ព្រះសង្ឃខ្មែរមួយចំនួនដែលគង់នៅប្រទេសថៃ តែងជួយទំនុកបម្រុងដល់ជនភៀសខ្លួននិងពលករខ្មែរដែលបានចូលរួមទាមទារឱ្យរដ្ឋាភិបាលកម្ពុជាងាកមកដើរតាមគន្លងប្រជាធិបតេយ្យដោយមិនគិតពីការនឿយហាត់។ ព្រះអង្គមានថេរដីកាថា ការធ្វើបែបនេះ ដើម្បីចូលរួមចំណែកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។ តើព្រះសង្ឃទាំងនោះធ្វើការងារអ្វីខ្លះជួយដល់ជនភៀសខ្លួនខ្មែរ?
ព្រះសង្ឃខ្មែរមួយចំនួនគង់នៅទីក្រុងបាងកកប្រទេសថៃ ដោយព្រះអង្គខ្លះកំពុងសិក្សាថ្នាក់បណ្ឌិត និងព្រះអង្គខ្លះទៀតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតហើយ ក៏ប៉ុន្តែព្រះអង្គមិនទាន់ត្រឡប់ទៅកម្ពុជាវិញនោះទេ។ ព្រះសង្ឃទាំងនោះបានលះបង់កម្លាំងកាយចិត្ត ថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗជួយដល់ជនភៀសខ្លួននិងពលករខ្មែរដែលឈឺឆ្អាលបញ្ហាសង្គម និងលទ្ធិប្រជាធិបតេយ្យជាប្រចាំ។ បន្ថែមពីនេះពេលខ្លះក៏ព្រះអង្គបានផ្ដល់កន្លែងស្នាក់នៅនិងជួយបកប្រែភាសាដល់ពួកគេក្នុងពេលទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យក្នុងប្រទេសថៃដោយមិនយកប្រាក់កម្រៃទៀតផង។
ព្រះសង្ឃខ្មែរគង់នៅទីក្រុងបាងកក ព្រះតេជព្រះគុណ និន ស៊ីថាន មានថេរដីកាថា ព្រះអង្គបានជួយជនភៀសខ្លួន និងពលករខ្មែរមួយចំនួននៅប្រទេសថៃអស់រយៈពេលជិត ១០ឆ្នាំហើយ ក៏ប៉ុន្តែសកម្មភាពផុលផុសទើបតែមានប្រមាណ៥ឆ្នាំចុងក្រោយនេះទេ។ ព្រះអង្គមានថេរដីកាបន្ថែមថា ក្រៅពីការផ្ដល់ជំនួយមនុស្សធម៌ព្រះអង្គក៏តែងចុះអប់រំដល់ពួកគេឱ្យយល់ដឹងពីច្បាប់និងសីលធម៌រស់នៅផងដែរ។ ព្រះអង្គមានថេរដីកាបន្តថា មូលហេតុដែលធ្វើបែបនេះដោយសារព្រះអង្គចង់ឱ្យប្រទេសកំណើតមានប្រជាធិបតេយ្យដូចប្រទេសជិតខាង ហើយស្របពេលដែលជនភៀសខ្លួនទាំងនោះមានជីវភាពខ្វះខាត ដោយសារតែការឈឺឆ្អាលបញ្ហាសង្គមជាតិ។
ព្រះតេជព្រះគុណ និន ស៊ីថាន៖ «ព្រោះយើងជាព្រះសង្ឃ យើងរស់ដោយសារបាយបាត្រ ដោយសារញាតិញោម ទោះបីយើងមកនៅប្រទេសគេក៏ដោយ តែយើងឃើញប្រទេសយើងវាអត់មានប្រជាធិបតេយ្យវាផ្ដាច់ការធ្វើបាបប្រជារាស្ត្រខ្លួនឯង។ អីចឹងអាត្មាមិនអាចបិទភ្នែកសម្ងំសុខតែឯងទេ ត្រូវតែជួយអ្វីដែលយើងជួយបានត្រូវតែជួយ។ជួយគ្រប់ឱ្យតែញោមគាត់ត្រូវការ ថា ដែលគាត់លំបាកយើងអាចជួយដោះស្រាយតាមលទ្ធភាពដែលយើងអាចជួយបានពរ»។
