តើ​បេក្ខជន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាណត្តិ​ថ្មី​​លោក ស សុខា មាន​ប្រវត្តិ​បែប​ណា?

0:00 / 0:00

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ ដែល​​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​​ទើប​តែ​កន្លង​ផុត​ទៅ ខណៈ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​នឹង​កើត​ឡើង​ឆាប់ៗ​ខាង​មុខ​នេះ​។ ​រដ្ឋាភិបាល​ថ្មី​នេះ​​ភាគ​ច្រើន​ជា​យុវជន​បន្តវេន ដែល​ជាប់​សែស្រឡាយ​​​​មេដឹកនាំ​​គ្រាក់ៗ​នៃ​រដ្ឋាភិបាល​​​លោក ហ៊ុន សែន​ មាន​ជាអាទិ៍​​កូន​ប្រុស​ច្បង​របស់​ លោក ​ហ៊ុន សែន ​គឺ លោក ហ៊ុន ម៉ាណែត ធ្វើ​​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ​ហើយ​កូន​លោក​ ទៀ បាញ់ ​ គឺ​លោក ទៀ សីហា ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ កូន​ប្រុស​របស់​លោក ស ខេង គឺ​លោក ស សុខា ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ដើម។ តើ​​លោក ស សុខា ជា​នរណា​ និង​មាន​ប្រវត្តិ​ការងារ​យ៉ាងណា​ខ្លះ?

លោក ស សុខា ជា​កូន​ប្រុស​ច្បង​​​របស់​លោក ​ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​កើត​នៅ​ឆ្នាំ​១៩៨១ នៅ​ខេត្ត​ព្រៃវែង​ ហើយ​រៀបការ​ជា​មួយ​​​អ្នកស្រី​ កែ សួនសុភី មាន​កូន​ ៤នាក់​ក្នុង​នោះ​កូន​ប្រុស​ ២នាក់ និង​ស្រី​ ២នាក់។

ប្រពន្ធ​របស់​លោក​ ស សុខា ជា​កូន​ស្រី​ពៅ​របស់​នាយ​ឧត្ដមសេនីយ៍ កែ គឹម យ៉ាន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​មួយ​អ្នកស្រី​ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ដែល​ជា​បុគ្គល​​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​នៅ​ខេត្ត​ភាគ​ពាយព្យ ដែល​​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​​ច្បាម​យក​ដី​​​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​​​ខេត្ត​បន្ទាយមានជ័យ។

កន្លង​មក​មាន​ពលរដ្ឋ​​រាប់​រយ​គ្រួសារ​ដែល​មាន​ទំនាស់​ដី​ធ្លី ជាមួយ​អ្នកស្រី​ពួកគេ​តែងតែ​​តវ៉ា និង​ប្ដឹង​ទៅ​អាជ្ញាធរ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​ហ៊ាន​ដោះស្រាយ​ជូន​ពួកគេ​ឡើយ ហើយ​ថែម​ទាំង​ចាប់​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ទៀត​ផង។

ប្រវត្តិសិក្សា​របស់​លោក ស សុខា៖

ចំពោះ​ប្រវត្តិសិក្សា​របស់​អនាគត​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ទៅ​សិក្សា​នៅ​​​ប្រទេស​សេរី​លោក​ខាង​លិច​ គឺ​​ប្រទេស​បារាំង (France) តាំង​ពី​លោក​វ័យ​១៣​ឆ្នាំ និង​ទទួល​បាន​សញ្ញាប័ត្រ​​​បណ្ឌិត។ ទោះ​ជា​យ៉ាង​ណាក្ដី ​ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា​ ​លោក​​រៀន​ចប់​​​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត​ជំនាញ​អ្វី​ច្បាស់​លាស់​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​បាន​សិក្សា​ផ្នែក​អភិវឌ្ឍន៍​ជនបទ វិទ្យាសាស្ត្រ​អប់រំ គ្រប់គ្រង ច្បាប់​ស៊ីវិល គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នគរបាល និង​ជំនាញ​យោធា ហើយ​ចេះ​ភាសា​បារាំង និង​អង់គ្លេស។ ក្រៅ​ពី​​នេះ លោក​ក៏​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ (Germany)​ សាធារណរដ្ឋឆេក (Czech)​ និង​ប្រទេស​សិង្ហបុរី (Singapore) ដែរ ប៉ុន្តែ​​ក៏​ពុំ​មាន​ឯកសារ​បង្ហាញ​​ថា លោក​សិក្សា​ជំនាញ​អ្វី​ដែរ។

