ភរិយា​សកម្មជន​បក្ស​ប្រឆាំង៖ ឆ្មាំ​ពន្ធនាគារ​ជំរិត​ទារ​លុយ​​ជា​ថ្នូរ​ឲ្យ​យក​​អាហារ​ និង​​បាន​ជួប​មុខ​ប្ដី នៅ​​បន្ទប់​រង់ចាំ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ

0:00 / 0:00

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ប្រាប់​ថា ឆ្មាំ​ពន្ធនាគារ​ បាន​ជំរិត​ទារ​លុយ​ ជា​ថ្នូរ​ឲ្យ​លោកស្រី​អាច​យក​ម្ហូប​អាហារ និង​ជួប​មុខ​ប្ដី នៅ​ក្នុង​​បន្ទប់​រង់ចាំ​ នៃ​​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រី​ឯ​អាជ្ញាធរ​ពន្ធនាគារ​ប្រាប់​ថា ការ​យក​ម្ហូប​អាហារ និង​​សុំ​ជួប​មុខ​ជន​សង្ស័យ​ក្នុង​បន្ទប់​រង់ចាំ​ក្នុង​តុលាការ​ មិន​តម្រូវ​ឲ្យ​បង់​លុយ​ឡើយ។ សង្គម​ស៊ីវិល​ជំរុញ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

ភរិយា​របស់​ លោក ម៉ៃ ហុងស្រៀង គឺ​លោក​ស្រី គា ស៊ីសុគន្ធី ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​ជំរិត​ទារ​ប្រាក់​អ្នក​ស្រី​ចំនួន​មួយ​ម៉ឺន (១០.០០០) រៀល ទើប​អនុញ្ញាត​ឲ្យ​ជួប​មុខ​ប្ដី​បាន និង​អាច​យក​បាយ​ម្ហូប ទឹក ឲ្យ​លោក ម៉ៃ ហុងស្រៀង ក្នុង​បន្ទប់​រង់ចាំ​សវនាការ​បន្ត​នីតិវិធី​សាកសួរ។ លោក​ស្រី​រៀបរាប់​ថា នៅ​​​​ថ្ងៃ​ទី១២ សីហា ឆ្មាំ​ពន្ធនាគារ បាន​ដឹក​លោក ម៉ៃ ហុងស្រៀង មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រហែល ៨ព្រឹក ហើយ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​រង់ចាំ​ក្នុង​អគារ​សាលា​ដំបូង។