ប្រហាក់ប្រហែលគ្នានេះដែរ ព្រះសង្ឃខ្មែរមួយអង្គទៀត ព្រះតេជព្រះគុណ វត ពិសិដ្ឋ មានថេរដីកា ថា ព្រះអង្គបានធ្វើការងារសង្គមប្រមាណ៣ឆ្នាំមកហើយ ដោយសារឃើញជនភៀសខ្លួននិងពលករខ្មែរមករស់នៅប្រទេសថៃកាន់តែច្រើន ហើយមានជីវភាពខ្វះខាត។ បច្ចុប្បន្នព្រះតេជព្រះគុណ វត ពិសិដ្ឋ កំពុងសិក្សាថ្នាក់បណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅមហាវិទ្យាល័យល្បីឈ្មោះមួយនៅទីក្រុងបាងកក។ ព្រះអង្គបន្តថា បើទោះបីជាស្ថិតនៅក្នុងការសិក្សាក៏ដោយ ក៏ព្រះអង្គតែងរៃអង្គាសប្រាក់និងឆ្លៀតពេលទៅចូលរួមអប់រំ និងផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនខ្មែរស្ទើរតែរៀងរាល់សប្ដាហ៍ដែរ។ ព្រះអង្គបញ្ជាក់ថា គោលបំណងសំខាន់ក្នុងការធ្វើបែបនេះដើម្បីចូលរួមស្ដារប្រជាធិបតេយ្យឱ្យរស់ឡើងវិញនៅកម្ពុជា និងដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនិងប្រទេសមានការរីកចំរើនដូចប្រទេសជិតខាង។

ព្រះតេជព្រះគុណ វត ពិសិដ្ឋ៖ «ពរមើលឃើញប្រទេសខ្មែរយើងរងគ្រោះជារៀងរហូតមក ដែលអាត្មាសិក្សាមកគឺក្រោយអង្គ និងសម័យអង្គនឹងមកគឺប្រទេសយើង អត់ដែលបានរីកចំរើនអត់ដែលបានសុខស្រួលទេ។ ឃើញតែលំបាកវេទនា គេកៀបសង្កត់ពីជនបរទេសដែលមកកៀបសង្កត់ប្រទេសខ្មែរយើង ហើយប្រទេសខ្មែរយើងក៏គ្រប់គ្រងមិនបានឯករាជ្យឱ្យបានពិតប្រាកដ វានៅក្រោមអំណាចរបស់គេ។ គឺចង់ឱ្យប្រទេសខ្មែរយើងឱ្យរួចផុតពីកណ្ដាប់ដៃពីជនបរទេស។ អ៊ីចឹងមានតែការតស៊ូជួយគ្នាបន្តិចបន្តួចដែលអាចជួយទៅបានគឺយើងជួយទៅ»។
ជនភៀសខ្លួនខ្មែរនៅប្រទេសថៃម្នាក់ លោក ឆន សុខឿន ថ្លែងថា ព្រះសង្ឃខ្មែរទាំងនោះមានទឹកចិត្តជ្រះថ្លាលើជាតិសាសន៍ដូចគ្នាដែលជាការមិនងាយរកបានឡើយ។ លោកបន្តថា ជារឿយៗនៅពេលជនភៀសខ្លួនមានបញ្ហាព្រះសង្ឃទាំងនោះតែងចេញមុខស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលពាក់ព័ន្ធនៅប្រទេសថៃ។ លោកបន្ថែមថា ព្រះអង្គក៏តែងផ្ដល់ស្បៀងអាហារ ប្រាក់ និងរបស់ប្រើប្រាស់ជាច្រើនទៀតដល់គ្រួសារលោក និងជនភៀសខ្លួនខ្មែរដទៃទៀត ដោយមិនគិតពីផលប្រយោជន៍តបស្នងឡើយ។
លោក ឆន សុខឿន៖ «ហើយជាក់ស្ដែងរយៈពេល៣ថ្ងៃនេះហើយដែលខ្ញុំសុំទីតាំងវត្តស្នាក់នៅដើម្បីត្រួតពិនិត្យសុខភាព គឺខ្ញុំអត់មានកន្លែងណាផ្សេងក្រៅពីវត្តទេ គឺខ្ញុំសម្រាកនៅទីវត្តអារាមផ្ទាល់។ហើយលោកបានឱ្យទីកន្លែងស្នាក់ហើយអាហារហូបចុក ហើយជាពិសេសនោះគឺព្រះអង្គជួយជាសោហ៊ុយធ្វើដំណើរទៅពេទ្យទៀតផង»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍គាំទ្រនិងសកម្មភាពសប្បុរសធម៌របស់ព្រះសង្ឃខ្មែរដែលចេះជួយពលរដ្ឋខ្មែរដូចគ្នាក្នុងគ្រាលំបាក ក៏ប៉ុន្តែលោកថា ប្រសិនបើព្រះសង្ឃចង់ចូលរួមស្ដារប្រជាធិបតេយ្យគួរតែវិលត្រឡប់មកកម្ពុជាជួយដល់ពលរដ្ឋក្នុងស្រុកប្រសើរជាង។
