អ្នកនិពន្ធកម្ពុជា កំពុងស្វះស្វែងរកថវិកាដើម្បីបោះពុម្ពសៀវភៅដែលនិយាយរៀបរាប់ពីបញ្ហាជម្លោះបុគ្គលផ្ទាល់ខ្លួន អារម្មណ៍ចំពោះទីក្រុងភ្នំពេញ អារម្មណ៍ចំពោះការកកស្ទះចរាចរណ៍ ការងារ ហិង្សាលើស្ត្រី និងហិង្សាក្នុងគ្រួសារ។ អ្នកគ្រប់គ្រងការបោះពុម្ពនេះជឿជាក់ថា រឿងរ៉ាវទាំងអស់នេះគួរត្រូវបានយកមកបោះពុម្ពផ្សព្វផ្សាយ ដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធមានកម្លាំងចិត្តបញ្ចេញស្នាដៃរបស់ខ្លួន។
គម្រោងស្នាដៃដែលគ្រោងបោះពុម្ពនេះមានឈ្មោះថា «បទពិសោធន៍មួយថ្ងៃរបស់ខ្ញុំ»។ វាជាកម្រងរឿងប្រលោមលោកខ្លីៗចំនួន ១៥ របស់អ្នកនិពន្ធខ្មែរផ្សេងៗគ្នា។ គម្រោងនេះ សម្របសម្រួលដោយគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា។
អ្នកស្រី សូ ភីណា ដែលជាអ្នកគ្រប់គ្រងគម្រោងនេះ និងជាសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា បញ្ជាក់ថា រឿងខ្លីទាំង ១៥ នេះ គឺរឿងមួយៗត្រូវសរសេរឡើងក្នុងរយៈពេលមួយថ្ងៃ (២៤ម៉ោង)។ រឿងទាំងនេះនឹងឆ្លុះបញ្ចាំងបញ្ហាជម្លោះបុគ្គលផ្ទាល់ខ្លួន អារម្មណ៍ចំពោះទីក្រុងភ្នំពេញ អារម្មណ៍ចំពោះការកកស្ទះចរាចរណ៍ ការងារ ហិង្សាលើស្ត្រី និងហិង្សាក្នុងគ្រួសារ៖ « ខ្ញុំគិតថាពេលបោះពុម្ពសៀវភៅនេះ ជាការលើកកម្ពស់អំណាន និងសរសេរនៅកម្ពុជា ហើយអាចជួយថែរក្សាអក្សរខ្មែរ។ យើងនៅគិតថា អ្នកនិពន្ធខ្មែរនៅមានតួនាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងតថភាពសង្គម »។
សកម្មជនក្នុងសហគមន៍អ្នកនិពន្ធកម្ពុជា រូបនេះបន្តថា គម្រោងកម្រងរឿងខ្លីនេះ ត្រូវការថវិកាចំនួន ១.៥០០ដុល្លារ។ ចំនួនថវិកានេះ នឹងត្រូវប្រើប្រាស់សម្រាប់ចំណាយថ្លៃបោះពុម្ពចំនួន ២ពាន់ក្បាល រៀបចំកម្មវិធីសម្ពោធសៀវភៅ រៀបចំសិក្ខាសាលាស្ដីពីការតែងនិពន្ធ និងរៀបចំកម្មវិធីការប្រមូលផ្តុំអ្នកនិពន្ធកម្ពុជា៖ « ស្នាដៃដែលយើងធ្វើកន្លងមក គឺធានាមិនឲ្យមានកំហុសអក្ខរាវិរុទ្ធ។ ខ្សែរឿងមួយៗថ្មី មិនច្រំដែល។ យើងឈរលើគោលការណ៍បែបច្នៃប្រឌិត។ ទាំងគម្របសៀវភៅ និងគំនូរសៀវភៅ វាថ្មី និងឆ្លុះបញ្ចាំងគំនិតច្នៃប្រឌិត។ ប្រសិនបើយើងអាចបោះពុម្ពសៀវភៅមួយដែលមានគុណភាព នឹងជំរុញឲ្យអ្នកនិពន្ធផ្សេងទៀតធ្វើអ្វីដែលថ្មី ប្រកបដោយលក្ខណៈសមស្រប និងគុណភាព ដើម្បីឲ្យអ្នកអានដឹងថា អ្នកនិពន្ធខ្មែរក៏មានសមត្ថភាពច្នៃប្រឌិតចឹងដែរ។ ទាំងអ្នកអាន និងអ្នកនិពន្ធមានទឹកចិត្តចង់កាន់តែធ្វើឡើង។ បើសិនប្រិយមិត្តចង់បរិច្ចាគ អាចបរិច្ចាគតាមវីង (Wing) តាមរយៈលេខទូរស័ព្ទ ០១២ ៩៣៥ ២២៣ »។
យុទ្ធនាការរៃអង្គាសថវិកានេះ នឹងបញ្ចប់នៅចុងខែវិច្ឆិកា ហើយសៀវភៅនេះនឹងដាក់តាំងបង្ហាញនៅឱកាសពិព័រណ៍សៀវភៅកម្ពុជា លើកទី៥ នៅខែធ្នូ ខាងមុខ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន គាំទ្រ និងលើកទឹកចិត្តចំពោះគម្រោងតែងនិពន្ធនេះ។ លោកថា ប្រធានបទនៃប្រលោមលោកនេះឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃសង្គមបច្ចុប្បន្ន៖ « ជារួមការតែងនិពន្ធ ជារឿងល្អប្រសើរ »។
គម្រោងបោះពុម្ពកម្រងរឿងខ្លីនេះ ជាគម្រោងលើកទីពីរហើយ។ គម្រោងស្រដៀងគ្នាដែលសម្ពោធកាលពីឆ្នាំ២០១៥ មានឈ្មោះថា «ធ្លាក់ក្នុងអន្លង់ស្នេហ៍» ដែលជារឿងប្រលោមលោកខ្ចីៗលាតត្រដាងពីស្នេហាបរាជ័យ តែបង្ហាញពីបុគ្គលិកលក្ខណៈរឹងមាំ និងឯករាជ្យរបស់ស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។