ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ស្នើ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ដែល​អះអាង​ថា​បាន​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​មួយ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​ឆបោក​លុយ និង​បាន​ដក​យក​អត្តសញ្ញាណប័ណ្ណ សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ និង​លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់ ហើយ​រត់​គេច​ខ្លួន​បាត់។

ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ទាំង​ពីរ​នេះ​អះអាង​ថា ពួក​គាត់​បាន​ស្ដាប់​វិទ្យុ​ដែល​ផ្សាយ​អំពី​ការ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស ហើយ​គ្នីគ្នា​គាត់​ទាំង​ភូមិ​បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​រងគ្រោះ​ប្រាប់​ថា ក្រុមហ៊ុន​ដែល​បាន​ឆបោក​ពួក​គេ ហើយ​វេច​បង្វេច​រត់​ចោល​ស្រុក​នោះ ឈ្មោះ​ក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី (Fruit Picking Australia Co.Ltd) ដែល​មាន​អាសយដ្ឋាន​នៅ​ម្ដុំ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ កញ្ញា តឹក ស្រីនេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ក្នុង​ចំណោម​អ្នក​ដែល​ចាញ់​បោក​មេ​ខ្យល់ ឬ​ក្រុមហ៊ុន គ្រាន់​តែ​នៅ​ក្នុង​ភូមិ​ត្រពាំងទន្លេ នៃ​ឃុំ​ដំបូកខ្ពស់ មាន​ជិត ៣០​នាក់។ កញ្ញា​បន្ត​ថា គ្រាន់​តែ​បង​ប្អូន​របស់​កញ្ញា​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៨​នាក់ ដោយ​ក្នុង​ម្នាក់​ចាញ់​បោក​ពី​ចន្លោះ ១៥០ ទៅ ២៥០​ដុល្លារ៖ « ដឹង​ថា​ចាញ់​បោក​គេ​ម៉ង ! ឥឡូវ​ដល់​ទៅ​មើល​កន្លែង​ក្រុមហ៊ុន​ហ្នឹង​ទៅ វា​នាំ​គ្នា​រត់​អស់​រលីង។ ចង់​បាន​អត្ត​សញ្ញាប័ណ្ណ សៀវភៅ​គ្រួសារ ហើយ​និង​ប៉ាសស្ព័រ ( លិខិត​ឆ្លង​ដែន ) ហើយ​សៀវភៅ​កំណើត​មក​វិញ។ យើង​អ្នក​ស្រែ​គ្មាន​រក​អី​បាន​បង ២៥០​ដុល្លារ​ដែរ ១​លាន​រៀល​ហើយ »

ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ក្រុមហ៊ុន​បាន​ប្រកាស​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ពី ៩.០០០ ទៅ ១២.០០០​ដុល្លារ​ហុងកុង​ក្នុង​មួយ​ខែ ឬ​ស្មើ​នឹង ៩០០ ទៅ ១.២០០​ដុល្លារ​អាមេរិក ប៉ុន្តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​បង់​លុយ ១៥០​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​មាន​លិខិត​ឆ្លង​ដែន និង​បង់ ២៥០​ដុល្លារ​សម្រាប់​អ្នក​គ្មាន​លិខិត​ឆ្លង​ដែន។

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត​នៅ​ស្រុក​អង្គរជ័យ នៃ​ខេត្ត​កំពត សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា និង​ស្នើ​ជាច្រើន​ដង​ហើយ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ ប៉ុន្តែ​ទម្រាំ​ប៉ូលិស​អន្តរាគមន៍ មេ​ខ្យល់​បាន​រត់​អស់​ទៅ​ហើយ។ ពលរដ្ឋ​នៅ​ខេត្ត​កំពត រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍​ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ លិខិត​ឆ្លង​ដែន សំបុត្រ​បញ្ជាក់​កំណើត និង​លុយ​មក​វិញ៖ « និយាយ​តាម​ហ្វេសប៊ុក​តិចតួច​ចាប់​បាន​ម្ល៉េះ ហើយ​នេះ​មាន​រូបថត មាន​អត្តសញ្ញាណ ជួល​អគារ​ជួល​អី ម៉េច​មិន​ជួយ​ចាប់​ឲ្យ​គ្នា។ បើ​ប៉ះពាល់​គេ​អ្នក​ធំ​តិចតួច សុទ្ធតែ​គុក​ច្រវាក់ ហើយ​ដល់​ពេល​ប្រជាពលរដ្ឋ ២០០ ទៅ ៣០០​នាក់ បោក​គេ​ឆៅៗ​ចឹង ស្រុក​ខ្មែរ »

កិច្ចសន្យា​ដែល​ធ្វើ​ឡើង​រវាង​តំណាង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ពលរដ្ឋ គឺ​ភាគី​ក្រុមហ៊ុន​ដែល​មាន​បញ្ជាក់​លេខ​អត្តសញ្ញាណប័ណ្ណ​ផង​នោះ បង្ហាញ​ថា ឈ្មោះ អាវ សុវណ្ណដា គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន។ ការ​នាំ​គ្នា​ទាំង​ភូមិ​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង ធ្វើ​ឡើង​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មិថុនា ហើយ​តំណាង​ក្រុមហ៊ុន​បាន​ដក​យក​អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន និង​ឯកសារ​ពលរដ្ឋ ហើយ​សន្យា​ថា យ៉ាង​យូរ ៣​ខែ នឹង​បញ្ជូន​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ទើប​តែ​នៅ​ដើម​ខែ​កក្កដា នេះ អ្នក​ភូមិ​បាន​ដឹង​ថា តំណាង​ក្រុមហ៊ុន​បាន​ឆបោក​លុយ ហើយ​យក​លុយ​រត់​គេច​ខ្លួន​បាត់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដោយ​ទូរស័ព្ទ​ចូល មិន​មាន​អ្នក​ទទួល។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​ទប់ស្កាត់​ការ​ជួល​ម៉ោង​របស់​ក្រុមហ៊ុន​គ្មាន​ច្បាប់ ដែល​ឃោសនា​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា មើល​ឃើញ​ថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​តែ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស ដោយសារ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស។ សង្គម​ស៊ីវិល​យល់​ថា កន្លង​ទៅ អាជ្ញាធរ​មិន​ដែល​បាន​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដែល​ឆបោក​ពលរដ្ឋ​ថា រក​ការងារ​ឲ្យ​ធ្វើ​នោះ​ទេ។ កត្តា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឆបោក​ពលរដ្ឋ​ជា​បន្តបន្ទាប់៖ « យើង​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង បាន​ជា​ខាង​រដ្ឋាភិបាល​ហាក់​ដូច​មិន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​ពួក​គេ​នោះ​ទេ »

ប្រជាពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ប្រាប់​ថា លុយ​ដែល​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន គឺ​ពួក​គាត់​បាន​មក​ពី​ការ​ដាក់​ប្លង់​ដី​នៅ​ធនាគារ។ ពលរដ្ឋ​អះអាង​ថា អ្នក​ដែល​ចាញ់​បោក​ក្រុមហ៊ុន​មិន​មែន​មាន​តែ​ពីរ​ខេត្ត​នេះ​ទេ ហើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ កក្កដា ពួក​គេ​នឹង​លើក​គ្នា​ទៅ​ទាមទារ​លុយ លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ​វិញ​នៅមុខ​អគារ​ក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី នៅ​ម្ដុំ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។