លោក ស សុខា ​​​​ក្នុង​វ័យ​ ៤២​ឆ្នាំ ថ្វីត្បិត​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់ នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្ដី ក៏​លោក​​ទើប​​លេចមុខ​​ជា​សាធារណៈ​​​ប្រមាណ ១០​ឆ្នាំ​​​ចុង​ក្រោយ​មក​នេះ​ទេ។ ​ក្នុង​រយៈ​ពេល​ជាង​ ១០ឆ្នាំមក​នេះ​ លោក​​ធ្លាប់​ធ្វើ​​ជា​នគរបាល​​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ជា​ជំនួយការ​​​ឪពុក​​របស់​លោក គឺ​លោក ស ខេង ជា​​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ។ ក្រៅ​ពី​នេះ​ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ជាតិមានជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ក្នុង​ខេត្ត​បាត់ដំបង និង​សាកល​វិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ខេត្ត​ព្រៃវែង។ បន្ថែម​ពី​នេះ​ លោក ស សុខា ​​ក៏​ត្រូវ​បាន ​តែងតាំង​ធ្វើ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅ​កាត់​ថា ស.ស.យ.ក ​របស់​គណបក្ស​កាន់​អំណាច​ខេត្ត​ព្រៃវែង បាត់ដំបង​ និង​បន្ទាយមានជ័យ​ដែរ។ យុវជន​របស់​ ស.ស.យ.ក​ នេះ ជា​ទូទៅ​ធ្វើ​ការងារ​បម្រើ​​ផលប្រយោជន៍​ឱ្យ​គណបក្ស​កាន់​អំណាច​ មាន​ដូច​ជា​​ ចុះ​​សង្កេតការណ៍​បោះឆ្នោត​ជា​ដើម។

លោក ស សុខា ថ្វី​បើ​បាន​ទៅ​រៀន​នៅ​ប្រទេស​សេរី​​ក្ដី តែ​លោក​ហាក់​​​​ជា​មនុស្ស​​មាន​ចិត្ត​ចង្អៀតចង្អល់​លើ​​​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ។ ​លោក​ធ្លាប់​អះអាង​ថា ​ពលរដ្ឋ​កម្ពុជា​​មាន​សិទ្ធិ​សេរីភាព​ច្រើន​ហួសពេក​ទៅ​ហើយ​​​ ដូច្នេះ​តើ​ពលរដ្ឋ​ចង់​បាន​ប៉ុណ្ណា​ទៀត។

លោក ស សុខា៖«មិន​ដឹង​ថា​សិទ្ធិ​អី​ទេ​ បើ​តាំង​ពី​សម័យ ប៉ុល ពត មក​ សិទ្ធិ​យើង​ស្នើ​នឹង​សូន្យ បើ​ឥឡូវ​សិទ្ធិ​យើង​ដល់​ប៉ុណ្ណឹង មិន​ដឹង​រក​សិទ្ធិ​អី​ទៀត​ឥឡូវ។ អង្គការ​សង្គម​ស៊ីវិល​និង​សារព័ត៌មាន​នៅ​កម្ពុជា​ដែល​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ មាន​ចង់​ ៥០០​អង្គការ​ហើយ។ សួរ​ថា យើង​អត់​មាន​សិទ្ធិ​សេរីភាព​មែន?។ សូម​បញ្ជាក់​ផង​ថា នៅ​ប្រទេស​ឡាវ​មិន​អត់​ដល់​ ១០​ទេ ប្រជាពលរដ្ឋ​របស់​គាត់​តែ​ ៨​លាន​នាក់​ទេ។ ចំណែក​យើង​មាន ១៦​លាន​នាក់​ ហើយ​មាន​ដល់​ទៅ​ ៥០០​អង្គការ តើ​យើង​មាន​សិទ្ធិ​សេរីភាព​ប៉ុណ្ណា ក្នុង​ការ​បញ្ចេញ​មតិ។ ធម្មតា​បញ្ចេញមតិ​កុំ​ឱ្យ​តែ​ប៉ះពាល់​គេ​បាន​ហើយ​ បើ​សិទ្ធិ​របស់​គេ​មិន​អាច​ប៉ះពាល់​បាន​ទេ»។

