នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតស្នាដៃជាច្រើន ផ្សព្ធផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមនៅលើទឹកដីកំណើត ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរក្រោមដល់ពលរដ្ឋខ្មែរលើពិភពលោក។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ជាអ្នកនៅពីក្រោយនៃស្នាដៃទាំងនេះ។
វត្តខេមររង្សី នៅទីក្រុង ហូស្សេ (San Jose) មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម និងជាមូលដ្ឋាន ផ្តល់ព័ត៌មានសំខាន់ៗដល់ខ្មែរក្រោមនៅទូទាំងពិភពលោក។ អាជ្ញាធរអាម៉េរិកក៏សុំប្រើប្រាស់វត្ត ជាទីស្នាក់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ហើយគណបក្សសង្គ្រោះជាតិក៏ប្រើប្រាស់វត្តដើម្បីពិភាក្សាបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាដែរ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មានសង្ឃដីកាថា ក្នុងនាមព្រះអង្គ ជាព្រះចៅអធិការវត្ត និងព្រះសង្ឃ គង់ នៅក្នុងវត្ត បានចំណាយពេលវេលាដោយស្ម័គ្រចិត្តជួយផ្តល់សេវាសាធារណៈជូនពលរដ្ឋទូទៅមិនថា ខ្មែរក្រោមឬខ្មែរលើនោះទេ។
"ក្រៅពីការទេស្នា ពន្យល់ញាតិញោមផ្នែកសាសនា។ យើងក៏មានកិច្ចការសង្គម ជួយដល់សហគមន៍របស់យើង សម្រួលកិច្ចការងារទូទៅ។"
ព្រះចៅអធិការ វត្តខេមររង្សី ព្រះអង្គ សឺង យ៉ឹងរតនា ប្រសូត្រនៅ ស្រុក កំពង់ស្ពាន ខេត្ត ព្រះត្រពាំង ទឹកដីកម្ពុជា ក្រោម កាលពីខែ មេសា ឆ្នាំ ១៩៧៧។ ព្រះអង្គមានសង្ឃដីកាថា ដោយសារតែអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា និងសិទ្ធិសេរីភាព និងចង់បង្កើនចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្រខ្មែរក្រោម ព្រះអង្គបានសម្រេចចិត្តចាកចេញពីទឹកដីខ្មែរក្រោម មកបន្តការសិក្សានៅកម្ពុជា កាលពីឆ្នាំ ១៩៩៦។ នៅកម្ពុជា ព្រះអង្គ បានបន្តការសិក្សា ចាប់ពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០១ ទើបបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិវិទ្យាល័យ ព្រះសុរាម្រឹត នៅទីកុ្រងភ្នំពេញ កាលពីឆ្នាំ ២០០៤ និង បានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិមហាវិទ្យាល័យ ព្រះសីហនុរាជ នៅទី ក្រុងភ្នំពេញនិង ផ្នែកនីតិសាស្ដ្រ នៅសកលវិទ្យាល័យឯកជនមួយ។ ព្រះអង្គក៏បានក្លាយជាមេដឹកនាំព្រះសង្ឃខ្មែរក្រោម ជាប្រធានកុដិលេខ ១៣ វត្តមហាមន្ដ្រី ដែលជាកន្លែងដែលខ្មែរកម្ពុជាក្រោមនៅកម្ពុជាមកជួបជុំគ្នានិងគោរពបូជាព្រះសង្ឃ និងធ្វើពិធីសាសនាផ្សេងៗ។ ទោះបីព្រះអង្គបានបង្កើតស្នាដៃជាច្រើននៅកម្ពុជាក៏ដោយ ព្រះអង្គមិនទាន់បញ្ចប់ក្ដីស្រមៃរបស់ព្រះអង្គនៅឡើយទេ។
ព្រះអង្គ មានសំណាងបានចាកចេញពីកម្ពុជា មកសហរដ្ឋអាម៉េរិក កាលខែ សីហា ឆ្នាំ ២០០៤ ដើម្បីនិមន្តមកគង់នៅវត្តខេមររង្សី ទីក្រុងសាន់ហូស្សេ រហូតមកទល់បច្ចុប្បន្ននេះដើម្បីផ្ស័ព្ធផ្សាយផ្នែកព្រះពុទ្ធសាសនា។ នៅអាម៉េរិក ព្រះអង្គ បានបន្តការសិក្សា ភាសាអង់គ្លេស នៅសាលា (San Jose Community College) និងបានចូលរួមពិនិត្យ និង កែសម្រួល រឿងល្ខោននិយាយ ឧកញ៉ា សឺង គុយ សម្រាប់ ផលិតកម្មខ្មែរក្រោម និងតែងបទចម្រៀងស្នេហាជាតិមួយចំនួន ដូចជាបទ រលកវាសនាស្តាយកេរ្តិ៍ដូនតា បុប្ផារោងដំរី និង ផលិតស៊ីឌី CD ចម្រៀងព្រះធម៌ រួមមាន ជីវិតអ្នកបួស បារមីព្រះពុទ្ធ និង អត្ថន័យភ្ជុំបិណ្ឌ ជាដើម ។ ព្រះអង្គក៏បានដឹកនាំចងក្រងសៀវភៅប្រវត្តិវត្ត និងអត្ថប្រយោជន៍វត្តនៅខ្មែរក្រោមផងដែរ។
