ប្រពន្ធ​សកម្មជន​បក្ស​ម្នាក់​ដាក់​ញត្តិ​ស្នើសុំ​ស្ថានទូត​អូស្ត្រាលី​ឱ្យ​ជួយ​តាម​ដាន​សុវត្ថិភាព​សមាជិក​គ្រួសារ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ម្នាក់ ​និង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ម្នាក់​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី ដើម្បី​ឱ្យ​ជួយ​តាម​ដាន និង​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី១៨ មករា។ ការ​ដាក់​ញត្តិ​នេះ បន្ទាប់​ពី​មាន​យុវជន​មួយ​ក្រុម​បាន​ថត​រូប និង​សួរ​នាំ​អាសយដ្ឋាន​កូន​ស្រី​របស់​គាត់​ក្នុង​ពេល​នាង​ចេញ​សាលា​រៀន កាល​ពី​ថ្មីៗ នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​ដាក់​ញត្តិ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយសារ​ពួក​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣ ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ លោក ឃឹម ភាណា គឺ​លោក​ស្រី សុខ បូលីម៉ា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ មករា​ថា ថ្មីៗ នេះ​មាន​យុវជន​មួយ​ក្រុម​ប្រមាណ ៣នាក់ ស្លៀក​ពាក់​ស៊ីវិល​ បាន​សុំ​ថត​រូប​កូន​របស់​គាត់ និង​សូរ​រក​សាលា​រៀន ក្នុង​ពេល​ដែល​នាង​ធ្វើ​ដំណើរ​តាម​ផ្លូវ។ លោក​ស្រី​យល់​ថា សកម្មជន​ភាព​របស់​យុវជន​ទាំង​នោះ អាច​មាន​ចេតនា​មិន​ល្អ​មក​លើ​កូន​របស់​គាត់ នៅ​ពេល​ខាង​មុខ។ លោក​ស្រី​ប្រាប់​ថា ភ្នាក់ងារ​សន្តិសុខ​របស់​ស្ថានទូត​អូស្ត្រាលី (Australia) ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ២នាក់ បាន​ចេញ​មក​ទទួល​ញត្តិ​របស់​លោក​ស្រី​រួច​រាល់​ហើយ៖ «និយាយ​រួម​ទៅ​ខ្ញុំ​អត់​មាន​ភាព​កក់​ក្ដី​ក្នុង​ចិត្ត​ទេ ព្រោះ​កន្លង​មក​ខ្ញុំ​ឃើញ​របៀប​ថា​ គេ​វាយ​បែក​ក្បាល​ រហូត​ដល់​ស្លាប់​ក៏​មាន​ ខ្លះ​បាត់បង់​កាយសម្បទា ក៏​មាន​ដែរ។ ខ្ញុំ​បារម្ភ​មែន​ទែន ព្រោះ​គាត់​ទៅ​រៀន​ផ្លូវ​ឆ្ងាយ ខ្ញុំ​ខ្លាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មួយ​ធ្វើ​អី​លើ​កូន​ស្រី​ខ្ញុំ ខ្ញុំ​បារម្ភ​ណាស់។ យប់​មិញ​ខ្ញុំ​គេង​អត់​លក់​ទេ បាន​ជា​ខ្ញុំ​ត្រូវ​តែ​យក​ញត្តិ​ហ្នឹង​ដាក់​ទូត​អូស្ត្រាលី »

