លោក ហូរ វ៉ាន់៖ ប្រសិទ្ធភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មាន​កម្រិត​នៅ​ឡើយ

0:00 / 0:00

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា យល់​ថា ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ទោះ​ជា​សព្វថ្ងៃ កម្ពុជា មាន​ច្បាប់ និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏ដោយ។

ការ​កត់​សម្គាល់​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​មួយ​នេះ ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា ជា​រឿង​ដ៏​កម្រ​មួយ​ពី​មុន​មក។

មន្ត្រី​មក​ពី​អង្គការ​តម្លាភាព​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រាប កុល ចូល​ជួប​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ដូច​ការ​គ្រោង​ទុក​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​នេះ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​តម្លាភាព និង​ការ​រិះរក​មធ្យោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ ថ្លែង​ថា បើ​ទោះ​ជា​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​អង្គការ​សង្គម​ស៊ីវិល និង​មាន​ការ​ចូលរួម​របស់​ពលរដ្ឋ​ក៏ដោយ ក៏ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក ហូរ វ៉ាន់ បន្ថែម​ថា ដើម្បី​ឲ្យ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព វា​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​មោះមុត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រោះ​ថា អំពើ​ពុក​រលួយ​ជា​បញ្ហា​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល មិន​មែន​ជា​របស់​គណ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក​ថា គណៈកម្មការ​ទី​១០​របស់​លោក តាំង​ចិត្ត​ធ្វើ​យ៉ាង​ណា​ព្យាយាម​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ប្រកប​ដោយ​ប្រសិទ្ធភាព៖ «សុំ​ឲ្យ​ឆន្ទៈ​នេះ​មោះមុត​ជានិច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ក៏​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋសភា​មាន​ប្រសិទ្ធភាព ត្រូវ​តែ​ផ្ដោត​ទៅ​លើ​ឆន្ទៈ​ដ៏​មោះមុត​គ្រប់​អង្គភាព គ្រប់​ស្ថាប័ន​ដើម្បី​ចាប់​ដៃ​គ្នា កាត់​បន្ថយ​ភាព​ពុក​រលួយ​នេះ​ឲ្យ​បាន​សំខាន់ គឺ​យើង​បង្កើន​ការ​អនុវត្ត​ច្បាប់​ដែល​យើង​មាន ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ច្បាប់​សវនកម្ម។ល។»

ទោះ​យ៉ាង​ណា លោក ហូរ វ៉ាន់ ថា ដើម្បី​ឲ្យ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព លុះ​ណា​តែ​មាន​ការ​កែលំអ​កត្តា​ចាំបាច់​មួយ​ចំនួន ដូចជា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ព្រោះ​ថា ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​សព្វថ្ងៃ រឹតត្បិត​ទៅ​លើ​អ្នក​ដែល​ហ៊ាន​រាយការណ៍​ពី​អំពើ​ពុក​រលួយ ហើយ​ដែល​អាច​មាន​ទោសទណ្ឌ​ទៀត​ផង។ លោក​ថា ផ្ទុយ​ទៅ​វិញ ច្បាប់​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ហ៊ាន​រាយការណ៍​ពី​ករណី​ពុក​រលួយ។

លោក ហូរ វ៉ាន់ បញ្ជាក់​ថា នេះ​គឺ​ជា​គំនិត និង​អនុសាសន៍​មួយ​ចំនួន ដែល​លោក និង​គណៈកម្មការ​ទី​១០ ទទួល​បាន​ពី​អង្គការ​តម្លាភាព​កម្ពុជា។ នៅ​ក្នុង​ជំនួប​ជាង ២​ម៉ោង​ជាមួយ​គណៈកម្មការ​ទី​១០ អង្គការ​តម្លាភាព​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ និង​ផ្តល់​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​របស់​ខ្លួន ទៅ​ឲ្យ​គណៈកម្មការ​នេះ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​ថា ឯកសារ​ដែល​ក្រុម​លោក​ប្រគល់​ឲ្យ​គណៈកម្មការ​ទី​១០ មាន​ដូចជា របាយការណ៍​សន្ទស្សន៍​វាស់​វែង​អំពើ​ពុក​រលួយ របាយការណ៍​ប្រព័ន្ធ​សុចរិត​ភាព​ថ្នាក់​ជាតិ​ឆ្នាំ​២០១៤ ដែល​អង្គការ​លោក​ទើប​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ និង​ឯកសារ​សំខាន់ៗ​ផ្សេង​ទៀត។ លើស​ពី​នេះ ក៏​មាន​ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​មតិ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

លោក ព្រាប កុល៖ «អនុសាសន៍​យើង​សំខាន់ៗ​នោះ​មាន​តាំង​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា នៅ​មាន​បញ្ហា​ប្រព័ន្ធ​សុចរិត​ភាព​នៅ​ខ្សោយ ហើយ​នៅ​មាន​ឥទ្ធិពល​នយោបាយ មាន​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​តុលាការ​ហ្នឹង ហើយ​កែ​ទម្រង់​ច្បាប់​មួយ​ចំនួន​ដែល​ទើប​តែ​អនុម័ត ៣​កន្លង​ទៅ​ហ្នឹង យើង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុម័ត​ច្បាប់ ស្ដីពី​ការ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ ព្រោះ​ឥឡូវ​នេះ ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​ក្រសួង​ព័ត៌មាន»

លោក ហូរ វ៉ាន់ ថ្លែង​ថា អ្វី​ដែល​គណៈកម្មការ​លោក​ត្រូវ​ធ្វើ​នោះ គឺ​បន្ត​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​វិភាគ​លើ​ពាក្យ​បណ្ដឹង​ដែល​គណៈកម្មការ​លោក​ទទួល​បាន ព្រម​ទាំង​ពិនិត្យ​មើល​ការ​អនុវត្ត​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ក្រៅ​ពី​អង្គការ​តម្លាភាព​កម្ពុជា គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​រដ្ឋសភា ដែល​មាន​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នោះ ក៏​បាន​កោះ​ហៅ​មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​ជួប ដើម្បី​សួរ​នាំ​ពី​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ​ក្នុង​ពេល​កន្លង​មក។

លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ជូន​ដំណឹង​មក​លោក​រួច​ហើយ​ថា ពួក​គេ​រង់ចាំ​ប្រជុំ​បូក​សរុប​ការងារ​នៅ​ដំណាច់​ខែ​កញ្ញា នេះ​ជា​មុន​សិន មុន​នឹង​ចូល​ជួប​តាម​ការ​កោះ​ហៅ​របស់​គណៈកម្មការ​ទី​១០​របស់​សភា។ បើ​តាម លោក ហូរ វ៉ាន់ ការ​ប្រជុំ​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។