កម្មវិធី​អាហារូបករណ៍​សម្រាប់​​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​បរទេស

0:00 / 0:00

កម្មវិធី​អាហារូបករណ៍​អ្នកដឹកនាំ​វិស័យ​ពាណិជ្ជកម្ម​ពិភពលោក (Global Trade Leader Scholarship) ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​ជំនាញ​វិស្វកម្ម​ផលិតកម្ម​សាកល និង​ការ​គ្រប់គ្រង​ដល់​និស្សិត​កម្ពុជា ហើយ​បេក្ខជន​ដែល​ប្រឡង​ជាប់​អាហារូបករណ៍ ត្រូវ​បាន​ធានា​ផ្ដល់​ឱកាស​ការងារ​ក្នុង​តំណែង​ជា​អ្នក​ជំនាញ​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ។

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​មូលនិធិ​ហិនរិច (Hinrich Foundation) លោក អាឡិច បុមត៍ (Alex Boome) បញ្ជាក់​ថា លក្ខខណ្ឌ​ជ្រើសរើស​អ្នក​ទទួល​អាហារូបករណ៍ គឺ​បេក្ខជន​ត្រូវជា​ជនជាតិ​កម្ពុជា មាន​បរិញ្ញាបត្រ​វិស្វកម្ម ឬ​ជំនាញ​ដែល​ជាប់​ទាក់ទង ដូចជា​គ្រឿង​ម៉ាស៊ីន អគ្គិសនី និង​គីមីវិទ្យា ហើយ​មាន​ពិន្ទុ​បញ្ជាក់​សមត្ថភាព​ភាសា​អង់គ្លេស IELS ៦.០ ឡើង​ទៅ។ ឆ្នាំ​នេះ កម្មវិធី​អាហារូបករណ៍​នឹង​ជ្រើសរើស​និស្សិត​កម្ពុជា ចំនួន​បី​នាក់។

បេក្ខជន​កម្ពុជា នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ប្រលង​សំណេរ​ផ្នែក​បច្ចេកទេស​វិស្វកម្ម ហើយ​ប្រសិនបើ​ជាប់​វិញ្ញាសា​សរសេរ នឹង​ត្រូវ​សម្ភាស​ផ្ទាល់មាត់​ជា​ភាសា​អង់គ្លេស​ចំនួន​ពីរ​តង់។

និស្សិត​ដែល​បាន​ជ្រើសរើស​នឹង​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​វៀតណាម-​អាល្លឺម៉ង់ នៅ​ជិត​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល​ពីរ​ឆ្នាំ រួម​នឹង​ការ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន និង​ការ​សរសេរ​និក្ខេបបទ។

ការ​សិក្សា​នឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា ឆ្នាំ​២០១៦។ បេក្ខជន​អាច​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ ចាប់​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។

កម្មវិធី​អាហារូបករណ៍​អ្នកដឹកនាំ​វិស័យ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ជា​គម្រោង​របស់​មូលនិធិ​ហិនរិច ដោយ​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ក្រុមហ៊ុន​ឯកជន​ផ្នែក​កាត់ដេរ គឺ​ក្រុមហ៊ុន​នេះ​ហើយ​ដែល​ធានា​ទទួល​និស្សិត​ចូល​បម្រើ​ការងារ​បញ្ចប់​ការ​សិក្សា​ពី​កម្មវិធី​អាហារូបករណ៍។

លោក អាឡិច ពន្យល់​ថា ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ កម្មវិធី​អាហារូបករណ៍​នេះ​នឹង​បណ្ដុះបណ្ដាល​និស្សិត​កម្ពុជា ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ការ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​កាត់ដេរ៖ «វិស័យ​វាយនភណ្ឌ ត្រូវ​គេ​វិនិយោគ​យ៉ាង​ច្រើន​នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ខណៈ​តម្លៃ​ផលិត​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ហើយ​កំពុង​រឹង​បន្តឹង​វិស័យ​កាត់ដេរ។ ដូច្នេះ វិនិយោគិន​កំពុង​រក​កន្លែង​ថ្មី ដែល​ចំណាយ​ថ្លៃ​ដើម​តិច។ គេ​ឃើញ​វិនិយោគិន​ជា​ច្រើន​ទៅ​ប្រទេស​វៀតណាម តែ​ប្រទេស​កម្ពុជា ក៏​ត្រៀម​ខ្លួន​រួច​ដើម្បី​ទទួល​វិនិយោគិន»

បច្ចុប្បន្ន ប្រទេស​កម្ពុជា ខ្វះ​ជំនាញ​ធនធានមនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ឧស្សាហកម្ម​រយៈពេល ៥​ឆ្នាំ ដើម្បី​ប្រែក្លាយ​ប្រទេស​ក្រីក្រ​ដែល​ត្រដរ​រស់​នឹង​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម ដើម្បី​រត់​ឲ្យ​ទាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សួន ប្រសិទ្ធ ក៏​បាន​មើល​ឃើញ​កង្វះ​ជំនាញ​បច្ចេកទេស​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា ដែរ។ លោក​យល់​ថា កម្មវិធី​អាហារូបករណ៍​របស់​មូលនិធិ ហិនរិច នេះ នឹង​រួម​ចំណែក​បំពេញ​អ្នក​ជំនាញ​បច្ចេកទេស​ដែល​កម្ពុជា កំពុង​ខ្វះខាត៖ «ជាពិសេស​ឧស្សាហកម្ម​កាត់​ដេរ​ស្បែក​ជើង ព្រោះ​យើង​ត្រូវ​ការ​ច្រើន យើង​នៅ​ខ្វះ​ច្រើន»

បើ​តាម​លោក ប្រសិទ្ធ វិស័យ​កាត់ដេរ​ស្រូប​យក​កម្លាំង​ពលកម្ម​កម្ពុជា ប្រមាណ ៤៤​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការងារ​បច្ចេកទេស​តំណែង​ខ្ពស់ៗ ត្រូវ​គ្រប់គ្រង​ដោយ​ជនបរទេស ពិសេស​ជនជាតិ​ចិន។

ជា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម លោក នួម សំនិត វ័យ ២៧​ឆ្នាំ យល់​ថា អាហារូបករណ៍​ប្រភេទ​នេះ ជា​ឱកាស​មួយ​ល្អ​សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​ប្រជាជន​កម្ពុជា៖ «បើ​សិន​ជា​គិត​មើល​ពី​គុណភាព​ការសិក្សា​ផ្នែក ​Hard Skill (ជំនាញ​បច្ចេកទេស) អាហារូបករណ៍​ហិនរិច ហ្នឹង​ប្រហែល​ជា​ល្អ»

កម្មវិធី​អាហារូបករណ៍​របស់​មូលនិធិ ហិនរិច បាន​ជ្រើសរើស​និស្សិត​កម្ពុជា ចំនួន ១០​នាក់​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧។ ក្រៅ​ពី​ប្រទេស​កម្ពុជា មូលនិធិ​នេះ​ក៏​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ និង​សហរដ្ឋ​អាមេរិក។ មុខ​ជំនាញ​នៃ​កម្មវិធី​អាហារូបករណ៍ ផ្ដោត​លើ​វិស័យ​ពីរ គឺ​វិស័យ​វិស្វកម្ម និង​សារព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។