សារព័ត៌មាន​បរទេស​ធំៗ​ បន្ត​​ចាប់​​អារម្មណ៍​ និង​​ព្រមាន​​អំពី​​អស្ថិរភាព​​ក្នុង​​តំបន់​​រឿង​​យោធា​​កម្ពុជា​-​ចិន

0:00 / 0:00

សារព័ត៌មាន​ធំៗ​បរទេស បន្ត​ចាប់អារម្មណ៍​រឿង​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ក្រោយ​ការផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal ដ៏​ល្បីល្បាញ​របស់​អាមេរិកាំង ចុង​ក្រោយ​នេះ ដល់​វេន​សារព័ត៌មាន​ជប៉ុន​វិញ​ម្ដង ដែល​ចេញមុខ​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ពិតជា​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​ជាមួយ​ចិន​មែន​នោះ នោះ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អស្ថិរភាព​ធ្ងន់ធ្ងរ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ យល់ស្រប​ទៅ​នឹង​ការវិភាគ​នេះ និង​ផ្ដល់​អនុសាសន៍​ថា តំបន់​អាស៊ាន​ទាំងមូល គួរ​នាំគ្នា​ថ្កោលទោស​កម្ពុជា ប្រសិនបើ​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​បែបនេះ និង​គួរ​ទាមទារ​ឱ្យ​បញ្ឈប់​ហេតុការណ៍​នេះ​ជាបន្ទាន់។

ចំណាប់អារម្មណ៍​រឿង​ចោទ​ប្រកាន់​ថា កម្ពុជា​-​ចិន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​រយៈពេល​ដល់​ទៅ​៣០​ឆ្នាំ​នោះ នៅ​មិនទាន់​ផុត​រលត់​នៅឡើយ​ទេ ពី​ក្រសែភ្នែក​កាសែត​បរទេស​ធំៗ​នៅ​លើ​សាកលលោក បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ​ទើបតែ​នាំ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ចុះទៅ​មើល​ដល់​ទីតាំង​ផ្ទាល់​នៃ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ហើយក៏​ដោយ​ក្ដី។

ជាក់ស្តែង សារព័ត៌មាន​ជប៉ុន ផ្សាយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Nikkei Asian Reviewបង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​រវាង​កម្ពុជា និង​ចិន​នេះ​។ ក្នុង​បទ​វិចារណកថា ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា កាសែត Nikkei Asian Review ព្រមាន​ថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​នេះ​មែន ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សណ្ដាប់ធ្នាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ត្រូវ​ប្រឈម​នឹង​បញ្ហា​អស្ថិរភាព។ កាសែត​នេះ ផ្ដល់​អនុសាសន៍​ថា ប្រសិនបើ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់ មិន​ព្រម​ពួតដៃគ្នា​ដើម្បី​បន្ត​ឃ្លាំមើល​ទង្វើ​របស់​ក្រុង​ប៉េកាំង​នេះ​ទេ នោះ​ពួកគេ​អាច​នឹង​ត្រូវ​ខាតបង់​នូវ​ផលប្រយោជន៍​ធ្ងន់ធ្ងរ​ពី​ហេតុការណ៍​នេះ ព្រោះថា វត្តមាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នេះ នឹង​ក្លាយ​ជា​ចំណោទ​ពិបាក​ដោះស្រាយ ឬ​វិល​ត្រលប់​ទៅ​រក​ស្ថានភាព​ដូចដើម​វិញ នៅ​ពេល​ដែល​រឿងរ៉ាវ​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​នោះ​។ ពោល​គឺ មិន​ខុសគ្នា​ពី​អ្វី​ដែល​ចិន​បាន​ធ្វើ​យោធូបនីយកម្ម​ទៅលើ​ប្រជុំ​កោះ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ដូច្នេះ​ដែរ ដែល​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ាន កំពុង​មាន​ជម្លោះ​ដណ្ដើម​អធិបតេយ្យ​រ៉ាំរ៉ៃ​ជាមួយ​នឹង​ចិន​នោះ។

