លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ បានបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួន ឬ ឡូហ្គោ (Logo) ដើម្បីបញ្ចៀសការយល់ច្រឡំរបស់ប្រជាពលរដ្ឋថា ជាគ្រឹះស្ថានរបស់រដ្ឋ។ កាលពីចុងសប្ដាហ៍មុន លោក ហ៊ុន សែន បានបញ្ជាម្ដងរួចមកហើយដោយឲ្យធនាគារអេស៊ីលីដា (Acleda) ប្ដូរឡូហ្គោ ដែលមានរូបសត្វហង្សចេញ ដើម្បីជៀសវាងការភាន់ច្រឡំ និងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រសិនជាមិនផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម ឬ ឡូហ្គោ របស់ខ្លួននោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅវិទ្យាស្ថានជាតិអប់រំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវប្ដូរនិមិត្តសញ្ញាអក្សរ «រ» ជានិមិត្តសញ្ញាប្រាក់រៀលចេញ ដើម្បីចៀសវាងការច្រឡំជាមួយធនាគារជាតិនៃកម្ពុជា ដែលជាធនាគាររបស់រដ្ឋ។
លោកបានបញ្ជាឲ្យធនាគារជាតិនៃកម្ពុជា កោះហៅក្រុមការងាររបស់ប្រាសាក់ មកពិភាក្សាលើកិច្ចការផ្លាស់ប្ដូរឡូហ្គោនេះជាបន្ទាន់ ប្រសិនបើមិនដូច្នេះទេ គ្រឹះស្ថានប្រាសាក់ នឹងត្រូវដកយកអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មមកវិញ៖ «ឥឡូវផ្ដាំទៅប្រាសាក់ ប្ដូរឲ្យលឿន! ហៅមកកុំចាំជូនដំណឹងអីយូរពេក ហៅយកមកបង្ខំឲ្យដូរ បើមិនដូរដកអាជ្ញាប័ណ្ណ។ បើមិនដូរទេ ប្រាប់ទៅធនាគារជាតិភ្លាម ធនាគារជាតិដកគិប។ យើងប្រើវិធានការបែបនេះ អប់រំពន្យល់អ្នកឯង បើអ្នកឯងធ្វើតាមខ្ញុំអរគុណ អ្នកឯងមិនធ្វើតាមជម្រើសដែលខ្ញុំនៅសល់គឺខ្ញុំប្រើមិនចាំបាច់ប្រើប្រព័ន្ធតុលាការទេ អំណាចនៅលើយើងស្រាប់ហើយតើ! យើងអ្នកឲ្យយើងក៏អាចដកមកវិញបានដែរ»។
ក្នុងរឿងនេះដែរ លោកបានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវពិចារណាពីគោលដៅនៃការខ្ចីប្រាក់របស់ពលរដ្ឋឲ្យបានច្បាស់លាស់ កុំអាងតែរឹបអូសយកដីផ្ទះ ដែលបញ្ហានេះលោកហាមមិនឲ្យអាជ្ញាធរចូលរួមក្នុងការរឹបអូសនេះឡើយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មានសាខាទូទាំងប្រទេសចំនួន ១៨១សាខា។
អាស៊ីសេរី មិនអាចទាក់ទងនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក ស៊ីម សេនាជាតិ ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី២២ កុម្ភៈ។ ប៉ុន្តែប្រាសាក់ បានចេញសេចក្ដីប្រកាសព័ត៌មានថា កំពុងដំណើរការផ្លាស់ប្ដូរនិមិត្តសញ្ញាបច្ចុប្បន្ន ពីបណ្ដាអគារការិយាល័យ និងឯកសារផ្សព្វផ្សាយនានា និងធ្វើការជំនួសដោយនិមិត្តសញ្ញាថ្មីដែលនឹងបង្ហាញក្នុងពេលឆាប់ៗនេះ។
ទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី មានទស្សនៈថា ពលរដ្ឋពុំមានការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋនោះទេ។ ពួកគាត់បានដឹងច្បាស់ថាជារបស់ឯកជនហើយ ពីព្រោះកិច្ចសន្យាផ្សេងៗបានធ្វើជាមួយភ្នាក់ងារឯកជន។ ប៉ុន្តែលោកមិនជំទាស់ចំពោះវិធានការរបស់រដ្ឋាភិបាលចង់ធ្វើឲ្យច្បាស់លាស់ និងអប់រំពលរដ្ឋ។ លោកថា បញ្ហាទីផ្សារមិនបានបង្កផលប៉ះពាល់ជាធំដុំទេ ប៉ុន្តែផលប៉ះពាល់ខ្លាំងនោះគឺការចំណាយទៅលើការប្ដូរស្លាកសញ្ញា កាតអេ.ធី.