អ្នក​វិភាគ​ថា​ ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ឯកជន​​ចិន​នៅ​តំបន់​តារា​សាគរ​ ខេត្ត​កោះ​កុង​​ធ្វើ​ឲ្យមាន​ភាព​តាន​តឹង​បន្ថែម​ទៀត​រវាង​ចិន​ និង​អាមេរិក

ក្រុម​ហ៊ុន​ ឯក​ជន​ចិន​មួយ​ដែល​មាន​ឈ្មោះ​ថា​ កូស្តល ស៊ីធី​ ឌីវីឡុបមិន(Coastal City Development)​កាល​ពី​ថ្ងៃ​ទី​៩​ តុលា​ បង្ហាញ​គម្រោង​ថ្មី​មួយ​នៅ​ តំបន់​តារាសាគរ ​ដោយអះអាង​ថា​​​ នឹង​ប្រែក្លាយ​តំបន់ នេះ​ទៅជា​បុរី​ទេសចរណ៍​​ នឹង​វប្បធម៌​ ហើយ​នឹង​ដាក់​ឈ្មោះ​ថា ​បឹង​តារា​ច័ន្ទ។​

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​និទ្ទេស​ខ្លួន​នៅ​ប្រទេស​ ហ្វាំង ឡង់​(Finland) លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន​ នៅ​តំបន់​តារា​សាគរ​ ខេត្ត​កោះកុង នឹង​បង្កើន​ភាព​តាន​តឹង​បន្ថែម​ទៀត​រវាងចិន​ និង​ក្រុម​ប្រទេស​លោក​សេរី​។ ​

លោក​ថា​ ការ​ពង្រីក​ការ​អភិវឌ្ឍន៍​របស់​ចិន​ នៅ​តំបន់​សមុទ្រ​ទឹក​ជ្រៅ ក្នុង​ខេត្ត​កោះ​កុង​ បើ​ទោះ​បី​ការ​វិនិយោគ​នោះ​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ឯកជន​ ក៏​ដោយ​ ក៏ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ មិន​អាច​ជឿ​ទុក​ចិត្ត​ បាន​ឡើយ​ នៅ​ពេល​ដែល​ចិន​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា។​

​«ចិន​តែងតែ​ភ្ជាប់​នូវ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ជា​មួយ​នឹង​ការ​បង្ហូរ​ចូល​នូវ ជនជាតិ​ចិន​ ច្រើន​រាប់​ម៉ឺន​នាក់​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។​ដូច​ជា​ខាង​វិនិយោគ​វិស័យ​ អចលនទ្រព្យ​ និង​វិស័យ​ទេសចរណ៍​ ជា​ដើម​ ដែល​រូប​ភាព​បែប​នេះ​ ជា​ទូទៅ​ ជា​យុទ្ធសាស្ត្រ​ ឈ្លាន​ពាន​នៃ​អាណានិគម​ ក្នុង​ឈ្មោះ​សេដ្ឋ​កិច្ច​ មិន​មែន​បទដ្ឋាន​ ទំនាក់​ទំនង​​ពាណិជ្ជកម្ម​ ត្រឹមត្រូវ​ទេ"។

ការប្រកាសគំរោងអភិវឌ្ឍន៍ថ្មីរបស់ ក្រុមហ៊ុនចិននេះ ធ្វើក្រោយបន្ទាប់ពីអាមេរិកទើបបាន​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចិនមួយ ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ​ក្រសួង​រតនាគារ​អាមរិក​ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន UDG ដែល​ស្ថាប័ន​នេះ​អះអាង​ថា​គ្រប់គ្រង​ដោយ​រដ្ឋអំណាចចិន ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។

ក្រសួង​រតនាគារ​អាមេរិក​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន នេះ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។ បើតាម​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​នេះបាន​ចុះ​បញ្ជី​ក្លែង​បន្លំ​បោកប្រាស់​ថា​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្បទាន​ដល់ទៅ​ជាង​៣ម៉ឺនហិកតារ (៣៦.០០០) ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ការបណ្តេញ​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ដោយ​បង្ខំ ការបំផ្លាញ​បរិស្ថាន និង​ផលប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន។ ក្រសួង​រតនាគារ​អាមេរិក​ថែមទាំង​ព្រមាន​ពីលទ្ធភាព​នៃ​វត្តមាន​យោធាចិន​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​កម្ពុជា​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នោះ​ថែមទៀត៕