អង្គការអន្តរជាតិខាង ការងារ (ILO) ថា គ្រោះថ្នាក់បាក់អគារនៅខេត្តព្រះសីហនុ ជាសារដាស់តឿន ឲ្យចាត់វិធានការបន្ទាន់ ដើម្បីកែលម្អសុវត្ថិភាព និងសុខភាពកម្មករនៅកន្លែងធ្វើការ។
ជុំវិញគ្រោះថ្នាក់ដល់កម្មករ នៅកន្លែងការងារនេះ អង្គការអន្តរជាតិខាងការងារ (ILO) ថា គ្រោះថ្នាក់រលំបាក់អគារនៅខេត្តព្រះសីហនុ គឺជាសារដាស់តឿនមួយ ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីយកចិត្តទុកដាក់ កែលម្អបញ្ហាសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ នៅកន្លែងធ្វើការ។
ការិយាល័យនៃអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសថៃ កម្ពុជា និង ឡាវ ស្នើឲ្យរបបលោក ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខទុក្ខកម្មករ នៅកន្លែងធ្វើការ ព្រោះការបាត់បង់ជីវិតមនុស្សនៅក្នុងគំនរបាក់បែក នៃអគាររលំបាក់ នៅខេត្តព្រះសីហនុនោះ សបញ្ជាក់ឲ្យឃើញថា កម្មកររាប់ពាន់នាក់ កំពុងប្រឈមគ្រោះថ្នាក់រាល់ថ្ងៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា អង្គការអន្តរជាតិដដែលនេះ លើកឡើងថា បញ្ហាគ្រោះថ្នាក់នេះ អាចទប់ស្កាត់បានភ្លាមៗ ប្រសិនបើអាជ្ញាធរ និងភាគីពាក់ព័ន្ធ សហការគ្នាដាក់ចេញនូវវិធានការចាំបាច់ និងជាក់ស្ដែងមួយចំនួន ដូចជា ការពិនិត្យឡើងវិញលើបទប្បញ្ញត្តិ និងការពង្រឹងការអនុវត្តច្បាប់ផ្នែកវិស័យសំណង់។ ការអនុវត្តបទដ្ឋានសុវត្ថិភាព និងសុខុមាលភាពការងារ និងបទដ្ឋានសុវត្ថិភាពនៃការសាងសង់អគារ ការចុះធ្វើអធិការកិច្ចញឹកញាប់ និងជាប្រចាំដល់ការដ្ឋានសំណង់ និងយុទ្ធនាការបំបាត់គ្រោះថ្នាក់នៅកន្លែងការងារ គឺសុទ្ធតែជាវិធានការចាំបាច់ ដែលត្រូវយកមកអនុវត្ត ដើម្បីបង្ការគ្រោះថ្នាក់ទាំងនេះ។
តាមរបាយការណ៍ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបេឡាជាតិរបបសន្តិសុខសង្គម គ្រោះថ្នាក់នៅកន្លែងការងារ កើតឡើងក្នុងឆ្នាំ២០១៨ មាន ២៥.២០៦ករណី ក្នុងនោះ មានកម្មករ ២០០នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ២.៧១១នាក់ ដោយសារតែគ្រោះថ្នាក់ និងជំងឺពាក់ព័ន្ធនឹងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។