លាការក្រុងភ្នំពេញបានបញ្ជូនសកម្មជនមាតាធម្មជាតិទាំងបីរូបទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ មន្រ្តីសិទ្ធិមនុស្សថាតុលាការចោទប្រកាន់យុវជនមាតាធម្មជាតិពីបទញុះញង់គឺជាការបំភិតបំភ័យមិនឱ្យយុវជនផ្សេងទៀតហ៊ានធ្វើការងារសង្គម និងរឹតតែធ្វើឱ្យសហគមន៍អន្តរជាតិកត់សម្គាល់ថា រដ្ឋាភិបាលកំពុងតែបន្តរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនយុវជនទាំងបីរូបនៅពន្ធនាគារ។ យុវជនទាំងបីរូប ដែលសកម្មក្នុងរឿងការពារធនធានធម្មជាតិមាន លោក ថុន រដ្ឋា ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែព្រៃសទី១ឬម១ ចំណែក កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវឃុំនៅមណ្ឌលអប់រំកែប្រែព្រៃសទី២ឬម២ បន្ទាប់ព្រះរាជអាជ្ញា លោក គុជ គឹមឡុង បានចោទប្រកាន់ពួកគេទាំងបីនាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែកញ្ញា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលតាមដានដំណើររឿងនេះយល់ថា ការចោទប្រកាន់នេះជារឿងធ្ងន់ធ្ងរសម្រាប់យុវជនទាំងបីរូប ដែលតែងតែសកម្មក្នុងការងារចូលរួមកិច្ចការពារបរិស្ថាន។ លោកបន្តថា ការចាប់ខ្លួន ការចោទប្រកាន់ និងឃុំខ្លួនយុវជនទាំងបីរូបនេះក៏ជាការគំរាមកំហែង បំភិតបំភ័យដល់ស្មារតីយុវជន និងសកម្មជនបរិស្ថានផ្សេងទៀតឲ្យបារម្ភពីសុវត្ថិភាពរបស់ខ្លួនក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ៖ «យើងមើលទៅការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ប៉ះពាល់ធ្ងន់ធ្ងរសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហើយក៏ដូចការរំលោភសិទ្ធិមនុស្សដូចមានចែងក្នុងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សជាសកល និងរដ្ឋធម្មនុញ្ញយើង។»
ផ្ទុយពីការចោទប្រកាន់របស់តុលាការ មន្រ្តីសិទ្ធិមនុស្សរូបនេះយល់ថា សកម្មជនបរិស្ថាន ដែលចូលរួមសកម្មក្នុងកិច្ចការពារថែរក្សាបរិស្ថានគួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ មិនត្រូវមានការគម្រាមកំហែង ឬចាប់ខ្លួនទេ ព្រោះមិនមែនទង្វើអ្វីខុសច្បាប់ទេ។ លោក អំ សំអាត ឲ្យដឹងថា អង្គការលីកាដូបានផ្ដល់មេធាវី ដើម្បីជួយការពារក្ដីដល់យុវជនទាំងបីរូបនេះ។ អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មតបពី លោក មេធាវី លី សុចិត្រា ដែលការពារក្ដីឲ្យយុវជនទាំងបីនាក់នោះបាននៅឡើយទេ។