លោក​ស្រី​បាន​យក​អាហារ​ទៅ​ឲ្យ​​ប្ដី ក្នុង​បន្ទប់​រង់ចាំ​ តែ​ត្រូវ​ឆ្មាំ​ពន្ធនាគារ​បង្គាប់​ឲ្យ​អ្នកស្រី​បង់​លុយ​ម្ដង​មួយ​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចែក​គ្នា​បន្ត​ទៀត​ទៅ​ថ្នាក់​លើ។ ស្ត្រី​គ្រូ​បង្រៀន​បឋម​សិក្សា​រូប​នេះ​ថា ដើម្បី​បាន​ជួប​មុខ​ប្ដី ដែល​ព្រាត់​គ្នា​ច្រើន​ខែ លោក​ស្រី​បាន​បង់​លុយ​តាម​បង្គាប់ តែ​ឆ្មាំ​អនុញ្ញាត​ឲ្យ​​ជួប​បាន​តែ​បន្តិច និង​ទារ​លុយ​ថែម​ទៀត។ លោក​ស្រី​ថា គាត់​ត្រូវ​បាន​ឆ្មាំ​បណ្ដេញ​ចេញ​ពី​បន្ទប់​រង់ចាំ ដោយសារ​គ្មាន​ប្រាក់​បង់​ឲ្យ​បន្ត​ទៀត៖ « គ្រាន់​តែ​ខ្ញុំ​សុំ​ជួប​ប្ដី​មួយ​ភ្លែត ខ្ញុំ​យក​បាយ​ យក​ទឹក​ឲ្យ​គាត់ ដឹង​តែ​ទារ​លុយ​ហើយ។ សួរ​ថា យក​ប៉ុន្មាន​ យក​មួយ​ម៉ឺន​ ( រៀល ) ហើយ​ម្ដេច​បាន​យក​ថ្លៃ​ម្ល៉េះ ដល់​មួយ​ម៉ឺន​ម្ល៉េះ ឆ្លើយ​ថា យី​ ! សែប (Chief ថ្នាក់​លើ​ )​ ច្រើន​មាំ​ណាស់​។ ហួស​ចិត្ត​ណា ដល់​ពេល​និយាយ​តែ​ពីរ បី​មាត់​ ទារ​លុយ​​រហូត ងាក​លុយ​ៗ ក្រែង​ពួក​ហ្នឹង​ស៊ី​ប្រាក់​ខែ មាន​ប្រាក់​ខែ​ នៅ​តែ​បូម​ឈាម​ ជញ្ជក់​ឈាម​ប្រជារាស្ត្រ​មាំ​ម្ល៉េះ។ ពួក​អ្នក​យាម​ហ្នឹង អ្នក​ដឹក​គាត់​ បញ្ជូន​គាត់​មក​ហ្នឹង ហើយ​សំដី​​អាក្រក់​ទៀត។ ចា !​ ខ្ញុំ​ខឹង​មែន​ទែន​ណា។ សំដី​អាក្រក់​ហើយ ទារ​លុយ​រហូត។ អ្នក​ណា​ចង់​ជួប​អ្វី ទាល់​តែ​ហុច​លុយ​រហូត។ ខ្ញុំ​មែន​ទែន ខ្ញុំ​ប្រាប់​ប្ដី ខ្ញុំ​ថា ខ្ញុំ​អត់​និយាយ ខ្ញុំ​ខ្ជិល​ជួប​មុខ​​អា​ពួក​​អស់​ហ្នឹង​ណា សុខ​ចិត្ត​ចាំ​ជួប​គ្នា នៅ​ព្រៃ​ស​វិញ។ គាត់​ថា អត់​អ្វី​ទេ មិន​បាច់​ទៅ​ជួប​មុខ​ ពួក​អា​អស់​ហ្នឹង​ទេ។ ទារ​លុយ​នៅ​កន្លែង​ អា​មុខ​បន្ទប់​ជាប់​ចោទ​ហ្នឹង​។ គេ​ឃុំ​គាត់​នៅ​ក្នុង​ហ្នឹង ​ដើម្បី​គេ​បញ្ជូន​ឡើង​មក​លើ​ សួរ​ព័ត៌មាន​ហ្នឹង។ ឲ្យ​តែ​គេ​បញ្ជូន​មក​ហើយ គេ​ទុក​ក្នុង​បន្ទប់​ហ្នឹង​ហើយ ហើយ​បាន​គេ​បញ្ជូន​ឡើង​លើ​។ កាល​ណា​ ទុក​គាត់​អ៊ីចឹង យើង​យក​បាយ យក​ទឹក​ឲ្យ​គាត់ ហើយ​សួរ​ពី​នេះ ពី​នោះ។ សួរ​តែ​បួន ប្រាំ មាត់​ មួយ​ម៉ឺន »

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​ប្រឆាំង ប្រចាំ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ មន្ត្រី​​ពន្ធនាគារ​ព្រៃ​ស ដឹក​លោក​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១២ សីហា តាម​ការ​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​ ដើម្បី​បន្ត​នីតិវិធី​សាកសួរ ពី​បទ​ចោទ​ញុះញង់ និង​ជេរ​ប្រមាថ​របប​ក្រុង​ភ្នំពេញ។

ភរិយា​លោក ​ម៉ៃ ហុងស្រៀង ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​បាន​ដឹក​លោក ម៉ៃ ហុងស្រៀង មក​ទុក​ក្នុង​បន្ទប់​រង់ចាំ​រយៈ​ពេល ២ម៉ោង។ នៅ​ម៉ោង​ជាង ១០ព្រឹក ចៅក្រម​បាន​កោះ​ហៅ​ឲ្យ​នាំ​ខ្លួន​លោក ម៉ៃ ហុងស្រៀង ចូល​បន្ទប់​​ ដើម្បី​បន្ត​នីតិវិធី​សាកសួរ ហើយ​សួរ​ប្រហែល​កន្លះ​ម៉ោង ក៏​បញ្ជូន​លោក ម៉ៃ ហុងស្រៀង មក​បន្ទប់​រង់ចាំ​ជាថ្មី​ រង់ចាំ​ដឹក​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ នៅ​ម៉ោង​ ១២ថ្ងៃ​ត្រង់។

