ក្រុមស្ត្រីជាប្រពន្ធរបស់មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំបន្តប្ដេជ្ញាចិត្តទាមទារឲ្យតុលាការដោះលែងប្ដីរបស់ពួកគាត់ ដោយយល់ថា ការតវ៉ាដោយសន្តិវិធីជាសិទ្ធិដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ា គឺលោកស្រី សេង ចាន់ថន ដែលត្រូវបានកម្លាំងសន្តិសុខខណ្ឌ៧មករា ប្រើហិង្សាឲ្យរបួសធ្ងន់នោះ បង្ហាញជំហរថា លោកស្រីនឹងបន្តទាមទារសេរីភាពឱ្យប្ដី ដើម្បីរួចផុតពីអំពើអយុត្តិធម៌។
ស្ថិតក្នុងកាលៈទេសៈនេះ តើលោកស្រីនឹងជម្នះនូវបញ្ហាអ្វីខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃ?
រូបរាងស្គមស្ដើង មិនសូវមានកម្លាំងកំហែង លោកស្រី សេង ចាន់ថន ជាប្រពន្ធមន្ត្រីក្រុមប្រឹក្សាខេត្តកំពង់ធំនៃគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ ថ្លែងបណ្ដើរដៃកាន់កាំបិតចិញ្ច្រាំសាច់បណ្ដើរថា ប្ដីលោកស្រីបានដើរតួនាទីយ៉ាងសំខាន់សម្រាប់គ្រួសារនៅក្នុងការរកចំណូលប្រចាំថ្ងៃ ជាបង្គោលនៃសុភមង្គលគ្រួសារដ៏រឹងមាំ។ ប៉ុន្តែចាប់តាំងពីលោក ស៊ុន ធន់ ជាប់ពន្ធនាគារជាច្រើនខែមកនេះ លោកស្រីបានរែកពុននិងរងការឈឺចាប់តែម្នាក់ឯង៖ «ណាខ្លួនវាឈឺហើយត្រូវរកចិញ្ចឹមគ្រួសារដោយខ្លួនឯងទៀត កូនៗបាត់បង់ការសិក្សាខ្លះដោយសារមានបញ្ហាមកជួយយើង ជាពិសេសគឺក្នុងគ្រួសារបាត់ប្រាក់ចំណូលទាំងស្រុងតែម្ដង។ មួយទៀតកូនពេលអង្គុយៗរៀនអីចឹងគ្នានឹកឃើញគេមកចាប់ប៉ានៅនឹងមុខធ្វើឲ្យគ្នាស្លុតចិត្តញាប់ញ័រភ័យខ្លាច រៀនអត់ចូលទេ ពេលខ្លះពួកគាត់ចង់បោះបង់ការសិក្សាចោលហ្មង ចង់ឈប់រៀនមករកជួយរកការងារធ្វើចិញ្ចឹមគ្រួសារចិញ្ចឹមម្ដាយដែលកំពុងតែឈឺ»។
តាំងពីទៀបភ្លឺ លោកស្រី សេង ចាន់ថន និងកូនប្រុសបានជួយគ្នាដាំបាយ ចៀនសាច់ រៀបចំតូបលក់ដូរនៅវិទ្យាល័យទ្រាល។ ចប់ពីលក់អាហារនៅសាលាវិញ លោកស្រីមិនសូវជាបានសម្រាកប៉ុន្មានទេ ដោយគាត់ត្រូវចំអិនបាយម្ហូបឲ្យកូនៗ និងម្ដាយចាស់ ព្រមទាំងរៀបចំត្រៀមបម្រុងអាហារសម្រាប់លក់នៅព្រឹកស្អែកទៀត។
