ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភ្នំគូលែន​ប្រកប​របរ​រក​ថ្នាំ​បុរាណ​ក្នុង​ព្រៃ​ចិញ្ចឹម​ជីវិត និង​រក្សា​កេរដំណែល​ដូនតា

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​លើ​ខ្នង​ភ្នំគូលែន ដែល​ជា​តំបន់​អតីត​រាជធានី​បុរាណ​ក្នុង​ខេត្តសៀមរាប បាន​ប្រកប​របរ​រក​ថ្នាំ​បុរាណ​ក្នុង​ព្រៃជ្រៅ ដើម្បី​លក់​ចិញ្ចឹម​ជីវិត។ ពួក​គាត់​បារម្ភ​ថា រុក្ខជាតិ​កម្រ ដែល​អាច​ផលិត​ឱសថ​បុរាណ​មួយ​ចំនួន បាន​ផុត​ពូជ​ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​យក​ដី​ធ្វើ​ចម្ការ។

ស្ទើរ​រាល់​ព្រឹក​ព្រលឹម​មុន​ពេល​ថ្ងៃ​រះ ទឹក​សន្សើម​មិន​ទាន់​ស្ងួត​ស្រួលបួល​ផង បុរស​វ័យ​ចំណាស់​ម្នាក់​មាន​ស្រុក​កំណើត​លើ​ខ្នង​ភ្នំគូលែន តែងតែ​ចាកចេញ​ពី​ផ្ទះ ដើម្បី​ស្វែងរក​រុក្ខជាតិ​កម្រ ក្នុង​ព្រៃជ្រៅ តាម​តំបន់​ជ្រោះ តំបន់​ជប់​ចេញ​ល្អាង​ភ្នំ ជម្រាល​ភ្នំ និង​តំបន់​ពើង​ថ្ម​ជា​ដើម។

គាត់​បើក​ម៉ូតូ​ចាស់​មួយ​គ្រឿង ព្យួរ​កន្ត្រក​ខាង​ក្រោយ​សង​ខាង អម​ដោយ​សម្ភារ:​ដើរ​ព្រៃ រួម​មាន កាំបិត ខ្វែវ និង​ចប​ជីក​ជា​ដើម ដើម្បី​ស្វែងរក​រុក្ខជាតិ ផ្សំ​ច្នៃ​ធ្វើ​ឱសថ​បុរាណ។

កំពុង​អង្គុយ​កាប់​ដើម​រុក្ខជាតិ ដើម្បី​ផ្សំ​ថ្នាំ លោក ព្រិន ហឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៧ មីនា​ថា ជា​រៀងរាល់​ថ្ងៃ​លោក​ត្រូវ​ជិះ​ម៉ូតូ​តាម​ចង្កេះ​ភ្នំ​មាន​ចម្ងាយ​ចាប់​ពី ៣គីឡូ​ម៉ែត្រ ទៅ៤០គីឡូម៉ែត្រ ហើយ​ត្រូវ​ដើរ​រុកព្រៃ ស្ទើរតែ​គ្រប់​ច្រកល្ហក ដើម្បី​កាប់​វល្លិ ឈើ និង​ជីក​មើម​រុក្ខជាតិ​ឬ​ហៅ​ថា ប្រទាល ជា​ច្រើន​ប្រភេទ។

លោក​ថា អាជីព​នេះ ជា​របរ​បន្ទាប់​បន្សំ​ជាង ៣០ឆ្នាំ​មក​ហើយ អាច​រក​ចំណូល​ចន្លោះ​ពី ១០ម៉ឺន​រៀល (១០០.០០០) ទៅ ៤០ម៉ឺន​រៀល (៤០០.០០០) ក្នុង​មួយ​ខែ។

លោក ព្រិន ហឿន៖«ធ្លាប់​នៅ​ភ្នំ​តាំង​ពី​ដូន​ពី​តា​មក មិន​ដែល​ចេះ​វង្វេង​ទេ ដឹង​ពី​ច្រកល្ហក ត្រង់​ណា​ធ្លាប់​មាន​ត្រង់​ណា​ធ្លាប់​អត់ គឺ​យើង​ដឹង។ ឯ​ការ​ហត់នឿយ​ក៏​អត់​សូវ​ដែរ ព្រោះ​យើង​ដឹង​ច្រកល្ហក​ស្រេច​ថា យើង​ត្រូវ​ទៅ​រក​ថ្នាំ​អី យើង​ដឹង​ថា វា​នៅ​ត្រង់​ហ្នឹង​ស្រេច»។