លោក សុខ ឥសាន៖ «ចង់រួចចំណែកលទ្ធិប្រជាធិបតេយ្យការពារសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាមិនមែនទៅក្រៅទេ។ នៅក្នុងក្រាញននៀលនៅនឹងរួមគ្នាជាកម្លាំងដើម្បីការពារសន្តិភាពការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយធ្វើមនុស្សធម៌ទៅ។ បើព្រះអង្គនៅតែថៃអាហ្នឹងវាអត់បានប្រយោជន៍ពាក់ព័ន្ធទៅដល់កម្ពុជាទេ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស(Adhoc)ខេត្តបាត់ដំបងលោក យិន ម៉េងលី យល់ឃើញថា ព្រះសង្ឃដែលហ៊ានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ជួយដល់ជនភៀសខ្លួននិងពលករខ្មែរជារឿងល្អ ដែលប្រជាពលរដ្ឋ និងព្រះសង្ឃដទៃទៀតគួរតែយកគំរូតាម។ លោកបញ្ជាក់ថា សង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលជារឿងធម្មតា ដូច្នេះសកម្មភាពរបស់ព្រះសង្ឃពុំមានអ្វីខុសច្បាប់ឡើយ។
លោក យិន ម៉េងលី៖ «បើខ្មែរមិនជួយខ្មែរតើអ្នកណាជួយខ្មែរ សំខាន់រឿងខ្មែរយើងហ្នឹងហើយ ដែលយើងមានអត្តសញ្ញាណប្រពៃណីវប្បធម៌រួមគ្នាយើងត្រូវតែជួយគ្នាទោះបីខ្មែររស់នៅប្រទេសណាក៏ដោយ។ ខ្ញុំធ្លាប់ឃើញខ្មែរនៅក្រៅប្រទេសក៏រួមគ្នាដែរ ខ្លះរួមគ្នាកសាងវត្តខ្លះរួមគ្នាធ្វើបុណ្យ។អីចឹងខ្មែរនៅទីណាក៏ដោយក៏ខ្មែរតែមួយដែរ កុំចាត់ទុកថាខ្មែរនេះខ្មែរនោះ យើងនាំគ្នាស្រលាញ់គ្នាជួយគ្នាទៅ ជារឿងប្រពៃណាស់សម្រាប់ជាតិសាសន៍របស់យើងបាទ»។
បច្ចុប្បន្នព្រះសង្ឃខ្មែរដែលសកម្មជួយដល់ជនភៀសខ្លួននៅប្រទេសថៃមានប្រមាណ ៥អង្គ ភាគច្រើនគង់នៅទីក្រុងបាងកក។ ជារឿយៗនៅពេលឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់ម្ដងៗ ព្រះអង្គតែងរៀបចំពិធីបុណ្យនៅតាមទីវត្តអារាម ដើម្បីឱ្យជនភៀសខ្លួននិងពលករខ្មែរបានចូលរួមធ្វើបុណ្យរក្សាប្រពៃណីខ្មែរនៅក្រៅប្រទេស។ បន្ថែមពីនេះព្រះអង្គក៏បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជួយដល់ជនភៀសខ្លួនខ្មែរដែលមានជីវភាពខ្វះខាត និងមានទុក្ខលំបាកនៅពេលដែលអាជ្ញាធរថៃចាប់ខ្លួន។ ជាឧទាហរណ៍ ថ្មីៗនេះព្រះអង្គបានយកស្បៀងអាហារនិងថវិកាមួយចំនួនជូនដល់ជនភៀសខ្លួនខ្មែរចំនួន ៧នាក់ដែលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន៍ថៃនៅទីក្រុងបាងកក។ ពួកគេត្រូវបានប៉ូលិសថៃចាប់ខ្លួនដោយសារការចូលរួមសិក្សាអំពីច្បាប់និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៩ ធ្នូ។
ព្រះសង្ឃទាំងនោះប្រកាន់ជំហរថា ព្រះអង្គនឹងបន្តធ្វើការងារមនុស្សធម៌បែបនេះទៅមុខទៀតរហូតដល់ប្រទេសកម្ពុជាមានប្រជាធិបតេយ្យពេញលេញឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។