លោកស្រី សេង ចាន់ថន មានស្រុកកំណើតនៅភូមិថ្មី ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបការជាមួយលោក ស៊ុន ធន់ នៅឆ្នាំ១៩៩១។ ពួកគាត់ជាត្រកូលគ្រួសារកសិករ។ ក្នុងវ័យ៤៩ឆ្នាំ លោកស្រី សេង ចាន់ថន ដំណាលថា តាំងពីចាប់ដៃគ្នាជាមួយលោក ស៊ុន ធន់ បង្កើតបានកូនប្រុស៤នាក់ ជិត៣០ឆ្នាំមកនេះ ប្ដីរបស់គាត់ប្រកបតែមុខរបរសុចរិតគឺជាគ្រូបង្រៀន ហើយលោកស្រីជាអ្នកលក់ដូរបន្តិចបន្តួចក្នុងសាលារៀន។ លោក ស៊ុន ធន់ ធ្លាប់បានស្ម័គ្រចិត្តជាភ្នាក់ងារនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រចាំស្រុកបារាយ កាលពីអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ គាត់បានស្ម័គ្រចិត្តធ្វើការជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តកំពង់ធំប្រមាណ៧ឆ្នាំ ហើយក៏ជាមនុស្សសកម្មជននៃគណបក្សប្រឆាំងផងដែរ។
លោកស្រីថា ក្រៅពីការងារបង្រៀនប្ដីលោកស្រីក៏បានធ្វើជាមន្ត្រីក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិជិត ២អាណត្តិ រហូតដល់ពេលដែលគណបក្សកាន់អំណាចរំលាយគណបក្សប្រឆាំងចោលនៅខែវិច្ឆិកា ឆ្នាំ២០១៧។ លោកស្រី សេង ចាន់ថន ថា ប្ដីលោកស្រីបានរងការធ្វើទុក្ខបុកម្នេញពីសំណាក់របបក្រុងភ្នំពេញ ឥតឈប់ឈរ។ គាត់ថា លោក ស៊ុន ធន់ ត្រូវបាននាយកសាលាប្ដូរឲ្យទៅបង្រៀនពីសាលាមួយទៅសាលាមួយ ឲ្យទៅបង្រៀនសាលាឆ្ងាយពីផ្ទះរហូតដល់ជាង១០គីឡូម៉ែត្រ និងតែងរងការចោទថា បង្រៀននយោបាយដល់សិស្ស។ លោកស្រីថា មន្ត្រីការិយាល័យអប់រំស្រុកក៏ធ្លាប់បានជំរុញឲ្យប្ដីគាត់ដាក់ពាក្យផ្អាកសកម្មភាពនយោបាយពុំនោះទេគេនឹងផ្លាស់គាត់ឲ្យទៅបង្រៀនសាលាឆ្ងាយជាងនេះទៀតប្រមាណ៤០គីឡូម៉ែត្រ ហើយក្នុងថ្ងៃជាមួយគ្នាកាលពីខែមិថុនា ឆ្នាំ២០១៩នោះ មានជនស៊ីវិល៤នាក់ល្បួងយកប្ដីគាត់ទៅវាយធ្វើបាបឲ្យរបួសធ្ងន់ នៅចម្ងាយប្រមាណ៤គីឡូម៉ែត្រពីផ្ទះ។ លោកស្រីរៀបរាប់ថា មុនចាប់ខ្លួនលោក ស៊ុន ធន់ ក៏មានអ្នកជិះឡានទំនើបទៅបញ្ចុះបញ្ចូលលួងលោមគាត់ជារៀងរាល់ខែឲ្យចុះចូល ឬរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្យាផ្ដល់លាភសក្ការៈ ប៉ុន្តែពួកគាត់មិនព្រមទេ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ធំក៏បានចុះចាប់ប្ដីគាត់ដល់ផ្ទះ ទាំងមិនបង្ហាញដីកា ទាំងមិនបានឲ្យលោក ស៊ុន ធន់ ស្លៀកពាក់ត្រឹមត្រូវទៀតផង ហើយតុលាការក៏បានបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់។
