អាជ្ញាធរ​បន្ត​សំអាត​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ខណៈ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ធូរ​ស្រាល​ពី​ជំងឺ

0:00 / 0:00

អាជ្ញាធរ​មិន​ទាន់​បញ្ជូន​អ្នក​ជាប់​ឃុំ​ដែល​ដាក់​ផ្ញើ​នៅ​ពន្ធនាគារ​ផ្សេងៗ ក្នុង​ពេល​មាន​ទឹក​ជំនន់ ត្រឡប់​នាំ​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ទេ ដោយសារ​នៅ​បន្ត​លាង​សំអាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ។ អាជ្ញាធរ​អះអាង​ថា សុខភាព​របស់​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ដែល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់ បាន​ធូរ​ស្រាល​ពី​រោគ​រមាស់​ខ្លួន​ខ្លះ​ហើយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ ចង់​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​អ្នក​កើត​រមាស់​ធ្ងន់ធ្ងរ បាន​ចេញ​​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រៅ​ពន្ធនាគារ ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ឆ្មាំ​ពន្ធនាគារ និង​អ្នក​ទោស​ខ្លះ កំពុង​បន្ត​សំអាត​បង្ហើយ ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ ហើយ​គ្រោង​នឹង​បញ្ជូន​អ្នក​ជាប់​ឃុំ​ពី​ពន្ធនាគារ​ផ្សេងៗ មក​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​វិញ នៅ​សប្ដាហ៍​នេះ។ លោក នុត សាវនា បន្ត​ថា អ្នក​ជាប់​ឃុំ​ភាគ​ច្រើន បាន​ធូរ​ស្រាល​ពី​រោគ​រមាស់​ខ្លួន​បណ្ដើរៗ ខ្លះ​ហើយ ក្រោយ​ពេល​អាជ្ញាធរ​បាន​ចែក​សាប៊ូ​ឲ្យ​ប្រើប្រាស់ ដើម្បី​លាង​សំអាត​ខ្លួន និង​បរិវេណ​បន្ទប់​ឃុំ ដោយ​ផ្ដល់​ទឹក​​ប្រើ​ប្រាស់​បាន​ច្រើន​ជាង​មុន៖ «បញ្ហា​គម​រមាស់​វា​នៅ​មាន ប៉ុន្តែ​មាន​ការ​ធូរ​ស្បើយ​ដោយ​សារ​យើង​បាន​ផ្គត់​ផ្គង់​ថ្នាំ​ជូន​ពួកគាត់ បង្កើន​អនាម័យ​ជាង​មុន។ មាន​សាប៊ូ​ឲ្យ​គាត់​ប្រើ​ប្រាស់​ ងូត​ទឹក​ឲ្យ​បាន​ច្រើន​ជាង​មុន​ ដុស​លាង​ខ្លួន​សម្អាត​អ៊ីចឹង ឲ្យ​បាន​ល្អ​ជាង​មុន ហើយ​មាន​ថ្នាំ​លាប»។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ជម្លៀស​អ្នក​ជាប់ឃុំ​សរុប​ទាំង​អស់ ជាង ១.៦០០នាក់ ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​បែង​ចែក​អ្នក​ខ្លះ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ ពន្ធនាគារ​ខេត្ត​សៀមរាប ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ និង​ខ្លះ​ទៀត យក​ទៅ​ដាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ ក្នុង​អំឡុង​ទឹក​ជន់​លិច​ពន្ធនាគារ កាល​ពី​ខែ​តុលា​កន្លង​មក។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ "ម២" ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃ​ស​ផ្នែក​ស្ត្រី ប្រមាណ​ជាង ២.០០០​នាក់ ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ទាំង​ស្រុង​ដែរ ដោយ​អ្នក​ខ្លះ​ត្រូវ​ជម្លៀស​ទៅ​ផ្នែក​បុរស គឺ "ម១" និង​ខ្លះ​ទៀត​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​ថា ប៉េហ្ស៊ី (PJ)។

