ក្រុមយុវជនរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលចងកំហឹងនឹងពលរដ្ឋខ្លួនឯង រឿងបំណុលធនាគារ។ ពួកគេថា ក្នុងនាមជាអ្នកដឹកនាំជាតិ លោក ហ៊ុន សែន គួរណាស់តែជួយដល់ពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ហើយបើកសិទ្ធិឱ្យពលរដ្ឋអាចសម្តែងមតិ និងទុក្ខកង្វល់របស់ពួកគាត់បានដោយសេរី។ ប្រតិកម្មរបស់ក្រុមយុវជននេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានជំរុញជាថ្មីម្តងទៀតឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសយកទ្រព្យសម្បត្តិពលរដ្ឋណាដែលមិនចង់សងបំណុល ដើម្បីឱ្យពលរដ្ឋទាំងនោះក្លាយជាជនគ្មានផ្ទះសម្បែង។
ក្រុមយុវជន និងអង្គការសង្គមស៊ីវិល លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួររើសអើង និងចាត់ទុកពលរដ្ឋរបស់ខ្លួនជាសត្រូវនោះទេ ជាពិសេស លោកមិនត្រូវរុញពលរដ្ឋរបស់ខ្លួនឱ្យបាត់បង់ដីធ្លី និងផ្ទះសម្បែងបែបនេះឡើយ។
សមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា ថ្លែងថា កញ្ញាសោកស្តាយដែលកម្ពុជាមានមេដឹកនាំមួយរូបដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហា ហើយអាងអំណាចធ្វើបាបពលរដ្ឋខ្លួនឯង។ កញ្ញាបន្តថា ដោយសារតែពលរដ្ឋជួបទុក្ខលំបាកក្នុងស្ថានភាពកូវីដ-១៩ ទើបពួកគាត់ភាគច្រើនមិនមានលទ្ធភាពសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីផ្អាកការសងបំណុល។
យុវជនដែលធ្លាប់ធ្វើកូដកម្មបង្អត់អាហារដើម្បីស្នើសុំធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការសងបំណុលរូបនេះ ថ្លែងទៀតថា សម្តីលោក ហ៊ុន សែន សបញ្ជាក់ថា លោកមិនបានគិតគូរពេញលេញដល់សុខទុក្ខរបស់ពលរដ្ឋនោះឡើយ៖ « ខ្ញុំសោកស្តាយដែលឮនាយករដ្ឋមន្ត្រី តំណាងនៃស្រុកខ្ញុំ ប្រទេសខ្ញុំ ប្រើពាក្យអសុរោះ ពាក្យព្រៃ ពាក្យដែលអាវាសែបែបនេះ។ បើពិភពលោកឮសម្តីអ្នកដឹកនាំស្រុកខ្ញុំ ខ្ញុំខ្មាសគេណាស់ មិនដឹងយកមុខទៅទុក្ខឯណា។ នេះមានន័យថា គាត់បើកសិទ្ធិឱ្យខាងធនាគាររឹបអូសយកដី ផ្ទះប្រជាពលរដ្ឋហើយ គាត់អត់មានជួយអ្វីទេ » ។
ស្រដៀងគ្នានេះ យុវជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស កញ្ញា សៅ ឧសភា ថ្លែងថា លោក ហ៊ុន សែន ជាមេដឹកនាំអាត្មានិយម គិតតែអំណាចផ្ទាល់ខ្លួន មើលរំលងពីសុខទុក្ខរបស់ពលរដ្ឋ។ កញ្ញាបន្តថា ទំនងជាធ្លាប់ប្រព្រឹត្តទង្វើអាក្រក់ច្រើនពេក ទើបនៅពេលធ្វើល្អបន្តិចបន្តួច លោក ហ៊ុន សែន អររីកថ្លើមរហូតដល់ថ្នាក់ អួតខ្លួនឯងថា ជាមេដឹកនាំជ្រះថ្លាជាងគេ៖ « ពាក្យសម្តីដែលគាត់លើកឡើង គឺវាជាអត្តចរិតរបស់គាត់ពីធម្មជាតិមកហើយ អ៊ីចឹងគាត់អត់មានការខ្មាសអៀនទេ។ តែបើខ្ញុំជាលោក ហ៊ុន សែន វិញ គឺខ្ញុំខ្មាសប្រជាពលរដ្ឋខ្លួនឯង ខ្ញុំរត់ទៅចងកស្លាប់បាត់ហើយ។ មនុស្សដែលគេប្រព្រឹត្តល្អពិតប្រាកដ គេមិនដែលលើកខ្លួនឯងថា ខ្លួនឯងល្អ នោះទេ មានតែបុគ្គលដែលបានប្រព្រឹត្តអាក្រក់លើសលប់ ហើយ បានជាខ្លួនឯងធ្វើល្អបន្តិចបន្តួច លើកខ្លួនឯងឡើងនោះ » ។
