ក្រុមអ្នកឃ្លាំមើលយល់ឃើញថា មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ល្មមដល់ពេលត្រូវរកចំណុចរួមគ្នាបិទបញ្ចប់ជម្លោះនយោបាយហើយ ព្រោះជាតិកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ព្រមទាំងរងទណ្ឌកម្មពីអន្តរជាតិ។ មន្ត្រីគណបក្សប្រឆាំងយល់ស្របចំពោះទស្សនៈនេះ ប៉ុន្តែបក្សកាន់អំណាចនៅតែអះអាងថា គ្មានការចរចាណាមួយឡើយ ទោះជាក្នុងកាលៈទេសៈជាតិជួបការលំបាកយ៉ាងណាក៏ដោយ។
អង្គការសង្គមស៊ីវិលផ្នែកសន្តិភាព និងអ្នកតាមដានស្ថានការណ៍ជំរុញឱ្យគណបក្សកាន់អំណាច និងបក្សប្រឆាំង គិតគូរបញ្ចប់ជម្លោះនយោបាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង ថ្លែងថា ជម្លោះនយោបាយផ្ទៃក្នុងរយៈពេលយូរធ្វើឱ្យជាតិខាតបង់ប្រយោជន៍ និងបង្អាក់ដំណើរការអភិវឌ្ឍជាតិ។ លោកបន្តថា កាលៈទេសៈដែលជាតិកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរដូចពេលនេះ អ្នកនយោបាយគួរតែងាកមកត្រូវរ៉ូវគ្នាវិញ ព្រោះមានតែឯកភាពជាតិ និងការដឹកនាំតាមបែបប្រជាធិបតេយ្យទេ ទើបជាគ្រឹះនៃការអភិវឌ្ឍជាតិរយៈពេលវែង៖ « កាលណាយើងបានជួយមើលគ្នាពីគ្រប់ជ្រុងទៅ ធ្វើឱ្យមានការអភិវឌ្ឍហ្នឹងលឿន។ នេះគឺនៅក្នុងន័យប្រជាធិបតេយ្យដែលធ្វើឱ្យមានសំឡេងចម្រុះហ្នឹង គឺមានសារៈសំខាន់អ៊ីចឹង។ រឿងទីពីរទៀត ការឯកភាពជាតិហ្នឹងវាសំខាន់។ បើយើងនៅមានការខ្វែងគំនិតគ្នា មានការទាស់ទែងគ្នាខាងនយោបាយហ្នឹង គឺការអភិវឌ្ឍហ្នឹង គឺវាមិនអាចនឹងទៅលឿនបានទេ » ។
ចំណែក អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា អ្នកនយោបាយខ្មែរទាំងជំនាន់ចាស់ និងជំនាន់ថ្មី គួរតែចេះធ្វើនយោបាយបែបសុចរិត ដោយប្រកួតប្រជែងគ្នាផ្នែកគោលនយោបាយ និងទទួលយកវប្បធម៌ពហុគំនិត។ លោកសង្កេតឃើញថា កន្លងទៅអ្នកនយោបាយច្រើនតែទាញភ្ជាប់ជម្លោះនយោបាយទៅជារឿងបុគ្គល ដែលមិនចំណេញអ្វីដល់ជាតិឡើយ។ លោកថា ក្នុងស្ថានភាពប្រឈមដ៏លំបាកនេះ កម្ពុជាត្រូវការជាចាំបាច់នូវឯកភាពជាតិ បើពុំដូច្នេះទេ ជាតិខ្មែរនឹងកាន់តែចុះទន់ខ្សោយ៖ « នៅពេលដែលអ្នកនយោបាយខ្មែរយើង មិនអាចបង្កើតឱ្យមាននូវឯកភាពផ្ទៃក្នុង ឬក៏ការចរចាផ្នែកនយោបាយនៅក្នុងកាលៈទេសៈនេះបានទេ បញ្ហាដែលកើតឡើង ដូចជា គ្រោះធម្មជាតិ បញ្ហាកូវីដ ជាដើមហ្នឹង វានឹងរុញឱ្យកម្ពុជាកាន់តែផុងខ្លួនក្នុងវិបត្តិកាន់តែអាក្រក់ទៅ » ។
ឆ្នាំ២០២០ នេះ កម្ពុជាបានពើបប្រទះនឹងបញ្ហាធំៗ ជាច្រើន ដោយខ្លះកើតចេញពីជម្លោះនយោបាយផ្ទៃក្នុង ខ្លះកើតចេញពីវិបត្តិសាកល និងខ្លះទៀតកើតឡើងដោយសារគ្រោះធម្មជាតិ។ បញ្ហាទាំងនោះមានជាអាទិ៍ ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA ចំនួន ២០% វិបត្តិជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។
ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យប្រព្រឹត្តដោយរបបលោក ហ៊ុន សែន សហភាពអឺរ៉ុបបានសម្រេចដកហូតឋានៈអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា។ ការបាត់បង់ EBA ចំនួន ២០% នេះ ប៉ះពាល់ដល់ការងាររាប់ម៉ឺនកន្លែងរបស់កម្មករកាត់ដេរ ហើយអាចប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ ព្រោះកម្ពុជាជាប់ឈ្មោះថា ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ចំណែក វិបត្តិជំងឺកូវីដ-១៩ វិញ កំពុងវាយបំបាក់កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់មានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ធ្លាក់មកនៅចន្លោះ -២% ទៅ -៥% ក្រោមសូន្យ មានន័យថា គ្មានកំណើនទាល់តែសោះ ហើយរដ្ឋត្រូវចំណាយថវិកាជាច្រើនថែមទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ។ ដោយឡែក គ្រោះទឹកជំនន់វិញ បានសម្លាប់ជីវិតមនុស្សរាប់សិបនាក់ ពលរដ្ឋរាប់ម៉ឺននាក់បាត់បង់លំនៅឋាន ស្រូវ និងដំណាំកសិកម្ម រាប់សែនហិកតារត្រូវខូចខាត ហើយហេដ្ឋារចនាសម្ព័ន្ធ រួមមាន ទំនប់ទឹក ស្ពាន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវលំមូលដ្ឋាន ជាដើម ក៏ត្រូវខូចខាតអស់ជាច្រើនផងដែរ។
វិបត្តិផ្ទួនៗ គ្នានេះ កើតឡើងចំពេលជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងបន្តអូសបន្លាយ។ រដ្ឋាភិបាលដឹកនាំលោក ហ៊ុន សែន មិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយបក្សសង្គ្រោះជាតិធ្វើសកម្មភាពនៅក្នុងប្រទេសឡើយ បន្ទាប់ពីតុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោក បានរំលាយបក្សប្រឆាំងដ៏ធំមួយនេះកាលពីចុងឆ្នាំ២០១៧ រួចមក។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ក្រុមនិយមលោក សម រង្ស៊ី បានជ្រើសយកការតស៊ូនយោបាយពីក្រៅប្រទេស ដោយជានិច្ចកាលជំរុញឱ្យពលរដ្ឋក្រោកឡើងផ្លាស់ប្ដូររដ្ឋាភិបាលសព្វថ្ងៃ ស្របពេលក្រុមនិយមលោក កឹម សុខា បន្តស្ថិតនៅក្នុងប្រទេស និងរក្សាជំហរស្ងប់ស្ងាត់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ថ្លែងថា កម្ពុជាត្រូវការជំនួយពីសហគមន៍អន្តរជាតិ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ដូច្នេះការផ្សះផ្សាជាតិគឺជារឿងចាំបាច់បំផុត។ លោកជឿថា ការបង្រួមបង្រួមជាតិក្នុងស្ថានភាពបច្ចុប្បន្ន នឹងមិនធ្វើឱ្យភាគីណាមួយបាក់មុខនោះទេ ហើយសហគមន៍អន្តរជាតិនឹងរីករាយក្នុងការធ្វើជាអ្នកសម្របសម្រួលដោះស្រាយវិបត្តិនយោបាយកម្ពុជា៖ « ពេលនេះ គឺជាពេលដែលជាតិរងគ្រោះ ប្រជាពលរដ្ឋត្រូវការឱ្យមានសន្តិភាព ត្រូវការឱ្យមានអ្នកដឹកនាំហ្នឹងចេះសាមគ្គីភាពគ្នា អ៊ីចឹងយើងអាចចាប់ដៃគ្នាទៅ។ លោក ហ៊ុន សែន លោក កឹម សុខា លោក សម រង្ស៊ី លោក ស ខេង ឬក៏ដំណាក់កាលនេះ គឺថាលោក កឹម សុខា នៅក្នុងស្រុក ហើយលោក ហ៊ុន សែន នៅក្នុងស្រុក យើងចាប់ដៃគ្នាដើម្បីបង្ហាញប្រជាពលរដ្ឋថា អ្នកដឹកនាំពេលប្រជាពលរដ្ឋមានទុក្ខ គឺចេះសាមគ្គីគ្នា ចេះចាប់ដៃគ្នាជជែកអំពីការដោះស្រាយវិបត្តិសង្គម នយោបាយ សេដ្ឋកិច្ចឱ្យជាតិរបស់ខ្លួន ឱ្យប្រជាពលរដ្ឋរបស់ខ្លួន គឺជារឿងល្អបំផុតដែលលោក ហ៊ុន សែន ជាអ្នកនាំមុខ » ។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បដិសេធជាថ្មីទៀតថា កម្ពុជាមិនមានជម្លោះនយោបាយនោះទេ ហើយជីវភាពសង្គមកំពុងដំណើរការដូចធម្មតា។ លោកបន្តថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពដោះស្រាយរាល់បញ្ហារបស់ជាតិ ដោយមិនត្រូវការធាតុចូលពីគណបក្សដែលត្រូវតុលាការរំលាយចោលនោះទេ។ លោកបន្ថែមថា បើមន្ត្រីបក្សសង្គ្រោះជាតិចង់ចូលរួមប្រកួតប្រជែងឡើងវិញនោះ ពួកគេត្រូវតែសុំសិទ្ធិនយោបាយជាមុនសិន៖ « ចង់ឱ្យមានការសម្របសម្រួលនយោបាយយ៉ាងម៉េច មួយត្រូវច្បាប់ មួយខុសច្បាប់ហ្នឹង ? វ៉ៃជាមួយគ្នាលើសង្វៀន គេដាល់ដួលសន្លប់ទៅហើយ ចង់ឱ្យលើកដៃស្មើគ្នា អាហ្នឹងវាទៅអត់រួចទេ។ ទោះបីថាអង្គការក្រៅរដ្ឋាភិបាលនៅបរទេសណា ស្រែកម៉េចក៏ស្រែកទៅ កម្ពុជានៅតែធ្វើដំណើរទៅមុខ។ វាអត់មានបញ្ហាអ្វីខ្វល់ខ្វាយដូចពួកខាងក្រៅនោះទេ » ។
ផ្ទុយពីការអះអាងនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ពិនិត្យឃើញថា ស្ថានភាពរងគ្រោះរបស់កម្ពុជានាពេលនេះ មិនមែនជារឿងងាយស្រួលដោះស្រាយឡើយ ទោះជារដ្ឋាភិបាលអះអាងថា មានសមត្ថភាពដោះស្រាយយ៉ាងណាក្តី។ លោកថា ជាតិមួយខ្លាំង និងរឹងមាំ ទាល់តែមានឯកភាពផ្ទៃក្នុង ហើយគ្មានក្រុមនយោបាយណាមួយត្រូវបានផាត់ចោលនោះទេ៖ « វាមានតែការរកដំណោះស្រាយ សម្របសម្រួលនយោបាយទៅ ដើម្បីទុកឱ្យរដ្ឋាភិបាលហ្នឹងមានកម្លាំងគ្រប់គ្រាន់ មិនមែនកម្លាំងសម្រាប់តែប្រឈម ចំណាយថាមពល ដើម្បីប្រយុទ្ធជាមួយគ្នាឯងក្នុងផ្ទះ ( ទេ ) ។ យើងដោះស្រាយរឿងហ្នឹងមួយឱ្យរួចទៅ ហើយរួមគ្នាដោះស្រាយវិបត្តិនៅចំពោះមុខសម្រាប់សង្គមជាតិ ហើយពេលនេះ គឺយកបញ្ហាសង្គមជាតិមកដាក់ជាធំ ជាជាងការចង់ឈ្នះចង់ចាញ់ជាមួយគ្នាតែពីរឿងគណបក្សនយោបាយ ហើយទុកឱ្យជាតិហ្នឹងរងា » ។
សហគមន៍អន្តរជាតិតែងបង្ហាញពីបំណងចង់ឃើញអ្នកនយោបាយខ្មែររួបរួមគ្នាឈរលើមាគ៌ាប្រជាធិបតេយ្យ ហើយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។ ចំពោះគណបក្សកាន់អំណាច ពួកគេប្រើទាំងវិធីក្ដៅ និងត្រជាក់ ធ្វើយ៉ាងណាឱ្យតែមេដឹកនាំគណបក្សនេះ និយាយឱ្យចំ គឺលោក ហ៊ុន សែន បន្ទន់ជំហរមករកតុចរចាវិញ។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ក្រុមប្រទេសប្រជាធិបតេយ្យនៅតែផ្តល់តម្លៃឱ្យគណបក្សនេះ តាមរយៈការបណ្ដាក់គ្នាជួបលោក កឹម សុខា ពេលលោកកំពុងជាប់ឃុំក្នុងផ្ទះ និងពេលលោកមានសេរីភាពដើរហើរវិញ។ ជាងនេះទៅទៀត សហគមន៍អន្តរជាតិតែងតែរំលឹករដ្ឋាភិបាល លោក ហ៊ុន សែន អំពីសារៈសំខាន់នៃពហុគំនិត និងការគោរពសិទ្ធិមនុស្សជាចាំបាច់។
ក្រុមអ្នកតាមដានស្ថានការណ៍លើកឡើងថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន សែន មិនស្ដាប់តាមការទាមទារទាំងឡាយរបស់សហគមន៍អន្តរជាតិទេ នោះមានន័យថា រដ្ឋាភិបាលនេះជ្រើសរើសយកមាគ៌ាផ្ដាច់ការ ហើយពេលនោះកម្ពុជានឹងរងគ្រោះកាន់តែខ្លាំង តាមរយៈទណ្ឌកម្មរបស់ក្រុមប្រទេសប្រជាធិបតេយ្យ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងលើហ្វេសប៊ុក (Facebook) អំឡុងពេលចុះផ្តល់ជំនួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យថា "អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។