លោក ស៊ុន ធន់ និងមន្ត្រី សកម្មជនបក្សប្រឆាំងមួយចំនួន រួមទាំងព្រះសង្ឃ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណជាង៤០នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២០ ក្នុងបទចោទដូចគ្នា។ ចំណែកសកម្មជនបក្សប្រឆាំងជិត២០នាក់ផ្សេងទៀត ត្រូវជនបិទមុខវាយឱ្យរបួសនៅតាមដងផ្លូវ ហើយគ្មានជនល្មើសដៃដល់ណាម្នាក់ត្រូវបានផ្ដន្ទាទោសនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដោយសារពួកគេបានទទួលផែនការពីមេធំនៅក្រៅប្រទេសចង់ផ្ដួលរលំរដ្ឋាភិបាល ហើយការចាប់ខ្លួនក៏កាន់តែកើនឡើង ក្រោយសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះ ២០% ពីកម្ពុជា។

លោកស្រី សេង ចាន់ថន ពោលថា សំណុំរឿងប្ដីលោកស្រីគឺជារឿងនយោបាយសុទ្ធសាធ៖ «រដ្ឋាភិបាលចោទគ្រួសារខ្ញុំនេះគឺជារឿងមួយដែលមិនត្រឹមត្រូវ ជារឿងអយុត្តិធម៌បំផុតសម្រាប់គ្រួសារខ្ញុំ ព្រោះគាត់អត់មានក្បត់ជាតិអត់មានញុះញង់ប្រជាពលរដ្ឋដូចការចោទប្រកាន់រាជរដ្ឋាភិបាលទេ ព្រោះគាត់ជាមនុស្សល្អ ទៅណាមកណាគេស្រលាញ់រាប់អានគាត់ មានការឈឺឆ្អាលក្នុងសង្គមកន្លែងណាមានការជិះជាន់គាត់តែងជួយគេ។ ការចោទប្រកាន់នេះគឺជាការមួយគំរាមកំហែងធ្ងន់ធ្ងរដល់គ្រួសារខ្ញុំ»។
លោកស្រី សេង ចាន់ថន ថ្លែងទាំងអួលអាក់ថា លោកស្រីតែងនឹកអាណិតប្ដីនិងក្រុមគ្រួសារដែលរងគ្រោះឥតឈប់ឈរ ដោយព្រោះតែស្រលាញ់និងគាំទ្រគណបក្សប្រឆាំង និងចង់ឲ្យសង្គមកម្ពុជាមានភាពយុត្តិធម៌ពិតប្រាកដ។ កត្តានេះបានជំរុញទឹកចិត្តឲ្យលោកស្រី ហ៊ានក្រោកឈរចេញទៅតវ៉ាដោយសន្តិវិធីនៅមុខតុលាការក្រុងភ្នំពេញ និងស្ថាប័ននានា ទាំងហាលថ្ងៃហាលភ្លៀង ទោះត្រូវអាជ្ញាធរចោទថា តវ៉ាខុសច្បាប់ ហើយកងសន្តិសុខ ប្រជាការពារ ប្រើពាក្យសំដីប្រមាថ រុញច្រាន ក្ដិច ទាត់ធាក់ និងប្រើអំពើហិង្សាឲ្យពួកគាត់រងរបួសក្ដី៖ « ខ្ញុំជាស្ត្រីទន់ខ្សោយម្នាក់ក៏ប៉ុន្តែក្នុងចិត្តមិនទន់ខ្សោយទេ ខ្ញុំក៏មិនខ្លាចនូវការរុញច្រានអស់ទាំងនេះដែរ ព្រោះទង្វើអស់ទាំងនេះជាទង្វើអយុត្តិធម៌មិនគួរមានសោះនៅស្រុកខ្មែរយើង។ ឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូដើម្បីគាត់។ ខ្ញុំនៅតែទៅទាមទារតវ៉ាទោះបីគេធ្វើបាបជេរប្រមាថរុញច្រានឬចាប់បោកខ្ញុំផ្ទប់នៅហ្នឹងថ្នល់ក៏ខ្ញុំនៅតែទាមទាររហូត»។