ចំពោះ​ការ​បន្ត​នីតិវិធី​សាកសួរ​វិញ លោក​ស្រី គា ស៊ី​សុគន្ធី ប្រាប់​ថា ចៅក្រម​ស៊ើបសួរ បាន​សួរ​នាំ​ពី​មុខ​របរ​រយៈ​ពេល​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ប្រឆាំង និង​សួរ​នាំ​ពី​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​គណនី​ហ្វេសប៊ុក (facebook) ជា​ដើម។ លោក​ស្រី​ឲ្យ​ដឹង​ថា ចៅក្រម​មិន​ទាន់​សម្រេច​បែប​ណា​ទេ ហើយ​ក៏​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​ ឬ​ដោះលែង​ដែរ។ ចៅក្រម​បាន​ប្រគល់​លុយ ដែល​សមត្ថកិច្ច​រឹប​អូស​ពី​​លោក ម៉ៃ ហុងស្រៀង ក្នុង​ពេល​ចាប់​ខ្លួន គ្រប់​ចំនួន​តាម​ការ​ស្នើសុំ។ ប៉ុន្តែ​មិន​បាន​ប្រគល់​​ទូរស័ព្ទ​​​ដៃ​របស់​លោក​​ទេ។ លោក​ស្រី​ទទូច​សុំ​ចៅក្រម​ឱ្យ​ពិចារណា​ដោះ​លែង​ប្ដី ព្រោះ​លោកស្រី​អះអាង​ថា លោក ម៉ៃ ហុងស្រៀង គ្មាន​កំហុស ហើយ​មេធាវី​បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​ឲ្យ​លោក ម៉ៃ ហុងស្រៀង​ រួច​ហើយ។

ពាក់ព័ន្ធ​ករណី​មន្ត្រី​ពន្ធនាគារ​ ទារ​លុយ​ពី​សាច់ញាតិ​នៅ​បន្ទប់​រង់​ចាំ​ក្នុង​តុលាការ​វិញ អគ្គ​នាយក​រង​ និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវនា ប្រាប់​ថា ច្បាប់​បាន​អនុគ្រោះ​ឲ្យ​សាច់​ញាតិ​ អាច​យក​អាហារ​ឲ្យ​ជន​ជាប់​ចោទ ក្នុង​បន្ទប់​រង់ចាំ​ ដោយ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ។ លោក​ថា ការ​យក​លុយ​ជា​ថ្នូរ​បែប​នេះ​ ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ វា​ជា​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ លោក​បន្ត​ថា ជន​រង​គ្រោះ​ពី​ការ​ជំរិត​ទារ​ប្រាក់​នេះ អាច​ប្ដឹង​បុគ្គល​នោះ ដោយ​ផ្ទាល់​ក៏​បាន ដោយ​អនាមិក​ក៏​បាន​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ដោយ​ភ្ជាប់​ភស្តុតាង ហើយ​ខាង​ពន្ធនាគារ​នឹង​ស៊ើប​អង្កេត​ករណី​នេះ៖ « បើ​គាត់ ( ជន​រង​គ្រោះ ) មាន​រូប​ថត ជួយ​ផ្ញើ​មក​ផេជ​ (Page) អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក៏បាន​ ហើយ​ដាក់​ជា​ពាក្យ​បណ្ដឹង​មក​ រៀបរាប់​ពី​អង្គហេតុ ហើយ​ហេតុ​ការណ៍ ដែល​កើត​ឡើង​ជាក់​ស្ដែង​ចំពោះ​គាត់​ហ្នឹង ដើម្បី​យើង​ចាត់​ការ​ទៅ​តាម​បណ្ដឹង​គាត់។ បើ​ថា អត់​មាន​ឯកសារ​ច្បាស់​លាស់​ទេ អា​ហ្នឹង​វា ​វា​នេះ។ ជួយ​ឲ្យ​គាត់​ប្រាប់​ពី​ទីតាំង ពេល​វេលា​ កាល​បរិច្ឆេទ ឈ្មោះ​មន្ត្រី អត្តលេខ​របស់​គាត់​ ហើយ​និង​អង្គភាព​ដែល​គាត់​ធ្វើការ។ ឲ្យ​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់ យើង​នឹង​ចាត់​ការ​តាម​ហ្នឹង។ តែ​បើ​ថា អត់​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ អា​ហ្នឹង វិធាន​ការ​ទៅ​តាម​ហ្នឹង​ដែរ វា​អត់​មូលដ្ឋាន​ច្បាស់​លាស់​ណា។ បើ​មាន​យើង​ចាត់​ការ​ ចំ​ចំណុច ហើយ​អា​នេះ ជា​ការ​រួម​ចំណែក​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ »

លោក​ស្រី គា ស៊ីសុគន្ធី​ ប្រាប់​ថា លោកស្រី​បាន​ថត​រូប និង​ចាំ​មុខ​ឆ្មាំ​ពន្ធនាគារ ដែល​សម្លុត​ទារ​ប្រាក់​ពី​លោកស្រី​ច្បាស់។ មន្ត្រី​ម្នាក់​ ដែល​សម្លុត​ទារ​ប្រាក់​ពី​លោកស្រី​ប្រាប់​ថា ​​ប្រាក់​​មួយ​ម៉ឺន​រៀល​​នោះ ​​គឺ​យក​ទៅ​ចែក​គ្នា ជាមួយ​​ថ្នាក់​លើ​ច្រើន​នាក់​​ទៀត៖ « ក្រៅពី​នេះ មិន​រញ៉េរញ៉ៃ​ទេ តែ​ម្នាក់​រាង​កាម៉ាប់​ទេ ខ្ញុំ​មាន​រូប​ថត​ដែរ។ តែ​ធ្វើ​ម្ដេច​បាន​បញ្ជូន​បាន ? ម្នាក់​មួយ​ហ្នឹង​ មាឌ​ធំ ធាត់ រាង​ក្មេង​ដែរ។ ខ្ញុំ​គិត​ថា ម្នាក់​ហ្នឹង​ប្រហែល​វា​អត់មាន​ប្រពន្ធ​កូន​ទេ បាន​វា​សាហាវ ​ឃោរឃៅ អ៊ីចឹង។ សំដី​ក៏​អាក្រក់ ហើយ​ជំនាញ​ខាង​ទារ​ជាង​គេ។ ព្រឹក​មិញ​អត់​តែ​មួយ​ម៉ឺន​ទេ​។ ឲ្យ​តែ​ពេល​ជួប​មុខ​ ហុច​បាយ ហុច​ទឹក​ឲ្យ​មួយ​ភ្លែត​ហ្នឹង គឺ​ទារ​លុយ​ហ្នឹង​មួយ​ម៉ឺន។ ( សាច់​ញាតិ​ជន​សង្ស័យ​ផ្សេង ) ដូចគ្នា​ដែរ ទារ​គ្រប់​គ្នា​ទាំង​អស់ ឲ្យ​តែ​អ្នក​ជួប អ្នក​ហុច​បាយ ហុច​ទឹក​ឲ្យ​ហ្នឹង។ បងប្អូន ដែល​ចង់​ជួប​កូនចៅ គឺ​ត្រូវ​តែ​បង់​លុយ ឲ្យ​ពួកវា​តែ​ម្ដង។ វា​ប្រាប់​ថា សែប (Chief) ច្រើន​ណាស់។ វា​ថា ម៉ា​ម៉ឺន មាន​អ្វី​ថ្លៃ សែប​មួយ​កំ​​ផ្លូស សែប​ច្រើន​សឹង​អ្វី »

