ពលរដ្ឋ​មួយ​ក្រុម​រួម​គ្នា​អភិរក្ស​បឹង​មួយ​កន្លែង​​នៅ​ខេត្ត​បាត់ដំបង​រហូត​បាន​ជោគជ័យ​​ធ្វើ​ឱ្យ​ផល​ត្រី​កើន​ឡើង

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ចំនួន ៧​នាក់​​ ​បង្កើត​ជា​សហគមន៍​នេសាទ​ត្រី​ ដោយ​ការ​​រួម​គ្នា​អភិរក្ស​បឹង​មួយ​នៅ​ស្រុក​ឯកភ្នំ ទទួល​បាន​ជោគជ័យ​ធ្វើ​ឱ្យ​ផល​ត្រី​ឆ្នាំ​នេះ​កើន​ឡើង​ច្រើន​ រហូត​​មាន​ល្បីល្បាញ​​ក្នុង​ខេត្ត​បាត់ដំបង​។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​ជោគជ័យ​នេះ​ ដោយសារ​ពលរដ្ឋ​ទាំង​នោះ​ខំប្រឹង​ធ្វើ​ការងារ​ដោយ​​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​សហគមន៍ និង​​មាន​ការ​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ និង​សេចក្ដី​សុខ​ក្រុម​គ្រួសារ​របស់​ខ្លួន​ ដើម្បី​ផល​ប្រយោជន៍​រួម​នៅ​សង្គម។

ទិដ្ឋភាពនៅបឹងអភិរក្សរំពេន៣ត ភូមិបាក់រទេះ ឃុំព្រែកហ្លួង ខេត្តបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០១៩។
ទិដ្ឋភាពនៅបឹងអភិរក្សរំពេន៣ត ភូមិបាក់រទេះ ឃុំព្រែកហ្លួង ខេត្តបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០១៩។ (សហគមន៍នេសាទស្ដីក្រោមរហាលសួង )

​​​​​ប្រធាន​សហគមន៍​នេសាទ​ស្ដី​ក្រោម​រហាល​សួង លោក ភី ហឿត ប្រាប់​អាស៊ី​សេរី​ថា ផល​ត្រី​ក្នុង​បឹង​អភិរក្ស​របស់​សហគមន៍​​ឆ្នាំ​នេះ​ បាន​កើន​ឡើង​ច្រើន​ឆ្នាំ​មុន​ ដោយ​សារ​តែ​ពួកគាត់​ព្រួយបារម្ភ​អំពី​ធនធាន​មច្ឆាជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ចេះ​តែ​ថយ​ចុះ​ជា​បន្តបន្ទាប់​ ហើយ​ក៏​នាំគ្នា​បង្កើត​ជា​សហគមន៍​អភិរក្ស​ពូជ​ត្រី​ ដើម្បី​បង្កើន​ចំនួន​ត្រី​នៅ​តំបន់​ពួកគាត់​រស់​នៅ​ឲ្យបាន​កើន​ឡើង​វិញ​។ លោក​បញ្ជាក់​​ថា យុទ្ធសាស្ត្រ​សំខាន់​ៗ ​ដែល​ធ្វើ​ឱ្យ​សហគមន៍​ជោគជ័យ​ គឺ​ពួកគាត់​ទាំង​ ៧​នាក់ ប្រជុំ​ដាក់​ផែនការ​ច្បាស់លាស់​ ​ដោយ​ចាត់​ឱ្យ​សមាជិក​ក្នុង​សហគមន៍​ចំនួន​​ ២នាក់​ប្រចាំ​នៅ​បឹង​អភិរក្ស សម្រាប់​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​លួច​នេសាទ​​ និង​រាយការណ៍​ភ្លាម​ៗ​ ទៅ​សមាជិក​សហគមន៍​ដទៃ​ទៀត​ ដើម្បី​ឱ្យ​ទៅ​ជួយ​ទប់​ស្កាត់​ ប្រសិន​បើ​មាន​ជនល្មើស​លួច​នេសាទ​ក្នុង​បឹង​អភិរក្ស។ បឹង​ដែល​ប្រជាពលរដ្ឋ​អភិរក្ស​នេះ​ ឈ្មោះ​រំពេន ៣​ត ​មាន​ផ្ទៃ​ទឹក​​ទទឹង ​៤០​ម៉ែត្រ​ និង​​បណ្ដោយ​​ជាង ​២០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​បាក់រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ។

