អង្គការយូណេស្កូ (UNESCO) ប្រកាសយុទ្ធនាការស្ដីពីប្រធានបទ «ការបើកបេះដូងអ្នក» ដើម្បីប្រឆាំងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញការរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឲ្យដឹងថា យុទ្ធនាការនេះគឺធ្វើឡើងដោយប្រើប្រាស់ជាសិល្បៈគូសជាគំនូរបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជាភាសាខ្មែរ ភាសាអង់គ្លេស និងរូបសញ្ញាផ្សេងៗ។ អង្គការយូណេស្កូឲ្យដឹងថា ពាក្យពេចន៍ដែលប្រើនេះត្រូវបានជ្រើសរើសដើម្បីបង្ហាញពីការប្រឈម ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ និងពាក្យពេចន៍វិជ្ជមាន ព្រមទាំងការលើកទឹកចិត្តនិងពង្រឹងទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរ ជាមួយជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
មន្ត្រីកម្មវិធីផ្នែកសារគមនាគមន៍ និងព័ត៌មាននៃអង្គការយូណេស្កូ កញ្ញា វន មករា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់និងប្រឆាំងការរើសអើង ដល់ជនបរទេស ដែលខ្លាចថាមានជំងឺកូវីដ ១៩ ព្រមទាំងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរីករាលដាលជំងឺនេះទូទាំងសកលលោក និងនៅក្នុងប្រទេសកម្ពុជា។
កញ្ញាបន្តថា អង្គការយូណេស្កូ បានចាប់ផ្តើមធ្វើយុទ្ធនាការសាកល្បងបែបសិល្បៈនេះ អស់រយៈពេល ២ ខែមកហើយ ដោយសង្កេតឃើញថា មានក្រុមមនុស្ស អង្គការ ស្ថាប័នមួយចំនួនបានស្ម័គ្រចិត្ត ចូលរួមសហការដើម្បីផ្សព្វផ្សាយពីការសន្ទនាបែបអន្តរវប្បធម៌ ការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមកនេះ។
ចាប់តាំងពីយុទ្ធនាការបានសាកល្បង២ខែមកហើយនេះ គឺមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាង ៦សែន ២ម៉ឺននាក់ (៦២៦ ៧២៨) បានដឹងពីរបៀបស្វែងរក និងទទួលព័ត៌មាន ពីប្រភពដែលអាចជឿទុកចិត្តបាននៅលើប្រព័ន្ធអនឡាញ និងចែករំលែកព័ត៌មានទាំងនោះឲ្យបានត្រឹមត្រូវ។ គំនិតផ្ដួចផ្ដើមទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្ម របស់អង្គការយូណេស្កូ ដើម្បីពង្រឹងសេរីភាពបញ្ចេញមតិ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។