ងាក​មក​មក​មើល​ការងារ​ជា​​តំណាងរាស្ត្រ​វិញ​ម្ដង​ លោក​ ស សុខា ធ្វើ​ជា​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ព្រៃវែង​រយៈ​​ពេល ២អាណត្តិ​ ហើយ​​ការ​បោះឆ្នោត​​ជាតិ​ថ្មីៗ​ នេះ​ លោក​ក៏​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង​​ដែរ។

ពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ ……………. ព្រៃវែង ៖ ព្រឹកនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស...

Posted by Sar Sokha on Saturday, October 1, 2022

បើ​ទោះ​បី​ជា​​បេក្ខជន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ត​វេន​ដែល​ស៊ី​កេរ្តិ៍​ពី​ឪពុក​រូប​នេះ បាន​រៀនសូត្រ​ចេះដឹង​​ពី​បរទេស​​ក្ដី​ ក៏​ក្នុង​អំឡុង​ពេល​ធ្វើ​ជា​តំណាង​រាស្ត្រ​​២អាណត្តិ​​មក​នេះ លោក​​មិន​ដែល​បាន​ជួយ​​ដោះស្រាយ​​ក្ដី​កង្វល់​របស់​ពលរដ្ឋ​​ ដែល​រងគ្រោះ​​ដោយសារ​បញ្ហា​ផ្សេងៗ ក្នុង​តួនាទី​ជា​តំណាងរាស្ត្រ​​ទៅ​តាម​ច្បាប់​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង​ អ្នកស្រី អៀង គឹមលី មាន​ប្រសាសន៍​ថា ​ កន្លង​មក​ប្រជាពលរដ្ឋ​​​មួយ​ចំនួន​បាន​តវ៉ា​នៅ​មុខ​សាលាខេត្ត​ផង និង​នៅ​មុខ​សាលាដំបូង​ខេត្ត​ព្រៃវែង​​ផង​ ដើម្បី​ទាមទារ​ឱ្យ​​អាជ្ញាធរ​​ជួយ​ដោះស្រាយ​​បញ្ហា​របស់​ពួកគេ​ ក៏​ប៉ុន្តែ​​ពុំ​ដែល​ឃើញ​លោក ស សុខា ​​​ជួយ​​​អន្តរាគមន៍​ដល់​ពួកគាត់​ម្ដង​ណា​ឡើយ។

អ្នកស្រី អៀង គឹមលី៖«ដែល​ខ្ញុំ​ឃើញ​មាន​មុខមាត់​គាត់​រាង​ធំ នឹង​ភាគ​ច្រើន​ដូច​ជា​រៀបចំ​កម្មវិធី​ទូក​វែង​អី​ហ្នឹង​ អាហ្នឹង​ថា គាត់​រៀប​ចំ​ឡើង​​គាត់​ធ្វើ​អីចឹង​ទៅ ក្រោម​ការ​​ដឹក​នាំ​របស់​គាត់​អី ឬក៏​កម្មវិធី​ប្រកួត​កីឡា​។ ដូច​កាល​ថ្មីៗ​នេះ មាន​កីឡា​ស៊ីហ្គេម​អីចឹង​ទៅ​​គាត់​ដាក់​បញ្ចាំង​ស្លាយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម។ ប៉ុន្តែ​បើក​ការងារ​ផ្សេង​ពី​នឹង​ទៀត ​ខ្ញុំ​ដូច​ជា​មិន​បាន​ទទួល​ព័ត៌មាន​អី​ថា គាត់​ធ្វើ​អី​បាន​ជា​ដុំកំភួន​ទេ»។

ការងារ​​លេចធ្លោ​មួយ​របស់​លោក ស សុខា គឺ​ការ​បំផុស​​ឱ្យ​អាជ្ញាធរ​​រៀប​ចំ​សង្ក្រាន្ត​​នៅ​ខេត្ត​ព្រៃវែង​ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ផលិត​ទូកង​វែង​ជាង​គេ នៅ​ពិភព​លោក នៅ​ខេត្ត​ព្រៃវែង ដែល​ពុំសូវ​មាន​​ប្រយោជន៍​​ដល់​សង្គម​ជាតិ​ឡើយ។

