អង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់នៅឡើយនៅលើពិភពលោក។ ការលើកឡើងបែបនេះ ផ្អែកទៅលើរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០១៦ ដែលបង្ហាញថា កម្ពុជាស្ថិតក្នុងលេខរៀងទី១៥០ ក្នុងចំណោមប្រទេស ១៦៨។
ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា លោក ឱក សេរីសោភក្តិ៍ មានប្រសាសន៍ថា លទ្ធផលស្ដីពីអំពើពុករលួយឆ្នាំ២០១៥ នេះ បានឆ្លុះបញ្ចាំងថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោក ឱក សេរីសោភក្តិ៍ លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ (Raffle Hotel Le Royal) ព្រឹកថ្ងៃទី២៧ មករា៖ «ខណៈដែលការធ្វើកំណែទម្រង់វិស័យមួយចំនួនត្រូវបានកត់សម្គាល់ និងទទួលបានការស្វាគមន៍ វាជាការចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវបន្តធ្វើកំណែទម្រង់ទៅលើស្ថាប័នសាធារណៈនានា ដោយផ្តោតទៅលើស្ថាប័នសំខាន់ៗ ដូចជាប្រព័ន្ធតុលាការ និងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងស្ថាប័នដែលផ្ដល់សេវាសាធារណៈ»។
អំពើពុករលួយមាន ៦ទម្រង់ គឺការស៊ីសំណូក ការកេងប្រវ័ញ្ច ការលួចបន្លំ ការសម្លុតគំរាម បញ្ហាបក្សពួក ឬគ្រួសារនិយម និងអំពើពុករលួយផ្នែកនយោបាយ។
របាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ ស្ថិតក្នុងលេខរៀងទី១៥០ ក្នុងចំណោមប្រទេស ១៦៨។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជាមានស្ថានភាពអំពើពុករលួយខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្រោមមីយ៉ាន់ម៉ា និងឡាវ ទៅទៀត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បញ្ជាក់ថា ការទទួលបានពិន្ទុតិចនេះ គឺដោយសារកម្ពុជា ទទួលបានពិន្ទុទាបនៅក្នុងសន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០១៥។ លោក ព្រាប កុល បន្តទៀតថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជារឿងដ៏ចាំបាច់បំផុតដែលកម្ពុជា ត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ក្រៅពីនេះ លោក ព្រាប កុល មើលឃើញថា ឯករាជភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយដាច់ចេញពីរដ្ឋាភិបាលជារឿងមួយដែលអង្គការតម្លាភាពកម្ពុជា និងពលរដ្ឋទូទៅចង់បាន៖ «ខ្ញុំថាទម្រង់ធំបំផុតដែលត្រូវធ្វើ គឺកែទម្រង់ជាតិសំខាន់ៗ ដូចជាប្រព័ន្ធតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នរដ្ឋសភា ហើយរៀបចំប្រព័ន្ធអភិបាលកិច្ចឱ្យមានគ្រប់ស្ថាប័នជាតិសំខាន់ៗ បូករួមនឹងស្ថាប័នរៀបចំការបោះឆ្នោតដែលជាយន្តការមួយសម្រាប់ទ្រទ្រង់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ»។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ។ លោក ឱម យ៉ិនទៀង លើកឡើងថា របាយការណ៍នេះធ្វើឡើងផ្អែកលើទស្សនៈមនុស្ស និងក្រុមមនុស្សដែលធ្វើឱ្យលទ្ធផលលម្អៀង និងមិនត្រឹមត្រូវ តាមបរិបទ និងការវិវឌ្ឍន៍ជាក់ស្ដែង។
លោក ឱម យ៉ិនទៀង អះអាងទៀតថា ស្ថាប័នរបស់លោកមានភាពឯករាជខាងប្រតិបត្តិការ មិនគួរណាអង្គការតម្លាភាពកម្ពុជា លើកបញ្ហានេះឡើងនោះឡើយ៖ «បើយើងពិនិត្យលើភាពជាក់ស្ដែង ការដាក់ពិន្ទុរបៀបនេះ គ្មានអ្វីក្រៅពីរបៀបវារៈនយោបាយទេ ហើយមិនលើកទឹកចិត្តដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយទេ គឺគេតម្រូវតែនយោបាយរបស់គេទេ។ ឧទាហរណ៍ប្រទេសដែលប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយខ្លាំង បែរជាគេដាក់ពិន្ទុឱ្យទាបតាមតែការនឹកឃើញរបស់គេ»។
កាលពីឆ្នាំ២០១៤ កម្ពុជាក៏ទទួលបានពិន្ទុ ២១ ដូចគ្នា តែទទួលបានចំណាត់ថ្នាក់លេខ១៥៦ ក្នុងចំណោមប្រទេស ១៧៥។
សម្រាប់ឆ្នាំ២០១៥ នេះ អង្គការតម្លាភាពអំពាវនាវជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលអនុវត្តអនុសាសន៍ដែលធ្លាប់បានលើកឡើង។ អនុសាសន៍ទាំងនោះរួមមាន កំណែទម្រង់ប្រព័ន្ធតុលាការ ការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន វិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ការពារសាក្សី និងអ្នករាយការណ៍ ព្រមទាំងដោះស្រាយបញ្ហាបក្សពួកនិយម និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នរដ្ឋទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។