មាតាបិតាសិស្ស និងក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សាពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បារម្ភសិស្សតូចៗលង់ទឹកស្លាប់ ឬកើតជំងឺសើស្បែកដោយសារជំនន់ទឹកភ្លៀងជន់លិចបរិវេណជាងបីខែហើយ មិនទាន់ស្រកវិញ។ អាជ្ញាធរ និងមន្ត្រីជំនាញធនធានទឹក កំពុងដាក់គ្រឿងចក្រស្ដារប្រឡាយ និងលូដែលកកស្ទះដោយសំរាម និងដីដែលពលរដ្ឋចាក់លុប។
អភិបាលស្រុកបរិបូរណ៍ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែតុលា បញ្ជាឲ្យគ្រឿងចក្រកាយប្រឡាយបើកផ្លូវទឹកចំនួនបីកន្លែង ដែលបង្កឲ្យទឹកស្ទះលិចសាលា។
អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ មានប្រសាសន៍ថា ក្នុងករណីដែលប្រឡាយ និងប្រព័ន្ធលូរំដោះទឹកបានស្ដារហើយ នៅតែទឹកហូរចេញពីបរិវេណសាលាមិនអស់ អាជ្ញាធរមានសមត្ថកិច្ចនឹងរិះរកវិធីថ្មី ដើម្បីយកទឹកចេញឲ្យអស់នៅមុនសិស្សចូលកងនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ។ លោកថា បញ្ហាទឹកលិចសាលានេះ អាចបណ្ដាលមកពីពលរដ្ឋចាក់ដីលុបប្រឡាយ ហើយម្យ៉ាងផ្លូវទឹកតូច៖ « យើងត្រូវតែគិតគូរបញ្ចៀសទឹកចេញពីសាលាហ្នឹងមិនឲ្យស្ទះ។ លោក ជិន ជេដ្ឋា៖ ពលរដ្ឋខ្លះថាការស្ទះទឹកនេះបណ្ដាលមកពីការទិញដូរដី ហើយចាក់ដីលុបអី លោកពូមើលឃើញម៉េចដែរ ? មានករណីហ្នឹងខ្លះ គាត់ចាក់ដីប្រឡាយពីមុនធ្វើឲ្យទឹកហូរមិនទាន់។ អ៊ីចឹងហើយយើងនឹងណែនាំបងប្អូន និងដាក់ផែនការស្ដារបន្ថែមទៀត »។
ក្រុមគ្រូបង្រៀន និងនាយកសាលាអះអាងថា ជំនន់ទឹកភ្លៀងនេះបានលិចតាំងពីខែកក្កដា ឆ្នាំ២០១៦ ដោយនៅក្នុងបន្ទប់រៀនខ្លះទឹកត្រឹមស្មងជើង និងក្រៅថ្នាក់កន្លែងខ្លះ កម្ពស់ទឹកមានដល់ជិត ១ម៉ែត្រ។
នាយករងសាលាបឋមសិក្សាពន្លៃ លោក ប៉ិល វាសនា ថ្លែងទាំងក្ដីបារម្ភថា សិស្សមត្តេយ្យតូចៗអាចរអិលដួលលង់ទឹកស្លាប់ និងកើតជំងឺសើស្បែក ព្រោះទឹកដែលលិចនេះមានប្រភពពីលូបង្ហូរទឹកស្អុយចេញពីផ្សារពន្លៃ និងទឹកកខ្វក់ចេញពីតាមផ្ទះនៅតំបន់ក្បែរនោះ។ លោកថា សព្វថ្ងៃមានមាតាបិតាសិស្ស និងកូនសិស្សមកចុះឈ្មោះរៀន លំបាកនឹងលាត់ជើងខោ ឬសើយសំពត់ដើរលុយទឹក៖ « ប្រភពទឹកនេះវាហូរពីលើខ្លាំងមក មុននឹងទំនាបនេះខ្លាំងម៉ង ! ហើយបើបូមចេញមិនដឹងដាក់ទៅត្រង់ណា ? បើអត់មានកន្លែងបូមទៅ។ ខ្ញុំគិតថា បើអាជ្ញាធរដោះស្រាយមិនចេញ ហើយទឹកនៅកកអ៊ីចឹងមានតែថ្ងៃទី១ ដែលយើងត្រូវបើកបវេសនកាលនេះ មិនអាចធ្វើជាទ្រង់ទ្រាយធំបានទេ អាចថាគ្រូៗ និងមាតាបិតាតិចតួចធ្វើដាក់ក្នុងបន្ទប់តែម្ដង »។
ម្ដាយសិស្សម្នាក់ក្នុងចំណោមអាណាព្យាបាលជាច្រើនទៀតនៅឃុំពន្លៃ ដែលយកកូនទៅចុះឈ្មោះចូលរៀននៅព្រឹកថ្ងៃទី២៥ ខែតុលា គឺលោកស្រី ស៊ឹម សុភា មានប្រសាសន៍ថា ដ្បិតកូនលោកស្រីមានអាយុជាង ១០ឆ្នាំមិនសូវបារម្ភរឿងលង់ទឹក ប៉ុន្តែបញ្ហាទឹកស្អុយ និងការធ្វើអនាម័យមិនបានស្អាតល្អ ដោយមានទឹកជោកជាំអាចធ្វើឲ្យកូនសិស្សរមាស់ និងប៉ះពាល់អារម្មណ៍គ្រូ និងសិស្សរៀនសូត្រ៖ « ប៉ះពាល់រមាស់ ហើយម្យ៉ាងទៀតទឹកកាន់តែច្រើនទៅ ភ្លៀងមកកាន់តែលិចទៅៗ អាណិតកូនសិស្សទាំងអស់គ្នា។ លោកគ្រូអ្នកគ្រូមិនធ្វើម៉េចមិនកើត ព្រោះអត់មានថវិកាមានតែអស់លោកអ្នកតូចអ្នកធំ ហើយមើលឃើញនោះរាល់ថ្ងៃនោះ »។
ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សអះអាងថា អាជ្ញាធរបានស៊ីញេលក់ដីក្បែរប្រឡាយ ឬមុខលូដែលធ្វើឲ្យម្ចាស់ដីខ្លះចាក់ដីធ្វើផ្ទះ ឬដាំដំណាំលយចូលដីប្រឡាយ នាំឲ្យស្ទះមុខទឹកហូរចេញទៅបឹងធំផ្នែកខាងក្រោមផ្លូវជាតិលេខ៥ ទើបបណ្ដាលឲ្យលិចទឹកសាលារៀនពន្លៃ ដែលជាតំបន់ទំនាបខ្លាំង ប៉ុន្តែអាជ្ញាធរថានឹងដោះស្រាយបញ្ហានេះ រួចណែនាំដល់ពលរដ្ឋដែលចាក់ដីចូលប្រឡាយ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ពេជ្រ សំបូរ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែតុលា។
ប៉ុន្តែប្រធានការិយាល័យអប់រំស្រុកបរិបូរណ៍ អ្នកស្រី ម៉ី ហួរ បញ្ជាក់ថា នៅទូទាំងស្រុកបរិបូរណ៍ មានសាលាចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យចំនួន ៤១សាលា ហើយសាលាដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀងមានតែសាលាបឋម និងអនុវិទ្យាល័យពន្លៃ មួយប៉ុណ្ណោះ ប៉ុន្តែមិនបង្កឲ្យខូចខាតសម្ភារៈឧបទេសបង្រៀន ឬទ្រព្យសម្បត្តិសាលានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។