លោក​ ភី ហឿត បន្ត​ថា សមាជិក ​៥​នាក់​ផ្សេង​ទៀត​​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន​ ដើម្បី​ធ្វើ​ផែនការ និង​ជា​អ្នក​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ជំនួយ​​ទប់​ស្កាត់​បទ​ល្មើស​ និង​រក​ថវិកា​ជួយ​ដល់​អ្នក​យាម​ការពារ​និង​​ពង្រីក​បឹង​ឱ្យ​បាន​ជ្រៅ​បន្ថែម​ទៀត​។​ មន្ត្រី​សហគមន៍​រូប​នេះ​​បន្ត​ថា​ ដោយសារ​ការ​​ថែរក្សា​បាន​តឹងរ៉ឹងនេះ​ហើយ​ ធ្វើ​ឱ្យ​ជនល្មើស​មិន​អាច​លួច​នេសាទ​ក្នុង​ដែន​​អភិរក្ស​បាន​ ដែល​ធ្វើ​ឱ្យ​ផល​ត្រី​ចេះ​តែ​កើន​ឡើង​ជា​បន្តបន្ទាប់៖ « ហើយ​យើង​បាន​កំណត់​គណៈកម្មការ​ម្នាក់​ទៀត​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​មើល​ការងារ​នៅ​ក្នុង​បឹង​អភិរក្ស​បន្ថែម​ពី​លើ​អ្នក​យាម​នឹង​ទៀត​។ សំខាន់​មួយ​ទៀត​បឹង​អភិរក្ស​យើង​ចាប់​ពី​កើត​មក​តាំង​ពី​ឆ្នាំ​២០០៧​មក​ យើង​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​ហាម​ដាច់​ខាត​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក៏​ដោយ​មក​ពី​ក្រៅ​ឃុំ​ក៏​ដោយ​ហាម​មិន​ឱ្យ​ចេញ​ចូល​ក្នុង​បឹង​អភិរក្ស​តាម​ចិត្ត​ទេ​ បើ​ចង់​ចូល​ទាក់​ទង​មក​គណៈកម្មការ​សុំ​ចូល​ទើប​ឱ្យ​ចូល​បាន​ »

​​​​​​​​ប្រធាន​សហគមន៍​រូប​នេះ​អះអាង​ថា​ ​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ​ ផល​ត្រី​មេ​ពូជ​នៅ​ក្នុង​​បឹង​អភិរក្ស​​រំពេន ​៣​ត មាន​​ប្រមាណ​​​​ពី ​៣០ ​ទៅ​​ជាង ​៤០​តោន ហើយ​ភាគ​ច្រើន​ជា​ប្រភេទ​ត្រី រស់ ឆ្ដោ និង​ត្រី​អណ្ដែង។

សមាជិក​សហគមន៍​ស្ដី​ក្រោម​រហាល​សួង​ ម្នាក់​ទៀត លោក ច្រឹក ធឿន រៀបរាប់​ថា ពួកគាត់​រួម​គ្នា​ធ្វើ​ការ​ដោយ​មិន​គិត​ប្រាក់​ខែ​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ពូជ​ត្រី​ឱ្យ​បាន​ច្រើន​ ​ឱ្យ​ផល​ត្រី​នៅ​ក្នុង​តំបន់​​ពួកគាត់​រស់​នៅ​សំបូរ​ជាង​មុន​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​ស្រុក​អាច​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។ លោក​បន្ត​ថា​​ ពួកគាត់​ការពារ​តាំង​​ពី​រដូវ​ទឹក​ស្រក​ក្នុង​ខែ​វិច្ឆិកា​ រហូត​មក​ដល់​​ខែ​កក្កដា​មិន​ទាន់​ព្រលែងត្រី ចេញ​ពី​បឹង​អភិរក្ស​នៅ​ឡើយ​ទេ​ ដោយ​សារ​នៅ​តាម​ព្រៃ​រនាម​មិន​ទាន់​មាន​ទឹក​ ហើយ​ពួកគាត់​ក៏​នៅ​តែ​បន្ត​យាម​ការ​ពារ​បឹង​​អភិរក្ស​រាល់​ថ្ងៃ​រហូត​ដល់​មាន​ទឹក​ជំនន់​លិច​ព្រៃ​៖ « ខ្ញុំ​មោទនភាព​ណាស់​ ព្រោះ​ក្នុង​ស្រុក​ឯកភ្នំ​មាន​សហគមន៍​ច្រើន​ ប៉ុន្តែ​ការពារ​ត្រី​អត់​បាន​ទេ​ គេ​លួច​លក់​អស់​។តែ​ពួក​ខ្ញុំ​នេះ​ម៉ឺងម៉ាត់​ច្បាស់លាស់​ ដូច​ថា​មេ​សហគមន៍​ធ្វើ​ការងារ​ច្បាស់​លាស់​អីចឹង​គេ​អត់​ហ៊ាន​ទេ​ កាល​ណា​តែ​ចាប់​បាន​ជនល្មើស​ដឹង​តែ​បញ្ជូន​ទៅ​តុលាការ​ដាក់​គុក​ហើយ​អីចឹង​គេ​អត់​សូវ​ហ៊ាន​ទេ​ »