លោក ស សុខា ​ជា​មនុស្ស​​មិន​សូវ​ហ៊ឺហា​​នោះ​ទេ។ រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស៊ុក​​របស់​លោក​ បង្ហាញ​ថា លោក​តែងតែ​នាំ​ប្រពន្ធ​របស់​លោក​ គឺ​ អ្នក​ស្រី កែ សួនសុភី អម​ដំណើរ​លោក​ស្ទើរ​តែ​គ្រប់​កម្មវិធី​សំខាន់ៗ ដូចជា​ចុះ​​ជួប​ក្រុម​យុវជន​ ស.ស.យ.ក ​ក្នុង​វិធី​ប្រកួត​កីឡា និង​ចុះ​តាម​មូលដ្ឋាន​ជា​ដើម។

ក្នុង​​កម្មវិធី​ទាំង​នោះ​បេក្ខជន​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ តែងតែ​​​អប់រំ​ប្រៀនប្រដៅ​​ដល់​មន្ត្រី​រាជការ​និង​ក្រុម​យុវជន​ ស.ស.យ.ក​ ថា មិន​ត្រូវ​គេចវេះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ ​ពោល​គឺ​បើ​ទោះ​បី​ជា​បញ្ហា​ស្មុគស្មាញ​យ៉ាង​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​​ដោះស្រាយ​​ឱ្យ​បាន​ដែរ។

លោក ស សុខា៖ «អ៊ីចឹង​ហើយ​អា​នេះ​យើង​ដូចគ្នា​ដែរ យើង​ត្រូវ​តែ​រឹងប៉ឹង​ខ្លួន​ឯង​ ។ ហើយ​ជា​ពិសេស​ប្រជុំ​មិន​មែន​ប្រជុំ​ពាក់មុខ​​ដាក់​គ្នា​នោះ​​ទេ ប្រជុំ​លើក​បញ្ហា​ដែល​មាន រក​ដំណោះ​ស្រាយ​ដែល​មាន។ បើ​យើង​ដោះស្រាយ​ថ្ងៃ​ហ្នឹង​មិន​បាន យើង​ខំ​ប្រឹងប្រែង​បន្ត​ដោះស្រាយ​កុំ​ឱ្យ​ដោះ​ មិន​បាន​ទុក​យូរៗ​ ទៅ​ដូច​ខ្ញុំ​ត្រឡប់​មក​វិញ​មក​លង​យើង​វិញ»

GFX.jpeg
ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះចាញ់បោកក្រុមហ៊ុន GFX Investment តវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រូប៖ ផ្ដល់ឱ្យ

លោក ស សុខា ពូកែ​ខាង​អប់រំ​​គេ​ ​ប៉ុន្តែ​លោក​ប្រហែល​ជា​មិន​ពូកែ​ខាង​អប់រំ​គ្រួសារ​របស់​​ខ្លួន​ឯង​ទេ។ ប្រពន្ធ​របស់​លោក ស សុខា គឺ​អ្នកស្រី កែ សួន សុភី មាន​រឿង​​អាស្រូវ​​ជាប់​ពាក់ព័ន្ធ​ការ​ឆបោក​ប្រាក់​ពលរដ្ឋ។ អ្នកស្រី កែ សួនសុភី មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​ហ្គោល​អេហ្វអិកស៍ អ៊ិនវេសម៉ិន (Gold FX investment co., LTD) ដែល​ជាប់​ចោទ​ឆបោក​ប្រាក់​ពលរដ្ឋ​​ជិត​ ៣០​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០២១​ ដែល​អ្នកស្រី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​​មួយ​នេះ។ ​អ្នក​វិនិយោគ ​ដែល​រង​គ្រោះ​បាត់​លុយ​ជាមួយ​ក្រុមហ៊ុន​​នេះ​ប្រមាណ ​​៦ពាន់​នាក់ ​(៦.​០០០)​ ហើយ​ទំហំ​ទឹក​ប្រាក់​ដែល​បាត់បង់​មាន​ប្រមាណ ​២៧​លាន​ដុល្លារ​អាមេរិក។ ជនរងគ្រោះ​​មួយ​ចំនួន​ធំ​ គឺជា​អ្នកជំនួញ​ ជា​មន្ត្រី​រាជការ ​និង​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ វិធី​បោក​ប្រាស់​របស់​ក្រុម​ហ៊ុន​នេះ ​គឺ​​លួង​លោម​​ឲ្យ​ដាក់​វិនិយោគ​ជាមួយ​​ក្រុមហ៊ុន​នេះ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់ ​ជាង​ដាក់​ប្រាក់​​នៅ​តាម​ធនាគារ ​ឬ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ។​ នៅ​ដើមខែ​ដំបូង​​ ពួកគាត់ ​​អាច​ទទួល​បាន​​ការ​ប្រាក់ចំណេញ​​​ប្រមាណ ​១០​ភាគរយ ​ប៉ុន្តែ​នៅ​ខែ​បន្តបន្ទាប់​មក​ទៀត​ចំនួន​ទឹក​ប្រាក់​បាន​ធ្លាក់​ចុះ និង​បាត់​លុយ​ចេញ​ពី​គណនី​តែម្តង។