ប្រភេទ​រុក្ខជាតិ ដែល​បុរស​វ័យ​ចំណាស់​រូប​នេះ ផ្សំ​ថ្នាំ​បុរាណ រួមមាន ក្របី​ជល់​ដី ក្របី​ឡើង​ក កាម​ឥសូរ ត្បាល់ដែក ពោចធំ វល្លិគុយ និង​វល្លិរមៀត វល្លិស្លាប់រស់ កម្រើកកុម្ភ កម្រើក​អធ្រាត្រ មើម​ពោះ​ធំ ក្របីត្រុះ​ជា​ដើម។ ការ​ស្វែងរក​រុក្ខជាតិ​ទាំង​នេះ​លើ​ខ្នង​ភ្នំគូលែន មិន​ងាយ​ស្រួល​ឡើយ បុរស​ចំណាស់​រូប​នេះ ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ទម្រាំ​គ្រប់​ចំនួន។

លោក ព្រិន ហឿន ថា រុក្ខជាតិ​ទាំង​នេះ លោក​ផ្សំ​ចូល​គ្នា​ជាង ១០ប្រភេទ ដើម្បី​ផលិត​ឱសថ​បុរាណ ព្យាបាល​ជំងឺ​ក្រពះ ថ្នាំ​តម្រង​នោម ឫសដូង​បាត ថ្នាំ​ផ្សះ រោគ​ស្ត្រី និង ទឹកនោមផ្អែម ជាដើម។

Prin_Hoeurn_is_chopping_and-wife_packaging_traditonal_medicinal_herbs_030525_provided_by_civilian.jpg
លោក ព្រិន ហឿន រស់នៅ​លើ​ខ្នង​ភ្នំគូលែន ខេត្តសៀមរាប កំពុងកាប់ចិញ្ច្រាំ​រុក្ខជាតិថ្នាំ និង​ប្រពន្ធ​របស់​លោក​កំពុង​រៀបចំ​វេចខ្ចប់​ថ្នាំ​បុរាណ សម្រាប់​យក​ទៅ​លក់ នៅ​ថ្ងៃ​ទី៥ ខែមីនា ឆ្នាំ២០២៥។ រូបពីពលរដ្ឋ

លោក ព្រិន ហឿន វ័យ ៦៥ឆ្នាំ រស់នៅ​ភូមិព្រះអង្គធំ ឃុំជើងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោក​ស្គាល់​រុក្ខជាតិ និង​ឈើ​ព្រៃ​យ៉ាង​ច្បាស់ ដែល​ចេះចាំ​ស្ទាត់​ជំនាញ​បន្ត​ពី​ឪពុក​របស់​លោក។

លោក​មាន​កូន ៨នាក់ ក្នុង​នោះ មាន​ម្នាក់ ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ពីរ​នាក់​ទៀត កំពុង​រៀន​ថ្នាក់​វិទ្យាល័យ និង​អនុវិទ្យាល័យ។ បើ​ទោះ​ជា​មុខ​របរ​នេះ​រក​ប្រាក់​ចំណូល​តិចតួច​ក្តី តែ​លោក​នៅតែ​អាច​ផ្សែផ្សំ ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូនៗ ឱ្យ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​វិទ្យាល័យ។

លោក ព្រិន ហឿន បារម្ភ​ថា បច្ចុប្បន្ន លោក​ខ្វះ​បច្ចេកទេស​ចម្រាញ់​ថ្នាំ និង​សម្ភារៈ​អាច​ផលិត​ថ្នាំ​បុរាណ។ លោក​ថា ប្រសិនបើ​មាន​សម្ភារៈ​ចម្រាញ់​ថ្នាំ និង​ឧបករណ៍​ផលិត​ថ្នាំទំនើប លោក​នឹង​ពង្រីក​អាជីវកម្ម​នេះ។

