សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ប្រតិកម្ម​នឹង​អាជ្ញាធរ​ដែល​ចោទ​ថា​ទីតាំង​វត្ត​សាមគ្គីរង្សី​​ជា​កន្លែង​អបគមន៍

0:00 / 0:00

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​មាន​មូលដ្ឋាន​ក្រៅ​ប្រទេស ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដែល​អះអាង​ថា ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពន្យល់​ថា ដើម្បី​បង្កើត​ទៅ​ជា​តំបន់​អបគមន៍​ទៅ​បាន ពុំ​មែន​មាន​លក្ខខណ្ឌ​ដូច​ស្ថានភាព​នៅ​វត្ត​សាមគ្គីរង្សី នេះ​ទេ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ព្រមាន​ថា នឹង​ស្នើ​ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ ត្រួតពិនិត្យ​ជុំវិញ​​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​តែង​ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​មនុស្ស​ទូទៅ ថា​មាន​គម្រោង​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី។

ការ​ថ្លែង​ដូច​នេះ​របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ លោក ថាច់ ង៉ុកថាច់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មករា តាម​រយៈ វីដេអូ ខនហ្វើរិន (Video Conference) ដោយ​​ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​មក​លើ​ព្រះ​សង្ឃ​នៅ​វត្ត​សាមគ្គីរង្សី ថា​ជា​ការ​ប៉ុនប៉ង​លុប​បំបាត់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា។ លោក ថាច់ ង៉ុកថាច់ ចំអក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថា​មាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា មិន​តិច​ទេ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​១៩៧៩ ជាមួយ​ទាហាន​វៀតណាម កាល​ណោះ ដែល​ចូល​មក​ជួយ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​របប​ខ្មែរ​ក្រហម។ ផ្ទុយ​​ទៅ​វិញ មក​ដល់​ពេល​នេះ លោក​អះអាង​ថា បែរ​ជា​ចោទ​ប្រកាន់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​សុំ​តែ​រស់​ដោយ​សមរម្យ​ក្នុង​ទឹកដី​របស់​ខ្លួន​ថា មាន​គម្រោង​បង្កើត​តំបន់​អបគមន៍​ទៅ​វិញ។

លោក​ថ្លែង​ថា រឿង​នេះ​វា​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ និង​ជា​ការ​អាម៉ាស់​មួយ​របស់​ជាតិ​ខ្មែរ​ដែល​មិន​ចេះ​រួបរួម​គ្នា៖ «បងប្អូន​ខ្មែរ​កម្ពុជា​រស់​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​តែ​ដូរ​ឈ្មោះ​ភូមិ ស្រុក​កំណើត ដើម្បី​ឲ្យ​បាន​ក្រដាស​ស្នាម បាន​រស់​នៅ។ រឿង​ហ្នឹង​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់ ដែល​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ហ្នឹង​មក​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម»

កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ​នេះ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ និយាយ​ថា គ្រោង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គីរង្សី បន្ទាប់​ពី​អាជ្ញាធរ​យល់​ឃើញ​ថា ស្ថានភាព​នៅ​ក្នុង​វត្ត​នោះ​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ ជាពិសេស លោក ឡុង ឌីម៉ង់ មាន​មន្ទិល​សង្ស័យ​ថា ព្រះសង្ឃ​គង់​នៅ​វត្ត​សាមគ្គីរង្សី ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល។

ការ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល​នេះ ពុំ​មែន​ទើប​​ជា​លើក​ទី​មួយ​ឡើយ។ កាល​ពី​ឆ្នាំ​២០១២ មនុស្ស​មួយ​ក្រុម ក្នុង​នោះ​មាន​ប្រធាន​វិទ្យុ​សំបុកឃ្មុំ លោក ម៉ម សូណង់ដូ ផង ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ប្រកាន់​ម្ដង​ដែរ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៅ​​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថា​មាន​គម្រោង​បង្កើត​តំបន់​អបគមន៍។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ថា លោក​ពុំ​បាន​ចោទ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ថា បង្កើត​តំបន់​អបគមន៍​ទេ។ លោក​បញ្ជាក់​ទៀត​ថា សារ​ដែល​លោក​លើក​ឡើង​កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ គឺ​សំដៅ​ដល់​ស្ថានភាព​នៅ​ក្នុង​វត្ត​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ ពិបាក​គ្រប់គ្រង ហើយ​មិន​ច្បាស់​ថា​វត្ត​សាមគ្គីរង្សី​នោះ មាន​ច្បាប់​អនុញ្ញាត​ឲ្យ​បង្កើត​ទៅ​ជា​វត្ត​ហើយ​ឬ​នៅ?