កាសែត​ដដែល​នេះ ចុះផ្សាយ​ថា ប្រសិនបើ​ចិន​បង្កើត​ឱ្យ​មាន​មូលដ្ឋាន​យោធា​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​មែន​នោះ នោះ​ឥទ្ធិពល​របស់​ចិន​ទៅលើ​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល នឹង​ត្រូវ​បាន​ពង្រឹង ហើយ​ក្រុង​ប៉េកាំង នឹង​មាន​ឥទ្ធិពល​ធំធេង​ច្រើនជាង​ពេល​មុន ទៅ​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​រឿង​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​រឹតតែ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ កាសែត​ក៏​មិន​ភ្លេច​លើកឡើង​ដែរ​ថា ជប៉ុន​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​ដែល​បាន​ចូលរួម​ជួយ​កែ​លម្អ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​អតីតកាល ក្នុង​គោលបំណង​ទប់ទល់​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ធ្វើ​យោធូបនីយកម្ម​តំបន់​កំពង់ផែ​កម្ពុជា​នោះ ក៏​ត្រូវ​បាន​ក្រុង​ប៉េកាំង​មើល​រំលង​ដែរ​។ ដូច្នេះ កាសែត​ក៏​ស្នើ​ឱ្យ​ក្រុង​តូក្យូ​គួរ​ពិនិត្យ​មើល​បញ្ហា​នេះ និង​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​ដោយ​ផ្ទាល់​តែម្ដង​ទៅកាន់​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​ចិន​នេះឯង​។ កាសែត​ក៏​ផ្ដល់​អនុសាសន៍​ថា ប្រទេស​ថៃ វៀតណាម និង​ម៉ាឡេស៊ី ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ទុកជាមុន​ចំពោះ​ហេតុការណ៍​នេះ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​កំពុង​ព្យាយាម​ទាក់ទង​ស្ថានទូត​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ជប៉ុន និង​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​បញ្ហា​រឿង​កម្ពុជា​អាច​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​លើទឹក​ដី​ខ្លួន​នេះ និង​អនុសាសន៍​របស់​កាសែត​ជប៉ុន Nikkei Asian Review នេះ។ ក៏ប៉ុន្តែ នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ។

អាស៊ីសេរី​ក៏​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ នៅ​ឡើយ​ដែរ។

ទោះ​យ៉ាងណា បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ថា មូលដ្ឋាន​យោធា​បរទេស គឺជា​ការរៀបចំ​រយៈពេល​យូរអង្វែង។ លោក​ថា គ្មាន​ប្រទេស​ណាមួយ​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​បែប​នេះ​ហើយ រួច​បន្ទាប់មក​បែរជា​សម្រេច​ផ្លាស់ប្ដូរ​ចិត្ត​នៅ​ឆ្នាំ​បន្ទាប់​នោះ​ទេ។

បណ្ឌិត អៀ សុផល ព្រមាន​ថា នឹង​មាន​រឿងរ៉ាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ច្រើន​បន្ថែម​ទៀត ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​ភាព​រស់រាន​នៃ​គណបក្ស​កាន់អំណាច ដោយសារតែ​មូលដ្ឋាន​របស់​ចិន​នេះ អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធានា​ការ​គោរព​ច្បាប់ និង​សណ្ដាប់ធ្នាប់​នៅ​កម្ពុជា។ លោក​ក៏​ប្រមើល​មើល​ដែរ​ថា ចិន​ក៏​អាច​យក​លេស​ថា ពលរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា​កំពុង​រងគ្រោះ ឬ​មាន​បញ្ហា​អ្វី​ស្រដៀង​នេះ ដូច្នេះ​ហើយ ខ្លួន​ចាំបាច់​ត្រូវតែ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លើ​ទឹកដី​កម្ពុជា។

បណ្ឌិត អៀ សុផល ចោទ​ជា​សំណួរ​ថា ដោយមាន​មូលដ្ឋាន​រឹងមាំ​នៅ​កម្ពុជា តើ​កម្ពុជា​ពិតជា​អាច​សម្រេចចិត្ត​ដោយ​ឯករាជ្យ​ពី​ចិន​បាន​ដែរ​ឬ​ទេ? លោក​ថា តំបន់​អាស៊ាន​នឹង​បែកបាក់​គ្នា​កាន់តែ​ខ្លាំង រវាង​ក្រុម​ប្រទេស​និយម​ចិន និង​ក្រុម​ប្រទេស​ប្រឆាំង​ចិន។ លោក​ថា វត្តមាន​នៃ​មូលដ្ឋាន​យោធា​បម្រុង​របស់​ចិន​នៅ​កម្ពុជា​នេះ នឹង​អាច​ឱ្យ​ចិន មាន​សមត្ថភាព​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​សិង្ហ​បុរី ឬ​ប្រទេស​អាស៊ាន​ណាមួយ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ពេល​ហេតុការណ៍​តម្រូវ​។ លោក​ផ្ដល់​ជា​អនុសាសន៍​ថា អាស៊ាន​គួរតែ​ថ្កោលទោស និង​ទាមទារ​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ឱ្យ​ចិន​យក​កម្ពុជា​ធ្វើជា​មូលដ្ឋានទ័ព​បម្រុង​របស់​ខ្លួន​នេះ ប្រសិនបើ​ពិតជា​មាន​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។