ចំណែក អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ជារឿងគួរឱ្យអស់សំណើចនៅពេលលោក ហ៊ុន សែន សរសើរខ្លួនឯងថា ជាមេដឹកនាំជ្រះថ្លាជាងគេ តែបែរជាបន្តជំរុញឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសយកទ្រព្យសម្បត្តិពលរដ្ឋដែលមាននិន្នាការមិនគាំទ្រលោកយ៉ាងដូច្នេះ។ លោកបន្តថា ក្នុងនាមជាអ្នកដឹកនាំកំពូលរបស់ជាតិ លោក ហ៊ុន សែន គួរតែមានទសពិតរាជធម៌ និងស្តាប់ទុក្ខកង្វល់របស់ពលរដ្ឋ ទោះជាមតិនោះចេញមកពីជ្រុងគណបក្សប្រឆាំងក៏ដោយ៖ « ប្រទេសមួយ ប្រជាជនទាំងមូល គឺស្ថិតនៅក្រោមមេដឹកនាំតែម្នាក់។ គាត់មិនត្រូវនិយាយទៅកាន់ប្រជាជនដែលមិនគាំទ្រខ្លួនហ្នឹង បែបអាមឹង ឬមួយក៏លើកទឹកចិត្តឱ្យធនាគាររឹបអូស ពួកប្រឆាំងទាំងអស់ហ្នឹង បើវាជំពាក់ធនាគារអ្វី ឱ្យរឹបអូសទាំងអស់។ អ៊ីចឹងយើងមើលទៅសម្តីមេដឹកនាំហាក់បីដូចជាគ្រោតគ្រាត ខឹងសម្បារទៅនឹងប្រជាជនខ្លួនឯង។ អ៊ីចឹង ចំពោះខ្ញុំមិនអាចទទួលយកបានទេ ក្នុងនាមប្រជនជនកម្ពុជាមួយរូប » ។
ប្រតិកម្មធ្ងន់ៗរបស់ក្រុមយុវជននេះ គឺដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ សីហា បានជំរុញជាថ្មីទៀតឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសយកទ្រព្យសម្បត្តិពលរដ្ឋណា ដែលលោកចោទថា ចង់ធ្វើពហិការមិនសងបំណុល តាមការអំពាវនាវរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ នៅពេលនោះ លោក ហ៊ុន សែន បានអួតខ្លួនលោកថា ជាមេដឹកនាំជ្រះថ្លាលើសគេ ក្រោមហេតុផលថា លោកបានអង្វករធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យយោគយល់ និងរៀបចំកម្ចីឡើងវិញ សម្រាប់ពលរដ្ឋដែលកំពុងជួបការលំបាក។ ទោះជាយ៉ាងណា បុរសខ្លាំងរូបនេះនិយាយញ័រមាត់ថា បើពលរដ្ឋណាមើលមិនឃើញពីទឹកចិត្តរបស់លោកទេ នោះលោកបើកសិទ្ធិឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិពលរដ្ឋរូបនោះ ដើម្បីឱ្យរូបគេក្លាយជាជនគ្មានផ្ទះសម្បែង៖ « ខ្ញុំលើកទឹកចិត្តឱ្យរឹបអូសចំពោះជនណាក៏ដោយ ដែលតាមមេឧទ្ទាម។ មើលអាហ្នឹង វាតាមហើយ ដាក់វាយកទៅ រឹបអូសទៅ ឱ្យហ្អែងទៅដេកកណ្តាលភ្លៀង។ គេមានអធ្យាស្រ័យល្អ មើលមិនឃើញ បែរជាមកថាគេលើកទឹកចិត្តឱ្យរឹបអូស។ លើកទឹកចិត្តឱ្យរឹបអូស ដោយសារតែអ្នកឯងខូច អ៊ីចឹងអាផលដែលអ្នកឯងខូច ទទួលបានមកវិញនូវការរឹបអូសដីធ្លី និងផ្ទះសម្បែង។ កុំរួចហើយ មកធ្វើបាតុកម្ម មើលមុខ អាចូល រួមបាតុកម្ម អាហ្នឹងមានជំពាក់ធនាគារឬអត់ ? បើមានជំពាក់ធនាគារ ធនាគារហ្នឹងគាត់រឹបទៅ មីក្រូហ្នឹងគាត់រឹបទៅ។ វាមិនដែលម៉ែអាណា អញប្រឹងសែងហ្អែងហើយ បែរជាហ្អែងស្តោះទឹកមាត់ដាក់លើក្បាលអញ។ វិធីតែមួយគត់ អញទមា្លក់ហ្អែង ពីលើស្នែង » ។
