រដ្ឋាភិបាលកម្ពុជា បន្តខ្ចីលុយប្រទេសចិន ប្រមាណ ៦០លានដុល្លារបន្ថែមទៀត ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្រៅពីនេះ ចិន យល់ព្រមលុបបំណុលរបស់ខ្លួនដែលកម្ពុជា ជំពាក់ និងជំនួយដល់វិស័យយោធាថែមទៀតផង។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ល្ងាចថ្ងៃទី១៣ ខែតុលា នៅវិមានសន្តិភាព ចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ ទាក់ទងការសាងសង់ផ្លូវ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គិសនី និងទំនាក់ទំនងពាណិជ្ជកម្ម ជាដើម។
ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់ជំនួបថា លោក ហ៊ុន សែន ប្រាប់ទៅភាគីចិន ថា ការអភិវឌ្ឍនៅកម្ពុជា កម្ពុជា មិនអាចកាត់ផ្តាច់ពីចិន បានទេ។ លោកបន្តថា លោក ស៊ី ជីនពីង ប្រាប់ទៅលោក ហ៊ុន សែន ថា ចិន នឹងជួយកម្ពុជា ឲ្យប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧៖ «នេះជាទស្សនកិច្ចប្រវត្តិសាស្ត្រ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ។ ថ្នាក់ដឹកនាំទាំង២ សុំឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិតទាំងអស់»។
លោក អ៊ាង សុផល្លែត បញ្ជាក់បន្ថែមទៀតថា ចិន យល់ព្រមលុបបំណុលរបស់ខ្លួនដែលកម្ពុជា ជំពាក់នៅឆ្នាំ២០១៥ ចំនួន ៦០០លានយន់ ដែលគិតជាប្រាក់ដុល្លារប្រមាណ ៩០លានដុល្លារ។ វិស័យយោធាវិញ ចិន ផ្តល់ថវិកាចំនួន ១០០លានយន់ ដែលគិតជាប្រាក់ដុល្លារប្រមាណ ១៥លានដុល្លារ។
ទោះបីជាបែបនេះក្តី លោក អ៊ាង សុផល្លែត មិនទាន់អាចបញ្ជាក់ថា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ ដែលភាគីទាំងពីរបានចុះហត្ថលេខា មានទំហំទឹកប្រាក់ប៉ុន្មាននៅឡើយទេ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង រយៈពេល ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា គឺធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច បរមនាថ នរោត្ដម សីហមុនី៕
សូមស្ដាប់លោក ប្រាជ្ញ ចេវ រាយការណ៍ព័ត៌មានពិស្ដារ៖
គណបក្សសង្គ្រោះជាតិ ស្នើឲ្យចិន ធានាឲ្យបាននូវការអនុវត្តពេញលេញនូវសន្ធិសញ្ញាទីក្រុងប៉ារីស
ដោយ ស៊ុន ហេង
ចំណែកឯគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៣ តុលា នេះ បានចេញលិខិតស្វាគមន៍មួយដល់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។
លិខិតធ្វើឡើងរួមដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានសរសេរពីទំនាក់ទំនងការទូតកម្ពុជា និងចិន តាំងពីឆ្នាំ១៩៥៨ មក តាមរយៈវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសលើការជួយផ្ចុងផ្ដើមឲ្យមានសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១។
គណបក្សសង្គ្រោះជាតិ បានសំណូមពរឲ្យចិន ជួយធានាឲ្យបានថា ការអនុវត្តសន្ធិសញ្ញាមួយនេះឲ្យមានសភាពពេញលេញ ដែលគោរពទៅលើអធិបតេយ្យភាព បូរណភាពទឹកដី គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។