ការ​ជម្លៀស​អ្នក​ជាប់​ឃុំ​ចេញ​ពី "ម២" និង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ភ្លាមៗ នោះ គឺ​បណ្ដាល​ឲ្យ​អ្នក​ជាប់​ឃុំ​ខ្លះ កើត​ជំងឺ​កន្ទួល​រមាស់​លើ​ខ្លួន ដោយសារ​ដើរ​លុយ​ទឹក​មាន​មេរោគ និង​ការ​ស្នាក់​នៅ​ប្រជ្រៀត​គ្នា គ្មាន​អនាម័យ។

ប្រពន្ធ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​រាជធានី​ភ្នំពេញ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ឲ្យ​ដឹង​ថា ស្ថានភាព​សុខភាព​របស់​លោក កាក់ កុម្ភារ ដែល​កើត​កន្ទួល​រមាស់​ខ្មៅ​ដុំៗ លើ​ស្បែក បាន​ធូរ​ស្រាល​ខ្លះ​ហើយ ដោយ​សារ​លោកស្រី​បាន​ទិញ​ថ្នាំ​ផ្ញើ​ឲ្យ​ប្ដី​លាប នៅ​ពេល​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ម្ដងៗ។

ទោះ​ជា​យ៉ាង​ណា លោកស្រី ព្រុំ ចាន់ថា ចង់​ឲ្យ​មន្ត្រី​ពន្ធនាគារ​សំអាត​មន្ទីរ​ឃុំ​ឃាំង "ម១" ឲ្យ​បាន​ស្អាត ដោយ​ត្រូវ​បាញ់​សម្លាប់​មេរោគ​ជា​ប្រចាំ និង​ត្រូវ​កែ​លម្អ​ស្ថានភាព​រស់នៅ​ចង្អៀត​ណែន ក្នុង​បន្ទប់​ឃុំឃាំង​ ដើម្បី​ឲ្យ​អ្នក​ជាប់​ឃុំ មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ៖ «ទៅ​ម្សិល​មិញ​ហ្នឹង គាត់​ថា​បាន​ធូរ​ច្រើន​ជាង​មុន​ហើយ ដោយ​សារ​តែ​ស្ថានភាព​ទឹក​វា​គោក​ផង​ទៅ។ ថ្ងៃ​ក្ដៅ​អ៊ីចឹង​ទៅ វា​ងាប់​មេ​រោគ​ជាង​មុន​អ៊ី​ចឹង​ ហើយ​ក៏​ឲ្យ​ពួកគាត់​លាប​ដែរ បើ​លាប​តែ​យើង​ ក៏​នៅ​តែ​ឆ្លង​ដែរ។ ថ្នាំ​ខ្ញុំ​ទិញ ផ្ញើ​ទៅ​រហូត​ហ្នឹង ហើយ​ខាង​អង្គការ​លីកាដូ​ចុះ​ទៅ​ចឹង​ទៅ ប្រហែល​ជា​គាត់​ឲ្យ​ថ្នាំ​រមាស់​ដែរ មិន​អត់​ទេ។ ខ្ញុំ​ទិញ​ឲ្យ​ដែរ​៥​ទីប​៦​ទីប តាម​តែ​គេ​ឲ្យ​យក​ចូល។ យក​ទៅ​ច្រើន​ពេក​ក៏​អត់​ឲ្យ​យក​ចូល​ដែរ វា​មាន​កំណត់​របស់​គេ​អ៊ីចឹង​ណា៎»។

ចំណែក​ស្ថានភាព​សុខភាព​របស់​អ្នក​ទោស​មនសិការ​មួយ​ចំនួន​ទៀត ក្នុង​ពន្ធនាគារ "ម២" នៅ​ផ្នែក​ស្ត្រី​វិញ ក៏​មាន​ភាព​ប្រសើរ​ជាង​មុន​​ច្រើន​ដែរ។ លោកស្រី សាន សា​រ៉ន ដែល​ត្រូវ​ជា​ម្ដាយ​របស់​សកម្មជន​មាតា​ធម្មជាតិ​ កញ្ញា ឡុង គន្ធា ឲ្យ​ដឹង​ថា ​ក្រោយ​កូន​លោកស្រី​ប្ដូរ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉េហ្ស៊ី (PJ) មក​ដាក់​នៅ "ម២" វិញ អាជ្ញាធរ​បាន​ជួយ​សម្រួល​ឲ្យ​ក្រុម​អ្នក​ទោស​មនសិការ​ខ្លះ​​អាច​រស់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​គ្នា អាច​សម្រាល​ទុក្ខ​លំបាក​ដល់​ពួក​គេ​បាន​ច្រើន។