លោកស្រី គា ស៊ី​សុគន្ធី រំលឹក​ថា ករណី​ជំរិត​ទារ​លុយ​បែប​នេះ ក៏​ទំនង​កើត​មាន ជា​លក្ខណៈ​ប្រយោល ចំពោះ​លោកស្រី​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ។ លោកស្រី​ថា កាល​ពី​ថ្ងៃ​ទី២ សីហា នៅ​ពេល​សុំ​ជួប​ប្ដី​ក្នុង​ពន្ធនាគារ​ព្រៃ​ស ឆ្មាំ​ពន្ធនាគារ​ឲ្យ​លោក ម៉ៃ ហុង​ស្រៀង ចេញ​​ជួប​និយាយ​ជាមួយ​លោកស្រី​បាន​ប្រហែល​មិន​ដល់ ១០នាទី​ទេ​ អាច​ដោយសារ​លោក​ស្រី​មិន​បាន​ដាក់​លុយ​តាម​កញ្ច្រែង នៅ​ផ្លូវ​ដើរ​ចូល​ពន្ធនាគារ និង​មិន​បាន​ឲ្យ​លុយ​ឆ្មាំ​ពន្ធនាគារ ដែល​នាំ​ប្ដី​លោក​ស្រី​មក​ជួប។ គ្រូ​បង្រៀន​រូប​នេះ​រអ៊ូ​ថា គ្រួសារ​លោកស្រី​ក្រ​ណាស់ គ្មាន​ប្រាក់​បង់​ថ្លៃ​សម្រាប់​សេវា​ជួប​មុខ​ប្ដី​ទេ ព្រោះ​ក្នុង​គ្រួសារ​ទាំង​មូល​ ពឹង​ផ្អែក​តែ​លើ​ប្រាក់​ខែ​គ្រូ​បង្រៀន​របស់​លោកស្រី​មួយ​គត់ តែ​ត្រូវ​ចំណាយ​ច្រើន​មុខ ដូច​ជា ចិញ្ចឹម​កូន​តូច ៣នាក់ ធ្វើ​ដំណើរ​​ទៅ​មក​ភ្នំពេញ ខេត្ត​ព្រះសីហនុ ដើម្បី​ជួប​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស និង​លុយ​សម្រាប់​ប្ដី​ចាយ​ក្នុង​ពន្ធនាគារ​ថែម​ទៀត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ថា មិន​ធ្លាប់​ជួប​ករណី​បែប​នេះ​ទេ ព្រោះ​កន្លង​មក ឆ្មាំ​ពន្ធនាគារ​មិន​ដែល​ហ៊ាន​ទារ​លុយ​ពី​សាច់​ញាតិ​ជន​ជាប់​ចោទ ដែល​មាន​មេធាវី​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​ការពារ​ឡើយ។ តែ​យ៉ាង​ណា​ក្ដី លោក យល់​ថា ខាង​ពន្ធនាគារ​ត្រូវ​ស៊ើប​អង្កេត​ករណី​នេះ និង​ចាប់​ខ្លួន​មន្ត្រី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ទៅ​ផ្ដន្ទាទោស ដើម្បី​ការពារ​មុខ​មាត់​ស្ថាប័ន និង​បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​លើ​ពលរដ្ឋ៖ « យើង​អត់​ដែល​បាន​ទទួល​ព័ត៌មាន​ទាំង​អស់​​ហ្នឹង នៅ​តុលាការ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​យើង​ទើប​តែ​ទទួល​ព័ត៌មាន​ហ្នឹង។ ប្រសិន​បើ​មាន​រឿង​ហ្នឹង វា​មិន​គួរ​ឲ្យ​កើត​ឡើង​ទេ ហើយ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ស្ថាប័ន​ណា។ អ៊ីចឹង​ វា​ត្រូវ​តែ​មាន​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ហើយ​ធានា​ថា កុំ​ឲ្យ​មាន​ករណី​ហ្នឹង កើត​ឡើង​តទៅ​ទៀត »

លោក​ស្រី គា ស៊ី​សុគន្ធី នឹង​ទៅ​ពន្ធនាគារ​ព្រៃ​ស សុំ​ជួប​ប្ដី​ម្ដង​ទៀត ​នៅ​ថ្ងៃ​ទី​១៣ សីហា​ ដើម្បី​យក​លុយ​ ដែល​បាន​ពី​ការ​រឹប​អូស​របស់​សមត្ថកិច្ច​នោះ ឲ្យ​ទៅ​លោក ម៉ៃ ហុងស្រៀង វិញ​ ដើម្បី​ទុក​ចាយ​ក្នុង​ពន្ធនាគារ។ បន្ទាប់​ពី​ទៅ​ពន្ធនាគារ​ លោក​ស្រី នឹង​ឡើង​ឡាន​ឈ្នួល ទៅ​ខេត្ត​ព្រះសីហនុ​វិញ ដើម្បី​មើល​ថែ​កូន​តូច​ទាំង៣ ដែល​ខកខាន​រៀន​សូត្រ ច្រើន​ថ្ងៃ នៅ​ពេល​លោក​ស្រី​ ត្រូវ​មក​ទទួល​យក​លុយ​ ដែល​សមត្ថកិច្ច​រឹប​អូស និង​​​ឃ្លាំ​មើល​ការ​សួរ​ដេញ​ដោល​ប្ដី នៅ​តុលាការ​ក្រុង​ភ្នំពេញ។ លោក​ស្រី​សង្ឃឹម​ថា ​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​ នឹង​អនុញ្ញាត​ឲ្យ​លោក​ស្រី ជួប​​សួរ​សុខទុក្ខ​ លោក ម៉ៃ ហុងស្រៀង បាន​យូរ​ និង​មិន​​ជំរិត​ទារ​ប្រាក់​ពី​លោក​ស្រី​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។