំង និងរចនាសម្ព័ន្ធយុវជន ដើម្បីបន្តវេនពីមេដឹកនាំជំនាន់មុន។ លោកយល់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិបណ្តោយឱ្យស្ថានភាពបែបនេះអូសបន្លាយទៅមុខទៀត បក្សប្រឆាំងដ៏ធំជាងគេដែលត្រូវអាជ្ញាធររំលាយចោលនេះ អាចនឹងប្រឈមបាត់បង់ការគាំទ្រពីយុវជន។
លោកជំរុញឱ្យគណបក្សសង្គ្រោះជាតិគួររៀបចំយុវជនបន្តវេន ដោយដើរតាមគន្លងនយោបាយប្រជាធិតេយ្យ ហើយអ្នកនយោបាយជំនាន់ចាស់គួរដើរតួនាទីជាអ្នកប្រឹក្សានយោបាយ និងជាគំរូសម្រាប់ឱ្យយុវជន៖ « ដែលមានឥស្សរជននយោបាយជំនាន់មុនជាខ្នងបង្អែក ដើរតួរខ្លួនជាគ្រូបាធ្យាយនយោបាយរបស់មនុស្សជំនាន់ថ្មី ដើរតួជាវីរជននយោបាយនៅក្នុងបក្សប្រឆាំងរបស់ខ្លួនសម្រាប់ជាគំរូ ឬសម្រាប់ជាពិសោធន៍ដល់យុវជនជំនាន់ថ្មីឱ្យពួកគាត់មានឱកាសនៅក្នុងការចេញប្រកួតប្រជែង ដើម្បីបង្ហាញពីសមត្ថភាពរប់សពួកគាត់ ដែលជាវិធីសាស្រ្តមិនមែនតែសម្រាប់គណបក្សប្រឆាំងទេ សម្រាប់គណបក្សកាន់អំណាចហ្នឹង ក៏ដូចគ្នាដែរ យើងឃើញថា គណបក្សកាន់អំណាចកំពុងត្រៀមបញ្ចូលយុវជនហ្នឹង ចូលក្នុងការប្រកួតប្រជែងពីរបីឆ្នាំចុងក្រោយនេះ»។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកនាំគណបក្សសង្គ្រោះជាតិគួរប្រមូលឱ្យយុវជនចូលរួមក្នុងឆាកនយោបាយរបស់ខ្លួនឡើងវិញ ព្រោះការទាមទារយកគណបក្សសង្គ្រោះជាតិមកវិញទំនងជាមិនអាចទៅរួចឡើយ។ លោកបន្ថែមទៀតថា មេដឹកនាំគណបក្សសង្គ្រោះជាតិត្រូវពិចារណារកយុទ្ធសាស្ត្រថ្មី បើមានបំណងចូលរួមការបោះឆ្នោតនាពេលខាងមុខ៖ «គណបក្សប្រឆាំងហ្នឹង ស្ទើរតែគ្មាន ឬក៏គ្មានទាល់តែសោះនូវឱកាសរៀបចំខ្លួននៅពេលដែលគូបដិបក្ខរបស់ខ្លួន គណបក្សកាន់អំណាចគឺមានអ្វីៗទាំងអស់ មានលទ្ធភាពក្នុងការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សដែលគេជឿថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ គណបក្សកាន់អំណាចអាចប្រើពេលពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ដើម្បីស្តារនូវកិត្យានុភាព និងប្រជាប្រិយភាពរបស់ខ្លួនវិញ ដែលបានបាត់បង់កាលពីមុន ឆ្នាំ២០១៧»។
ក្រុមអ្នកឃ្លាំមើលគូសបញ្ជាក់ថា ការរៀបចំយន្តការថ្មី ឬបញ្ចូលឈាមថ្មីនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គួរជៀសវាងមើលអ្នកប្រជាធិបតេយ្យដូចគ្នាក្នុងផ្លូវមិនល្អ បញ្ឈប់ការចោទប្រកាន់ដែលខ្វះមូលដ្ឋាន និងត្រូវគិតពីយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនដើម្បីប្រកួតប្រជែងនាពេលខាងមុខ។