យ៉ាង​ណា​លោក ឡុង ឌីម៉ង់ និយាយ​ថា ប្រតិកម្ម​របស់​ព្រះសង្ឃ​គឺ​ជា​សិទ្ធិ​របស់​ព្រះអង្គ៖ «ខ្ញុំ​សូម​មិន​ឆ្លើយឆ្លង​ជា​មួយ​នឹង​លោក​ទេ។ លោក​បន្ត​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​លោក ចង់​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​អី​ចុះ អាច​ធ្វើ​បាន​ចុះ។ ក៏ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​របស់​យើង​គឺ​នៅ​តែ​ត្រៀម​ចុះ»

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​អូស្ត្រាលី ព្រះ​តេជគុណ លី ពៅ មាន​ថេរ​ដីកា តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ថា វត្ត​សាមគ្គី​រង្សី មាន​លិខិត​អនុញ្ញាត​ឲ្យ​សាងសង់​ត្រឹមត្រូវ មិន​ដូច​ការ​ចោទ​ប្រកាន់ របស់​អាជ្ញាធរ​ទេ។

លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ឈ្មោះ​ថា​តំបន់​អបគមន៍ គឺ​ជា​រដ្ឋ​ដែល​បង្កើត​នៅ​ក្នុង​រដ្ឋ ហើយ​ប្រមូលផ្ដុំ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រាន់ ដែល​ចង់​ផ្ដាច់​ខ្លួន។ ផ្ទុយ​ទៅ​វិញ ចំពោះ​ទីតាំង​វត្ត​សាមគ្គីរង្សី​នេះ មិន​អាច​ទៅ​ជា​តំបន់​អបគមន៍​បាន​ទេ ដោយ​ហេតុ​ថា ពុំ​មាន​សព្វាវុធ ស្បៀង​អាហារ និង​កម្លាំង​ដែល​ត្រូវ​ហ្វឹកហ្វឺន​ដើម្បី​ត្រៀម​ប្រយុទ្ធ​នោះ​ទេ។

លោក នី ចរិយា យល់​ឃើញ​ថា អ្វី​ដែល​អាជ្ញាធរ​ចាត់​ទុក​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម ថា​ចង់​បង្កើត​តំបន់​អបគមន៍​នេះ គឺ​ជា​ការ​ផាត់​ពណ៌​ក្នុង​គោល​បំណង​ចង់​លុប​បំបាត់​វត្ត​សាមគ្គីរង្សី​នេះ​ចោល​ប៉ុណ្ណោះ៖ «វត្ត​សាមគ្គីរង្សី​នេះ​លោក​គ្មាន​ទ័ព គ្មាន​រចនាសម្ព័ន្ធ​ខាង​ស៊ីវិល គ្មាន​នគរបាល​ប៉ូលិស​អី​ផង ហើយ​យើង​ទៅ​អាច​ចាត់​ទុក​ជា​តំបន់​អបគមន៍។ ខ្ញុំ​គិត​ថា ជា​ចោទ​ប្រកាន់​លាប​ពណ៌ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​រំលាយ​វត្ត​សាមគ្គីរង្សី​នេះ​ចោល»

វត្ត​សាមគ្គីរង្សី គឺ​មិន​ខុស​ពី​​វត្ត​ដទៃ​ទៀត​នៅ​កម្ពុជា​ទេ។ ក្នុង​នោះ មាន​រចនាសម្ព័ន្ធ​របស់​វត្ត និង​រចនាបថ​ជា​ច្រើន​ទៀត​ជាដើម។ ដោយ​ឡែក ​ត្រង់​ដែល​ថា​វត្ត​នេះ​ហាក់​រាង​ប្លែក​ពី​វត្ត​ដទៃ​ទៀត​នោះ​នៅ​ត្រង់​ថា អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​គ្រប់​ទិសទី​តែង​ចូល​សម្រាក​នៅ​វត្ត​នេះ​ជា​ហូរហែ មុន​នឹង​ពួក​គេ​បន្ត​ការ​តវ៉ា​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ។ ប្រហែល​ជា​មូលហេតុ​នេះ​ហើយ​មើល​ទៅ​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​គម្រោង​ត្រួត​ពិនិត្យ​រដ្ឋបាល​របស់​វត្ត។

ដោយ​ឡែក លោក ឡុង ឌីម៉ង អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ អះអាង​ថា ប្រហែល​នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​ខាង​មុខ​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គីរង្សី នោះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។