ទោះជាយ៉ាងណាក៏ដោយ​ ដោយ​សារ​ករណីនេះ ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​កំពូល​ៗ​ នៃ​បក្ស​កាន់​អំណាច​បែប​នេះ ការ​ដោះស្រាយ ​ទំនង​ជា​​ធ្វើឡើង​ដោយ​ស្ងាត់ៗ​ និង​មិន​ចង់​ឆ្លង​កាត់​តុលាការ​នោះ​ទេ ព្រោះ​​នេះ​ជា​ករណី​ដ៏​គួរ​ឲ្យ​អាម៉ាស់​​សម្រាប់​ក្រុម​ឥស្សរជន​នយោបាយ​នៃ​បក្ស​កាន់​អំណាច និង​អ្នក​ជំនួញ។ កាលពីដើម​ខែ​មេសា​ឆ្នាំ​២០២១ ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​លោក ដួង តារា ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ ដែល​ជា​អ្នក​ដាក់​ប្រាក់​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​​មួយ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ។ លោក​ស្នើសុំ​ឲ្យ​ជនរងគ្រោះ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចូលរួម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ លោក​សង្ឃឹមថា ករណីនេះ ​នឹង​មាន​​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

sarsokha-manet08102.jpg
កូនប្រុសលោក ស ខេង គឺលោក ស សុខា (ស្ដំា​ជួរមុខ) និង​កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត (ឆ្វេង)។ រូបថត កាលពីថ្ងៃទី១០ សីហា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ស សុខា

តែ​យ៉ាង​ណា​លោក ស សុខា ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ​ហើយ​។ ថ្មីៗ ​នេះ​លោក​បាន​​ចេញ​លិខិត​អបអរ​សាទរ​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ចាត់​តែង​ធ្វើ​នាយករដ្ឋមន្ត្រី​ថ្មី។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ស សុខា ​ដើម្បី​សាកសួរ​អំពី​ការ​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ សីហា។

ទោះ​ជា​យ៉ាង​ណា​អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ យល់​ថា ​​​​​ លោក ស សុខា អាច​នឹង​​​ដើរ​តាម​គន្លង​ឪពុក​របស់​លោក​ ដែល​​បណ្ដោយ​ឱ្យ​អាជ្ញាធរ​​ថ្នាក់​ក្រោម ធ្វើទុក្ខបុកម្នេញ ដល់​ក្រុម​អ្នក​តវ៉ា​​ស្វែងរក​យុត្តិធម៌​សង្គម និង​រក​ដំណោះស្រាយ​​បញ្ហា​ផ្សេងៗ​​​តាម​អំពើ​ចិត្ត​​នោះ ប្រសិន​បើ​លោក​មិន​យក​ចំណេះ​ដឹង ដែល​បាន​រៀន​​សូត្រ​ពី​ប្រទេស​សេរី មក​ប្រើប្រាស់​​ឱ្យ​បាន​ត្រឹមត្រូវ​​តាម​ការ​សិក្សា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។