ជុំវិញរឿងនេះ អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង អះអាអាងថា គណបក្សសង្គ្រោះជាតិមានរចនាសម្ព័ន្ធយុវជនរួចហើយ ដែលជាកម្លាំងខ្លាំង ទើបគណបក្សប្រជាជនកម្ពុជាភ័យខ្លាច មិនហ៊ានចូលរួមប្រកួតប្រជែងជាមួយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា បើនិយាយពីការចូលរួមរបស់យុវជនគណបក្សប្រឆាំង ត្រូវពិនិត្យមើលពីបរិយាកាសនយោបាយជាមុនសិន ព្រោះវាជាឧបសគ្គនៃការចូលរួមរបស់យុវជនគណបក្សសង្គ្រោះជាតិ៖ «យើងមិនមែនត្រៀមទេ យើងមានរួចស្រេចហើយយើងមានកម្លាំងរបស់យើង ដោយសារយើងមានកម្លាំងខ្លាំង កម្លាំងយុវជននៃការចូលរួមពីយុវជនខ្លាំងច្រើនចឹងគណបក្សប្រជាជន គឺភ័យខ្លាច មិនហ៊ានប្រកួតប្រជែងជាមួយគណបក្សសង្គ្រោះជាតិ បានរំលាយគណបក្សសង្គ្រោះជាតិ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញហ្នឹង មិនឱ្យយើងចូលរួមក្នុងការប្រកួតប្រជែងកាលពី ឆ្នាំ២០១៨ កន្លងមកនេះ»។
របបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស កាលពីចុងឆ្នាំ២០១៧។ របបនេះបានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ និងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់បក្សសង្គ្រោះជាតិទៅចែកគ្នាកាន់កាប់។ ថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើននាក់ បានរត់ភៀសខ្លួនទៅក្រៅប្រទេស និងត្រូវបានរបបលោក ហ៊ុន សែន បិទគ្រប់ច្រកមិនឱ្យត្រឡប់មកកម្ពុជាវិញឡើយ ស្របពេលថ្នាក់ដឹកនាំខ្លះដែលនៅក្នុងស្រុកមិនហ៊ានធ្វើសកម្មភាពនយោបាយធំដុំនោះទេ ដោយសារជាប់បម្រាម ឬជាប់បណ្តឹងរបស់តុលាការ។
ក្នុងពេលអវត្តមានបក្សប្រឆាំងពីឆាកនយោបាយនេះ គណបក្សប្រជាជនកម្ពុជាបានក្រសោបយកអំណាចរដ្ឋទាំងអស់មកកាន់កាប់ផ្តាច់មុខតែម្នាក់ឯង ហើយបានបញ្ចូលយ៉ាងលឿនរហ័សកូនចៅមន្ត្រីជំនាន់មុននៃគណបក្សនេះ ឱ្យកាន់តំណែងគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាល រដ្ឋសភា តុលាការ និងជួរគណបក្ស។ ជាពិសេស កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក លើកជ្រោងឱ្យខ្ពស់ផុតគេឯង ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា គណបក្សប្រជាជនមានរចនាសម្ព័ន្ធរឹងមាំ ដែលមានគ្រប់សាខា គ្រប់ផ្នែកទាំងអស់ ដើម្បីបម្រើសំណូមពរ ភារកិច្ច នយោបាយរបស់គណបក្ស គឺឆ្លុះបញ្ចាំងអំពីភាពរឹងមាំគណបក្សប្រជាជន។ លោកថា ក្រុមយុវជននៅក្នុងជួររដ្ឋាភិបាល គឺសុទ្ធតែជាយុជនចេញពីជួរគណបក្ស។ លោកបន្តថា