ញត្តិ​នេះ គឺ​ស្នើ​ឱ្យ​ស្ថានទូត​អូស្ត្រាលី ជួយ​ការពារ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​របស់​លោក​ស្រី ដែល​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​គំរាមកំហែង​កូន​ស្រី​របស់​គាត់ គឺ​បាន​បង្ខំ​ឱ្យ​នាង​ប្រាប់​ម្ដាយ​ឱ្យ​ឈប់​ចូល​រួម​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​ឱ្យ​ឈប់​បង្ហោះ​សារ​រិះ​គន់​រដ្ឋាភិបាល​នៅ​លើ​ហ្វេសប៊ុក (Face Book)បន្ត​ទៀត ដើម្បី​ជា​ថ្នូរ​បាន​ដោះ​លែង​លោក​ស្រី​មាន​សេរីភាព​វិញ កាល​ពី​ថ្ងៃ​ទី៣០ ធ្នូ។ លោក​ស្រី សុខ បូលីម៉ា យល់​ថា ករណី​នេះ​ជា​ការ​គំរាម​កំហែង​កូន​ស្រី​របស់​គាត់។ លោក​ស្រី​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ប៉ុនប៉ង​ធ្វើ​បាប​កូន​ស្រី​គាត់ ពីព្រោះ​លោក​ស្រី​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​កូន​ឡើយ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ២នាក់ ដែល​ប្ដី​ជាប់​ពន្ធនាគារ​ព្រៃ​ស​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ មករា​ដដែល បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ញត្តិ​ជូន​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​រួចរាល់។ កន្លង​មក លោក​ស្រី សុខ បូលីម៉ា បាន​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ស្រី​គ្រោង​ដាក់​ញត្តិ​ទៅ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​តាម​ដាន​សុវត្ថិភាព​គ្រួសារ​របស់​លោក​ស្រី។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​ថា ការ​ធ្វើ​កិច្ចសន្យា​កន្លង​មក​មិន​មែន​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​នោះ​ទេ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​របស់​មន្ត្រី​ប៉ូលិស។ លោក​បន្ថែម​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ពួក​គាត់​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​អន្តរាគមន៍​ពួកគាត់​បាន៖ «ហើយ​គាត់​ក៏​មិន​អាច​ចោទ​ថា ខាង​ណា​ខាង​ណី​ដែរ បើ​គាត់​ដឹង​ប្រភព ឱ្យ​គាត់​រាយការណ៍​ទៅ​សមត្ថកិច្ច គាត់​ដាក់​ពាក្យ​បណ្ដឹង​មក​យើង​អនុវត្ត​តាម​ហ្នឹង។ សំខាន់​គាត់​ចេះ​តែ​ចោទៗ យ៉ាង​ម៉េច​បាន។ ឧបមា​ថា ឥឡូវ​យើង​លើក​យើង​លើក​មួយ​យើង​ចោទ​អ្នក​នេះ​ចោទ​អ្នក​នោះ យើង​ម៉េច​ចេះ​តែ​ចោទ​គេ​បាន។ សំខាន់​ចោទ​ប្រកាន់​លើក​លែង​យើង​មាន​ភស្តុតាង​ត្រឹមត្រូវ​​អា​ហ្នឹង​យើង​អនុវត្ត​បាន »

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់​ថា ការ​ដាក់​ញត្តិ​​រក​អន្តរាគមន៍​ពី​ស្ថានទូត​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដោយសារ​ពួកគាត់​​អស់​ជំនឿ​លើ​ស្ថាប័ន​រដ្ឋ។ លោក​បញ្ជាក់​ថា កន្លង​មក​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​​ត្រូវ​បាន​ជនល្មើស​លប​វាយ​ឱ្យ​របួស​ធ្ងន់ ហើយ​បើ​ទោះ​បី​ជា​ស្គាល់​ស្លាក​លេខ​ម៉ូតូ​និង​មាន​វីដេអូ​បញ្ជាក់​ច្បាស់​យ៉ាង​ណា​ក្ដី ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​ណា​ម្នាក់​​​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៖ «ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​សង្គម​ស៊ីវិល ទោះ​បី​ថា វា​មាន​ស្ថានភាព​អីចឹង​ក៏​ដោយ ប៉ុន្តែ​ផ្លូវ​ច្បាប់​កម្ពុជា ដើម្បី​ប្ដឹង​ជន​ណា​ម្នាក់​ដែល​ធ្វើ​ការ​គំរាម​កំហែង ឬ​បំពារបំពាន​ផ្លូវ​ច្បាប់ គឺ​គ្មាន​អ្វី​ក្រៅ​អំពី​​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ស្វែង​រក​ជន​ប្រព្រឹត្ត​ទាំង​អស់​ហ្នឹង​មក​ផ្ដន្ទាទោស​ទេ ព្រោះ​អា​ហ្នឹង​ទោះ​បី​ថា យើង​ប្ដឹង​មួយ​កម្រិត​មិន​រក​យុត្តិធម៌​ឱ្យ អាច​ថា​ប្ដឹង​បន្ត​បន្ទាប់​រហូត​តាម​នីតិវិធី​អីចឹង​ទៅ »

កាលពី​ព្រលប់​ថ្ងៃ​ទី១២ ធ្នូ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ភ្នំពេញ និង​កូន​មន្ត្រី​គណបក្ស​នេះ​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ស្ទាក់​វាយ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ពេល​​ពួកគាត់​កំពុង​រត់​ម៉ូតូ​កង់​បី ដឹក​ភ្ញៀវ​នៅ​ម្ដុំ​បែក​ចាន រាជធានី​ភ្នំពេញ ។

គិត​​ត្រឹម​ថ្ងៃ​ទី១៨ មករា​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជិត ៣០នាក់​ហើយ ត្រូវ​បាន​មិន​ស្គាល់​មុខ​លួច​វាយ​ឲ្យ​របួស ដែល​ភាគច្រើន​កើត​ឡើង​នៅ​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ចាប់ខ្លួន​ជនល្មើស​ណា​ម្នាក់​ដាក់​ទោស​បាន​នៅ​ឡើយ​ទេ។ ករណី​អំពើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​​ប្រឆាំង​នេះ​ ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព លួច​វាយ​ជនរងគ្រោះ​ពី​ក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជនរងគ្រោះ។

កាលពី​ខែ​តុលា​កន្លង​ទៅ អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចាត់​ទុក​ថា អំពើ​ហិង្សា​ទាំង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។