លោក​បន្ត​ថា សហគមន៍​របស់​ពួកគាត់​កើត​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ដោយ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ក្នុង​នោះ មាន​ប្រធាន​ម្នាក់ និង​អនុប្រធាន​​ម្នាក់​ ដើម្បី​ដឹក​នាំ​ និង​សម្រាប់​រក​ជំនួយ​ពី​ក្រៅ​ឧបត្ថម្ភ​ដល់​សហគមន៍។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ព្រែ​ហ្លួង លោក ហួម កុសល់ ប្រាប់​អាស៊ី​សេរី​ថា សហគមន៍​នេះ​ទទួល​បាន​ជោគជ័យ​ដោយសារ​សមាជិក​ទាំង​អស់​មាន​ការ​សាមគ្គី​គ្នា​បាន​ល្អ​ និង​មាន​​ភាព​ស្មោះត្រង់​ដោយ​​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ។លោក​បន្ត​ថា សព្វ​ថ្ងៃ​​អាជ្ញាធរ​ឃុំ​ អភិបាល​ស្រុក​ឯកភ្នំ​ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ​មន្ត្រី​អង្គការ​ពាក់ព័ន្ធ​ តែង​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សហគមន៍​មួយ​នេះ​ជា​ប្រចាំ និង​ទទួល​បាន​ការ​សរសើរ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចុះ​ទៅ​ដល់​បឹង​អភិរក្ស​នេះ​ទៀត​ផង៖ « បាទ​ !​ បើ​និយាយ​ឱ្យ​ដល់​ខ្ញុំ​សរសើរ​ពួកគាត់​អាច​ធ្វើ​បាន​ បើ​និយាយ​ឱ្យ​ដល់​នៅ​ក្នុង​ឃុំ​របស់​ខ្ញុំ​មាន​សហគមន៍​នេសាទ​៤​សហគមន៍​​គឺ​ពួកគាត់​ជា​សហគមន៍​គំរូ​ រហូត​ដល់​ពួកគាត់​ធ្វើ​បាន​ល្អ​ហើយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ សប្បុរស​ជន​ ។​ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ​ ដូច​ថា​សហគមន៍​នេះ​លើក​មុខ​លើក​មាត់​ក្នុង​ឃុំ​ខ្ញុំ​ដែរ​បាទ

