ប្រជាពលរដ្ឋនៅតែចងចាំ និងចាត់ទុកថា ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គទាមទារឯករាជ្យពីអាណានិគមនិយមបារាំង គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន។ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រព្រះអង្គ ពុំបានមានព្រះរាជបន្ទូលអ្វីឡើយទៅកាន់កូនចៅរបស់ព្រះអង្គ បន្ទាប់ពីទ្រង់ប្រទានភ្លើងជ័យ។
«សំឡេងត្រួតពល»
នេះជាសំឡេងត្រួតពលថ្វាយព្រះមហាក្សត្រ នៅពេលដែលព្រះអង្គយាងមកដល់ទិវាប្រារព្ធពិធី ក្បែរវិមានឯករាជ្យ កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា។
ដូចឆ្នាំមុនៗដែរ សម្រាប់ខួបនៃឯករាជ្យជាតិឆ្នាំនេះ ព្រះមហាក្សត្រព្រះអង្គពុំមានព្រះរាជបន្ទូលអ្វីនៅក្នុងថ្ងៃនៃទិវាបុណ្យឯករាជ្យជាតិទេ។ ក្រោយពីព្រះអង្គបានប្រទានភ្លើងជ័យនៅចំកណ្ដាលតួនៃវិមានឯករាជ្យ និងសួរសុខទុក្ខប្រជារាស្ត្រ ព្រមទាំងមន្ត្រីរាជការរួច ក្បួនព្រះទីនាំងរបស់ព្រះអង្គ ក៏បានយាងនិវត្តទៅព្រះបរមរាជវាំងវិញ នៅពេលព្រះរាជពិធីបិទបញ្ចប់នៅម៉ោងប្រមាណ ៩ព្រឹក។ មនុស្សជាច្រើនពាន់នាក់ បានចូលរួមក្នុងថ្ងៃប្រារព្ធនៃទិវាបុណ្យឯករាជ្យនៅក្នុងឆ្នាំនេះ។
រស់នៅទីក្រុងភ្នំពេញ លោកស្រី គីម ពៅ មានប្រសាសន៍ថា ស្នាព្រះហស្តរបស់ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ គឺពិតជាមានតម្លៃលើសលប់សម្រាប់ជាតិមាតុភូមិ ដែលព្រះអង្គទាមទារឯករាជ្យបានពីបារាំង វិញ។ លោកស្រី គីម ពៅ បន្តថា «សំខាន់ខ្លាំងណាស់នៅក្នុងប្រទេសជាតិយើង គឺតំណាងឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ទូទាំងប្រទេស។ តំណាងប្រទេសធំបំផុត»។
សម្រាប់ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦២ ក្នុងឆ្នាំនេះ គេសង្កេតឃើញវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភា លោក ហេង សំរិន និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត។ បើទោះជាបែបណា សម្រាប់ទិវាបុណ្យឯករាជ្យខួបលើកទី៦២ ឆ្នាំនេះ មានអ្នកតំណាងរាស្ត្រពីខាងគណបក្សសង្គ្រោះជាតិ បានចូលរួមប្រារព្ធពិធីនេះដែរ ប៉ុន្តែអវត្តមានមេដឹកនាំជាន់ខ្ពស់ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញដែលបានចូលរួមក្នុងទិវារំឭកខួបនៃការទទួលបានជ័យជម្នះពីអាណាព្យាបាលបារាំង មកលើកម្ពុជា ពួកគាត់យល់ឃើញថា គុណូបការៈរបស់ព្រះមហាវីរក្សត្រ ដែលបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយនេះ ជាសក្ខីកម្មមួយដែលកម្ពុជា រួចផុតពីការគ្រប់គ្រងរបស់ប្រទេសបារាំង និងជាវីរភាពដែលពុំអាចបំភ្លេចបាន។ លោកបន្តថា «ស្នាព្រះហស្តព្រះករុណាតពីសម្ដេចតាមក គឺបានន័យថាល្អប្រសើរ ក្នុងការស្នេហាជាតិ ក្នុងការរៀបចំប្រទេសជាតិរបស់យើង គឺលោករៀបបានល្អ។ ខ្ញុំគិតថា វាពិតជាពិបាកណាស់ ប្រសិនបើគ្មានព្រះករុណារបស់យើងដែលបានជួយទាមទារឯករាជ្យ ឲ្យខ្មែរយើងតាំងពីឆ្នាំ១៩៥៣ នោះ»។
កម្ពុជា ទទួលបានឯករាជ្យពេញលេញពីការតស៊ូរបស់យុទ្ធជន និងយុទ្ធនារី ក្រោមបេសកកម្មរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ពីអាណានិគមនិយមបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ រដ្ឋការបារាំង បានគ្រប់គ្រងប្រទេសកម្ពុជា អស់រយៈពេល ៩០ឆ្នាំ ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ១៩៥៣។ កាលពី ៦២ឆ្នាំមុន កម្ពុជា ក្លាយជារដ្ឋរណបរបស់បារាំង និងត្រូវបង់ពន្ធឲ្យអាណានិគមបារាំង ក្នុងកម្រិតមួយដ៏ខ្ពស់ រហូតបង្កើតឲ្យមានចលនាតស៊ូប្រឆាំងការគ្រប់គ្រងរបស់រដ្ឋការបារាំង កាលណោះ។
ដោយឡែក លោក ហ៊ុន សែន វិញ បានបញ្ចេញសារនយោបាយដ៏វែងនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចំថ្ងៃដែលកម្ពុជា ប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះដែរ ដោយលោកនាយករដ្ឋមន្ត្រីប្ដេជ្ញាថា លោកនឹងបន្តនូវមរតកជាតិដ៏ឧត្ដុង្គឧត្ដមនេះ ដើម្បីដឹកនាំអភិវឌ្ឍប្រទេស ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ធ្វើឲ្យកម្ពុជា ទាំងមូលរីកលូតលាស់ខ្លាំងឡើង។
ព្រះរាជពិធីបុណ្យឯករាជ្យជាតិលើកទី៦២ នៅឆ្នាំនេះ ក្រៅពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងគណបក្សជំទាស់ចូលរួមហើយ ក្នុងនោះគេសង្កេតឃើញថា មានអង្គទូតនានាប្រចាំនៅកម្ពុជា ក៏បានចូលរួមដែរ។ ដោយឡែកប្រជាពលរដ្ឋវិញយល់ឃើញថា ពួកគាត់ប្រាថ្នាចង់ឃើញប្រទេសកម្ពុជា មានភាពខ្លាំង និងអភិវឌ្ឍជឿនលឿនដូចដែលកម្ពុជា ធ្លាប់ទទួលបានជ័យជម្នះ និងរីកចម្រើនក្នុងអតីតកាលដូច្នេះដែរ។
ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៩ វិច្ឆិកា នេះថា លោកនឹងប្ដេជ្ញាបន្តនូវមរតកជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេច នរោត្ដម សីហនុ ដើម្បីដឹកនាំអភិវឌ្ឍន៍ប្រទេសស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដើម្បីធ្វើអោយកម្ពុជា ទាំងមូលរីកលូតលាស់ខ្លាំងឡើង។
សូមស្ដាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ជុំវិញការប្រកាសរបស់លោក ហ៊ុន សែន តាមការសាកសួររបស់លោក ឡេង ម៉ាលី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។