ប្រពន្ធសកម្មជនបក្សប្រឆាំងទទូចដល់តុលាការឱ្យដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ មន្ត្រីសិទ្ធិយល់ឃើញថា រដ្ឋាភិបាលគួរតែពិចារណាដោះលែងសកម្មជននយោបាយទាំងអស់ឱ្យមានសេរីភាព។
ស្របពេលដែលពលរដ្ឋខ្មែរកំពុងរស់នៅជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ ប្រពន្ធសកម្មជនបក្សប្រឆាំងលោក វឿង សំណាង បែរជាបានត្រឹមតែយកនំចំណីអាហារលុយកាក់បន្តិចបន្តួចទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារទៅវិញ។
ប្រពន្ធសកម្មជនបក្សប្រឆាំង លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ តុលា ថាលោកស្រីបានយកនំចំណីទៅផ្ញើប្ដីនៅពន្ធនាគារ និងស្រណោះអាណិតប្ដីនៅពេលដែលមិនបានជួបជុំក្រុមគ្រួសារក្នុងរដូវកាលបុណ្យទានបែបនេះ។ លោកស្រីសោកស្ដាយ និងឈឺចាប់នៅពេលឃើញក្រុមគ្រួសារគេដទៃនាំគ្នាទៅវត្តក្នុងឱកាសកាន់បិណ្ឌប៉ុន្តែលោកស្រីបែរជាយួរម្ហូបអាហារមកពន្ធនាគារទៅវិញ។ លោកស្រី ទៀង ចិន្តា បន្ថែមថាលោកស្រីនៅតែបារម្ភពីស្ថានភាពជំងឺរបស់ប្ដីដោយសារគាត់នៅមិនទាន់ធូរស្រាលនៅឡើយ។
លោកស្រី ទៀង ចិន្ដា៖ «គាត់ផ្ដាំផ្ញើមកប្រពន្ធកូនឱ្យសួរសុខទុក្ខអ៊ីចឹងណាផ្ដាំផ្ញើឱ្យប្រពន្ធកូនមើលថែសុខភាពនៅខាងក្រៅគាត់សោកស្ដាយដែលមិនបានចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌជុំគ្រួសារឆ្នាំណាក៏ដូចឆ្នាំណាដោយសារប្ដីខ្ញុំជាប់ពន្ធនាគារជិត ២ឆ្នាំហើយអ៊ីចឹងគាត់សោកស្ដាយ ដែលមិនបាននៅជុំគ្រួសារហើយគាត់សង្ឃឹមថានឹងមានឱកាសបានចេញមក»។
លោក វឿង សំណាង ជាអតីតព្រះសង្ឃបានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលឱ្យកម្មកររោងចក្រកាលពីឆ្នាំ២០១៣ ដែលត្រូវកងទ័ពឆត្រយោងវាយបង្ក្រាបស្ទើរស្លាប់បាត់បង់ជីវិត និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសិង្ហបុរី (Singapore)។ លោក វឿង សំណាង តែងឈឺចុកចាប់របួសនៅត្រង់ក្បាល និងធ្វើទុក្ខរហូតដល់ហូបបាយមិនបានស្គមខ្លាំង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ ខែតុលា។ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ថ្លែងថានៅក្នុងពន្ធនាគារមានកម្មវិធីស្នើលើកលែងទោស និងបន្ធូរបន្ថយទោសដល់អ្នកជាប់ឃុំក្នុងរដូវកាលបុណ្យទានតាមការស្នើសុំរបស់សាច់ញាតិ។
លោក នុត សវនា៖ «ខ្ញុំច្រានចោលចំពោះការលើកឡើងនេះអនុវត្តច្បាប់មានស្តង់ដារពីរ ស្តង់ដារបីយ៉ាងម៉េចបើស្ថានភាពរបស់យើងឱ្យគេធ្វើអ៊ីចឹង គេធ្វើអ៊ីចឹងទៅដូចខ្ញុំអត់យល់ការលើកឡើងជាលើកឡើងដោយអារម្មណ៍ ឬយ៉ាងម៉េចហើយចេះតែចោទមកអ៊ីចឹង ហើយអាជ្ញាធរយើងខំធ្វើតាមច្បាប់តាមនីតិវិធីកន្លងមកហ្នឹង ចេះតែទទួលបានការចោទប្រកាន់អ៊ីចឹង។ ខ្ញុំអត់ទទួលយកទេ»។