​បន្ថែម​ពី​នេះ​ លោក​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​រួម​ចំណែក​សហការ​ជា​មួយ​សហគមន៍​ដែរ ដោយ​ពួកគាត់​ចាប់​ផ្ដើម​មើល​ឃើញ​សារសំខាន់​ពី​បឹង​អភិរក្ស ដោយ​មិន​នាំ​គ្នា​លួច​ធ្វើ​នេសាទ​​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ ដោយសារ​ពួកគាត់​ឃើញ​បុគ្គលិក​សហគមន៍​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​រួម​។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc)ខេត្ត​បាត់ដំបង​លោក យិន ម៉េង មាន​ប្រសាសន៍​ថា មន្ត្រី​សហគមន៍​​មាន​ការ​លះបង់​ខ្ពស់​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​សាមគ្គី​គ្នា​អភិរក្ស​ត្រី​រហូត​បាន​ជោគជ័យ​នេះ​ ដោយសារ​តែ​ពួកគាត់​គិត​ពី​ផល​ប្រយោជន៍​រួម​​សំខាន់​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ភាព​ជោគជ័យ​​នេះ​គឺ​ជា​គំរូ​ល្អ​មួយ​​នៅ​ក្នុង​​សង្គម​​ សម្រាប់​ឱ្យ​សហគមន៍​ផ្សេង​​ទៀត សិក្សា​រៀន​សូត្រ​ យក​បទពិសោធន៍​ល្អ​ៗ​ពី​សហគមន៍​នេះ​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​របស់​ខ្លួន៖ « តំណាង​សហគមន៍​មាន​តម្លៃ​ខ្ពស់​ណាស់​ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​មាន​ការ​កើន​ឡើង​ទេ ពួកគាត់​ត្រូវ​បាន​ទទួល​ស្គាល់​និង​គោរព​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។អីចឹង​ទិន្នផល​ដែល​បាន​កើន​ឡើង​នេះ​វា​បាន​ផល​ដល់​ប្រជា​នេសាទ​​​អាច​រក​ចំណូល​បាន​ច្រើន​ នេះ​ហើយ​ជា​ការ​ឱ្យ​តម្លៃ​ពី​ប្រជា​នេសាទ​មក​លើ​ពួកគាត់​ជា​តំណាង​សហគមន៍​ វា​អាច​ជួយ​ដល់​បញ្ហា​សង្គម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​មាន​រក​ប្រាក់​ចំណូល​កើន​ឡើង​ដែរ​។អីចឹង​ទី​១​វា​មាន​ផល​ដល់​សង្គម​ ទី​២​ពួកគាត់​ផ្ទាល់​ត្រូវ​គេ​គោរព​ស្រលាញ់​នៅ​ក្នុង​ដែន​ដី​របស់​ពួកគាត់​ »

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទើប​តែ​មាន​សហគមន៍​ស្ដី​ក្រោម​រហាល​សួង​នេះ ​ដែល​​ទទួល​​បាន​​ជោគជ័យ​នៅ​ក្នុង​ការ​អភិរក្ស​ និង​មាន​​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ រហូត​ដល់​មាន​​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តែង​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​​នៅ​បឹង​អភិរក្ស​នោះ​ជា​បន្ត​បន្ទាប់​ទៀត​ផង។ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា​ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​មាន​សហគមន៍​អភិរក្ស​ត្រី​ជា​ច្រើន​កន្លែង​ ប៉ុន្តែ​សហគមន៍​ទាំងនោះ​មិន​បាន​ជោគជ័យ​លើ​ការ​អភិរក្ស​របស់​ខ្លួន​នោះ​ទេ ដោយសារ​ពួកគេ​ខ្វះ​ភាព​ស្មោះត្រង់​និង​ខ្វះសាមគ្គីភាព ជា​ពិសេស​​ខ្វះ​ការ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន។

បឹង​អភិរក្ស​រំពេន​ ៣ត​ មាន​ទីស្នាក់ការ​មួយ​សម្រាប់​យាម​ការពារ​ និង​មាន​ចាក់​ដី​ជុំវិញ​មាត់​បឹង​ ដើម្បី​ធ្វើជា​ទី​ទូល​ស្នាក់​អាស្រ័យ​នៅ​រដូវវស្សា និង​មាន​ដាំ​កូន​ឈើ​ព័ទ្ធ​ជុំ​វិញ​បឹង​។ បឹង​នេះ​ស្ថិត​នៅ​ប៉ែក​ខាង​ក្រោម​ដងស្ទឹង​សង្កែ​នៅ​ចំងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ពី​ស្ទឹង​សង្កែ​ និង​មាន​ចំងាយ​ ៣០​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​បាត់ដំបង។ លោក ភី ហឿត បញ្ជាក់​ថា ពួកគាត់​មាន​គម្រោង​​ពង្រីក​​បឹង​​នេះ​​ឱ្យ​ធំ​​បន្ថែម​​ទៀត​ ដើម្បី​អភិរក្ស​ត្រី​ឱ្យ​បាន​កាន់​តែ​ច្រើន​៕​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។