គណបក្សនេះ កំពុងគិតគូរយុវជនក្នុងរចនាសម្ព័ន្ធបក្សជាបន្តបន្ទប់ ដើម្បីក្លាយជាទំពាំងសម្រាប់ជំនួសអ្នកជំនាន់មុន៖ «គណបក្សប្រជាជនមានរចនាសម្ព័ន្ធរឹងមាំគ្រប់សាខាគ្រប់ផ្នែកទាំងអស់ ដើម្បីបម្រើសំណូមពរ ភារកិច្ចនយោបាយរបស់គណបក្ស ក្នុងជួរយុវជនគណបក្សប្រជាជនកំពុងត្រូវបានគិតគូរនិងបញ្ចូលទៅក្នុងរចនាសម្ព័ន្ធបក្ស នៅក្នុងរចនាសម្ព័ន្ធរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ហើយដើម្បីជាទំពាំងស្នងឬស្សីរបស់អ្នកនយោបាយជំនាន់មុន»។
លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង ៦លាននាក់ នៅទូទាំងប្រទេស ក្នុងនោះលោកប៉ាន់ស្មានថា យុវជនមានជិត ២លាននាក់។ លោកថា ចលនាយុវជនគណបក្សដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងតម្រង់មុខព្រួញទៅរកជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក្តី អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ថា ទឹកចិត្តអ្នកគាំទ្រគណបក្សប្រឆាំងនៅមូលដ្ឋានមិនមានការប្រែប្រួលនោះទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា មេដឹកនាំគណបក្សនេះ មិនបានកំណត់យុទ្ធសាស្រ្តថ្មីឱ្យបានច្បាស់លាស់ ដើម្បីរៀបចំយុវជនបន្តវេន និងដើម្បីឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋសាជាថ្មី។ លោកថា គណបក្សសង្គ្រោះជាតិមិនគួរបន្តក្រសោបឈ្មោះបក្ស ដែលលោកថា ជាការបិទផ្លូវខ្លួនឯងក្នុងឆាកនយោបាយបែបនេះឡើយ៖ «នយោបាយគណបក្សប្រឆាំងហ្នឹង កំណត់ថា ខ្លួនឯងជាអ្វីឱ្យប្រាកដ ពីព្រោះនៅពេលដែលយើងកំណត់ខ្លួនឯងមិនប្រាកដ យើងពិបាកនៅក្នុងថា តើសកម្មភាពអ្វីដែលត្រូវធ្វើ ហើយប្រជាពលរដ្ឋត្រូវចូលរួមយ៉ាងដូចម្តេច ទើបជាបញ្ហាដែលត្រូវដោះស្រាយនៅក្នុងបញ្ហាចំពោះមុខ ខ្ញុំគិតថា ប្រសិនបើមានការជជែកមួយមានការចូលរួមពីអ្នកនយោបាយ ដែលត្រូវបានដកសិទ្ធិនយោបាយ ខ្ញុំគិតថា ដំណោះស្រាយអាចរកឃើញសម្រាប់អ្នកនយោបាយ គឺដំណោះស្រាយអាចរកឃើញ ថាតើយើងនៅត្រាំត្រែងក្នុងការទទួលថា តើត្រូវមានសង្គ្រោះជាតិ ឬក៏យើងត្រូវរកវិធីសាស្រ្តថ្មី»។
កម្ពុជាមានយុវជនជាង ៣៣ភាគរយ នៃប្រជាពលរដ្ឋសរុប ហើយពួកគេនឹងក្លាយជាតួអង្គសំខាន់ដែលអាចធ្វើឱ្យប្រែប្រួលនយោបាយរបស់កម្ពុជា។ ក្នុងបរិបទបែបនេះ ក្រុមអ្នកសង្កេតការណ៍ជំរុញឱ្យគណបក្សសង្គ្រោះជាតិរៀបចំយុទ្ធសាស្ត្ររយៈពេលវែងដោយផ្តោតលើការកសាងធនធានអ្នកបន្តវេន ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។