លោក ព្រិន ហឿន៖«ពី​មុន​សម្បូរ​ណាស់ ពី​ខាង​ក្រោម​សម្បូរ​ជាង​កំពូល​ភ្នំ​ទៀត តែ​ឥឡូវ​គេ​ភ្ជួរ​ដាំ​ដំឡូង ដាំ​ស្វាយចន្ទី​អស់​ហើយ ហើយ​សព្វថ្ងៃ​នៅតែ​លើ​ភ្នំ​យើង​ទេ ដែល​គេ​ដាក់​តំបន់​ឧទ្យាន​ជាតិ ទើប​គ្មាន​នរណា​ហ៊ាន​កាប់​ទេ។ គេ​ឈប់​ឱ្យ​កាប់​ហើយ​សព្វថ្ងៃ បាន​ជួយ​ថែរក្សា​ព្រៃឈើ​ខ្ញុំ​អរ​ដែរ»។

ឆ្លើយតប​រឿង​នេះ មេភូមិ​ព្រះអង្គ​ធំ លោក ឆុន ផល្លី គាំទ្រ​ពលរដ្ឋ ដែល​រក្សា​ប្រពៃណី ផលិត​ថ្នាំ​បុរាណ ដែល​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​បន្ទាប់​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ។

លោក​ថា ក្នុង​ភូមិព្រះអង្គធំ ដែល​លោក​គ្រប់គ្រង​មាន​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ៤០គ្រួសារ បាន​ប្រកប​របរ​រក​ថ្នាំ​បុរាណ​ត​ពី​ដូនតា ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​លក់​បោះ​ដុំ​លើ​ទីផ្សារ​ក្នុង​ស្រុក។

លោក ឆុន ផល្លី៖«គាត់​គ្មាន​បើក​លក់​ជា​ហាង​អី​ធំ​ដុំ​ទេ គ្រាន់តែ​ច្រក​ជា​កញ្ចប់​តិចតួច​ល្មម​លក់​លក្ខណៈ​ជា​គ្រួសារ​ប៉ុណ្ណោះ​ឯង»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ប្រពៃណី​ផ្សំ​ថ្នាំ​បុរាណ​របស់​អ្នក​ស្រុក​អង្គរ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ មីនា ដោយ​សារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ លោក បូរី យូឡុង យល់​ថា ដូន​តា​ខ្មែរ​មាន​ប្រពៃណី​ផ្សំ​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺ​ជា​យូរយារ​មក​ហើយ ហើយ​ប្រពៃណី​នេះ​បន្សល់​រហូត​ដល់​បច្ចុប្បន្ន។ លោក​ថា បើ​ទោះ​ជា​ពលរដ្ឋ​មាន​ជំនាញ​ផ្សំ​ថ្នាំ​បុរាណ​ត​ពី​ដូន​តា​ក្តី តែ​បច្ចុប្បន្ន​នេះ​នៅ​ពុំ​ទាន់​មាន​ការ​ត្រូវ​ពិនិត្យ​វាយ​តម្លៃ​តាម​លក្ខណៈ​បច្ចេកទេស និង ស្តង់ដារ​វេជ្ជសាស្ត្រ​នៅ​ឡើយ​ទេ។ បញ្ហា​នេះ​លោក​ថា ក្រសួង​គួរតែ​ជួយ​បណ្ដុះបណ្ដាល​ពួក​គាត់​បន្ថែម​ទៀត ឱ្យ​ចេះ​ផលិត​ថ្នាំ​មាន​ស្តង់ដារ និង​បច្ចេកទេស​ត្រឹមត្រូវ មិន​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ទំនុក​ចិត្ត។

លោក បូរី យូឡុង៖«ក្រសួង​សុខាភិបាល​គាត់​ទៅ​យក​ថ្នាំ​នឹង​ទៅ​ស្រាវជ្រាវ​បន្ថែម​ថា ប្រើប្រាស់​បាន​អត់?បើ​បាន​គួរ​អនុញ្ញាត​ឱ្យ​ចេញ​អាជ្ញាប័ណ្ណ ផ្លាស់ប្ដូរ​ទៅ​ជា​ថ្នាំ​បុរាណ​ទៅ»។

