ប្រពន្ធ​​របស់​មេ​បក្ស​​ខ្មែរ​​ឈ្នះ​លោក សួង សុភ័ណ្ឌ អង្វរ​​តុលាការ​​សុំ​ដោះ​លែង​​ប្ដី​មក​មើល​​​​ម្ដាយ​ឈឺ​ធ្ងន់​​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី

0:00 / 0:00

ប្រពន្ធ​​របស់​​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ ​សុំ​អង្វរ​តុលាការ​​ដោះលែង​លោក​ សួង សុភ័ណ្ឌ​ ជា​បន្ទាន់​​ដើម្បី​​លោក​​បាន​មក​ទាន់​ដង្ហើម​ម្ដាយ​ជា​លើក​ចុង​ក្រោយ​ដែល​កំពុង​ឈឺ​ធ្ងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី​។​ ការ​ស្នើសុំ​នេះ ​ក្រោយ​ពេល​គ្រូពេទ្យ​​ផ្នែក​ជំងឺ​កូវីដ​-១៩ ​(Covid-19) ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​​​ឲ្យ​ត្រៀម​ធ្វើ​ចិត្ត​​ទទួល​យក ព្រោះ​​ស្ថាន​ភាព​ជំងឺ​​​​ម្ដាយ​​​លោក សួង សុភ័ណ្ឌ ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​។

សាច់​ញាតិ​របស់​លោក សួង សុភ័ណ្ឌ កំពុង​រក​វិធី​ផ្ដល់​ដំណឹង​ពី​ស្ថានភាព​ម្ដាយ​​ឲ្យ​លោក​​​​បាន​ដឹង​នៅ​ក្នុង​ពន្ធនាគារ។ ទន្ទឹម​នឹង​នេះ ​ប្រពន្ធ​របស់​​លោក ​​គឺ​លោកស្រី ហង្ស ផារី ​ក៏​មាន​បំណង​ស្នើសុំ​​តុលាការ​ដោះលែង​ប្ដី​​ឲ្យ​មាន​សេរីភាព​​វិញ ​ដើម្បី​ឲ្យ​លោក​ សួង សុភ័ណ្ឌ ​អាច​​បំពេញ​កិច្ច​កតញ្ញូចំពោះ​ម្ដាយ​​ ជា​លើក​ចុង​ក្រោយ៖ «ចង់​សុំ​ឲ្យ​តុលាការ​មេត្តា​ដោះលែង​គាត់​ឲ្យ​បាន​មក​ជួប​មុខ​ម្ដាយ​គាត់​ជា​លើក​ចុង​ក្រោយ។ កុំ​​​ឲ្យ​វា​អកតញ្ញូ​ពេក​ គាត់​មិន​ទាន់​បាន​សង​គុណ​អ្វី​ឪពុក​ម្ដាយ បែរ​ជា​ជួប​រឿង​អ៊ីចឹង»។

2e47ea5d-cf6a-487b-8927-5a2da3c0ab77.jpegOpens in new window
តុលាការ​សម្រេច​ឃុំខ្លួន​លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និង​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ដាក់ពន្ធនាគារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

​​​​​​ម្ដាយ​របស់​លោក សួង សុភ័ណ្ឌ ​អាយុ ​៦២ ​ឆ្នាំ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ដោយ​សារ​ឆ្លង​ជំងឺ​កូវីដ-​១៩។ លោកស្រី​បាន​ឆ្លង​ជំងឺ​នេះ​​ដោយ​​មិន​ដឹង​ខ្លួន និង​មិន​​ចេញ​អាការៈ តែ​​​លោកស្រី​ចាប់​ផ្ដើម​​ដក​​ដង្ហើម​ដង្ហក់​កាល​ពី​មួយ​សប្ដាហ៍​មុន ហើយ​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ឬ​ពេទ្យ​រុស្ស៊ី​ ភ្លាមៗ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ​ បាន​ទេជុំវិញ​សំណើ​​សុំ​ដោះលែង​នេះ។ ទោះ​យ៉ាង​ណា​ប្រធានការិយាល័យ​​ក្រុម​​អ្នក​ច្បាប់និង​​អមរិន្ទ​​​មេធាវី សុក សំអឿន ពន្យល់​ថា​ តាម​​​ច្បាប់​អ្នក​ជាប់​ឃុំ ត្រូវ​​​​អាជ្ញាធរ​​ដក​សិទ្ធិ​ជួប​សាច់​ញាតិ​ ជា​លើក​ចុង​ក្រោយ​នេះ​ហើយ។ ដូច្នេះ​អ្នក​ជាប់​ឃុំ​មិន​អាច​​​ជួប​សាច់​ញាតិ​នៅ​មន្ទីរ​ពេទ្យ​បាន​ទេ។ ប៉ុន្តែ​​លោក​មេធាវី​​មិន​ពេញ​ចិត្ត​ច្បាប់​​នៅ​ត្រង់​​ចំណុច​នេះ​ទេ។ លោក​មេធាវី​ជំរុញ​ឲ្យ​​សមត្ថកិច្ច​​​កែប្រែ​ច្បាប់​ដោយ​ត្រូវ​​ផ្ដល់​សិទ្ធិ​​ដល់​​អ្នក​ជាប់​ឃុំ​ ឲ្យ​បាន​ជួប​សាច់​ញាតិ​របស់​ខ្លួន​ ជា​លើក​ចុង​ក្រោយ៖ «ទស្សនៈ​ខ្ញុំ​ យើង​គួរ​តែ​មាន​នីតិវិធី​ទៅ​ យើង​មាន​ប៉ូលិស​រាប់​រយ​ រាប់​ពាន់​ រាប់ម៉ឺន​នាក់ យើង​មាន​ជា​​របៀប​របប​នាំ​ទៅ​​ជួប នាំ​ទៅ​មើល​អ៊ីចឹង​ទៅ។ យើង​គួរ​តែ​មាន»។

​ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ខាង​ពន្ធនាគារ​នឹង​ជួយ​​​​សម្រួល​ដល់​ករណី​​​លោក សួង សុភ័ណ្ឌ​ ឲ្យ​បាន​ជជែក​ជាមួយ​​ម្ដាយ ​​តាម​​ភាព​ជាក់​ស្ដែង​ដែល​ពន្ធនាគារ​​អាច​​ជួយ​​​​បាន​៖ «ចាំ​ខ្ញុំ​ជួយ​សម្រប​សម្រួល​ ធ្វើ​យ៉ាង​ណា​ឲ្យ​​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​។ ប៉ុន្តែ​គ្រាន់​ថា​ទៅ​ជួប​ផ្ទាល់​ប្រហែល​ជា​​មិន​អាច​ទេ ហើយ​ពេទ្យ​ក៏​គេ​អត់​ឲ្យ​ចូល​ដែរ ហើយ​ម្យ៉ាង​គាត់​រស់​នៅ​ក្នុង​ពន្ធនាគារ​ផង​ ដល់​អ៊ីចឹង​បើ​គាត់​មាន​បញ្ហា​អ្វីឬ​គាត់​យក​មេរោគ​ត្រឡប់​មក​វិញ​​ គឺ​បញ្ហា​ធ្ងន់​ដល់​ខាង​យើង​ដែរ»។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ គឺ​ជា​អ្នក​នយោបាយ​​ក្នុង​ស្រុក​តែ​ម្នាក់​គត់​ ដែល​​ហ៊ាន​​ចុះ​ទៅ​​​ដល់​​ព្រំដែន​កម្ពុជា-វៀតណាម​ នៅ​ចំណុច​ខេត្ត​ត្បូងឃ្មុំ​ ​​ដើម្បី​បញ្ជាក់​ថា ​ការ​​លើក​ឡើង​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន រឿង​បញ្ហា​ព្រំដែន​ គឺ​ជា​រឿង​ត្រឹមត្រូវ។ ដោយ​ហេតុ​នេះ​ហើយ ទើប​នៅ​ខែ​កញ្ញា ឆ្នាំ​២០២០ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​នគរបាល​ចាប់​ខ្លួន​លោក សួង សុភ័ណ្ឌ ដោយ​ចោទ​ថា​​​ ​ញុះញង់​អាច​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ បាន​​កាត់​ទោស​​ប្រធាន​គណ​បក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ ៨ខែ ​(២០ខែ)​និង​​បង្គាប់​​ឱ្យ​សង​ជំងឺ​ចិត្ត​ដើម​បណ្ដឹង​ គឺជា​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ​​ចំនួន ​ពីរ​​ពាន់ (២​ពាន់)​ ​លាន​រៀល ឬ​ស្មើ​នឹង​​ប្រាំ​​សែន (៥០ម៉ឺន​) ​​ដុល្លារ​ក្រោម​បទ​ញុះញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ef1b91ef-5c3c-4816-8532-212018cd99a9.jpegOpens in new window
លោក សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ។

សង្គម​ស៊ីវិល​ស្វាគមន៍​ការ​សន្យា​​ពី​ខាង​ពន្ធនាគារ​ក្នុង​ការ​ជួយ​សម្រួល​​ឲ្យ​​អ្នក​ជាប់​ឃុំ​បាន​ជួប​​សាច់​ញាតិ​ជា​លើក​ចុង​ក្រោយ​។ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង សែន​ករុណា យល់​ថា ​ថ្វី​បើ​ច្បាប់​​បាន​ដក​ហូត​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ​មិន​ឲ្យ​បាន​ជួប​សាច់​ញាតិ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​មែន ប៉ុន្តែ​អាជ្ញាធរ​គួរ​​​មាន​ការ​យោគយល់​​​និង​ជួយ​សម្រួល​ឲ្យ​អ្នក​ជាប់​ឃុំ​បាន​ជួប​សាច់​ញាតិ​របស់​ខ្លួន​ ​ដែល​កំពុង​មាន​ទុក្ខ។

​ចាប់​តាំង​ពី​​របប​ក្រុង​ភ្នំពេញ​​​បង្កើន​ការ​​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម​​ សកម្មជន​បរិស្ថាន ​ដាក់​ពន្ធនាគារ​​​វិញ​មក ​មាន​អ្នក​នយោបាយ​​ច្រើន​នាក់​​ហើយ​​ដែល​​ម្ដាយ​ស្លាប់ និង​​មិន​​ទាន់​ដង្ហើម​​​​ជា​លើក​ចុង​ក្រោយ​ ដូចជា លោក​ គា វិសាល និងលោក គង់ ម៉ាស់ ជាដើម​។​​​​ ជាមួយ​គ្នា​នេះ​ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​​រដ្ឋាភិបាល​ដោះ​លែង​អ្នក​​ជាប់​ឃុំ​នយោបាយ និង​សិទ្ធិ​មនុស្ស​​ទាំង​នេះ​វិញ​ ​និង​ត្រូវ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពួកគេ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។