សាលាដំបូងខេត្តបាត់ដំបង កោះហៅជនរងគ្រោះ ២នាក់នៅស្រុកសំឡូត ទៅសាកសួរនៅថ្ងៃទី១០ខែមិថុនា។ ការកោះហៅនេះ បន្ទាប់ពីពួកគេបានប្ដឹងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺ លោក សេរី កុសល ដែលបានបាញ់បោះបង្ករបួសស្នាម ខណៈដែលពួកគេកំពុងដើររើសផ្លែសំរ៉ង កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលធ្វើការឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៅខេត្តបាត់ដំបង លើកឡើងថា សំណុំរឿងនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ពលរដ្ឋ ពីអ្នកមានអំណាចដែលតុលាការគួរចាត់ការឱ្យបានឆាប់។
អាណាព្យាបាលជនរងគ្រោះនៅស្រុកសំឡូត ទទូចឱ្យមន្ត្រីតុលាការខេត្តបាត់ដំបង រកយុត្តិធម៌ដល់ពួកគេ និងចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យទៅគំរាមកំហែងដល់ពលរដ្ឋដទៃបន្តទៀត។
ឪពុកដើមបណ្ដឹងនៅស្រុកសំឡូត លោក ហ៊ិន សុផុន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៧មិថុនា ថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ របបឯកបក្ស លោក សេរី កុសល អាងខ្លួនមានអំណាចបានយកកាំភ្លើងអាការ៤៧ បាញ់ភ្ជង់ដីមួយគ្រាប់ បណ្ដាលឱ្យកម្ទេចថ្មខ្ទាតត្រូវជើងកូនរបស់លោកដែលកំពុងដើររើសផ្លែសំរ៉ងនៅភូមិ ឆករកា ឃុំសំឡូត កាលពីថ្ងៃទី២០មេសាកន្លងទៅ។ លោកបន្តថា នៅថ្ងៃកើតហេតុកូនរបស់លោករួមនឹងអ្នកស្រុកក្បែរខាងផងមានគ្នាចំនួន៤នាក់បានដើររើសផ្លែសំរ៉ងនៅលើដីរបស់លោកដែលធ្លាប់កាន់កាប់ អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកស្រាប់តែលោក សេរី កុសល ស្រែកជេរហើយបណ្ដេញពួកគាត់ចេញពីដី រួចក៏យកកាំភ្លើងបាញ់បណ្ដាលឱ្យរបួសស្នាមតែម្ដង៖ «ខ្ញុំមិនមែនទៅកាប់ព្រៃទេ គឺខ្ញុំរើសសំរ៉ងទេ ហើយតាឯងមកចោទខ្ញុំថាកាប់ព្រៃ តែនេះជារបស់ខ្ញុំយូរឆ្នាំហើយ ស្រាប់តែគាត់ទាញកាំភ្លើងបាញ់អត់មានសួរមួយមាត់មកដល់បាញ់យកតែម្ដង។ រួចបានកូនខ្ញុំវាទាញទូរស័ព្ទថត ហើយតាសេរី កុសលថា ឆាប់លុបរូបចេញវិញ បើមិនលុបអញបាញ់ងាប់ហាលងៀតឥឡូវហើយ។ ខ្ញុំប្ដឹងដោយសារថាគាត់មើលមកកូនខ្ញុំបីដូចជាសត្វ គាត់ដេកលើច្បាស់ហើយ មិនគោរពច្បាប់ គាត់យកច្បាប់មកជាន់ឈ្លី អាងអំណាចរបស់គាត់ធំ»។
លោកបន្តថា កូនៗរបស់លោក២នាក់បានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១មេសា ដើម្បីឱ្យចាប់លោកជនល្មើសផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែរហូតមកទល់ម៉ោងផ្សាយនេះមិនទាន់មានដំណោះស្រាយនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យរបបឯកបក្ស លោក សេរី កុសល ប្រាប់អាស៊ីសេរីថា លោកមិនបានបាញ់ពលរដ្ឋទាំង២នាក់ដូចការចោទប្រកាន់នោះទេ ដោយគ្រាន់តែទៅហាមឃាត់ពលរដ្ឋទាំងនោះមិនឱ្យទន្ទ្រានព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ប៉ុណ្ណោះ។ អតីតទេសរដ្ឋមន្ត្រីរូបនេះ បន្ថែមទៀតថា មូលហេតុដែលធ្វើបែបនេះ ដោយសារឃើញព្រៃឈើនៅតំបន់ព្រំដែនស្រុកសំឡូត ត្រូវបានគេលូចទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ហើយលោកចង់ការពារព្រៃឈើទាំងនោះឱ្យបានគង់វង្សនៅតាមព្រំដែន ដោយពុំមែនទៅគំរាមកំហែងពលរដ្ឋដើម្បីយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ៖ «អញ្ជើញប្ដឹងចុះពីព្រោះសមត្ថកិច្ចគេមានភស្តុតាងជាលាយលក្ខណ៍អក្សរអស់ហើយ គេថែមទាំងថតសាមីខ្លួនកាប់ព្រៃទៀតផង យើងតាមនឹងទៅ ខ្ញុំខ្លួនឯងទេ ដែលពិចារណាថាខ្ញុំគួរតែចាត់ការរឿងនេះតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតនឹងឬក៏របៀបយ៉ាងម៉េច គឺពិចារណាដែរ»។
ប៉ុន្តែ លោក ហ៊ិន សុផុន អះអាងថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានកាន់កាប់ដីព្រៃនៅតំបន់ដែលបាញ់បោះនោះ ប្រមាណ១៥០ហិកតារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលឃើញកូនរបស់លោកដើររើសផ្លែសំរ៉ងក៏បាញ់គំរាមដោយសារលោកសេរី កុសល ខ្លាចពួកគេដណ្ដើមដីនោះធ្វើជាកម្មសិទ្ធិ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី ដែលបានចុះទៅអង្កេតលើសំណុំរឿងនេះ លើកឡើងថា ប្រជាពលរដ្ឋជាច្រើននាក់បានអះអាងថា ឃើញលោក សេរី កុសល កាន់កាំភ្លើងអាការ៤៧ មួយដើមចូលទៅគំរាមពលរដ្ឋ និងបានបាញ់មួយគ្រាប់ភ្ជង់ដី។ លោកបន្តថា លោក សេរី កុសល យកកាំភ្លើងទៅបាញ់គំរាមពលរដ្ឋ គឺជារឿងខុសច្បាប់ធ្ងន់ធ្ងរ ព្រោះលោកជាតំណាងរាស្ត្រ យល់ដឹងច្បាប់ទម្លាប់ ទៅគំរាមកំហែងពលរដ្ឋទន់ខ្សោយ៖ «យើងយកអាវុធដែលជាទ្រព្យសម្បត្តិរបស់រដ្ឋទៅប្រើប្រាស់ ដើម្បីការពារផលប្រយោជន៍បុគ្គលនេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ រឿងនេះកំពុងតែដំណើរតាមផ្លូវច្បាប់ហើយ។ ហើយបញ្ហានេះខ្ញុំនៅតែអះអាងថា វាបង្កឡើងដោយសាររឿងដីធ្លី ហើយបើសិនជាពលរដ្ឋគាត់មានកាំបិតមានពូថៅ ក៏មិនបំផ្លាញព្រៃឈើប៉ុន្មានដែរ អ្នកដែលបំផ្លាញព្រៃឈើគឺអ្នកមានគ្រឿងចក្រ គឺមានអំណាចមានលុយទេដែលទៅបំផ្លាញព្រៃឈើ ខ្ញុំចង់ឱ្យមានការស៊ើបអង្កេតឡើងវិញ ទាក់ទងនឹងមន្ត្រីទាំងឡាយ ជាពិសេសលោក សេរី កុសល ដែលពាក់ព័ន្ធរឿងព្រៃឈើនេះ»។
តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា បានកោះហៅ លោក ផុន វីរៈ អាយុ ១៧ ឆ្នាំ និងលោក ហ៊ិន ដានី អាយុ ៣៧ឆ្នាំ រស់នៅភូមិឆករកា ឃុំ សំឡូង ឱ្យចូលបំភ្លឺតុលាការនៅព្រឹកថ្ងៃទី១០ មិថុនា ដើម្បីសាកសួរអំពីដំណើររឿងដែលអ្នកទាំង២បានប្ដឹង លោក សេរី កុសល ពីការគំរាមកំហែង និងកាន់អាវុធខុសច្បាប់។ ឪពុកជនរងគ្រោះ អះអាងថា ពួកគេនឹងចូលបំភ្លឺតុលាការតាមដីកាកោះនេះ ដោយសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់កូនរបស់ខ្លួនជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។