ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ​ភ្ញាក់​ផ្អើល​ចំពោះ​វត្តមាន​កង​រាជ​អាវុធហត្ថ

ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ និង​ពុទ្ធបរិស័ទ​នៅ​ក្បែរ​នោះ​ជិត ២០០​នាក់ នាំ​គ្នា​ភ្ញាក់​ផ្អើល​ពេល​ទទួល​ដំណឹង​ថា អាជ្ញាធរ​ចាប់​ព្រះសង្ឃ​នៅ​ល្ងាច​ថ្ងៃ​ទី៣១ កក្កដា ឆ្នាំ​២០១៣។ មន្ត្រី​អាជ្ញាធរ ដែល​យាម​ការពារ​នៅ​ក្នុង​វត្ត​នោះ បញ្ជាក់​ថា វត្តមាន​របស់​កង​រាជ​អាវុធហត្ថ​សន្ធឹកសន្ធាប់​នេះ គឺ​ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មក​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ ទេ។

0:00 / 0:00

ការ​ភ្ញាក់​ផ្អើល​នៅ​ល្ងាច​ថ្ងៃ​ទី៣១ កក្កដា ឆ្នាំ​២០១៣ គឺ​កើត​ឡើង​នៅ​ពេល​ដែល​គេ​ឃើញ​វត្តមាន​កង​រាជ​អាវុធហត្ថ​ជិត ១០០​នាក់ ដាក់​រាយ​កម្លាំង​នៅ​ខាង​មុខ​ព្រះវិហារ វត្ត​ស្ទឹងមានជ័យ នេះ ដោយ​មិន​បាន​ផ្ដល់​ដំណឹង​មុន​ថា ជា​កម្លាំង​មក​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​ពិនិត្យ​ការ​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែល​នៅ​ក្បែរ​នោះ។

ស្ត្រី​អ្នក​មក​មើល​ហេតុការណ៍​មួយ​រូប​ឈ្មោះ ស៊ូ ផានី ថ្លែង​ថា គាត់​មក​វត្ត​នេះ​ក៏​ព្រោះ​តែ​ឮ​ព័ត៌មាន​តៗ​គ្នា​ថា អាជ្ញាធរ​ចាប់​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ នេះ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា បើ​សិន​ជា​មាន​គេ​ចាប់​លោក​អ៊ីចឹង​មែន ពួក​ខ្ញុំ​នឹង​ជួយ​គ្នា។ ពួក​ខ្ញុំ​នឹង​ប្រមូល​គ្នា​ជួយ​គ្នា ព្រោះ​អី​ប្រទេស​ខ្មែរ​យើង​មាន​ខ្មែរ​ឯណា​មក​ចាប់​លោក​ចាប់​អី​អ៊ីចឹង អត់​មាន​ទេ»

ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម សូរ សាមៀន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ភ្ញាក់​ផ្អើល​ផង និង​ព្រួយ​បារម្ភ​ផង អំពី​វត្តមាន​កង​រាជ​អាវុធ​ទាំង​នេះ៖ «ធម្មតា​មាន​រឿង​កាល​ពី​ពេល​បោះ​ឆ្នោត​ហ្នឹង អាត្មា​ភ័យ​ដែរ មាន​ដុត​ឡាន​ដុត​អី​អ៊ីចឹង គេ​ថា​មាន​លោក​ចូលរួម​ដុត​រថយន្ត​អី​អ៊ីចឹង។ ពេល​ហ្នឹង​អាត្មា​អត់​បាន​ចូល​រួម​ទេ អាត្មា​ទៅ​ឈរ​មើល​នៅ​ខាង​ក្រៅ​មែន។ ឃើញ​ឈូឆរៗ តែ​ការ​ដុត​ហ្នឹង​គេ​ថា​កម្លាំង​យុវជន យើង​មើល​ជាក់​ស្ដែង​ទាំងអស់​គ្នា។ អ្នក​ខ្លះ​ថា​មាន​លោក​ចូល​រួម លោក​ចូល​រួម​មែន គឺ​ឈរ​មើល។ ត្រង់​ហ្នឹង​ចេះ​តែ​ភ័យ​មក​មើល​អ៊ីចឹង​ទៅ ឃើញ​មាន​កម្លាំង​ប្រដាប់​អាវុធ​អ៊ីចឹង»