ក្នុងពេលស្ត្រីថ្ងៃសុក្រ ចេញតវ៉ាកាលពីថ្ងៃទី៤ ខែកញ្ញា លោកស្រី សេង ចាន់ថន ត្រូវបានប្រជាការពារខណ្ឌ៧ មករាម្នាក់ ឈ្មោះ ឆោម ប្រសិដ្ឋ ចាប់បោកផ្ដួលទៅលើថ្នល់កៅស៊ូ ក្នុងពេលលោកស្រី និងស្ត្រីជាង១០នាក់ទៀត ដែលជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ព្យាយាមតវ៉ាគោះឆ្នាំងបាយសុំឲ្យតុលាការដោះលែងប្ដី។ លោកស្រីរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយហិង្សានេះច្រើនម៉ោង នៅថ្ងៃដដែល រដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា នឹងប្រើវិធានការអប់រំនិងដាក់វិន័យ លើប្រជាការពារឈ្មោះឆោម ប្រសិទ្ធ ដែលបានបង្ករបួសលើលោកស្រី សេង ចាន់ថន។ តែយ៉ាងណា អាជ្ញាធរនៅតែចោទប្រកាន់ថា ក្រុមស្ត្រីតវ៉ាអហិង្សានោះ ជាក្រុមអ្នកតវ៉ាខុសច្បាប់។
ប៉ុន្តែចំណាត់ការនៅលើក្រដាសនេះ មិនអាចរំងាប់ចិត្តលោកស្រីបានទេ។ លោកស្រី សេង ចាន់ថន បានសម្រេចប្ដឹងប្រជាការពារឈ្មោះ ឆោម ប្រសិដ្ឋ ទៅតុលាការ ពីបទប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា។ ប៉ុន្តែមកដល់ពេលនេះ ជិត៣ខែទៅហើយ តុលាការមិនបានពិនិត្យមើលបណ្ដឹងលោកស្រីឡើយ បើទោះជាការប្រព្រឹត្តហិង្សារបស់ប្រជាការពាររូបនេះលើលោកស្រីមានវីដេអូភស្តុតាងដែលមានការចែករំលែកលើបណ្ដាញសង្គមពាសពេញពិភពលោកក្ដី។
ថ្វីបើលោកស្រី សេង ចាន់ថន ថ្លែងទាំងទឹកភ្នែក លោកស្រីក៏នៅតែមានជំហរច្បាស់លាស់ថា នឹងមិនរុញរាក្នុងការបន្តទាមទារយុត្តិធម៌ឲ្យប្ដីដែលកំពុងស្ថិតក្នុងពន្ធនាគារ៖ «ខ្ញុំនៅតែតស៊ូទៅមុខរហូតប៉ុន្តែខ្ញុំមានចិត្តមួយគិតថា អស់សង្ឃឹមទៅលើតុលាការដែលគេចាប់បោកខ្ញុំផ្ទប់ទៅនឹងដី នេះជាទង្វើមួយដែលចង់ធ្វើឃាតខ្ញុំតែម្ដងមិនមែនជារឿងធម្មតាទេ តុលាការមិនអើពើនូវរឿងទាំងអស់នេះទៀត។ មិនត្រឹមតែខ្ញុំទេ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសខ្មែរទាំងមូលមានការអស់សង្ឃឹមលើតុលាការដែលអយុត្តិធម៌ចំពោះខ្ញុំមានរឿងបែបហ្នឹងហើយមិនរកដំណោះស្រាយឲ្យខ្ញុំទៀត ខ្ញុំអស់សង្ឃឹមលើតុលាការ ប្ដីខ្ញុំគ្មានកំហុសសោះចាប់ប្ដីខ្ញុំដាក់ពន្ធនាគារ យ៉ាងព្រៃផ្សៃយ៉ាងអយុត្តិធម៌ នេះគេចាប់បោកខ្ញុំភស្តុតាងក៏មានសព្វបែបយ៉ាងហើយនៅតែតុលាការអត់មានចំណាត់ការលើរឿងនេះទៀត។ ខ្ញុំអស់សង្ឃឹមតែខ្ញុំនៅតែតស៊ូទៅមុខមិនរុញរាទេ»។
មេធាវី សំ សុគង់ ដែលការពារសំណុំរឿងនេះ ថ្លែងថា ចាប់តាំងពីលោកស្រី សេង ចាន់ថន ដាក់ពាក្យបណ្ដឹង តុលាការបានកោះហៅកូនក្ដីគាត់ម្ដងគត់ទៅសាកសួរយកចម្លើយ។ ប៉ុន្តែតុលាការពុំបានផ្ដល់ដំណឹងដល់មេធាវីវិញថា ចោទប្រកាន់ចំពោះប្រជាការពាររូបនោះ ឬត្រូវតម្កល់សំណុំរឿងនោះឡើយ។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីបំភ្លឺរឿងនេះបានទេនៅថ្ងៃទី៦ និងថ្ងៃទី៨ ធ្នូ ដោយទូរស័ព្ទចូលច្រើនដងតែលោកមិនទទួល។
