មេ​បក្ស​ខ្មែរ​ក្រោក គ្មាន​ប្រតិកម្ម​ចំពោះ​ការ​ដក​មុខ​តំណែង​ពី​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ទេ

0:00 / 0:00

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហាក់​មិន​ហ៊ាន​បង្ហាញ​​ប្រតិកម្ម​​​ទេ ជុំវិញ​ការ​​បញ្ចប់​តួនាទី​​​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​គាត់ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​នោះ​។ លោក ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ឧសភា​ថា លោក​​សុំ​មិន​​​មាន​មតិ​អ្វី​ទាំង​អស់៖ « លោក ខ្ញុំ​សុំ​អត់​មាន​មតិ​អ្វី​ទាំង​អស់​ណា។ សូម​អរគុណ»

ប្រមុខរដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​ចេញ​ព្រះ​រាជក្រឹត្យ​បញ្ចប់​មុខ​តំណែង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ (William Guang) ពី​សមាជិក​​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ ចាប់​ពី​ថ្ងៃ​ទី៤ ឧសភា ​តាម​សំណើ របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែង​ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ប្រតិកម្ម​នឹង​​​សកម្មភាព​​​​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​ដឹក​នាំ​មន្ត្រី​គណបក្ស​ចុះ​ទៅ​ពិនិត្យ​មើល​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម នៅ​ស្រុក​ព្រៃ​នប់ ក្រោម​ហេតុផល​ថា មាន​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​ក្នុង​ឧទ្យាន​ជាតិ។ លោក សាយ សំអាល់ អះអាង​ថា ព័ត៌មាន គឺ​មិន​ពិត។

កាល​ពី​ថ្ងៃ​ទី២ ឧសភា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បាន​នាំ​សមាជិក​បក្ស​របស់​លោក​ ចុះ​បំពេញ​បេសកកម្ម​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ​រាម និង​ថត​វីដេអូ​​ផ្សាយ​ផ្ទាល់ (Live) ថា លោក​ចង់​​ចូល​ក្នុង​តំបន់​​ឧទ្យានជាតិ​ដោយ​អះអាង​ថា ដើម្បី​ស៊ើប​រក​ការ​ពិត​ពី​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ដោយ​ប្រើ​អំពើ​ហិង្សា និង​បង្អត់​អាហារ តែ​មន្ត្រី​អនុរក្ស​បរិស្ថាន និង​សន្តិសុខ​ឯកជន​ ហាម​ឃាត់​មិន​ឲ្យ​ក្រុម​លោក​ចូល​ទៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ​ លោកស្រី ជាប សុធារី ថា តាម​ការ​សាកសួរ​ពលរដ្ឋ ដែល​ធ្លាប់​មាន​ជម្លោះ​ដីធ្លី នៅ​ម្ដុំ​ឧទ្យាន​ជាតិ ពុំ​មាន​នរណា​​​ត្រូវ​គេ​បង្ខាំង ឬ​ស្នាក់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ទៀត​ទេ ចាប់​តាំង​ពី​អាជ្ញាធរ​ចុះ​រុះរើ​ប្រើ​ហិង្សា កាល​ពី​ដើម​ឆ្នាំ២០២០ មក។ លោកស្រី​ថា មាន​តែ​ពលរដ្ឋ​កំពុង​តវ៉ា​ពី​ខាង​ក្រៅ​ឧទ្យាន។

កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើសុំ​ដក​​​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ ប្រជាធិបតេយ្យ លោក​ស្រី សុខ រ័ត្ន​​សុវណ្ណ​បញ្ចៈ​សីលា ពី​សមាជិក​​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​​​ម្នាក់​រួច​ហើយ​ ក្រោយ​ពី​​តុលាការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​រូប​នោះ​ ដោយ​ចោទ​ពី​បទ​​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​​ទេព​នៅ​ខេត្ត​ព្រះវិហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។