នៅឯសហរដ្ឋអាម៉េរិក ព្រះអង្គក៏បានបង្កើតសារព័ត៌មាននិងវិទ្យុដើម្បីបម្រើចំណះដឹងដល់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក។ ព្រះអង្គបានបម្រើការជា អគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចាប់ពីឆ្នាំ ២០០៦ និង ជាចាងហ្វាងការផ្សាយ សារព័ត៌មាន ព្រៃនគរ ។ ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ដោយសារតែមានតម្រូវការផ្នែកព័ត៌មាននៅកម្ពុជាក្រោម និងទូទាំងពិភពលោក ព្រះអង្គបានបង្កើតជាបន្ទប់ផ្សាយទូរទស្សន៍ សម្រាប់ផ្តល់ព័ត៌មានតាមរយៈបណ្ដាញសង្គម (Facebook and Youtube ) និងនៅលើគេហទំព័រសារព័ត៌មានសំឡេងខ្មែរកម្ពុជាក្រោម ដែលអាស័យដ្ឋាន www.VOKK.Net និងសារព័ត៌មានព្រៃនគរដែលមាន អាស័យដ្ឋាន www.preynokornews.blogspot.com។ ;; ព្រះអង្គបានចំណាយថវិកាវត្ត បង្កើត បន្ទប់សម្រាប់ថតព័ត៌មានទូរទស្សន៍ ដើម្បីផ្សព្ធផ្សាយតាម សារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ឋិតក្នុងបរិវេណវត្ត វត្តខេម ររង្សី។
"ទិសដៅសំខាន់នៃការផ្សព្ធផ្សាយព័ត៌មាន ;; ពីស្ថានភាពសិទ្ធិមនុស្សដែលរដ្ឋអំណាចយួនដែលគេរំលោភបំពាន នៅលើទឹកដីកម្ពុជាក្រោម ប្រពៃណី វប្បធម៌ ប្រ វត្ដិសាស្ដ្រ និងសកម្មភាពការតស៊ូសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស ដើម្បីទាមទារសិទ្ធស្វ័យសម្រេចរបស់ខ្លួន។"
ទោះបីបន្ទប់ផ្សាយព័ត៌មាន មានទំហំតូចមួយដែលមានកៅអីចំនួនពីរ និងតុកំព្យូទ័រមួយក៏ដោយ ប៉ុន្តែព័ត៌មានពិតពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម និង ព័ត៌មានផ្សេងទៀតបានផ្តល់ចំណេះដឹងជាច្រើនដល់ខ្មែរក្រោមដែលកំពុងស្រែកឃ្លានព័ត៌មានពិត ដើម្បីកែប្រែជីវភាពរបស់ពួកគេ។ ;; ព្រះអង្គ សឺង យ៉ឹងរតនា បន្ថែមទៀតថា ព័ត៌មានពិត មិនលម្អៀង គ្មានការគាបសង្កត់នេះ បានធ្វើឱ្យពលរដ្ឋខ្មែរក្រោម អាចរក្សាអត្តសញ្ញាណខ្លួនបាន។
ព្រះអង្គ សឺង យ៉ឹងរតនា បានក្លាយ ជាប្រធាននាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ។ ;; ព្រះអង្គក៏ជាសមាជិកគណៈកម្មនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រះអង្គមានសង្ឃដីកាបន្តថា ដោយសារតែព្រះធ្លាប់បានសិក្សាផ្នែកសារព័ត៌មានផងនោះ ក៏បានជំរុញឱ្យព្រះអង្គចង់ប្រឡូកនឹងវិស័យព័ត៌មាន និងតួនាទីជាអ្នកនាំពាក្យ។ ក្នុងតួនាទីជា មន្ដ្រីព័ត៌មានសហព័ន្ធខ្មែរក្រោម ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវេទិកាអន្តរជាតិមួយចំនួន ដូចជា ការចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម និងក្រសួងការបរទេ សសហរដ្ឋអាម៉េរិក ផ្នែកសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតុន Washington និង យន្តការអ្នកជំនាញជនជាតិដើម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ព្រះអង្គក៏ជាព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឱ្យដល់ខ្មែរក្រោមនៅលើទឹកដីកំណើតជាដើម។
សម្រាប់អនាគត ព្រះអង្គ សឺង យ៉ឹងរតនា ប្តេជ្ញា នឹងខំប្រឹងប្រែងការតស៊ូមតិ និងទំនាក់ទំនង ធ្វើយ៉ាងណាដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចឈានទៅរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង។
"ខ្ញុំចង់បានពលរដ្ឋរស់នៅក្នុងស្រុកហ្នឹងរស់នៅដោយមានសេរីភាព ស្មើនឹងប្រជាជនជុំវិញពិភពលោក ដូច្នោះយើងបានជាអាត្មាភាពខំប្រឹងប្រែង តាមលទ្ធភាព និងចំណង់ចង់បានហ្នឹង គឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។"