ប្រសាសន៍របស់បុរសខ្លាំងរូបនេះ ហាក់បានបំពានក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ។ តាមរយៈកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលកម្ពុជាបានទទួលស្គាល់ និងសន្យាអនុវត្តតាមនោះ រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចការពារសិទ្ធិរស់នៅសមរម្យរបស់ពលរដ្ឋគ្រប់រូប រួមទាំងសិទ្ធិទទួលបានលំនៅឋាន និងអាហារសមរម្យផងដែរ។ រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់នូវកិច្ចគាំពារពិសេសដល់អ្នកដែលស្ថិតក្នុងស្ថានភាពរងគ្រោះ អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះ។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែងថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ត្រូវតែដោះស្រាយទុក្ខកង្វល់ និងបម្រើផលប្រយោជន៍ពលរដ្ឋឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់និន្នការនយោបាយ។ លោកថា ការប្រើពាក្យសម្តីប្រកបដោយការរើសអើង និងហិង្សាពីសំណាក់ថ្នាក់ដឹកនាំកំពូលបែបនេះ នឹងធ្វើឱ្យមន្ត្រីថ្នាក់ក្រោមប្រើអំណាចជិះជាន់ គាបសង្កាត់ និងរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ៖ « ក្នុងស្ថានភាពបច្ចុប្បន្ន យើងដឹង ហើយថា ប្រជាពលរដ្ឋគឺកំពុងតែមានការលំបាក ប្រឈមនឹងការរកលុយអត់បាន។ ជារួម គឺរកលុយ រកទទួលទានអ្វីអត់បានទេ ដោយសារតែបញ្ហាកូវីដ - ១៩។ ដូច្នេះប្រសិនបើមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារឯកជន យកសារហ្នឹងយកទៅគំរាមប្រជាពលរដ្ឋ គឺធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយប្រឈមទៅនឹងការរំលោភសិទ្ធិ ជាពិសេសគឺប៉ះពាល់ ទៅដល់ទ្រព្យ សម្បត្តិរបស់ពួកគាត់ មានដីធ្លី ផ្ទះសម្បែង ជាដើម » ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិវាយតម្លៃថា របបលោក ហ៊ុន សែន មិនបានដាក់ចេញវិធានការជាក់លាក់ និងគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងវ័ណ្ឌកដោយវិបត្តិបំណុលនោះនៅឡើយទេ ក្រៅតែពីការអង្វរកធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យរៀបចំកម្ចីឡើងវិញ។ កង្វះយន្តការជាក់លាក់បែបនេះ ធ្វើឱ្យពលរដ្ឋដែលកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ ត្រូវប្រឈមនឹងការបាត់បង់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ។ ក្រុមសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការអនុវត្តបែបបង្ខិតបង្ខំ និងត្រូវគ្រប់គ្រងការផ្តល់ប្រាក់កម្ចីឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ពលរដ្ឋមិនផុងខ្លួនកាន់តែជ្រៅក្នុងវិបត្តិបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។