ការចាប់ខ្លួន និងចោទប្រកាន់ក្រុមយុវជនអង្គការមាតាធម្មជាតិនេះគឺបន្ទាប់ពី កញ្ញា ឡុង គន្ធា ប្រកាសថា នាងនឹងធ្វើដំណើរថ្មើរជើងចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដោយស្លៀកពាក់ពណ៌ស ដើម្បីស្នើសុំជួបផ្ទាល់ជាមួយ លោក ហ៊ុន សែន ពីរឿងលុបបឹងតាមោក។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ប្រាប់ថា អង្គការរបស់លោកនឹងប្រឹងប្រែងរកយុត្តិធម៌ជូនដល់យុវជនទាំងបីរូប។ លោកយល់ថា ការចាប់ខ្លួនសកម្មជនអង្គការមាតាធម្មជាតិ និងសកម្មជនផ្សេងទៀតនេះ គឺរដ្ឋាភិបាលកំពុងមានការភ័យខ្លាចសកម្មភាពយុវជនដែលកំពុងទាមទារដើម្បីប្រយោជន៍សង្គម៖ «ក្នុងពេលអនាគតនៅពេល លោក ហ៊ុន សែន និងគ្នាគាត់អស់អំណាចយើងប្រាកដទាមទារយុវត្តិធម៌ឡើងវិញ ដោយសារអី? ដោយសារយុវជនអត់បានធ្វើសកម្មភាពខុសច្បាប់ទាល់តែសោះគ្រាន់តែប្រកាសដើរទៅជួប សម្ដេច ហ៊ុន សែន ក៏ចោទថាញុះញង់។»
អាជ្ញាធរឃាត់ខ្លួនយុវជនមាតាធម្មជាតិ៣នាក់ កាលពីថ្ងៃទី០៣ ខែកញ្ញា យកទៅសាកសួរក្នុងពីរករណីដាច់ដោយឡែកពីគ្នាបន្ទាប់ពីពួកគេស្នើសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោក និងយុទ្ធនាការជិះកង់ផ្សព្វផ្សាយអំពីការអភិរក្សកោះកុងក្រៅជាដើម។ សមត្ថកិច្ចបានបិទទីតាំងស្ទូឌីយូមួយកន្លែងរបស់ លោក ថុន រដ្ឋា ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់បានឲ្យអាស៊ីសេរីដឹងថា ការសម្រេចបញ្ជូនក្រុមយុវជនទៅតុលាការនេះដោយសមត្ថកិច្ចរកឃើញថា យុវជនលួចបង្កើតបន្ទប់ផ្សាយព័ត៌មានតាមរលកធាតុអាកាស និងតាមបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានច្បាប់អនុញ្ញាត។ លោកបន្តថា ករណីមួយទៀតគឺក្រុមយុវជនជាសកម្មជនបរិស្ថានជ្រកក្រោមស្លាកអង្គការមាតាធម្មជាតិដោយអង្គការនេះគ្មានឈ្មោះនៅក្រសួងមហាផ្ទៃ ដូច្នេះលោកថា អ្វីដែលពួកគេធ្វើជាសកម្មភាពខុសច្បាប់។
បើទោះយ៉ាងណាស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ឆ្លើយតបថា ការបង្កើតស្ទូឌីយូរបស់ក្រុមយុវជន ដើម្បីផ្សព្វផ្សាយការងារបរិស្ថានតាមបណ្ដាញសង្គមហ្វេសប៊ុកប៉ុណ្ណោះដោយគ្មានការផ្សាយព័ត៌មានតាមរលកធាតុអាកាសដូចសមត្ថកិច្ចចោទប្រកាន់នោះទេ។
ក្រុមយុវជនអង្គការមាតាធម្មជាតិតែងតែធ្វើវីដេអូបង្ហោះតាមបណ្ដាញសង្គមពីការបំផ្លាញបរិស្ថាន អំពើពុករលួយ និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ទន្លេ ការរក្សាទុកភ្លុកដំរី កុយរមាស ឆ្អឹងខ្លា និងស្រកាពង្រូលជាដើម។
លោក អាឡិច អះអាងថា បើទោះបីជាមានការចោទប្រកាន់លើក្រុមយុវជនរបស់លោកពេលនេះយ៉ាងណាក្ដី ក៏អង្គការមាតាធម្មជាតិនៅតែបន្តធ្វើការងាររបស់ខ្លួនឲ្យកាន់តែខ្លាំងថែមទៀតក្នុងបុព្វហេតុនៃកិច្ចការពារបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។