អ្នកឃ្លាំមើលសង្គម សោកស្ដាយដែលឈាមថ្មីនៃមនុស្សនៅក្នុងជួរគណបក្សបក្សកាន់អំណាច នៅ តែប្រើស្ទីលចាស់ក្នុងការលាបពណ៌គូប្រកួតនយោបាយ ដោយបំពានករណីយកិច្ចរបស់ខ្លួន ចំពោះប្រជាពលរដ្ឋ។
អ្នកឃ្លាំមើលសង្គមសង្កេតឃើញបែបនេះ ក្រោយពីមនុស្សជំនាន់ក្រោយ និងឈាមថ្មីដែលជាមន្ត្រីរដ្ឋាភិបាល ចោទគណបក្សប្រឆាំងដែលក្រុមខ្លួនបានរម្លាយចោល និងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ថា មិនបានជួយអ្វីសោះ ក្នុងស្ថានភាពដែលស្រុកទេសមានវិបត្តិ គឺបានតែខាងរិះគន់ប្រឆាំង។
ទោះបីជាប្រទេសកម្ពុជា ឆ្លងកាត់ការបោះឆ្នោត ៥អាណត្តិមកហើយក្ដី ក៏មន្ត្រីនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាមន្ត្រីរបស់គណបក្សកាន់អំណាចផងនោះ ហាក់ដូចជានៅតែមិនយល់ច្បាស់ អំពីតួនាទីរបស់មន្ត្រីរដ្ឋាភិបាល និងតួនាទីរបស់មន្ត្រីបក្សប្រឆាំងនៅឡើយ។
ជារឿយៗ សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកនយោបាយចាស់វស្សា និងកាន់អំណាចជាង បីទសវត្សន៍ទៅហើយក្ដី ក៏បែងចែកតួនាទីនេះ មិនដាច់ពីគ្នាបានដែរ ដោយលោកតែងតែចោទមន្ត្រីបក្សប្រឆាំង ថាមិនដែលបានធ្វើអ្វី ដើម្បីជួយពលរដ្ឋ ជាពិសេសក្នុងគ្រាមានអាសន្ន។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម មិនភ្ញាក់ផ្អើលនឹងទម្លាប់របស់អ្នកនយោបាយជើងចាស់ ដែលស៊ាំនឹងការ ទម្លាក់កំហុសអ្នកដទៃ ដើម្បីភាពល្បីរបស់ខ្លួននេះ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺអ្នកនយោបាយជើងថ្មី ដែលជាឈាមថ្មីក្នុងជួរគណបក្សកាន់អំណាច បែរជាយកមាគ៌ាចាស់គម្រិលមកប្រើក្នុងបរិបទទំនើបនេះដែរ។ លោកបណ្ឌិត សេង សារី ហួសចិត្តដែលមន្ត្រីបក្ស ប៉ុន្តែមានតួនាទីក្នុងជួររដ្ឋាភិបាល បែរជាមិនយល់តួនាទី និងករណីយកិច្ចរបស់ខ្លួនបែបនេះទៅវិញ៖ «ឈាមថ្មីរបស់គណបក្សប្រជាជននៅប្រើឥរិយាបថនយោបាយបែបចាស់ ទម្លាក់កំហុសទៅអ្នកដទៃ មិនប្រឹងធ្វើល្អខ្លួនឯង ខ្លួនឯងមានសិទ្ធិអំណាចក្នុងការប្រើប្រាស់ថវិកាជាតិ មានសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែឆ្លៀតពេលហ្នឹង ក៏ឆ្លៀតបន្ទោសគេបន្ទោសឯងបែបនេះ ដើម្បីឲ្យបានមុខកាន់តែល្អជាងមុន។ មន្ត្រីគណបក្សប្រជាជន ជាពិសេសថ្នាក់ក្រោម ឬអាចថាចុះពីថ្នាក់កំពូលមក ភ្លេចគិតថាគណបក្សសង្គ្រោះជាតិ ត្រូវបានរម្លាយហើយ។ ដូច្នេះមិនដឹងជាកេងនយោបាយ ដើម្បីអ្វី ?»។
សារកេងចំណេញនយោបាយរបស់ឈាមថ្មីនៃគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងកាលពីថ្ងៃទី ០៦ ខែ ឧសភា នៅក្នុងសន្និសីទព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយស្ដីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងនោះ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ចោទគណបក្សប្រឆាំងថា មិនបានជួយស្អីសោះ ចាំតែរិះគន់ប្រឆាំង៖ «នៅពេលដែលគាត់អត់បានចេញលុយមួយរៀល និងអត់បានបញ្ចេញកម្លាំងពលកម្មមួយបន្តិចសោះ តែគាត់បានតែនិយាយ កន្លងមកយើងឃើញច្បាស់។ សួរថាពេលដែលមានព្រឹត្តិការណ៍ដូច្នេះ ដូចគ្រោះទឹកជំនន់ អាសន្នអន់ក្រនេះ ពេលដែលមានអគ្គីភ័យ តើមានឃើញមុខក្រុមអ្នកប្រឆាំងមកឬទេ ? ប៉ុន្តែបើស្រែកកោៗ តាមបណ្ដាញសង្គមមាន។ ដូច្នេះ ក្រុមប្រឆាំងនៅស្រុកយើងនេះ គឺគាត់ធ្វើយ៉ាងម៉េចឲ្យតែប្រឆាំង»។
នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស និងជាចៅហ្វាយនាយ ស្របពេលដែលមន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ ព្រោះស៊ីប្រាក់ខែរាស្ត្រ ដែលរាស្ត្របង់តាមរយៈពន្ធដារ។ មន្ត្រីរាជការមានតួនាទីក្នុងក្របខណ្ឌរដ្ឋ ទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដើម្បីបំពេញករណីយកិច្ច បម្រើពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសពេលដែលប្រជាពលរដ្ឋប្រឈមនឹងការលំបាក។ ចំណែកឯអ្នកនយោបាយបក្សប្រឆាំងវិញ ជាទូទៅដើរតួជាអ្នកតាមឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការបម្រើរាស្ត្រថា តើរដ្ឋាភិបាលបានបំពេញករណីយកិច្ចត្រឹមត្រូវរបស់ខ្លួនដែរឬយ៉ាងណា?
ក្នុងប្រទេសនីមួយរដ្ឋរដ្ឋាភិបាលដែលរួមមានទាំងអំណាចដាច់មុខបង្ខិតបង្ខំរាស្ត្រ យកពន្ធដារ លក់ ជួលសម្បត្តិរដ្ឋ ខ្ចីលុយគេ យកលុយនិងមធ្យោបាយឯទៀត សម្រាប់ឲ្យរដ្ឋាភិបាលបំពេញករណីយកិច្ចទាំងនោះ ដែលរួមមានការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលប្រឈមនិងការលំបាក។
លោកបណ្ឌិតឡៅ ម៉ុង ហៃ ថា លោកធ្លាប់រស់នៅប្រទេសក្រៅ ៤-៥ប្រទេសដែរ ហើយក្នុងប្រទេសមួយៗរស់ពី១ឆ្នាំឡើងទៅ តែមិនដែលដឹងមិនដែលឮមន្ត្រីរដ្ឋាភិបាល(ឬអ្នកនយោបាយក្នុងជួរបក្សកាន់អំណាច) និយាយថា "ក្រុមប្រឆាំងអត់បានចេញលុយមួយរៀល និងពលកម្មបន្តិចសោះ" ដើម្បីជួយប្រជាពលរដ្ឋ ឬនិយាយភាសាបែបៗនេះនោះទេ ទោះជានៅពេលដែលប្រជាពលរដ្ឋជួបការលំបាកហើយត្រូវការការជួយឧបត្ថម្ភខ្លាំងក៏ដោយ។
លោកថា បើនិយាយបែបហ្នឹង ប្រហែលជានឹងធ្វើឲ្យមតិមហាជនថា មន្ត្រីនោះ ទី១ គឺមិនយល់អំពីករណីយកិច្ចរបស់រដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និងមិនបានបំពេញករណីយកិច្ចទាំងនេះឲ្យបានត្រឹមត្រូវ និងទី២ មិនយល់អំពីអំណាចរដ្ឋ និងមិនចេះប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ដែលរួមមានទាំងអំណាចដាច់មុខបង្ខិតបង្ខំរាស្ត្រយកពន្ធដារ លក់ ជួលសម្បត្តិរដ្ឋ ខ្ចីលុយគេ យកលុយ និងមធ្យោបាយឯទៀត សម្រាប់ឲ្យរដ្ឋាភិបាលបំពេញករណីយកិច្ចទាំងនោះ ដែលរួមមានការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលប្រឈម និងការលំបាក។
គណបក្សសង្រ្គោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជិតពាក់កណ្តាលប្រទេស ត្រូវបានរបបលោក ហ៊ុន សែន រម្លាយចោលទាំងស្រុង កាលពីជិតចុងឆ្នាំ២០១៧។ ក្រោយរម្លាយគណបក្សនេះរួច តុលាការបានហាមឃាត់សិទ្ធិនយោបាយមន្ត្រីក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងនេះចំនួន ១១៨ រូប និងបានដកហូតដំណែងស្របច្បាប់របស់មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥.០០៧ រូប។ មិនតែប៉ុណ្ណោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅមូលដ្ឋាន ឥតស្រាកស្រាន្ត។