អ៊ឹម (ATM) ឯកសារ ក្រដាសស្នាមផ្សេងៗ ជាបន្ទុកមួយធំ។ លោកថា វិស័យមីក្រូហិរញ្ញវត្ថុនៅពេលបច្ចុប្បន្នកំពុងមានការរីកចម្រើនដោយមានការរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន៖ « តាមរយៈមីក្រូហិរញ្ញវត្ថុនេះ យើងបានពង្រីកសេវាកម្មហិរញ្ញវត្ថុទៅដល់ទីជនបទ ដែលសព្វថ្ងៃមានជាង១ពាន់កន្លែង តាំងពីទីក្រុងរហូតដល់ជនបទ បង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋអាចខ្ចីផ្ទាល់ពីមីក្រូហិរញ្ញវត្ថុ ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលទេ ហើយទី២ តម្លៃក៏បានល្អប្រសើរ ចេះតែចុះតាំងពី ៣ % មួយ ខែ ចុះមកនៅ ១ , ៨ % ក្នុងមួយខែ ធៀបនឹងប្រទេសជិតខាងយើង ធ្វើបានល្អមែនទែន»។
មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ទាមទារឲ្យមានយុទ្ធនាការមួយទូទាំងប្រទេស អប់រំពលរដ្ឋឲ្យយល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋនោះទេ។ លោកបានបញ្ជាទៅកាន់បណ្ដាស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញ (Online) ទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយរយៈពេល ១ឆ្នាំពេញ ហើយថា វិទ្យុណាមិនផ្សាយគឺជាវិទ្យុដែលមានចេតនាឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។ ទន្ទឹមនឹងគ្នានោះ លោកបានអំពាវនាវឲ្យគ្រប់ប្រព័ន្ធទូរស័ព្ទដៃទាំងអស់ដាក់សំឡេងណែនាំនេះ និងផ្ញើសារអប់រំ ហើយថា ធនាគារត្រូវដើរតួនាទីធំក្នុងការរៀបចំស្ពតពាណិជ្ជកម្ម។
ភ្លាមៗក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវកែតម្រូវនិមិត្តសញ្ញាឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
សេចក្ដីជូនដំណឹងនេះគឺអនុលោមតាមច្បាប់ស្ដីពី ម៉ាកពាណិជ្ជនាម និងអំពីការប្រកួតប្រជែងមិនស្មោះត្រង់។
ចំណែកលិខិតរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ប្រកាសថា ការប្រើនិមិត្តសញ្ញាមានលក្ខណៈស្រដៀងនឹងនិមិត្តសញ្ញារបស់ក្រសួង ស្ថាប័នរដ្ឋ ដែលកំពុងប្រើប្រាស់ ដូចជា អក្សរ «រ» និមិត្តសញ្ញាប្រាក់រៀល ឬរូបសិង្ហជាដើម នាំឲ្យមានការភាន់ច្រឡំ។
កាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានតម្រូវឲ្យធនាគារអេស៊ីលីដា (Acleda) ផ្លាស់ប្តូរនិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួនជាបន្ទាន់ ដើម្បីចៀសវាងការភ័ន្តច្រឡំរបស់សាធារណជន ដោយទុកពេលឲ្យធ្វើការផ្លាស់ប្ដូររយៈពេល ៣សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ នោះតទៅ។ ធនាគារអេស៊ីលីដា ប្ដូរឡូហ្គោ ដែលមានរូបសត្វហង្សចេញ ដើម្បីជៀសវាងការភាន់ច្រឡំ និងនិមិត្តសញ្ញាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ធនាគារអេស៊ីលីដា បានប៉ាន់ស្មានថា ការផ្លាស់ប្ដូរឡូហ្គោនេះ បានចំណាយប្រមាណ ៣,៥លានដុល្លារ។ ទឹកប្រាក់នេះមានចំណែកប្រមាណ ៣ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៦ ខណៈរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អេស៊ីលីដា បង្ហាញថា ធនាគារនេះបានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចចំនួន ១២៧លានដុល្លារនៅឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។