ក្រុមអាជីវករលក់ដូរប្រមាណ ១០០នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ កក្កដា តវ៉ានៅខាងមុខផ្សាររ៉ាថ្មី ក្រុងប៉ោយប៉ែត ឲ្យអាជ្ញាធរដោះស្រាយករណីថៅកែផ្សារនេះដំឡើងថ្លៃតូប ធ្វើឲ្យលក់ដូរមិនបានប្រាក់ចំណេញ។ ទាក់ទងនឹងបញ្ហានេះ ថៅកែផ្សាររ៉ាថ្មី អះអាងថា ខ្លួនមិនបានដំឡើងថ្លៃតូបទេ តែដោយសារក្រុមអ្នកតវ៉ាចង់រុះរើតូបដោយពុំបានបង់ប្រាក់គ្រប់ចំនួន។
ក្រុមអាជីវករផ្សាររ៉ាថ្មី ក្រុងប៉ោយប៉ែត លើកឡើងថា ថៅកែផ្សារមួយនេះដំឡើងថ្លៃជួលតូបលក់ដូរតាមអំពើចិត្ត ដើម្បីបានប្រាក់ចំណេញផ្ទាល់ខ្លួន ដោយមិនគិតពីអ្នកលក់ដូរឡើយ។
តំណាងក្រុមអ្នកតវ៉ា លោក ម៉ែន សារឿន ឲ្យដឹងនៅថ្ងៃទី១០ កក្កដា ថា មូលហេតុដែលពួកគាត់តវ៉ា ដោយសារថៅកែផ្សារដំឡើងថ្លៃជួលតូបមួយពីតម្លៃជាង ៥០០ដុល្លារអាមេរិកទៅ ១.២០០ដុល្លារអាមេរិក និងបង់ ១០ម៉ឺនរៀលក្នុងមួយខែរយៈពេល ៥ឆ្នាំ។ លោកអះអាងថា តម្លៃតូបថ្មីនេះ ពួកគាត់លក់មិនបានប្រាក់ចំណេញឡើយ ព្រោះពុំសូវមានអតិថិជនចូលទិញ៖ « ព្រោះអីគាត់ធ្វើមិនត្រឹមត្រូវ ព្រោះទ្វា រ បើកបិទក្នុងតូប ពួកខ្ញុំចេញប្រាក់ធ្វើដោយ ខ្លួនឯង ហើយពេលផុតអាណត្តិ ៥ឆ្នាំ ពួកខ្ញុំ មានសិទ្ធិ រុះរើទ្វា រ ចេញវិញ តែថៅកែផ្សារមិនឲ្យពួកខ្ញុំរុះរើទេ »។
ឆ្លើយតបនឹងបញ្ហានេះ ថៅកែផ្សាររ៉ាថ្មី លោក ទឹត្យ លេក មានប្រសាសន៍ថា ករណីនេះដោយសារក្រុមអ្នកតវ៉ាពុំបានបង់ប្រាក់ថ្លៃតូបលក់ដូរពីអាណត្តិមុនឲ្យគ្រប់ចំនួន។ លោកបន្ថែមថា លោកពុំបានដំឡើងថ្លៃជួលតូបលក់ដូររបស់ក្រុមអាជីវករនោះទេ៖ « តូបដែលខ្ញុំជួលក្នុងមួយអាណត្តិ ៥ឆ្នាំ តម្លៃ ២ . ៥០០ដុល្លារ តែអាជីវករ មួយចំនួន ដែលមាន លទ្ធភាពបង់ ២ . ៥០០ដុល្លារហើយ គឺខ្ញុំ មិនបានយកឈ្នួល ១០ម៉ឺនរៀលក្នុងមួយខែ ឬក៏ថ្លៃទ្វារបង្អួចនោះទេ ។ ចំពោះអាជីវករដែល ពុំមាន លទ្ធភាពបង់ ២ . ៥០០ដុល្លារ ខ្ញុំឲ្យពួកគាត់បង់រំលស់ដោយឲ្យយកទ្វារពីខ្ញុំ និងការក្រាលការ៉ូ ក្រាលអី គឺខ្ញុំត្រូវ កាត់ប្រាក់ ពីគាត់វិញ »។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ កក្កដា ដោយលោកពុំទទួលទូរស័ព្ទ។
ក្រុមអាជីវករអះអាងថា អាជ្ញាធរក្រុងបានហៅពួកគាត់ទៅជួបនៅសាលាក្រុង ដោយប្រាប់ថាអាជ្ញាធរនឹងចុះទៅពិនិត្យផ្ទាល់ ដើម្បីដោះស្រាយនៅចុងសប្ដាហ៍នេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើឲ្យអាជ្ញាធរក្រុងត្រូវស៊ើបអង្កេតដោះស្រាយបញ្ហានេះដោយអព្យាក្រឹត្យ និងមិនលម្អៀងទៅខាងភាគីណាមួយនោះឡើយ៖ « ទីមួយ គាត់ត្រូវពិនិត្យតើថា មានការ បង់តូបបង់អី មែនឬ អត់ ? ទី២ បើពលរដ្ឋរស់នៅ មានការ ធ្វើអាជីវកម្មដើម្បី រស់រានមានជីវិត នៅកន្លែងនោះ គួរតែ ជួយសម្រួល ពួកគាត់ ឲ្យបានលក់នៅកន្លែងដើម។ ហើយកុំអាងថាខ្លួនជាថៅកែ ហើយចង់ធ្វើអីក៏បានតាមអំពើចិត្ត មិនត្រូវទេ ព្រោះគេជួលទៅតាមតម្លៃ ដូច្នេះបើបាត់បង់ ត្រង់ចំណុច ណាមួយ អ្នកថៅកែក៏ត្រូវទទួលខុសត្រូវដែរ »។
ផ្សាររ៉ាថ្មី មានទីតាំងជាប់ផ្លូវរថភ្លើងនៅសង្កាត់ប៉ោយប៉ែត និងមានតូបលក់អីវ៉ាន់ចម្រុះសរុបជាង ៣០០តូប។ ក្រុមអាជីវករសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយតម្លៃតូបឲ្យនៅដូចតម្លៃចាស់ដដែលបានទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។