ក្រុមប្រឹក្សាជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា ជារឿងគួរឲ្យអស់សំណើចណាស់ ដែលមន្ត្រីរដ្ឋាភិបាល ដែលជាមន្ត្រីបក្សកាន់អំណាចផង ចោទប្រកាន់ទាំងបំពាន មកលើមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ដែលបន្តខិតខំធ្វើសកម្មភាពជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ទៅតាមលទ្ធភាព ទោះក្នុងស្ថានភាពដែលអាជ្ញាធរមូលដ្ឋាន តាមធ្វើទុក្ខបុកម្នេញឥតឈប់ឈរក៏ដោយបែបនេះ។ ទោះជាយ៉ាងនេះក្ដី កញ្ញាថា ស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមន្ត្រីគណបក្សប្រឆាំងនៅមូលដ្ឋាន នៅខិតខំទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាចេញថវិកាផ្ទាល់ខ្លួនក្តី ឬខិតខំស្វែងរកជំនួយសប្បុរសធម៌ ពីពលរដ្ឋខ្មែរនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយគ្រួសារខ្វះខាត នៅមូលដ្ឋានរបស់កញ្ញា ដូចជាជួយជាអង្ករ ឬជាថវិកាជាដើម។
កញ្ញាចៅសង្កាត់អូរចារ ដែលត្រូវរបបក្រុងភ្នំពេញ ដកហូតតំណែងទាំងបំពាននេះ ថា កញ្ញាសោកស្ដាយយ៉ាងខ្លាំង ដែលកញ្ញាមិនអាចជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានកញ្ញា ឲ្យបានពេញទំហឹង ព្រោះក្រោយគេដកហូតតំណែងជាប់ឆ្នោតទាំងបំពាននោះ កញ្ញាមិនអាចធ្វើអ្វីបានច្រើន ព្រោះគេតាមរករឿង៖ «សួរថាបច្ចុប្បន្ននេះ នាងខ្ញុំធ្វើបានទេ ? ខ្ញុំធ្វើបាន ប៉ុន្តែពេលខ្លះ ធ្វើដោយអារម្មណ៍ភិតភ័យ ធ្វើដោយអារម្មណ៍ខ្លាចគេចោទប្រកាន់ ឧទាហរណ៍ខ្ញុំទៅចែកអំណោយ ទៅជួយពលរដ្ឋ គេចោទខ្ញុំពីបទករណីផ្សេងៗ ពីព្រោះអំណាចនៅលើគេ គេចង់ចោទអីក៏បានដែរ។ សរុបសេចក្តីមកវិញ គណបក្សប្រឆាំងកាលនៅមានតួនាទី ឬមិនមានតួនាទីក្ដី គឺយើងបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដែលជួបការលំបាក»។
ចៅសង្កាត់បឹងទំពុនទី២ ដែលមិនអាចបំពេញតួនាទីរបស់ខ្លួនបាន ដោយសារគេរម្លាយគណបក្សសង្គ្រោះជាតិដែរនោះ ថា លោកស្រក់ទឹកភ្នែក និងឈឺចាប់ ពេលឃើញប្រជាពលរដ្ឋនៅសង្កាត់របស់លោកជួបបញ្ហា និងឃើញភាពឆកល្វែងរបស់មន្ត្រីដែលដណ្តើមតំណែងពីលោកទាំងបំពានទាំងនោះ។ លោក ជា ម៉ន ថា បើកុំតែគេដកហូតតំណែងស្របច្បាប់របស់លោក លោកពិតជាអាចធ្វើបានច្រើន ដើម្បីជួយប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសក្នុងពេលដែលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ដូចជាលុបបំបាត់ភាពមិនប្រក្រតី និងអំពើពុករលួយ និងការចុះសួរសុខទុក្ខពលរដ្ឋតាមផ្ទះជាដើម៖ «ខ្ញុំឃើញខ្ញុំទាស់ភ្នែកណាស់ ប៉ុន្តែគេមិនឲ្យឱកាសយើងបម្រើពលរដ្ឋ ខ្ញុំសោកស្ដាយមែនទែន។ គេមិនបានធ្វើ ហើយគ្មានលទ្ធភាពធ្វើឲ្យដូចយើងហើយ គ្រាន់តែយកសម្តីមួយមកជាបន្ទច់បង្អាក់»។
សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី លោក ខៀវ តារា ឯណោះ លោកថាសកម្មជនបក្សប្រឆាំងនៅប្រទេសអូស្ត្រាលី បានលៃលកយកថវិការបស់បក្សទៅតាមលទ្ធភាព ដើម្បីទិញជាស្បៀងអាហារ ជូនពលរដ្ឋមួយចំនួនដែលខ្វះខាតខ្លាំង ដោយសារវិបត្តិនេះដែរ។
