អាជ្ញាធរក្រុងភ្នំពេញបង្ក្រាបដោយហិង្សា លើក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ១៧៤នាក់ ក្នុងពេលរុញច្រានពួកគាត់ឱ្យឡើងរថយន្តដូចសព្វដងរួចដឹកទៅទម្លាក់នៅជាយក្រុងភ្នំពេញនៅថ្ងៃទី២៨ មីនា។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ណុប រ៉ាំរ៉ាវ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបង្កើនការបង្ក្រាបកាន់តែខ្លាំងដោយបានរុញច្រានកូដករ មួល ក្ដិច ពួកគាត់ដោយបង្ខំឡើងរថយន្ត។
រួចដឹកទៅទម្លាក់តំបន់ដាច់ស្រយាលក្នុងខណ្ឌព្រែកព្នៅ។ កញ្ញារិះគន់ទង្វើរបស់អាជ្ញាធរបែបនេះថា ជាការលើកទឹកចិត្តឱ្យថៅកែក្រុមហ៊ុនរំលាយសហជីពឯករាជ្យក្នុងកន្លែងធ្វើការងារ៖ «
កញ្ញាបន្ត ពេលអាជ្ញាធរចាប់ញាត់កូដករបញ្ចូលក្នុងរថយន្តអាជ្ញាធរបានដឹកកូដករទៅទម្លាក់នៅជាយក្រុងភ្នំពេញ អាជ្ញាធរបង្ខាំងកូដករក្នុងរថយន្តរហូតដល់ម៉ោង ៥ល្ងាចទើបទម្លាក់កូដករនៅទីលានប្រជាធិបតេយ្យ ដោយឱ្យកូដកររកមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះរៀងខ្លួន។
ការបង្ក្រាបរបស់អាជ្ញាធរដដែលៗ នេះ ក្រុមកូដករចាត់ទុកថា ជាទណ្ឌកម្មធ្វើបាបកូដករ ដើម្បីកុំឱ្យហ៊ានងើបតវ៉ា ដោយសន្តិវិធីនៅក្បែរអគារក្រុមហ៊ុនតទៅទៀត។ ពួកគេរិះគន់អាជ្ញាធរកំពុងអនុវត្តតួនាទីផ្ទុយពីច្បាប់ និងបានរំលោភបំពានសិទ្ធិសេរីភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែមីនា។
សង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីពទាមទារដល់រដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ធ្វើការទុក្ខបុកម្នេញលើក្រុមកូដករ ដែលប្រើសិទ្ធិតវ៉ាឱ្យថៅកែគោរពច្បាប់ស្ដីពីការងារក្នុងកន្លែងធ្វើការ។ ពួកគេ ទទូចដល់ក្រសួងការជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយវិវាទការងារនេះដោយភាពស្មោះត្រង់ និងមានការទម្លាក់បទចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព ដើម្បីឱ្យមានការចរចាប្រកបដោយតម្លាភាព និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។