អាជ្ញាធរអប្សរាកំពុងសិក្សានិងប្រមូលព័ត៌មានដើម្បីដាក់ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធស្តីពីសំណង់អង្គរសិប្បនិម្មិតនៅតំបន់ទេសចរណ៍ក្នុងទីក្រុងដាណាង (Danang) ប្រទេសវៀតណាម (Vietnam)។
អគ្គនាយករង និងមន្ត្រីនាំពាក្យនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់កាសែតក្នុងស្រុក នៅថ្ងៃទី៥ ខែកុម្ភៈថា ក្រោយពីប្រមូលព័ត៌មានច្បាស់លាស់អាជ្ញាធរអប្សរានឹងទាក់ទងជាមួយក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមដើម្បីទាមទារឱ្យមានការពិនិត្យឡើងវិញនិងហាមឃាត់។
លោក ឡុង កុសល បន្តថា ការលួចចម្លង និងការសង់សំណង់សិប្បនិម្មិតរបស់ខ្មែរ ធ្លាប់បានកើតមាននៅក្នុងប្រទេសដទៃផងដែរ ក្នុងនោះមានប្រទេសខ្លះ សុំកិច្ចសហការ ហើយប្រទេសខ្លះទៀតមិនបានសុំកិច្ចសហការអ្វីឡើយ។ លោកថា ការលួចចម្លងបែបនេះ គឺជាទង្វើខ្វះក្រមសីលធម៌ គ្មានការយល់ដឹងច្បាស់ អំពីតម្លៃកិច្ចការពារសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ ត្រូវចូលរួមថែរក្សា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម បាននាំគ្នាប្រតិកម្មជាខ្លាំង បន្ទាប់ពីពួកគេបានឃើញសំណង់អង្គរសិប្បនិម្មិត ត្រូវបានសាងសង់នៅតំបន់ទេសចរណ៍របស់វៀតណាម ក្នុងទីក្រុងដាណាង ហើយត្រូវបានចែកចាយលើបណ្តាញសង្គម។
គេហទំព័រតំបន់ទេសចរណ៍វៀតណាមបានបង្ហាញទីតាំងដែលគេបានសង់សំណង់អង្គរសិប្បនិម្មិតនេះស្ថិតនៅក្នុងតំបន់ទេសចរណ៍ក្រុងដាណាងដែលបានដាក់ឲ្យភ្ញៀវទេសចរទស្សនាកាលពីអំឡុងឆ្នាំ២០១៩។ តំបន់សំណង់អង្គរសិប្បនិម្មិតនោះគេឱ្យឈ្មោះថា «សួនអាស៊ី» (Asia Park)ដែលនៅក្នុងសួននោះក្រៅពីសំណង់អង្គរសិប្បនិម្មិតរបស់ខ្មែរក៏មានសំណង់តំបន់ទេសចរណ៍របស់ប្រទេសក្នុងតំបន់អាស៊ីជាច្រើនទៀតដូចជាប្រទេសថៃ (Thailand)សិង្ហបុរី(Singapore)ចិន(China)កូរ៉េខាងត្បូង(South Korea) ណេប៉ាល់(Nepal) និងឥណ្ឌា (India) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។