ចាប់តាំងពីលោក ស៊ុន ធន់ ត្រូវបានចាប់ដាក់ឃុំនៅពន្ធនាគារព្រៃសមក លោកស្រី សេង ចាន់ថន ថ្លែងថា គាត់មិនបានលក់ដូរជាប់លាប់ដូចមុនទេ ពីព្រោះណាមួយលោកស្រីមានជំងឺប្រចាំកាយផង ណាមួយគាត់ត្រូវធ្វើដំណើរទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារផង។ លោកស្រីបារម្ភអំពីសុខភាពប្តី ព្រោះមន្ត្រីពន្ធនាគារផ្អាកមិនឱ្យសាច់ញាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំ ដោយសារហេតុផលបង្ការឆ្លងជំងឺកូវីដ១៩។ លោកស្រីថា លោក ស៊ុន ធន់ ឈឺឆ្អឹងឆ្អែង ឡើងឈាមម្ដងម្កាល និងមានរោលកន្ទួលរមាស់នៅលើស្បែក តាំងពីចូលពន្ធនាគារមក។
ក្នុងស្ថានភាពនេះ លោកស្រី សេង ចាន់ថន ថា គ្រួសារលោកស្រីបានបាត់បង់សិទ្ធិរស់រានមានជីវភាពពេញលេញ និងសេរីភាពបញ្ចេញមតិ៖ «ការចាប់ខ្លួនគាត់ធ្វើឲ្យប៉ះពាល់ជីវភាពក្នុងគ្រួសារ សិទ្ធិសេរីភាព ជាពិសេសការគំរាមកំហែងសព្វបែបសព្វយ៉ាង ដូចជាការដើរហើរក៏គេតាមដានក្នុងការនិយាយស្ដីក៏គេចាំស្ដាប់យើងទៅទាមទារតវ៉ាក៏ត្រូវបានអាជ្ញាធររារាំង បិទសិទ្ធិសេរីភាពមិនឲ្យទាមទារតវ៉ា។ កូនរាល់ថ្ងៃនេះបាត់បង់សេរីភាព គ្នាទៅណាមកណាក៏គេតាមដានគ្នាដែរ ការរស់នៅគឺពិបាកមែនទែននិយាយអីខ្លាចមុខខ្លាចក្រោយ គ្រាន់តែទាមទារតវ៉ារឿងដែលត្រឹមត្រូវក៏មិនបាន បិទសិទ្ធិសេរីភាពសព្វតែម្ដង»។
ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល និងគណបក្សកាន់អំណាច ជារឿយៗតែងចាត់ទុកការតវ៉ាដោយសន្តិវិធីរបស់ប្រពន្ធសកម្មជនទាំងនេះ ជាការបម្រើឲ្យបក្សប្រឆាំងនៅក្រៅប្រទេស ដែលពួកគេនិយមហៅថា ក្រុមឧទ្ទាមក្រៅច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទក្រុមអ្នកតវ៉ាដោយសន្តិវិធីកន្លងមកថា ជាក្រុមអ្នកស៊ីឈ្នួលតវ៉ា៖ « ប្រពន្ធក៏មាន ស្រីស្នេហ៍ក៏មាន អ្នកជួលពីក្រៅក៏មាន អ៊ីចឹងវាខ្សែរយៈក្រុមឧទ្ទាមក្រៅច្បាប់ពីក្រៅមកក្នុងប្រទេស ។ អ៊ីចឹងបានរាល់សកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ទាំងក្នុងនឹងក្រៅប្រទេសនេះ វាជាឆាកល្ខោននយោបាយដើម្បីមើលឲ្យឃើញរាជរដ្ឋាភិបាលមានការកៀបសង្កត់ និងកៀបសង្កត់សិទ្ធិសេរីភាពជាពិសេសមានការបង្ក្រាបលើសកម្មភាពលើស្ត្រីវ័យចាស់ ឬមួយកុមារ មិនទាន់គ្រប់អាយុ»។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានទស្សនៈថា ជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក រវាងក្រុមគ្រួសារមន្ត្រីបក្សប្រឆាំងដែលបានប្រើប្រាស់សិទ្ធិទាមទារដោះលែងក្រុមគ្រួសារដោយសន្តិវិធី រដ្ឋាភិបាលគួរយកពេលវេលានេះជាការឆ្លុះបញ្ចាំងនៃការអនុវត្តសិទ្ធិរបស់ខ្លួនទៅលើពលរដ្ឋវិញ។ អ្នកស្រីថា រដ្ឋាភិបាលត្រូវតែឆ្លើយតបរាល់ការជួបជុំនិងការបញ្ចេញមតិរបស់ពលរដ្ឋដោយភាពអត់ធ្មត់និងអនុគ្រោះ ចំណែករាល់ការកំហិតសិទ្ធិទាំងអស់ គឺត្រូវធ្វើឡើងអនុលោមទៅតាមគោលការអន្តរជាតិ មិនមែនធ្វើទៅតាមអំពើចិត្តនោះទេ៖ «ខ្ញុំចង់ឃើញថា ប្រទេសកម្ពុជាយើងបានប្ដេជ្ញាពិតប្រាកដដោយធ្វើជាសកម្មភាព មិនមែនគ្រាន់តែនិយាយរួចទេ ប៉ុន្តែនៅពេលដែលឆ្លើយតបជាមួយពលរដ្ឋយើងប្រើហិង្សាឬមួយចាប់ចងពលរដ្ឋអត់ទេ។ អ៊ីចឹងយើងគួរតែចូលរួមក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សហើយដែលស្ថាប័នរដ្ឋ គឺគាត់មានតួនាទីសំខាន់ក្នុងការធានាដល់កិច្ចគាំពារហ្នឹង។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលគាត់ធ្វើយ៉ាងម៉េចក្នុងការស្ដារនូវស្ថានភាពសិទ្ធិមនុស្សក្នុងពេលបច្ចុប្បន្ននេះ ហើយធានាថា ពលរដ្ឋលោកមានសិទ្ធិពេញលេញក្នុងការចូលរួមដោយសកម្មក្នុងជីវភាពទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ»។
លោកស្រី សេង ចាន់ថន រំពឹងថា ពន្លឺយុត្តិធម៌នឹងមាននៅថ្ងៃណាមួយសម្រាប់គ្រួសារគាត់ជាក់ជាមិនខាន ដូច្នេះការប្រើប្រាស់សិទ្ធិដើម្បីតស៊ូមតិទាមទារយុត្តិធម៌នឹងមិនអាសាឥតការនោះទេ។
ក្ដីសង្ឃឹមរបស់គាត់ទៅថ្ងៃអនាគត គាត់ត្រឹមតែចង់ឃើញប្ដីមានសេរីភាពចេញពីពន្ធនាគារវិញពួតដៃគ្នាប្រកបរបរចិញ្ចឹមជីវិត ដោយគ្មានការធ្វើទុក្ខបុកម្នេញពីអ្នកមានអំណាច មានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីគ្រប់គ្រាន់ ហើយកូនៗបានទៅសិក្សាពេញលេញនឹងគេ។ ក្ដីប៉ងប្រាថ្នារបស់លោកស្រី សេង ចាន់ថន នេះ ត្រូវបានសង្គមស៊ីវិលមើលឃើញថា គឺជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់រូបដែលបានធានាដោយច្បាប់កម្ពុជា ប៉ុន្តែពុំត្រូវបានអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។