ក្រុមគ្រួសារអ្នកជាប់ឃុំដោយរឿងនយោបាយបង្ហាញអារម្មណ៍ថា ម្នាក់ៗ ហាក់មិនសប្បាយចិត្តនឹងការធ្វើបុណ្យភ្ជុំបិណ្ឌដូចឆ្នាំមុនៗ ឡើយ ដោយសារបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះពួកគេបាត់បង់សមាជិកគ្រួសារសំខាន់ ព្រោះត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់គ្រួសារពួកគេដាក់ពន្ធនាគារពាក់ព័ន្ធនឹងរឿងនយោបាយ និងការបញ្ចេញមតិពាក់ព័ន្ធនឹងយុត្តិធម៌សង្គម។
រដូវបុណ្យបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំខាន់មួយក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលពលរដ្ឋតែងតែប្រារព្ធមិនសូវដែលខកខានឡើយ។
ជារៀងរាល់ឆ្នាំពលរដ្ឋក្មេងចាស់ប្រុសស្រី ទោះបីនៅជិត ក៏ឆ្ងាយយ៉ាងណាក្តី ក៏ស្កាត់ជួបគ្នា ដើម្បីធ្វើបុណ្យដោយក្ដីសប្បាយរីករាយដែរ។
ដោយឡែក ក្រុមគ្រួសារអ្នកជាប់ឃុំដោយរឿងនយោបាយ និងការបញ្ចេញមតិពាក់ព័ន្ធនឹងយុត្តិធម៌សង្គមភាគច្រើនមិនបានចូលរួមប្រារព្ធបុណ្យ ភ្ជុំ-បិណ្ឌ នៅឆ្នាំនេះឲ្យបានពេញលេញនោះទេ ដោយសារខ្វល់ខ្វាយខ្លាំងនឹងសមាជិកកំពុងជាប់ឃុំ ដែលពួកគាត់ចាត់ទុកថា ជាការចាប់ចងយកទៅដាក់គុកឲ្យព្រាត់ប្រាស់គ្រួសារទាំងអយុត្តិធម៌បំផុត នៅមុនពិធីបុណ្យចូលមកដល់។
លោកស្រី សេង ចាន់ថន ជាភរិយារបស់លោក ស៊ុន ធន់ ជាមន្ត្រីថ្នាក់មូលដ្ឋាន នៃគណបក្សប្រឆាំងប្រចាំខេត្តកំពង់ធំ ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីពេលថ្មីនេះ បានបង្ហាញអារម្មណ៍សោកសៅនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
លោកស្រីមានប្រសាសន៍ថា រូបគាត់ និងកូន បានទៅវត្តធ្វើបុណ្យខ្លះដែរ តែមិនបានច្រើនវត្ត ឬដងដូចរាល់ឆ្នាំឡើយ ព្រោះរវល់ធ្វើបាយម្ហូបទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃស ឲ្យបានមុនភ្ជុំបិណ្ឌផង និងខ្វះខាតថវិកាផង តែរឿងសំខាន់ជាងនេះទៅទៀតនោះ គឺគាត់គ្មានអារម្មណ៍ហ្នឹងននៅក្នុងខ្លួនសោះឡើយក្នុងការធ្វើបុណ្យទានឡើយ។
លោកស្រីបន្តថា បើទោះជាបានទៅធ្វើបុណ្យក៏ពិតមែន ក៏ទៅទាំងឈឺចាប់ដោយសារប្តីជាប់ឃុំទាំងអយុត្តិធម៌ មិនបានមកចូលរួមធ្វើបុណ្យរួមគ្នាជាមួយសាច់ញាតិ បងប្អូន កូន ប្រពន្ធ ដូចរាល់ឆ្នាំនោះឡើយ៖ « និយាយទៅសោកស្ដាយបំផុតតែម្ដង… គេគ្រប់គ្នាមានគ្រួសារទៅវត្តជួបជុំគ្នា សប្បាយរីករាយ តែចំណែកខ្ញុំ មានអារម្មណ៍មួយ ឈឺចាប់ មិនសប្បាយចិត្តទាល់តែសោះ ហើយពួកយើងស្រណោះគាត់ ចង់ឲ្យគាត់មកចូលរួមជាមួយពួកយើងដែរ»។
លោក ស៊ុន ធន់ ជាគ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២០។ តុលាការបានចោទលោកពីបទរួមគំនិតក្បត់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងញុះញង់មិនឲ្យយោធាស្ដាប់បង្គាប់។
ចំណែកភរិយាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី វិញ លោកស្រី ក៏មានអារម្មណ៍ចាប់ខ្លាំងណាស់ដែរ ដោយរដូវបុណ្យទានមកដល់ បែរជាបាត់មុខប្ដីជាទីស្រឡាញ់ ដោយត្រូវគេចាប់ឃុំខ្លួនទាំងអយុត្តិធម៌ទៅវិញ។ ភាពសប្បាយរីករាយដែលធ្លាប់កើតមានពេលទៅធ្វើបុណ្យដាក់ទានរួមគ្នា ទៅលេងស្រុកកំណើតជួបជុំបងប្អូនជីដូនជីតា ដូចរាល់ដងនោះ គឺត្រូវរលាយបាត់អស់នៅឆ្នាំនេះ៖ «ខ្ញុំអត់ទាន់បានទៅវត្តទេ ណាមួយអារម្មណ៍អត់ចង់ទៅដែរ ព្រោះពិបាកចិត្តពេក ដោយធ្លាប់មានគាត់ទៅជាមួយយើងនៅក្បែរយើងពេលបុណ្យទានបានជួបជុំគ្នា។ តែឆ្នាំនេះអត់ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់»។
លោកស្រីឲ្យដឹងទៀតថា មកដល់ពេលនេះ រូបគាត់អត់ទាន់ដែលបានទៅជួបមុខប្ដីនៅពន្ធនាគារម្ដងណាឡើយ និងមិនបានទៅធ្វើវត្តធ្វើបុណ្យទានអ្វីនឹងគេឡើយ ព្រោះមានអារម្មណ៍អត់សប្បាយចិត្ត ម្យ៉ាងគាត់នៅជាប់រវល់មើលកូនតូចអាយុទើបបាន ៧ខែប៉ុណ្ណោះ៖ « ខ្ញុំមានការសោកស្ដាយមែនទែន ដែលប្តីជាប់ពន្ធនាគារដោយចោទប្រកាន់ពីបទញុះញង់ ពេលនេះខ្ញុំមានតែការឈឺចាប់ ដូចដឹងស្រាប់ហើយថា របបនេះពិតជាពិបាកមែនទែន »។
លោក ថុន រដ្ឋា ជាសកម្មជននៃក្រុមយុវជនមាតាធម្មជាតិ ត្រូវអាជ្ញាធរឃាត់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ដោយសមត្ថកិច្ចចោទប្រកាន់ ពីការបង្កើតស្ទូឌីយ៉ូនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ផ្សព្វផ្សាយព័ត៌មានដោយខុសច្បាប់អនុញ្ញាតបញ្ចេញព័ត៌មានពីក្នុងប្រទេសទៅក្រៅប្រទេស។
ដោយឡែក លោក រ៉ុង វិជ្ជា ក្មួយប្រុសបង្កើតរបស់ លោក រ៉ុង ឈុន ក៏មានការសោកស្ដាយដែរ ដែលតុលាការមិនបានដោះលែង លោក រ៉ុង ឈុន ឲ្យបានក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវី និងក្រុមគ្រួសារ ដើម្បីឲ្យគាត់បានចូលរួមធ្វើបុណ្យទានជាមួយក្រុមគ្រួសារ និងសហការ រកយុត្តិធម៌តាមផ្លូវច្បាប់ជុំវិញរឿងក្ដីចោទប្រកាន់រូបលោកនោះ « ចំពោះយើងជាសាច់ញាតិពិតជាមានការលោកស្ដាយ ហើយចង់ឲ្យគាត់បានមកនៅក្រៅឃុំជួបជុំគ្រួសារបានធ្វើបុណ្យធ្វើទានរួមគ្នា ដូចជា នៅក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌជាដើម ពីព្រោះអ្វីៗ ដែលលោកគ្រូ រ៉ុង ឈុន បានធ្វើ គឺមិនមានកំហុសដូចការចោទប្រកាន់នោះទេ »។
លោក រ៉ុង ឈុន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា។ ការចាប់ខ្លួននេះ ដោយសារតែលោកនិយាយអំពីបញ្ហាកសិករខ្មែរបាត់ដីនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នៅខេត្តត្បូងឃ្មុំ។
ចំណែកក្រុមគ្រួសាររបស់អ្នកជាប់ឃុំដទៃទៀត ក៏បានបង្ហាញអារម្មណ៍ប្រហាក់ប្រហែលគ្នានេះដែរ។
ទោះបីយ៉ាងណាក្តី លោកស្រី សេង ចាន់ថន ជាភរិយារបស់លោក ស៊ុន ធន់ អំពាវនាវ ឲ្យគ្រួសារអ្នកជាប់ឃុំទាំងអស់ខិតខំថែរក្សាសុខភាពឲ្យបានល្អ និងពង្រឹងស្មារតីឲ្យបានរឹងមាំ ដើម្បីតស៊ូមតិទាមទាររកយុត្តិធម៌បន្តទៀត នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់៖ « ខ្ញុំសូមផ្ដែផ្ដាំទៅពួកគាត់ទាំងអស់គ្នាឲ្យតស៊ូឡើង សូមអត់ធ្មត់តស៊ូទៅមុខ ហើយទៅវត្តធ្វើសូមក្រុមគ្រួសារមានសេចក្ដីសុខទាំងអស់គ្នា »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។