បើទោះជាបែបនេះក្ដី ប្រជាពលរដ្ឋតែងរិះគន់អាជ្ញាធរក្រុងភ្នំពេញជុំវិញការអនុវត្តស្តង់ដារពីរចំពោះអ្នកជាប់ឃុំ ដែលក្រីក្រអ្នកជាប់ឃុំនយោបាយ និងអ្នកមានលុយមានអំណាច ដែលក្រុមអ្នកជាប់ឃុំចុងក្រោយនេះ តែងតែទទួលបានការអនុគ្រោះច្រើនពីសំណាក់តុលាការ និងមន្ត្រីពន្ធនាគារ។
ទាក់ទិនបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មិនរំពឹងថា តុលាការឈរលើគោលការណ៍ឯករាជ្យដោះលែងសកម្មជននយោបាយឱ្យមានសេរីភាពនោះឡើយ។ លោកបន្តថាតុលាការបច្ចុប្បន្នស្ថិតក្រោមខ្សែញាក់រដ្ឋាភិបាលដូច្នេះទាល់តែរដ្ឋាភិបាលបញ្ជាឱ្យដោះលែងទើបតុលាការហ៊ានសម្រេច។
លោក នី សុខា៖ «ប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបអីផ្សេងៗ កន្លងមកគេស្នើទៅរដ្ឋាភិបាល ដើម្បីឱ្យសម្រុះសម្រួលរឿងនយោបាយ ដើម្បីឈានដល់ដោះលែងអ្នកទាំងអស់នោះ អ៊ីចឹងយើងចង់ឃើញនៅរដូវភ្ជុំនេះ ឬក៏ចង់ឃើញនៅមុនពេល ដែលទណ្ឌកម្មបន្តធ្លាក់មកទៀតនោះ យើងចង់រដ្ឋាភិបាលផ្លាស់ប្ដូរនូវឥរិយាបថមួយក្នុងដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដែលជាការព្រួយបារម្ភរបស់អន្តរជាតិកន្លងមកនេះ ធ្វើម៉េចមានការដោះស្រាយបញ្ហានេះឱ្យបាន»។
លោក វឿង សំណាង ធ្លាប់ជាប់ឆ្នោតជាចៅសង្កាត់រងទី២ របស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ប៉ុន្តែក្រោយមកលោកត្រូវបានតុលាការបានចោទប្រកាន់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគម្រោងការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីដើមខែមករា ឆ្នាំ២០២១។
លោកត្រូវបានអាជ្ញាធរថៃសហការជាមួយអាជ្ញាធរកម្ពុជាចាប់បញ្ជូនខ្លួនទៅដាក់ក្នុងពន្ធនាគារនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២១។ សាលាដំបូងរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២២ បានផ្ដន្ទាទោសលោក វឿង សំណាង ព្រមទាំងសកម្មជននិងថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ៣៧នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗ ចន្លោះពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងរឿងគម្រោងការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីដើមខែមករា ឆ្នាំ២០២១។
ដោយឡែក កាលពីថ្ងៃទី២៧ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើលោក វឿង សំណាង ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាមួយនឹងលោក សម រង្ស៉ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសដទៃទៀត។ តុលាការនឹងប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី៩ ខែតុលាខាងមុខ។
សាច់ញាតិ និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយដែលកំពុងជាប់ឃុំទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់ជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។