តំណាងកម្មកររោងចក្រហ៊ូលូ (HULU Investment Cambodia) នៅខណ្ឌពោធិ៍សែនជ័យ ស្នើសុំឲ្យអាជ្ញាធរទទួលបន្ទុកវិស័យការងារ ដោះស្រាយករណីថៅកែរោងចក្របញ្ឈប់កម្មករ ដើម្បីបិទរោងចក្រ ដោយមិនផ្ដល់សំណងត្រឹមត្រូវ តាមច្បាប់ការងារឲ្យកម្មករ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ (INTUFE) លោក រី សិទ្ធីណែតប្រាប់ថា ក្នុងជំនួបនៅរសៀលថ្ងៃទី៤ ឧសភា ក្រុមកម្មករស្នើសុំឲ្យខាងរោងចក្រ ប្រាប់ពីមូលហេតុនៃការបញ្ឈប់កម្មករ និងបញ្ជាក់ស្ថានភាពរោងចក្រថា បន្តបើក ឬបិទ។ ក្នុងករណីបិទទ្វារ ក្រុមកម្មករ ស្នើសុំឲ្យទូទាត់សំណង ឲ្យកម្មករគ្រប់ចំនួនតាមច្បាប់។
ប្រធានសហជីពរូបនេះ ឲ្យដឹងថា មន្ត្រីក្រសួងការងារ សន្យានឹងកោះហៅភាគីរោងចក្រហ៊ូលូ ចូលដោះស្រាយនៅថ្ងៃទី៥ ឧសភា ហើយនីតិវិធីបន្ត គឺខាងក្រសួងនឹងកោះហៅទាំងភាគីតំណាងកម្មករ និងថៅកែ ចូលដោះស្រាយរួមគ្នា។ ក្នុងករណីវិវាទនេះ មិនអាចដោះស្រាយបាន ក្រសួងការងារ នឹងបញ្ជូនសំណុំរឿងនេះ ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោកបន្តថា រោងចក្រនេះ បានព្យួរការងារកម្មករ ២ខែហើយ ចាប់តាំងពីខែមីនា និងខែមេសា ដោយខាងរដ្ឋបាលរោងចក្រ បានទូរស័ព្ទហៅកម្មករទៅជួបម្នាក់ម្ដង និងណែនាំឲ្យដាក់លិខិតលាឈប់ពីការងារ ដោយប្រាប់ថា ខាងរោងចក្របិទទ្វារ ដោយសារគ្មានអ្នកបញ្ជាទិញ។
កម្មករខ្លះប្រាប់ថា ខាងរោងចក្រទូទាត់ប្រាក់ឈ្នួល ប្រាក់អតីតភាព ប្រាក់បំណាច់ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត មិនគ្រប់ចំនួនតាមច្បាប់ការងារ ទើបពួកគេផ្ទុះការតវ៉ា។ កម្មករបានប្រមូលផ្ដុំគ្នាតវ៉ា តាំងពីថ្ងៃទី២៤ មេសាមក។ កម្មករអះអាងថា ក្រោយការតវ៉ា រោងចក្របានផ្អាកបញ្ឈប់កម្មករខ្លះ ប្រហែលជិត ៤០០នាក់ ដោយតែបន្តការព្យួរការងារដដែល។
រោងចក្រនេះ មានកម្មករសរុប ១.៣០០នាក់ ថៅកែជនជាតិចិន និងដេរផលិតផល យីហោ Adidas។ តែកម្មករមិនដឹងថា នាំចេញទៅប្រទេសណាខ្លះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។