អាជ្ញាធរឃុំជំនាប់កំពុងគិតគូរពីសំណើរបស់ក្រុមប្រជាពលរដ្ឋ ដែលស្នើសុំឱ្យអាជ្ញាធររក្សាទុកស្នាក់ការសហគមន៍ស្ទឹងអារ៉ែងឱ្យនៅដដែល ដើម្បីបម្រើវិស័យទេសចរណ៍ធម្មជាតិរកចំណូលសម្រាប់សហគមន៍នៅពេលឱសានវាទនៃការតម្រូវឱ្យរុះរើស្នាក់ការសហគមន៍នោះ បានកន្លងផុតទៅហើយ។ សកម្មជនបរិស្ថានតំបន់អារ៉ែងស្នើសុំឱ្យអាជ្ញាធរកុំរុះរើស្នាក់ការនោះ ព្រោះវាជាប្រភពចំណូលសំខាន់មួយទៀតសម្រាប់ប្រជាសហគមន៍។
អាជ្ញាធរឃុំជំនាប់មិនទាន់តម្រូវឱ្យសហគមន៍តំបន់អារ៉ែងរុះរើស្នាក់ការសហគមន៍របស់ពួកគាត់ ដូចការបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលឃុំនៅឡើយទេ។
មេឃុំជំនាប់លោក មាស ជ្រាយ បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៦ មេសាថា រដ្ឋបាលឃុំនៅតែត្រូវការដីដើម្បីធ្វើសាលាឃុំដដែល ប៉ុន្តែគ្រាន់តែត្រូវពិចារណាលើសំណើរបស់ប្រជាពលរដ្ឋជាមុនសិន៖ «អត់ទាន់សម្រេចថាយ៉ាងម៉េចទេចំពោះការរុះរើនោះ ក៏ប៉ុន្តែគ្រាន់តែថា ឃុំនៅតែត្រូវការយកដីរបស់ឃុំវិញ ដើម្បីធ្វើជាសាលាឃុំ»។
កាលពីខែមុន រដ្ឋបាលឃុំជំនាប់ បានចេញលិខិតមួយដ៏គួរឱ្យភ្ញាក់ផ្អើល គឺតម្រូវឱ្យតំណាងសហគមន៍ស្ទឹងអារ៉ែង រុះរើស្នាក់ការសហគមន៍ចេញឱ្យបានមុនថ្ងៃទី២៥មេសាជាកំណត់។ បើពុំដូច្នោះទេ អាជ្ញាធរឃុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ រដ្ឋបាលឃុំជំនាប់ប្រាប់ពីមូលហេតុនៃការឱ្យរុះរើនោះថា ដោយសារឃុំត្រូវការរៀបចំដី ដើម្បីសង់សាលាឃុំបម្រើសេវាជូនពលរដ្ឋ។
ទោះបីជាយ៉ាងណា គិតត្រឹមថ្ងៃទី២៦មេសា រោងសហគមន៍ស្ទឹងអារ៉ែងនោះ មិនទាន់ត្រូវបានរុះរើចេញនៅឡើយទេ ខណៈពលរដ្ឋក្នុងសហគមន៍ស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យទុកស្នាក់ការនេះឱ្យនៅដដែល ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសហគមន៍។
ប្រធានសហគមន៍ព្រៃឈើជំនាប់ លោក វ៉ែន វ៉ន ថ្លែងថា ប្រសិនបើអាជ្ញាធរសម្រេចមិនរុះរើស្នាក់ការសហគមន៍មែននោះ ប្រជាពលរដ្ឋនឹងមានអំណរសាទរ ហើយវានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមានភាពល្អប្រសើរ និងមានការទុកចិត្តគ្នាទៅវិញទៅមក៖ «ប្រសិនបើមិនមានការរុះរើ ខ្ញុំគិតថា វាល្អមែនទែន ធ្វើឱ្យមានការជិតស្និទ្ធ មានការយល់ចិត្តពីប្រជាពលរដ្ឋ និងការផ្តល់ទំនុកចិត្តកាន់តែច្រើនទៅលើ អាជ្ញាធរ»។
ស្នាក់ការសហគមន៍ស្ទឹងអារ៉ែងសង់ពីឈើប្រក់ស័ង្កសី មានទំហំទទឹង ១២ម៉ែត្រនិងបណ្ដោយ ៧ម៉ែត្រ។ ស្នាក់ការនេះត្រូវបានប្រើប្រាស់ជាកន្លែងជួបប្រជុំរបស់ប្រជាសហគមន៍អំពីការអភិវឌ្ឍមូលដ្ឋាន ជាកន្លែងបណ្តុះបណ្តាលអំពីច្បាប់ និងសិទ្ធិដល់ពលរដ្ឋតំបន់អារ៉ែង ជាពិសេសគឺជាកន្លែងសម្រាប់ទទួលភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅតំបន់អារ៉ែង។
លោក វ៉ែន វ៉ែន បញ្ជាក់ថា មូលហេតុសំខាន់ដែលពលរដ្ឋមិនគាំទ្រឱ្យរុះរើស្នាក់ការសហគមន៍នេះ ដោយសារស្នាក់ការនេះជាប្រភពចំណូលមួយយ៉ាងសំខាន់ សម្រាប់យកទៅជួយដល់កុមារ ជនពិការ និងចាស់ជរា ព្រមទាំងមនុស្សគ្មានទីពឹងនៅក្នុងសហគមន៍៖ «ប្រសិនបើមិនរុះរើ ប្រជាពលរដ្ឋនឹងគិតថា អាជ្ញាធរយល់ពីទុក្ខលំបាករបស់ពួកគាត់ ដោយសាររយៈកាលកន្លងទៅ ពួកគាត់ជួបទុក្ខលំបាក មានបញ្ហាជីវភាព។ ចំពោះប្រជាជនក៏មិនខុសពីខ្ញុំដែរ គាត់នឹងសប្បាយចិត្ត បើអាជ្ញាធរយល់ពីអារម្មណ៍ យល់ពីទុក្ខលំបាករបស់គាត់»។
ការសាងសង់ស្នាក់ការសហគមន៍ស្ទឹងអារ៉ែងនេះហើយ ដែលបានធ្វើឱ្យលោក វ៉ែន វ៉ន ត្រូវអាជ្ញាធរចាប់ខ្លួន កាលពីខែតុលា ឆ្នាំ ២០១៥ កន្លងទៅ។ តុលាការខេត្តកោះកុងបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត តែទោសនេះត្រូវព្យួរ ក្រោយពេលលោកជាប់ឃុំអស់រយៈពេលជិត ៥ ខែ។ លោក វ៉ែន វ៉ន បានបដិសេធការចោទប្រកាន់នេះ ហើយថាឈើដែលលោកប្រមូលទិញនោះ គឺដើម្បីយកមកធ្វើស្នាក់ការសហគមន៍ដើម្បីបម្រើផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ សំណុំរឿងរបស់លោក វ៉ែន វ៉ន មិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។