អភិបាលរាជធានី ភ្នំពេញ ថាខ្លួនគ្មានជម្រើសអ្វីក្រៅពីធ្វើផ្លូវកាត់ដីវិហារចាម និងតម្រង់របងវិហារចាម ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតំបន់បឹងកក់។ ប៉ុន្តែសាលាក្រុងផ្តល់លទ្ធភាពដល់អ្នកពាក់ព័ន្ធរកតំណាងរបស់ខ្លួនមកប្រជុំសម្រេចចុងក្រោយ ដែលការងារនេះអភិបាលខណ្ឌដូនពេញ ជាអ្នកទទួលបន្ទុក។
សាលារាជធានីភ្នំពេញ សម្រេចពិភាក្សាថានឹងសាងសង់ផ្លូវពុះកាត់របងវិហារបឹងកក់ ឬវិហារអាល់សាកាល់ បើទោះបីជាមានបញ្ហាចម្រូងចម្រាសជំទាស់នឹងគម្រោងនេះកន្លងមកក្ដី។
ថ្លែងនៅមុខវិហារចាមបឹងកក់ ឬវិហារអាល់សាកាល់ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់ថា សាលាក្រុងនឹងប្រើប្លង់មេ ឬម៉ាស្ទើភ្លែនចុងក្រោយរបស់សាលាក្រុង ដើម្បីធ្វើផ្លូវកាត់ដីវិហារចាម។ លោកថានឹងសាងសង់ផ្លូវពុះកាត់របងវិហារបឹងកក់ ឬវិហារអាល់សាកាល់ នៅពេលខាងមុខឆាប់ៗនេះ៖ « គឺយើងមានប្លង់ហើយ ខាងនេះអត់មានអីទេ គ្រាន់តែយើងតម្រង់របង ផ្ទៃក្រឡានៅដដែល ហើយនៅផ្នែកខាងក្នុងនេះ យើងនឹងយកប្លង់ទៅជជែកតំណាងវិហារបន្ថែមទៀត។ យើងអត់មានជម្រើសទេ ប្លង់ចុងក្រោយរបស់យើង គឺត្រូវអ៊ីចឹង »។
ក្រៅពីលើកឡើងទាក់ទងរឿងធ្វើផ្លូវនេះ លោក ប៉ា សុជាតិវង្ស ក៏លើកឡើងពីដំណោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ដែរ។ លោកអភិបាលប្រាប់ពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីជជែករកដំណោះស្រាយជាមួយសាលាក្រុង។

វេទិកាដែលចាប់ផ្តើមនៅម៉ោង ៧ព្រឹកដល់ម៉ោងជាង ១០ព្រឹកថ្ងៃដដែល លោក ប៉ា សុជាតិវង្ស ប្រកាសបិទវេទិកាដំណាលគ្នានោះដែរ ស្ត្រីសកម្មជនដីធ្លីតំបន់បឹងកក់ម្នាក់ ឡើងសុំថ្លែងដើម្បីដាក់សំណើទៅលោកអភិបាលក្រុង ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យនិយាយទេ។ នៅពេលនោះដែរ មានការប្រតាយប្រតប់គ្នារវាងស្ត្រីរូបនោះជាមួយអ្នកភូមិបឹងកក់ផ្សេងទៀត។
ការថ្លែងបែបនេះរបស់លោក ប៉ា សុជាតិវង្ស នៅក្នុងវេទិកាសាធារណៈស្ដីពីគម្រោងអភិវឌ្ឍន៍បឹងកក់ថ្ងៃទី៧ ខែកញ្ញា មុខវិហារចាមបឹងកក់ ដែលមានពលរដ្ឋមានបញ្ហាដីធ្លី ជនជាតិចាម និងអ្នកពាក់ព័ន្ធប្រមាណ ៣០០នាក់ចូលរួម។
ចំណែករដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ដែលតែងតែចេញមុខប្រឆាំងការធ្វើផ្លូវកាត់ដីវិហារចាម នៅតែទទូចឲ្យសាលាក្រុងធ្វើផ្លូវវាងដែលធ្វើតាមរបងវិហារ។ លោកស្នើឲ្យសាលាក្រុង បង្ហាញប្លង់ឲ្យច្បាស់លាស់ជាមុនសិន ដើម្បីក្រុមពលរដ្ឋយកមកជជែកគ្នា៖ « ធ្វើវាងបន្តិចទៅ តាមរបងអ៊ីចឹងទៅ។ ខ្ញុំជឿថា យើងធ្វើកើត មិនមែនធ្វើអត់កើតទេ ខ្លាចតែអត់ចង់ធ្វើ »។
ក្រៅពីបង្ហាញគម្រោងនេះដែរ លោក ប៉ា សុជាតិវង្ស ស្នើឲ្យពលរដ្ឋយោគយល់។ លោកថែមទាំងអះអាងថា គម្រោងធ្វើផ្លូវនេះនៅពេលការពង្រីកប៉ះពាល់ផ្ទះរបស់ពលរដ្ឋនៅតំបន់នោះ សាលាក្រុងនឹងសងដីដែលបាត់បង់នោះវិញ។
កន្លងទៅ គម្រោងសាងសង់ផ្លូវឆ្លងកាត់របងវិហារបឹងកក់ តភ្ជាប់ទៅនឹងដីរបស់ក្រុមហ៊ុនស៊ូកាគូ (Shukaku) នោះ ត្រូវបានសាសនិកឥស្លាម លើកឡើងថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនាឥស្លាម ដែលវិហារជាទីកន្លែងស្ងប់ស្ងាត់សម្រាប់សាសនិកឥស្លាម ទាំងអស់ថ្វាយបង្គំ។ ការខ្វែងគំនិតគ្នានេះដែរ ធ្វើឲ្យពូក្មួយដែលជាថ្នាក់ដឹកនាំជនជាតិចាម ប្ដឹងផ្តល់គ្នាទៅតុលាការ។ រដ្ឋលេខាធិការក្រសួងការងារ លោក អូស្មាន ហាស្សាន់ ជាក្មួយ បានប្ដឹងលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ជាពូទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។