លោកស្រី សាន សារ៉ន បន្ត​ទៀត​ថា អ្នក​ទោស​មនសិការ ៣នាក់ គឺ​កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី និង​កញ្ញា ឈឿន ដារ៉ាវី រស់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​តែ​មួយ ហើយ​មិន​សូវ​មាន​អាការៈ​រមាស់​ខ្លួន​ខ្លាំង​នោះ​ទេ៖ «ចា៎ សុគន្ធ គេ​ដូរ ​ទៅ​ប៉េហ្ស៊ី ខ្ញុំ​ទៅ​មើល​នៅ​ប៉េហ្ស៊ី​ហ្នឹង​ម្ដង ប៉ុន្តែ​ទៅ​ហ្នឹង​ពិបាក​ណាស់ គេ​ជក់​បារី គេ​អីចឹង​ណា៎ ប្រាប់​ខ្ញុំ ថា ពិបាក។ ដល់​ពេល​នេះ​ទៅ គេ​ដូរ​មក "ម២" ដូរ​ទាំង​ពីរ​ថ្ងៃ​សុក្រ»។

ក្រៅពី​ការ​លាង​សំអាត​បរិវេណ​ពន្ធនាគារ និង​ការ​បន្ថែម​វិធានការ​ចែក​សាប៊ូ និង​ថ្នាំ​បំបាត់​រមាស់​ដល់​អ្នក​ជាប់​ឃុំ​ហើយ​នោះ អាជ្ញាធរ​ក៏​កំពុង​ពិចារណា​សិក្សា​គម្រោង​ផ្លាស់ប្ដូរ​ទីតាំង​ពន្ធនាគារ​ដែរ។

លោក នុត សាវនា ធ្លាប់​បាន​បញ្ជាក់​ថា នៅ​ក្រោយ​ពេល​រៀបចំ អ្នក​ជាប់ឃុំ​តាម​កន្លែង​ដើម​វិញ​រួច​រាល់​ហើយ ខាង​ពន្ធនាគារ​នឹង​សិក្សា​ពី​លទ្ធភាព​ប្ដូរ​ទីតាំង​ពន្ធនាគារ​មួយ​ចំនួន ដែល​លិច​ទឹក ព្រោះ​ពន្ធនាគារ​ទាំង​អស់​នោះ គឺ​ស្ថិតនៅ​តំបន់​ទំនាប ដែល​ងាយ​រង​គ្រោះ​ពី​ទឹក​ជន់​លិច។

អង្គការ ​សង្គម​ស៊ីវិល​ គាំទ្រ​ឲ្យ​អាជ្ញាធរ​សិក្សា​រក​ទីតាំង​ថ្មី ដើម្បី​ប្ដូរ​ពន្ធនាគារ ចេញ​ពី​តំបន់​ទំនាប ដែល​ងាយ​លិច​ទឹក និង​ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​អគារ​ឃុំឃាំង​ឲ្យ​បាន​ធំ​ទូលាយ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន ​ដែល​ជា​​សិទ្ធិ​របស់​អ្នក​ជាប់ឃុំ។

គិត​ត្រឹម​ខែ​ឧសភា អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៣៨.៩១១​នាក់។ ក្នុង​នោះ​ អ្នក​មិន​ទាន់​កាត់​ទោស មាន​ចំនួន​ជាង ១៣.៧២៩នាក់។ អ្នក​ជាប់​ឃុំ​ភាគ​ច្រើន ដែល​មាន​ប្រមាណ​មួយ​ភាគ​បី (១/៣) នៃ​អ្នក​ជាប់​ឃុំ​ទាំង​អស់ គឺ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។