បច្ចុប្បន្ន នៅ​លើ​ខ្នង​ភ្នំគូលែន មាន​ពលរដ្ឋ​រស់នៅ​យ៉ាង​ហោច​ណាស់ ៩ភូមិ ដោយ​មាន​ពលរដ្ឋ ជាង ១ ពាន់ ៣រយ​គ្រួសារ (១.៣៣៧) ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៥ពាន់​នាក់ (៥.១៥៧)។

ភ្នំ​គូលែន​មាន​ចម្ងាយ​ជាង ៦០គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប​ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​កើត ពី​ប្រាសាទ​អង្គរវត្ត។

ភ្នំ​នេះ​មាន​ឈ្មោះ​ដើម «មហិន្ទ្របព៌ត» ជា​កន្លែង ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ កសាង​រាជធានី​អង្គរ ដំបូង​គេ អំឡុង​សតវត្ស​ទី៨។

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ លោក ហុន សេងហួត សង្កេត​ឃើញ​ថា ពលរដ្ឋ​រស់នៅ​លើ​ភ្នំគូលែន​មាន​ជំនាញ​ផ្សំ​ថ្នាំ​បុរាណ​ពូកែ​ស័ក្ដិសិទ្ធិ អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ក៏​ប៉ុន្តែ បញ្ហា​ខ្វះ​បច្ចេកទេស​ចម្រាញ់​ថ្នាំ​បែប​ទំនើប ទើប​ធ្វើ​ឱ្យ​អ្នក​ភូមិ​បន្ត​ផលិត​ថ្នាំ​តាម​ទម្រង់​ប្រពៃណី​បុរាណ។

លោក​ថា កន្លង​ទៅ​ពួក​លោក​ធ្លាប់​ចុះ​ស្រាវជ្រាវ​ជាក់​ស្តែង​រក​ឃើញ​ថា តំបន់​ភ្នំគូលែន​អំណោយ​ផល​ធម្មជាតិ សម្បូរ​ប្រទាល និង​រុក្ខជាតិ​កម្រ​ជា​ច្រើន អាច​ផលិត​ឱសថ​បុរាណ​យ៉ាង​ពូកែ។

លើស​ពី​នេះ​ទៀត លោក​ថា តំបន់​នោះ​មាន​ស្ទឹង​លិង្គ ១ពាន់ ដែល​បុព្វបុរស​ខ្មែរ​សង់​ប្រាសាទ​បុរាណ​មួយ​ជាប់​នឹង​ស្ទឹង​នោះ ដើម្បី​ចម្រាញ់​ថ្នាំ​បុរាណ ដែល​មាន​ឥសី​ជា​អ្នក​ផ្សំ​ថ្នាំ​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​សម័យ​បុរាណ។

ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មាន​ទំហំ​ផ្ទៃ​ដី​ជាង ៦ម៉ឺន ២ពាន់​ហិកតារ (៦២.៨៨៣) ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន៥ រួមមាន ស្រុកស្វាយ​លើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកសូទ្រនិគម និង​ស្រុកអង្គរជុំ។

ឧទ្យាន​ជាតិ ក៏​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន​កប់​ក្នុង​ព្រៃ​ជ្រៅ​ហើយ ក៏​ជា​ទីតាំង​ទេសចរណ៍​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ ចំនួន ៨៤កន្លែង រួម​មាន តំបន់​ទឹកជ្រោះ ព្រះអង្គធំ ជំរំយុវជន ស្រះដំរី វត្តអារាម អារាមរោងចិន ល្អាង​ទឹក​ជប់ និង​អាស្រម​អ្នក​រក្សា​សីល​ជា​ដើម។

ពលរដ្ឋ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​អភិរក្ស​ព្រៃឈើ​លើ​ភ្នំ​គូលែន​ឱ្យ​គង់ ដើម្បី​រក្សា​ពូជ​រុក្ខជាតិ​កម្រ​អាច​ផលិត​ឱសថ​បុរាណ​បាន ខណៈ​កន្លង​ទៅ​សកម្មភាព​កាប់​ឆ្ការព្រៃ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ​នៅតែ​កើត​មាន​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។