ព្រះសង្ឃ​មួយ​អង្គ​ទៀត ព្រះនាម ឈន គា បន្ទរ​ថា ព្រះអង្គ​ភ័យ​ខ្លាច​ចំពោះ​វត្តមាន​កង​រាជ​អាវុធហត្ថ​ទាំង​នេះ ដែល​មាន​ប្រដាប់​អាវុធ​ផង៖ «វា​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​អី​មក​អ៊ីចឹង មិន​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​លោក​ដឹង​ថា ឥឡូវ​មក​សម្ដេច​មក​អី​អ៊ីចឹង។ អ៊ីចឹង​លោក​ទាំងអស់​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច។ អ៊ីចឹង បើ​សិន​ជា​រដ្ឋ​អំណាច​លើក​ក្រោយ បើ​មាន​អី​ផ្ដល់​ព័ត៌មាន​ឱ្យ​ចៅអធិការ ឬ​ក៏​គ្រូ​សូត្រ​ឆ្វេង ឬ​ស្ដាំ​អី​អ៊ីចឹង​ទៅ។ សំណូម​ពរ​តែ​ប៉ុណ្ណឹង​ទេ​ញោម»

ព្រះសង្ឃ អ្នក​កាសែត និង​ពុទ្ធបរិស័ទ ភ្ញាក់​ផ្អើល​ចំពោះ​កង​កម្លាំង​អាវុធហត្ថ​យាម​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​ពិនិត្យ​ការ​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្បែរ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។
ព្រះសង្ឃ អ្នក​កាសែត និង​ពុទ្ធបរិស័ទ ភ្ញាក់​ផ្អើល​ចំពោះ​កង​កម្លាំង​អាវុធហត្ថ​យាម​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​ពិនិត្យ​ការ​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្បែរ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (RFA/Leng Maly)

យុវជន​មួយ​រូប​ដែល​មក​មើល​ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ គឺ​លោក នួន មករា ថ្លែង​ថា លោក​នឹង​ជួយ​អន្តរាគមន៍​ដល់​ព្រះសង្ឃ ប្រសិន​បើ​មាន​ការ​ចាប់​ព្រះសង្ឃ​មែន ព្រោះ​បញ្ហា​នេះ​ទាក់ទង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ៖ «យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជួយ​ព្រះសង្ឃ​ដែល​គាត់​ចាប់​យក​ទៅ។ អត់​ឈរ​មើល​ទេ ព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ម្នាក់ ជា​យុវជន​ម្នាក់ ខ្ញុំ​ត្រូវ​តែ​ក្រោក​ឡើង​ដើម្បី​ជួយ​ខ្មែរ​គ្នា​ឯង។ មិន​ឱ្យ​ថា គេ​ចាប់​ខ្មែរ​គ្នា​ឯង ឬ​ព្រះសង្ឃ​ទៅ​ហើយ យើង​ឈរ​មើល​នឹង​ភ្នែក​បាន​ទេ។ ប៉េអិម​ជា​ខ្មែរ តែ​គាត់​មិន​យល់​ខ្មែរ​គ្នា​ឯង​ទេ»

ការ​ភ្ញាក់​ផ្អើល​នៅ​វត្ត​ស្ទឹងមានជ័យ នេះ គឺ​ជា​លើក​ទី២ ហើយ បន្ទាប់​ពី​ការ​ភ្ញាក់​ផ្អើល​ម្ដង កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០ កក្កដា នៅ​ពេល​ដែល​មន្ត្រី​សង្ឃ​ក្នុង​ខណ្ឌ​មានជ័យ ចំនួន ៤​អង្គ កោះ​ហៅ​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​ចូល​រួម​ប្រជុំ។ ដោយសារ​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សាធារណជន ភ្នាក់ងារ​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត​ជាង ១០០​នាក់ ការ​ប្រជុំ​នោះ​ត្រូវ​បាន​មន្ត្រី​សង្ឃ​ប្ដូរ​ទៅ​ជា​ពិធី​ធ្វើ​កិច្ច​ឧបោសថ ឬ​ហៅ​ថា​ពិធី​សម្ដែង​កំហុស​តាម​ផ្លូវ​ពុទ្ធសាសនា​ទៅ​វិញ។ ទោះ​ជា​បែប​នេះ​ក្ដី ព្រះសង្ឃ និង​ពុទ្ធ​សាសនិក​មួយ​ចំនួន រិះគន់​ថា ការ​ធ្វើ​ពិធី​ឧបោសថ​នោះ គឺ​មិន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ទេ។

ការ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ទី៣១ កក្កដា បាន​ធូរ​ស្រាល​វិញ​នៅ​ពេល​ដែល​កង​រាជ​អាវុធហត្ថ​ដក​ចេញ​ទៅ​វិញ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​មិន​ទាន់​រសាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។