រីឯមន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសឯណោះ ពួកគាត់ហួសចិត្តនឹងសម្ដីមន្ត្រីរដ្ឋាភិបាល ដែលលាភពណ៌បក្សប្រឆាំង និងចោទប្រកាន់ ថា មិនបានធ្វើអ្វីសោះបែបនេះ។ ប្រធានគណបក្សសង្គ្រោះជាតិអាមេរិក និងកាណាដា លោក អ៊ុង រិទ្ធី សកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ខិតខំតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីទាមទារប្រជាធិបតេយ្យមកវិញឲ្យខាងតែបាន។ ក្នុងពេលជាមួយគ្នា មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស កំពុងតស៊ូមតិជាមួយសមាជិកសភាអាមេរិក និងសហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍ ដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
ប្រធានស្តីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កន្លងមកក៏បានជួយផ្តល់ជាគំនិតជាច្រើនដែរ ដូចជាជំរុញទឹកចិត្តពលរដ្ឋ ឲ្យនាំគ្នាទៅចាក់វ៉ាក់សាំង និងឲ្យពលរដ្ឋនាំគ្នាសរសេរទៅប្រធានអង្គការស្បៀងអាហារពិភពលោក ដើម្បីសុំស្បៀងអាហារបន្ទាន់ ព្រោះរដ្ឋាភិបាលមិនបានដោះស្រាយទាន់ពេលវេលា ចំពោះអ្នកដាច់ស្បៀង។
មន្ត្រីអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត ថា ការផ្តល់ជាគំនិត ក៏ជាការល្អដែរ ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ មន្ត្រីអង្គការខុមហ្វ្រែលលោក កន សាវង្ស ថាបើជួយជាគំនិតហើយ មានលទ្ធភាពជួយជាថវិកាក្នុងន័យមនុស្សធម៌ថែមទៀតក៏រឹតតែល្អ។ ប៉ុន្តែ លោកថា ករណីយកិច្ចសំខាន់ក្នុងការជួយពលរដ្ឋក្នុងពេលនេះ គឺជាបន្ទុករបស់មន្ត្រីរាជការក្នុងជួររដ្ឋាភិបាល និងតំណាងរាស្ត្រដែលជាប់ឆ្នោត ដែលបានប្រាក់ខែពីរាស្ត្រ ដែលត្រូវប្រឹងប្រែងបំពេញកិច្ចការនេះ ឲ្យបានខ្ជាប់ខ្ជួនផង និងកុំទៅចោទអ្នកដែលមិនមែនជាមន្ត្រីរាជការថា គេមិនបានធ្វើអ្វីនោះ៖ «រឿងសំខាន់អ្នកមានតួនាទីក្នុងស្ថាប័នរដ្ឋ នៅក្នុងស្ថាប័នសភា និយាយឲ្យចំនៅក្នុងអង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិ ឬអ្នកដែលទទួលប្រាក់ខែពីប្រជាពលរដ្ឋហ្នឹង អ្នកហ្នឹងហើយដែលត្រូវបំពេញតួនាទីរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព។ ហ្នឹងជារឿងមួយដែលសំខាន់។ មិនអាចលើកឡើងថា ខ្លួនខំប្រឹង អ្នកនេះមិនខំប្រឹង អាហ្នឹងមិនអាចបានទេ ! ប៉ុន្តែ ការលើកឡើងបែបនេះមិនមែនបានន័យថា អ្នករិះគន់ចាំតែរិះគន់ទេ គឺរិះគន់មើលតាមបែបស្ថាបនាដែរ»។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី សង្កេតឃើញថា របត់នយោបាយថ្មីក្នុងសម័យបច្ចុប្បន្ននៅកម្ពុជា មានភាពប្រែប្រួលច្រើន ដោយសារតែរលកថ្មីនៃអ្នកបោះឆ្នោត ជាយុវជន ដែលមានចំនួនច្រើនលើសលុប។ លោកថា យុវជនមានគំនិតថ្មីដែលល្អប្រសើរខ្លួនឯង និងមិនត្រូវគាំទ្រភាពចាស់គម្រិលនៃការប្រើសារនយោបាយចាស់គម្រិលនោះឡើយ។ ក្នុងបរិបទនេះ លោកថា អ្នកនយោបាយជំនាន់ថ្មី និងឈាមថ្មីនៃគណបក្សកាន់អំណាច គួរបញ្ឈប់ទម្លាប់ចាស់ នៃនយោបាយលាបពណ៌ និងទម្លាក់កំហុសអ្នកដទៃបែបនេះតទៀត ព្រោះវាគឺជារឿងដែលគួរឲ្យស្អប់ខ្ពើមបំផុតមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។