មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) អំពាវនាវឲ្យអាជ្ញាធរខែត្រ និងតំណាងអយ្យការខែត្រស្ទឹងត្រែង ស៊ើបអង្កេតបន្ទាន់ចំពោះករណីសមត្ថកិច្ចខែត្រស្ទឹងត្រែង ប្រើប្រាស់អាវុធបាញ់រះលើរថយន្តជាច្រើនគ្រាប់ដែលសង្ស័យថា ដឹកឈើប្រណិត។ សមាគមអាដហុក សម្ដែងក្ដីបារម្ភពីការប្រើប្រាស់អាវុធរបស់សមត្ថកិច្ចថា ជាទម្រង់អាចប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព និងអសន្តិសុខសង្គម។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខែត្រស្ទឹងត្រែង លោក ប៉ូ លី យកកាំភ្លើងបាញ់រះលើរថយន្តសាំយ៉ុង (Samyung) និងរថយន្តកាមេរី បាលែន (Camry) ដែលសង្ស័យថា ដឹកឈើប្រណិតពីស្រុកសៀមប៉ាង កាលពីថ្ងៃទី២៦ ខែមិថុនា ឋិតនៅចំណុចព្រៃចាស់លើផ្លូវជាតិលេខ៧អា (7A) ក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមាគមអាដហុក ចង់ឃើញអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកមូលហេតុនាំឲ្យកើតមានករណីនេះ និងស្រាវជ្រាវរកលិខិតបេសកកម្មនានាទាក់ទិនការប្រើប្រាស់អាវុធរបស់នគរបាលដើម្បីបញ្ជាក់ពីភាពស្របច្បាប់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល សង្ស័យថា ការបាញ់រះលើរថយន្តដឹកឈើប្រណិត គឺជាហេតុផលទារប្រាក់ដើម្បីជាថ្នូរដោះលែង ឬក៏បាញ់ដើម្បីឲ្យរថយន្តឈប់ដើម្បីជំរិតទារប្រាក់។ លោកថា ប្រសិនបើសមត្ថកិច្ចទាំងនោះពុំមានបេសកកម្មប្រើប្រាស់អាវុធ ហើយបានបាញ់ដោយសេរី គឺជាទង្វើខុសច្បាប់។ លោកថា ប្រសិនសមត្ថកិច្ចទាំងនោះមានលិខិតបញ្ជាបេសកកម្មប្រើប្រាស់អាវុធ ក៏ពុំមានសិទ្ធិយកកាំភ្លើងបាញ់បង្ក្រាបអ្នករកស៊ីឈើដែរ ដរាបណាជនល្មើសមិនមានអាវុធតដៃ។
លោក ហូ សំអុល បារម្ភថា ការប្រើប្រាស់កាំភ្លើងបាញ់បោះដោយសេរីពុំមានច្បាប់ទម្លាប់គឺជាទម្រង់អសន្តិសុខសង្គមធ្ងន់ធ្ងរដែលជាដើមចមបង្កភាពភ័យខ្លាចដល់ពលរដ្ឋ៖ «បង្ក្រាបក្នុងឆន្ទៈបទល្មើសពិតប្រាកដ កុំថាថ្ងៃណាឈ្មួញឲ្យលុយ ឬក៏ឧក្រិដ្ឋជនឲ្យលុយទៅមិនបង្ក្រាប បើកដៃឲ្យ ថ្ងៃណាមិនបានឲ្យបែរជាបង្ក្រាប»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខែត្រស្ទឹងត្រែង លោក ម៉ៅ តារា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ចន្ថារិទ្ធ ដើម្បីសុំការអធិប្បាយបន្ថែមចំពោះករណីនេះបានទេ នៅថ្ងៃទី២៧ ខែមិថុនា។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការផ្ទុះអាវុធត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនអាចអាងអំណាចបាញ់បោះដោយសេរីនោះទេ។ លោកស្នើឲ្យអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ស៊ើបអង្កេតរកឫសគល់ករណីនេះ ហើយចាត់វិធានការផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ៖ «ព្រោះអាវុធមិនបានចែងបាញ់បោះសេរីដើម្បីអាងខ្លួនជាស្អីទេ មុនផ្ទុះអាវុធត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ដូច្នេះស្នើឲ្យគណៈបញ្ជាការឯកភាពខែត្រ (អភិបាលខែត្រ) មានវិធានការយ៉ាងម៉េច? ស៊ើបអង្កេតស្រាវជ្រាវតាមច្បាប់»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចន្ថារិទ្ធ ធ្លាប់មានប្រសាសន៍ថា មានបទល្មើសខ្លះ នគរបាលបានយកកាំភ្លើងបាញ់ហើយសរសេរក្នុងរបាយការណ៍ថា ផ្ទុះអាវុធដោយអចេតនា។ លោកណែនាំឲ្យនគរបាលទាំងអស់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសការប្រើប្រាស់អាវុធជាដើម ហើយលោកក៏ជំរុញឲ្យនរបាលអនុវត្តច្បាប់ដោយយុត្តិធម៌ ស្មោះត្រង់ និងមានវិជ្ជាជីវៈ៖ «ដេញគេពីក្រោយ បាញ់គេ ដល់ដាក់របាយការណ៍មកថា ផ្ទុះអាវុធដោយអចេតនា។ លេងរបៀបហ្នឹងអត់បានទេ! នគរបាលត្រូវយុត្តិធម៌ ស្មោះត្រង់ និងវិជ្ជាជីវៈ សុខទុក្ខពលរដ្ឋនៅលើដៃរបស់នគរបាល នៅលើប៊ិចរបស់នគរបាល»។
លោក ហូ សំអុល កត់សម្គាល់ថា កាលពីចុងខែឧសភា ឆ្នាំ២០១៦ មានករណីបាញ់បោះបណ្ដាលឲ្យពលរដ្ឋភ្ញាក់ផ្អើលនៅពេលឮសំឡេងកាំភ្លើងបាញ់រះច្រើនគ្រាប់ចេញពីបរិវេណផ្ទះអតីតអភិបាលខែត្រស្ទឹងត្រែង លោក ឡូយ សូផាត បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលខែត្រស្ទឹងត្រែង តែមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញមូលហេតុនៃការបាញ់បោះនោះនៅឡើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។